“កុំ​ខឹង​មើល៍ ​ប្រយ័ត្ន​ចាស់​លែង​ស្អាត!”។ ពាក្យ​នេះ​ច្រើន​ឭ​គេ​និយាយ​ចំអន់​គ្នា​លេង​ ពេល​ដៃ​គូ​ម្ខាង​កំពុង​តែ​ខឹង​។ ចុះ​បើ​ប្រចណ្ឌ​វិញ តើ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ចាស់​ជាង​វ័យ​​តាម​ពាក្យ​នេះ​មែន​ដែល​អត់?

រូប​តំណាង
លោក ​ស្រី​ ម៉ក់​ រ៉ាវៀង​ ជំនាញ​សុខភាព​ផ្លូវ​ចិត្ត​ ប្រចាំ​អង្គការ​គាំ​ពារ​កុមារ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ប្រចណ្ឌ​គឺ​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​មួម៉ៅ ខឹង​ក្ដៅ​ក្រហាយ​ ធុញ​ថប់​ អន្ទះអន្ទែង​ ឬ​​តូច​ចិត្ត​ជា​ដើម។
គាត់​បាន​បន្ត​ទៀត​ថា​៖ “​គេ​ថា​សប្បាយ​ច្រើន​ ចម្រើន​អាយុ។ ចឹង​ពេល​យើង​ពិបាក​ចិត្ត​ប្រចណ្ឌ​ យើង​មិន​ដែល​សប្បាយ​ចិត្ត​ទេ ហើយ​វា​ធ្វើ​ឲ្យ​យើង​គេង​អត់​លក់​ ញុំា​អត់​បាន​ អត់​ចង់​ធ្វើ​អី  ដល់​ពេល​ចឹង​ទៅ​វា​ធ្វើ​ឲ្យ​សុខភាព​យើង​ប្រែប្រួល​ សម្រស់​ក៏​ធ្លាក់​ចុះ ហើយ​ភាព​ចាស់​ជាង​វ័យ​ក៏​កើត​មាន​ដែរ”។
ការ​គេង​មិន​ឆ្អែត​​​មុខ​នឹង​ ឡើង​​ស្លក់ គិត​ច្រើន​ទៅ​ជា​ស្ត្រេស​ ខ្វាយ​ខ្វល់ ញុំា​មិន​បាន​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ជីវជាតិ​ប្រែ​ជា​ហត់​ហេវ​គ្មាន​ កម្លាំង​ លែង​នឹក​នា​ដល់​ការ​ធ្វើ​លំហាត់​ប្រាណ​ ចង់​តែ​នៅ​ឯក​ឯង​ធ្មឹងៗ​ ​ទាំង​អស់​នេះ​សុទ្ធ​តែ​ធ្វើ​ឲ្យ​សុខភាព​រាង​កាយ​ថមថយ ​និង​សម្ផស្ស​ក៏​មិន​ស្រស់​ថ្លា។
អ្នក​ជំនាញ​រូប​នេះ​ បាន​ពន្យល់​ផង​ដែរ​ថា​ មាន​អ្នក​ខ្លះ​ប្រចណ្ឌ​ពេក​ ក៏​ប្រែ​ជា​ញុំា​ច្រើន​លើស​ដើម​ទៅ​វិញ ខ្លះ​ទៅ​ផឹក​ស្រា​ ខ្លះ​​អាច​នឹង​ខូច​ចិត្ត​​រហូត​ដល់​សេព​គ្រឿង​ញៀន​ក៏​មាន​ នេះ​ជា​ទង្វើ​ដែល​ពួក​គេ​កំពុង​បំផ្លាញ​សុខភាព​ដោយ​មិន​ដឹង​ខ្លួន។
ផ្ទុយ ​ទៅ​វិញ​ អ្នក​អាច​ជ្រើស​រើស​យក​វិធី​បន្ធូរ​បន្ថយ​ការ​ប្រចណ្ឌ​របស់​អ្នក​បាន​ ដោយ​ធ្វើ​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត​ ឬ​អាច​ធ្វើ​ទៅ​បាន​ដូច​ជា​ ជជែក​លេង​ជា​មួយ​មិត្ត​ភ័ក្តិ ដើរ​លេង​កម្សាន្ត ធ្វើ​កិច្ចការ​ផ្ទះ ឬ​ជ្រើស​រើស​យក​ការ​ហាត់​ប្រាណ​ដើម្បី​បន្ធូរ​បន្ថយ​​ភាព​ធុញ​ថប់។
ជា ​ចុង​ក្រោយ​ លោក​ស្រី​ក៏​បាន​​បញ្ជាក់​ផង​ដែរ​ថា៖ “​ឥឡូវ​យុវវ័យ​គេ​ចេះ​ដឹង​ច្រើន​ ត្រឹម​រឿង​ប្រចណ្ឌ​បន្តិច​បន្តួច​គេ​ចេះ​ពិភាក្សា​ដោះ​ស្រាយ​គ្នា​បាន​។ ក៏​ប៉ុន្តែ​បើ​ចេះ​តែ​ប្រចណ្ឌ​ច្រើន​ ភាព​ស្មុគស្មាញ​​នឹង​កើន​កាន់​​តែ​ខ្លាំង​ឡើង​ដែល​អាច​ឈាន​ដល់​ដំណាក់​កាល​ ចូល​ទៅ​​រក​ជំងឺ​ផ្លូវ​ចិត្ត​​មិន​ខាន។​ ពួក​គេ​គួរ​តែ​ទៅ​រក​អ្នក​ពិគ្រោះ​យោបល់​ ឬ​គ្រូ​ពេទ្យ​ជំនាញ​ផ្លូវ​ចិត្ត​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ”។
អត្ថបទ៖ ផល្លា សុម៉ាលីណា
ពី សប្បាយ