Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, August 26, 2013

ភាព​ផុយ​ស្រួយ​​នៃ​​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​​អា​ស៊ី​អាគ្នេយ៍​

0 Comments
Mahathir Mohamad និង Lee Kuan Yew អ្នក​ប្រឆាំង​នឹង​លទ្ធិ​ប្រជា​ធិប​តេយ្យ​បែប​បស្ចឹម​លោក​
Mahathir Mohamad និង Lee Kuan Yew អ្នក​ប្រឆាំង​នឹង​លទ្ធិ​ប្រជា​ធិប​តេយ្យ​បែប​បស្ចឹម​លោក​
ថ្ងៃនេះ ហ្ស​ង់-ហ្វ្រ​ង់​ស័​រ តាន់ សូម​បន្ត​ចាប់អារម្មណ៍​ទៅលើ​ភូមិសាស្ត្រ​នយោបាយ​នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​ តទៅទៀត ដោយ​សូម​លើកឡើង​អំពី​ភាពផុយស្រួយ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​អាស៊ីអាគ្នេយ៍។ ផុយស្រួយ ពីព្រោះ​ម្យ៉ាង សុទ្ធសឹង​ជា​លទ្ធិប្រជាធិបតេយ្យ​ថ្មីថ្មោង​ដែល​តែង​ជួបនឹង​វិបត្តិ​នយោបាយ សង្គម សេដ្ឋកិច្ច និង​សន្តិសុខ។ ពីព្រោះ​ម្យ៉ាងទៀត ថ្នាក់ដឹកនាំ​ខ្លះ​នៅតែ​មិន​ព្រម​ទទួល​គោលការណ៍​ប្រជាធិបតេយ្យ​បែប​បស្ចិម​ លោក។

ជាការ​ពិតណាស់​ដែលថា បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​មួយចំនួន​បាន​បោះជំហាន ទៅរក​លទ្ធិប្រជាធិបតេយ្យ ជាពិសេស​នៅក្នុង​អំឡុង​ទសវត្សរ៍​ទី៩។ ក៏ប៉ុន្តែ លទ្ធិប្រជាធិបតេយ្យ​ថ្មីថ្មោង​ទាំងនេះ ផុយស្រួយ​មែនទែន តែង​ជួបនឹង​វិបត្តិ​បី​ប្រភេទ ៖ វិបត្តិ​នយោបាយ វិបត្តិ​សង្គម​និង​សេដ្ឋកិច្ច ព្រមទាំង​វិបត្តិ​សន្តិសុខ។
វិបត្តិ​នយោបាយ​តែងតែ​កើតឡើង នៅពេលដែល​ពលរដ្ឋ​ចាប់ផ្តើម​ប្រឆាំងនឹង​អ្នកដឹកនាំ​ដែល​ខ្លួន​បាន​បោះឆ្នោត​ តែងតាំង​ជា​ប្រមុខរដ្ឋ​ឬ​ប្រមុខ​រដ្ឋាភិបាល។ ជាទូទៅ ពលរដ្ឋ​បែក ចិត្ត ឈប់​គាំទ្រ​អ្នក​ដែល​ខ្លួន​បាន​បោះឆ្នោតឱ្យ ដោយហេតុតែ​ពួក​អ្នកដឹកនាំ​ទាំងនោះ ពុករលួយ បក្សពួកនិយម មិន​ព្រមធ្វើ​កំណែទម្រង់ ឬ​គ្រប់គ្រង​ប្រទេស​របៀប​ផ្តាច់ការ​ពេក។

វិបត្តិ​នយោបាយ​បែបនេះ បានកើត​ឡើង នៅ​ហ្វីលីពីន ក្នុង​ខែមករា​ឆ្នាំ២០០។ កាលនោះ លោក​ប្រធានាធិបតី​ហ្សូ​ហ្សេ​ហ្វ អេ​ស្ត្រា​ដា (Joseph Estrada) ដែល​ជាប់​ចោទថា​បាន​គៃបន្លំ​យកប្រាក់​រដ្ឋ ត្រូវ​បង្ខំចិត្ត​លា​ចេញពី​តំណែង​និង​ប្រគល់​អំណាច​ទៅ​ឲ្យ​លោកស្រី​អនុ​ ប្រធានាធិបតី ក្លូ​រី​យ៉ា អា​រ៉ូ​យ៉ូ (Gloria Arroyo)។ ករណី​ស្រដៀង​គ្នា ក៏បាន​កើតឡើង​ដែរ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ខែកក្កដា​ឆ្នាំ២០០។ កាលនោះ លោក​ប្រធានាធិបតី​វ៉ា​ហ៊ី​ដ (Wahid) បាន​ជាប់​ទាក់ទិន​ក្នុង​រឿង​ពុករលួយ ហើយក៏​ត្រូវ​បាត់បង់​អំណាច​ដែល​បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់​លោកស្រី​អនុ​ ប្រធានាធិបតី ម៉េ​ហ្កា​វ៉ា​ទី ស៊ុយ​កា​ណូ​ពុ​យ​ទ្រី(Megawati Sukarnoputri) វិញ​ម្តង។

គ្រោះថ្នាក់​ទី​ពីរ ដែល​លទ្ធិប្រជាធិបតេយ្យ​ថ្មីថ្មោង នៅ​អាស៊ីអាគ្នេយ៍​ជួបប្រទះ គឺ​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម។ ជាក់ស្តែង ដោយហេតុតែ​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​នៅ​ឆ្នាំ១៩៩៧និង​ចំហាយ​អាក្រក់​របស់​ វាត​រហូត​ដល់​ឆ្នាំ២០០១ សសរ​គ្រឹះ​ទាំង​ប៉ុន្មាន​នៃ​លទ្ធិប្រជាធិបតេយ្យ​ថ្មីថ្មោង​នៅ​ឥណ្ឌូណេស៊ី​ និង​នៅ​ហ្វីលីពីន​បាន​រង្គោះរង្គើ។ កាលនោះ នៅ​ឥណ្ឌូណេស៊ី កងទ័ព​បាន​សាកល្បង​វិល​មក​ក្តាប់​អំណាច​វិញ រីឯ​ពួក​អ៊ីស្លាម​ជ្រុលនិយម​ដែល​ស្អប់ខ្ពើម​លិ​ទ្ធិ​ប្រជាធិបតេយ្យ​មាន​ ប្រជាប្រិយភាព​ខ្លាំងក្លា។ ចំណែក​នៅ​ហ្វីលីពីន​វិញ កាលណោះ ក្រោយពី​លោក​ប្រធានាធិបតី​ហ្សូ​ហ្សេ​ហ្វ អេ​ស្ត្រា​ដា​បាន​ដួលរលំ ពួកក្រុម​អ្នកមាន​និង​អ្នកមានអំណាច​សម័យ​លោក​ហ្វៀ​ក​ឌី​ណង់ ម៉ាក​កុស ព្រមទាំង​កងទ័ព​ក៏បាន​ពង្រឹង​ជំហរ​របស់​ពួកគេ​ឡើងវិញ​នៅក្នុង​ប្រទេស​ដែរ។ គឺជា​សំណាង​មួយ​ល្អ​ហើយ ដែល​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​មិនបាន​អូសបន្លាយ​យូរ និង​មិនបាន​បណ្តាលឱ្យ​លទ្ធិប្រជាធិបតេយ្យ​ក្មេងខ្ចី​ទាំងនេះ​ដួលរលំ។

ដោយឡែក បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ថ្មីថ្មោង​នៅ​អាស៊ីអាគ្នេយ៍ ដូចជា​នៅ​ខ្វះ​ចន្ទល់ មួយ​ដ៏​សំខាន់ នោះ​គឺ​ការស្វែងរក​កំណើនសេដ្ឋកិច្ច ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំងមូល​ធូរធារ មិនមែន​ឲ្យ​ធូរធារ​តែ​អ្នកមាន និង​អ្នកមានអំណាច​មួយ​ក្តាប់​តូច​តែប៉ុណ្ណោះ​ទេ។ នេះ​គឺជា​មូលហេតុ​សំខាន់​នៃ​គម្លាត​កាន់តែ​ធំ​រវាង​អ្នកមាន​និង​អ្នកក្រ គឺជា​មូល​ហេតុដែល​នឹង​អាច
បណ្តាលឱ្យ​អ្នកក្រីក្រ​ក្លាយជា​អ្នក​ឈឺចាប់ ហើយ​បែរ​ទៅរក​ចលនានយោបាយ​ជ្រុលនិយម​ឬ​អ៊ីស្លាម​ជ្រុលនិយម​ដែល​ប្រឆាំង​ ដាច់ខាត​ទៅនឹង​លិ​ទ្ធិ​ប្រជាធិបតេយ្យ។

ក្រៅពីនេះ វិបត្តិ​សន្តិសុខ​ក៏​អាច​នឹង​ក្លាយជា​គ្រោះថ្នាក់​ធំ​ដែរ សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ថ្មីថ្មោង នៅ​អាស៊ីអាគ្នេយ៍ ។ គ្រោះថ្នាក់​នេះ អាច​ស្តែងចេញ តាមរយៈ​រូបភាព​ពីរ​ខុសគ្នា។ រូបភាព​ទីមួយ គឺ​អំពើ​ភេរវកម្ម ដែលមាន​កើតឡើង​ជា​ហូរហែ នៅ​ប៉ែក​ខាងត្បូង​ប្រទេស​ថៃ នៅ​ឥណ្ឌូណេស៊ី ឬ​នៅ​ហ្វីលីពីន។ ចូរ​កុំភ្លេចថា ពួក​ភេរវជន ជាពិសេស​ពួក​ភេរវជន​អ៊ីស្លាម​ជ្រុលនិយម ជាស​ត្រូវ​របស់​លទ្ធិប្រជាធិបតេយ្យ។ រីឯ​រូបភាព​ទី​ពីរ​វិញ​នៃ​វិបត្តិ​សន្តិសុខ ដែល​អាច​គំរាម​លទ្ធិប្រជាធិបតេយ្យ នៅ​អាស៊ីអាគ្នេយ៍ គឺ​សង្គ្រាម សង្គ្រាមស៊ីវិល ឬ​សង្គ្រាម​រវាង​ប្រទេសជិតខាង​របង​ជាមួយ។​

យ៉ាងណាក៏ដោយ សព្វថ្ងៃ អាស៊ីអាគ្នេយ៍ នៅតែ​ជាទី ដែល​លទ្ធិប្រជាធិបតេយ្យ​មានដំណើរ​រ​ប៉ាក់រ​ប៉ើ​ក។ មូលហេតុ​មាន​ច្រើនយ៉ាង៖
 មូលហេតុ​ទីមួយ គឺ​មក​អំពី​ថ្នាក់ដឹកនាំ​ខ្លះ មិន​ព្រម​ទទួល​គោលការណ៍​ប្រជាធិបតេយ្យ​បែប​បស្ចិម​លោក  នាំគ្នា​និយាយថា មិនត្រូវ​អនុវត្ត​ឡើយ ឬក៏​មិនត្រូវ​អនុវត្ត​ម៉ត់ចត់​ហួសហេតុ​ពេក​ទេ លទ្ធិប្រជាធិបតេយ្យ។ ដើម្បី​ពង្រឹង​ទឡ្ហីករណ៍​នេះ ពួកគេ​បាន​ទាំង​ចងក្រង​ឡើង​នូវ​អ្វីដែល​គេ​ហៅថា«តម្លៃ​គោលការណ៍​អាស៊ី» (Les valeurs asiatiques)។

តើ​អ្វី​ទៅ « តម្លៃ​អាស៊ី »? វា​គឺជា​ទ្រឹស្តី​មួយ​ដែល​អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី គាន់​យូ(Lee Kuan Yew) បាន​បង្កើតឡើង ក្នុង​គោលដៅ​ច្រានចោល​លទ្ធិប្រជាធិបតេយ្យ​បែប​បស្ចិម
លោក។ លី គាន់​យូ បាន​អះអាង​ជាអាទិ៍​ថា បណ្តា​សង្គម​អាស៊ី​មាន​ប្រពៃណី​និង​វប្បធម៌​របស់គេ​ដាច់ដោយឡែក ដែល​ខុសគ្នា​ស្រឡះ​ពី​ប្រពៃណី​និង​វប្បធម៌​បស្ចិម​លោក។ បស្ចិម​លោក​ឲ្យ​តម្លៃ​ខ្លាំងណាស់​ទៅលើ​បុគ្គល សេរីភាព និង​សមធម៌ ចំណែក​ពិភព​អាស៊ី​វិញ​ឲ្យ​តម្លៃ​ខ្លាំងជាងគេ​ទៅលើ​គ្រួសារ សង្គម វិន័យ សណ្តាប់ធ្នាប់ អំណាច និង​ការងារ។
សម្រាប់​លី គាន់​យូរ « តម្លៃ​អាស៊ី »ប្រសើរ​ជាង​គោលការណ៍​ប្រជាធិបតេយ្យ​បែប​បស្ចិម
លោក។ នេះ​មិនមែន​ជាការ​មួយ​ចៃដន្យ​ឡើយ ពីព្រោះ ពី​ទសវត្សរ៍​ទី៨០រហូតដល់​ពាក់
កណ្តាល​ទសវត្សរ៍​ទី៩០ បណ្តា​ប្រទេស​អាស៊ី​ដែល​គេ​ហៅថា«នាគ​អាស៊ី»មាន​កំណើនសេដ្ឋកិច្ច​ក្លៀវក្លា នៅពេលដែល​សេដ្ឋកិច្ច​បស្ចិម​លោក​ជាទូទៅ​ផ្តើម​បាត់បង់​សន្ទុះ ជាហេតុ​ជំរុញ នៅពេលនោះ ឲ្យ​បណ្តា​ប្រទេស​នាគ​សេដ្ឋកិច្ច​ទាំងនេះ និយាយ​អួតអាង​ពី​គំរូ​សង្គម​របស់​ពួកគេ និង​ទិតៀន​គំរូ​សង្គម​របស់​បស្ចិម​លោក។

មូលហេតុ​មួយទៀត ដែល​បង្ក​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​មានដំណើរ​រ​ប៉ាក់រ​ប៉ើ​ក នៅ​អាស៊ីអាគ្នេយ៍​គឺ​កម្លាំង​ខ្លាំង​សឹង​ផ្តាច់​មុខតែ​ឯកឯង​នៃ​គណបក្ស​មួយ​ នៅលើ​ឆាកនយោបាយ​នៃបណ្តា​ប្រទេស​មួយចំនួន។ ក្នុងនោះ​រួមមាន​ជាអាទិ៍ បក្ស​សកម្មភាព​ប្រជាជន នៅ​សិង្ហ​បុរី បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ា​ឡេ នៅ​ម៉ាឡេស៊ី និង​រហូតមកដល់​ឆ្នាំ២០១៣នេះ បក្ស​ប្រជាជន​កម្ពុជា នៅ​កម្ពុជា។

មូលហេតុ​ផ្សេង​មួយទៀត​ដែល​បង្ក​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​មានដំណើរ​រ​ប៉ាក់រ​ ប៉ើ​ក នៅ​អាស៊ីអាគ្នេយ៍  គឺ​ការ​លេច​ត្រដែត​ឡើង​ខ្លាំង​នៃ​ប្រទេស​ចិន​កុ​ម្មុយ​និ​ស្ត នៅលើ​ឆាក​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ។ ទីក្រុង​ប៉េកាំង​ខ្លួនឯង ដែល​នៅតែ​មិន​ព្រម​ផ្តល់​សិទ្ធិ​នយោបាយ ឲ្យ​ពលរដ្ឋ​របស់ខ្លួន​បាន​រកស៊ី​សឹង​ផ្តាច់មុខ​ជាមួយ​ប្រទេស​កាន់អំណាច​ ផ្តាច់ការ​ដូច​យ៉ាង​ភូមា​រហូតមក​ដល់ពេលថ្មីៗនេះ និង​បានធ្វើ​ឲ្យ​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​បស្ចិម​លោក​ទៅលើ​ប្រទេស​អាស៊ី​មួយ ​នេះ​គ្មាន​ប្រសិទ្ធិភាព។ មិនតែប៉ុណ្ណោះ ចិន​ផ្តល់ជំនួយ​គ្មាន​ល័​ក្ខ​ខ​ណ្ឌ័​នយោបាយ ដល់​ប្រទេស​ប្រជាធិបតេយ្យ​ថ្មីថ្មោង​ដូចជា​កម្ពុជា​ជាដើម។

ឯ​មូលហេតុ​ចុងក្រោយ គឺ​ការដែល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយចំនួន នៅតែ​មិន​ព្រម​បោះបង់ចោល​រដ្ឋប្រហារ​យោធា​ដូចជា​ប្រទេស​ថៃ​ជាដើម និង​ការដែល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយចំនួន​នៅតែ​បន្ត​ឋិត​ក្រោម​ ការគំរាមកំហែង​ពី​សំណាក់​រដ្ឋប្រហារ​យោធា ដូច​យ៉ាង​ប្រទេស​ហ្វីលីពីន៕
ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
From ( RFI ) 

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com