Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, July 23, 2013

សង្គម​ស៊ីវិល​សម្តែង​ការព្រួយបារម្ភ​អំពី​ការបំភិត​បំភ័យ​ពេល​បោះឆ្នោត

0 Comments


អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​ដោយ​សម្តែង​ការព្រួយបារម្ភ​អំពី​ ការបំភិតបំភ័យ និង​ការជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ក្នុង​ការបោះឆ្នោត។ អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ចង់​សំដៅ​ទៅ​លើ​ការប្រកាស​ស្វែង​រក​ចាប់​ ខ្លួន​អ្នក​ក្លែងបន្លំ​ឯកសារ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​ អន្តរជាតិ (IRI) ទាក់ទង​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត។

អង្គការសង្គម​ស៊ីវិល​ទាំង​៤​ ដែល​រួម​មាន​អង្គការ ខុមហ្វ្រែល មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លីកាដូ និង​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​អះអាង​ថា ខ្លួន​មាន​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បរិយាកាស​បំភិតបំភ័យ​នៅ​ពេល​ បោះឆ្នោត។ សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ទាំងនោះ​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​ ១៧ កក្កដា រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​តាម​ចាប់​អ្នក​ក្លែងបន្លំ​ឯកសារ ​ស្ទង់​មតិ​គាំទ្រ​គណបក្ស​នយោបាយ​របស់ IRI ។

សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​យ៉ាង​ញឹកញាប់​តាម​រយៈ​កញ្ចក់​ ទូរទស្សន៍​នោះ​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ចាត់ទុក​ថា ជា​ការបំភិតបំភ័យ​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​បរិយាកាស​បោះឆ្នោត​មាន​លក្ខណៈ​អាប់អួរ។ ជាក់ស្តែង សកម្មជន​នយោបាយ​ពីរ​នាក់​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​ យក​ទៅ​សាកសួរ​មុន​នឹង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

បើ​យោង​តាម​អង្គការ​សង្គម​ស៊ីវិល​ទាំង​៤ ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​បញ្ចេញ​មតិ​ស្តីពី​ការប៉ាន់​ស្មាន​អំពី​ លទ្ធផល​នៃ​ការបោះឆ្នោត​ទៅ​តាម​ការ​យល់​ឃើញ​របស់​ខ្លួន ដែល​ប្រការ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ទេ។ ម្យ៉ាងទៀត ឯកសារ​នោះ​មិនមែន​ជា​ឯកសារ​សាធារណៈ​ទេ ហើយ​អង្គការ IRI ក៏​មិន​បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​បុគ្គល​ណា​ម្នាក់​ដែរ។

ប៉ុន្តែ រដ្ឋាភិបាល​គណបក្ស​កាន់អំណាច​បាន​ហៅ​ការក្លែងបន្លំ​ឯកសារ​ស្តី​ពី​លទ្ធផល​ ស្ទង់​មតិ​នោះ​ថា​ជា​ចេតនា​អាក្រក់​របស់​គណបក្ស​នយោបាយ ដើម្បី​ធ្វើ​ឲ្យ​មហាជន​យល់​ច្រឡំ​ក្នុង​ន័យ​កេងបន្លំ​ប្រជាប្រិយភាព​ពី​អ្នក ​បោះឆ្នោត។ សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ដោយ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១៧​កក្កដា​បាន​ចាត់​ទុក​ការក្លែងបន្លំ​ឯកសារ​ នោះ​ថា កំពុង​តែ​បំផ្លាញ​​ដំណើរការបោះ​ឆ្នោត​​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌។ លើសពី​នេះ សេចក្ដី​ថ្លែងការណ៍​​ដដែល​បាន​ហៅ​ករណី​នេះ​ថា ជា​ល្បិច​បោក​បញ្ឆោត​មតិ​សាធារណៈ​និង​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ ស្ថិរភាព​សង្គម។

យ៉ាងណាក៏ដោយ អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ ​ក្នុង​ការ​លុបចោល​សេចក្តី​អំពាវនាវ​ស្វែង​រក​ចាប់​ខ្លួន​អ្នក​ក្លែងបន្លំ​ ឯកសារ​ទាំង​នោះ​ ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី៕
សេចក្តី​រាយការណ៍​របស់ រិទ្ធ​ ម៉ូនីកា 
ដោយ រិទ្ធិ ម៉ូនីកា
វិទ្យុបារាំងអន្តរជាតិ 

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com