រូប screenshot មួយនៃគេហទំព័រ Google Translate បង្ហាញការបកប្រែពាក្យ«VOA»រវាងភាសាខ្មែរនិងអង់គ្លេស។
វ៉ាស៊ីនតោន — កំណត់អ្នកនិពន្ធ៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរកាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុនស្វែងរកព័ត៌មានតាមអ៊ីនធឺណិត Google បានសម្ពោធកម្មវិធីបកប្រែភាសាខ្មែររបស់ខ្លួនដោយបញ្ចូលភាសាខ្មែរជាភាសាទី៦៦ដែលគេអាចបកប្រែបានលើគេហទំព័រ Google Translate។ ក្រុមហ៊ុន Google និយាយថា ការសម្ពោធនេះមានគោលដៅសំខាន់ដើម្បីអាចឲ្យពលរដ្ឋខ្មែរដែលមិនចេះ ភាសាបរទេសអាចទទួលបានព័ត៌មានទាំងឡាយដែលមានលើអ៊ីនធឺណិត ដោយបកប្រែដោយស្វ័យប្រវត្តិជាភាសាខ្មែរ។ នៅពីរសប្តាហ៍ក្រោយការសម្ពោធកម្មវិធីថ្មីនេះ លោក សឹង សុផាត នៃវីអូអេបានធ្វើបទសម្ភាសន៍ជាមួយលោក Divon Lan អ្នកគ្រប់គ្រងផលិតផលសម្រាប់ទីផ្សារថ្មីនៅប្រទេសកំពុងអភិវឌ្ឍន៍ (Next Wave Emerging Markets) ដែលលោកកំពុងធ្វើដំណើរនៅប្រទេសកេនយ៉ា ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការរបស់ប្រព័ន្ធនេះ ប្រតិកម្មអ្នកប្រើប្រាស់ និងអ្វីដែលកម្មវិធីផ្តល់ឲ្យសម្រាប់ពលរដ្ឋខ្មែរទូទៅ។ (សម្រាប់បទសម្ភាសន៍ជាភាសាអង់គ្លេស ចុចត្រង់នេះ។)
ចុចស្តាប់បទសម្ភាសន៍ទាំងស្រុង៖
វីអូអេ៖ បើតាមខ្ញុំយល់ ប្រព័ន្ធបកប្រែរបស់ Google មិនប្រើអ្នកបកប្រែជាមនុស្សទេមែនទេ? តើលោកបង្កើតកម្មវិធីបកប្រែនេះយ៉ាងដូចម្តេចទៅ?
Divon៖ ត្រឹមត្រូវហើយ។ Google Translate ជាការបកប្រែដោយម៉ាស៊ីន។ ដំណើរការបកប្រែនេះគឺដំបូងយើងពិនិត្យមើលទិន្នន័យភាសាខ្មែរទាំង អស់ដែលមាននៅលើប្រព័ន្ធអ៊ីនធឺណិត រួចយើងនឹងអាចរកឃើញដោយស្វ័យប្រវត្តិនូវទម្រង់ទូទៅនៃភាសានេះ។ ការណ៍នេះអាចឲ្យយើងអាចបកប្រែមិនត្រឹមតែពីភាសាអង់គ្លេសប៉ុណ្ណោះ ទេ ប៉ុន្តែបកប្រែពីភាសាណាក៏ដោយមកជាភាសាខ្មែរ។ ហើយសព្វថ្ងៃនេះមានភាសាចំនួន៦៦ក្នុងគេហទំព័របកប្រែ Google Translate ហើយជាឧទាហរណ៍ អ្នកអាចទៅគេហទំព័រភាសាចិនឬភាសាបារាំង ហើយបកប្រែខ្លឹមសារនោះមកជាភាសាខ្មែរ នោះយើងអាចយល់ន័យបាន ហើយក៏បញ្ច្រាសមកវិញអាចបកពីគេហទំព័រខ្មែរទៅភាសាដទៃ។ ប៉ុន្តែចូរអ្នកកុំភ្លេចថាការបកប្រែរបស់ម៉ាស៊ីនកុំព្យូទ័រមិនអាច ល្អដូចការបកប្រែរបស់មនុស្សទេ។ ដូច្នេះពេលយើងប្រើ Google Translate គោលបំណងសំខាន់របស់យើងគឺអាចឲ្យអ្នកយល់បានអំពីខ្លឹមសារទូទៅនៃ អត្ថបទមួយ។ វាមិនអាចបកប្រែឲ្យមានអត្ថន័យសុក្រឹត្យ១០០ភាគរយនោះទេ។ នេះជាគុណវិបត្តិមួយនៃ Google Translate។
វីអូអេ៖ វីអូអេមានគេហទំព័រពីរ ភាសាខ្មែរផង និងភាសាអង់គ្លេស។ តើការណ៍មានខ្លឹមសារតែមួយជាពីរភាសាបែបនេះជួយដល់ការបកប្រែរបស់ Google Translate ដែរឬទេ? តើនេះជាអ្វីដែល Google ចង់បានមែនទេ?
Divon៖ ត្រឹមត្រូវហើយ នេះជាអ្វីដែលយើងចង់បាន។ យើងរកមើលទិន្នន័យនិងខ្លឹមសារព័ត៌មានទាំងអស់ដែលមាននៅក្នុង បណ្តាញអ៊ីនធឺណិត ហើយដែលមានលក្ខណៈពីរភាសាបែបនេះ ហើយពិនិត្យមើលគេហទំព័ររាប់លាន យើងព្យាយាមកំណត់ខ្លឹមសារនៃការបកប្រែដោយស្វ័យប្រវត្តិ ដោយប្រើការគណនា ដោយប្រើម៉ាស៊ីនជាជាងការប្រើមនុស្ស។
ដោយសឹង សុផាត
ពី khmer.voanews.com
0 Comments:
Post a Comment