
ពលរដ្ឋចូលរួមបោះឆ្នោតបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
នីតិកាលទី៥ នាមណ្ឌលបោះឆ្នោត ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ
នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣។
RFA/Mom Sophon
គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីប្រកាសលទ្ធផលឆ្នោត នៅរំលងអាធ្រាត្រថ្ងៃទី ២៨ កក្កដាថា គណបក្សប្រជាជនកម្ពុជាឈ្នះដាច់គណបក្សសង្គ្រោះជាតិ។
នៅក្នុងសេចក្ដីប្រកាសរបស់គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា សរសេរថា៖ «យោង តាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់អាណត្តិ ទី ៥ នៅទូទាំងប្រទេស បានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះរហូតទទួលបានអាសនៈភាគច្រើនដាច់ខាតក្នុងរដ្ឋសភា នីតិកាលថ្មី ដែលមានបរិមាណគ្រប់គ្រាន់ក្នុងការរៀបចំរាជរដ្ឋាភិបាលនីតិកាលថ្មី នេះ»។
សេចក្ដីប្រកាសនេះ គឺក្រោយពេលដែលគណបក្សសង្គ្រោះជាតិ សាទរនឹងជ័យជម្នះដូចគ្នា។
ក៏ប៉ុន្តែ នាយកប្រតិបត្តិ គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការ និកហ្វិច (NICFEC) គឺលោក ហង្ស ពុទ្ធា មានប្រសាសន៍ដែរថា
ទោះជាគណបក្សណាឈ្នះក៏ដោយ ក៏មិនអាចបង្កើតរដ្ឋាភិបាលតែឯងបានដែរ។
សំឡេង៖ «តាមប្រកាសលទ្ធផល គណបក្សប្រជាជនអាចឈ្នះក្នុងការកសាងអាសនៈ។ ប៉ុន្តែ មិនអាចឈ្នះ ២ ភាគ ៣ បានទេ។ ហើយផលបញ្ហា ២ ភាគ ៣ ស្ថិតនៅត្រង់ថា ប្រសិនបើអត់គ្រប់ ២ ភាគ ៣ គណបក្សប្រជាជនចង់ធ្វើប្រកាសសម្រេចអនុម័តកម្មវិធីសំខាន់ៗ របស់ជាតិហ្នឹង គឺអនុម័តអត់កើត ទាល់តែបាន ២ ភាគ ៣។ អ៊ីចឹងត្រូវការគណបក្សសង្គ្រោះដែរ។ ទាំងសង្ខាង បើសិនពីណាឈ្នះ ក៏អត់ឈ្នះដាច់ដែរ»។
ទាក់ទងនឹងលទ្ធផលបោះឆ្នោតនេះដែរ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា គឺលោក ខៀវ កាញារីទ្ធ បានផ្ដល់លទ្ធផលស្មានដំបូងតាមបណ្ដាញសង្គមហ្វេសប៊ុគ ថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន ៦៨ កៅអី ហើយគណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួន ៥៥។
ក៏ប៉ុន្តែ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថា គណបក្សសង្គ្រោះជាតិនៅមិនយល់ស្របជាមួយលទ្ធផលប៉ាន់ស្មានរបស់ គណបក្សប្រជាជនកម្ពុជានៅឡើយទេ ដោយរង់ចាំលទ្ធផលចុងក្រោយសិន។
សំឡេង៖ «ទិន្នន័យហ្នឹងគឺបានពីឯកឧត្ដម ខៀវ កាញារីទ្ធ។ ដល់អ៊ីចឹងទៅយើងមិនដឹងថានេះឬអត់។ យើងកំពុងប្រមូលទិន្នន័យខាងយើង ហើយនឹងផ្ទៀងផ្ទាត់ជាមួយ គ.ជ.ប តើមានការខុសគ្នាឬអត់»។
នៅយប់ថ្ងៃទី ២៨ កក្កដា ទូរទស្សន៍ជាតិកម្ពុជាបានផ្សាយលទ្ធផលរាប់សន្លឹកឆ្នោតបឋម ដែលទទួលបានពីគ្រប់ខេត្តក្រុងទូទាំងប្រទេស បង្ហាញថា គណបក្សប្រជាជននាំមុខគណបក្សសង្គ្រោះជាតិជាតិ បើទោះជាខេត្ត ក្រុងធំៗ ខ្លះ គណបក្សសង្គ្រោះជាតិនាំមុខគណបក្សប្រជាជនក៏ដោយ៕
ដោយ ឡេង ម៉ាលី
វិទ្យុអាស៊ីសេរី
0 Comments:
Post a Comment