Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, August 26, 2013

អំណាចផ្តាច់ការ និង លទ្ធិប្រជាធិបតេយ្យ នៅអាស៊ីអាគ្នេយ៍

0 Comments
 
លោកស្រីកូរី អាគីណូ(Cory Aquino) និមិត្តិរូបប្រជាធិបតេយ្យ នៃប្រទេសហ្វីលីពីន
លោកស្រីកូរី អាគីណូ(Cory Aquino) និមិត្តិរូបប្រជាធិបតេយ្យ នៃប្រទេសហ្វីលីពីន
 
ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​ចាប់​អារម្មណ៍​ទៅ​លើ​ភូមិសាស្ត្រ​នយោបាយ​នៃ​ភូមិភាគ​អាស៊ី​ អាគ្នេយ៍​ត​ទៅ​ទៀត​ ដោយ​សូម​លើក​ឡើង​អំពី​អំណាច​ផ្តាច់ការ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ ភូមិភាគ​អាស៊ី​អាគ្នេយ៍។ លទ្ធិ​ប្រជាធិបតេយ្យ​បាន​ចាប់​ផ្តើម​ចាក់​ឫស​ នៅ​អាស៊ី​អាគ្នេយ៍​ នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ទី​៨០​ និង​បាន​គ្រប​ដណ្តប់​ខ្លាំង​ ទៅ​លើ​ភូមិភាគ​នេះ​ នៅ​ក្នុង​ទសវត្សរ៍​ទី​៩០​ ដោយ​សារ​តែ​ការ​រលត់រលាយ​ទៅ​នៃ​សង្គ្រាម​ត្រជាក់ និង​ដោយសារ​តែ​កំណើន ​និង​សន្ទុះ​សេដ្ឋកិច្ច​ក្លៀវក្លា​នៃ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់។
មុន​ពេល​មក​ដល់​របស់​បណ្តា​ប្រទេស​អឺរ៉ុប​អាណានិគម​និយម​ក្នុង​ សតវត្សរ៍​ទី​១៩​ នៅ​អាស៊ី​អាគ្នេយ៍​ មាន​សុទ្ធ​តែ​របប​រាជា​និយម​ចាស់​គំរិល​។ ក្រោយ​ពេល​ដែល​បណ្តា​ប្រទេស​អាណា​និគម​និយម​ទាំងនេះ​ បាន​ចាក​ចេញ​ពី​អាស៊ី​អាគ្នេយ៍សឹង​អស់​ទៅ​វិញ​ នៅ​ចុង​ទសវត្សរ៍​ទី​៤០​និង​ដើម​ទសវត្សរ៍​ទី​៥០​ ប្រទេស​ទាំង​អស់​នៅ​ក្នុង​ភូមិភាគ​នេះ​ បាន​ទទួល​រង​ខ្លាំង​ឬ​តិច​ ចំហាយ​នៃ​សង្គ្រាម​ត្រជាក់​។ នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ​ ប្រទេស​ខ្លះ​បាន​ក្លាយ​ជា​របប ផ្តាច់ការរណប​សហរដ្ឋអាមេរិក​ដូច​ជា​ថៃ​ ហ្វីលីពីន និងសិង្ហបុរី រីឯ​ប្រទេស​ខ្លះ​ទៀតវិញបាន​ក្លាយ​ជា​របប​ផ្តាច់ការ​កុម្មុយនិស្តរណប​សហភាព​ សូវៀត ឬ​រណប​ប្រទេស​ចិន​ប្រជាមានិត​ ដូច​ជា​វៀតណាម​ ឡាវ​ និង​កម្ពុជា​។

គេ​ត្រូវ​រង់​ចាំរហូត​ដល់​ទសវត្សរ៍​ទី​៨០​ ទើប​ឃើញ​ប្រទេសអាស៊ី​អាគ្នេយ៍​មួយ​ នោះគឺ ហ្វីលីពីន ឈាន​ជើង​មុន​គេទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​។ កាល​នោះ​ គឺ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​១៩៨៦​ ហ្វៀកឌីណង់ ម៉ាកកុស(Ferdinand Marcos) បុរស​ខ្លាំង​នៃរបប​ផ្តាច់ការ​ហ្វីលីពីន ត្រូវ​បាន​អាមេរិក​បង្ខំឲ្យ​រៀប​ចំការ​បោះ​ឆ្នោត​សេរី​និង​ប្រជាធិបតេយ្យ​។ កាល​នោះ ​ជោគជ័យ​នៃ​ការ​បោះ​ឆ្នោត​បាន​ទៅលោក​ស្រី​កូរី អាគីណូ(Cory Aquino) ភរិយា​របស់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក​បេនីញ៉ូ អាគីណូ(Benigno Aquino) ដែល​ត្រូវបាន​គេ​ធ្វើ​ឃាតនៅ​ឆ្នាំ​១៩៨៣​។ នេះ​គឺ​ជា​រលក​ប្រជាធិបតេយ្យ​ទី​មួយ​។ រលក​ប្រជាធិបតេយ្យ​ទី​ពីរ​ ដែល​បាន​គ្រប​ដណ្តប់​ទៅ​លើ​អាស៊ី​អាគ្នេយ៍​ បាន​ប្រព្រឹត្ត​ទៅ​នៅក្នុង​ទសវត្សរ៍​ទី​៩០​ ឧទាហរណ៍​ដូច​ជា​នៅ​សិង្ហបុរី​ នៅ​ថៃ​ នៅ​កម្ពុជា​និង​នៅ​ឥណ្ឌូណេស៊ី​ជា​ដើម​។

មាន​មូលហេតុ​ច្រើន​យ៉ាង​ ដែល​អាច​ពន្យល់​ប្រជាធិបតេយ្យូបនីយកម្ម​ នៅ​អាស៊ី​អាគ្នេយ៍​ ក្នុង​ទសវត្សរ៍​ទី​៨០​និង​ទី​៩០​។ មូលហេតុ​ទី​មួយ​ គឺ​ការ​រលត់​រលាយ​ទៅ​នៃ​សង្រ្គាម​ត្រជាក់​។ នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ របប​ផ្តាច់ការ​មួយ​ចំនួន​ ដូច​ជា​នៅ​ថៃ​ឬ​នៅ​ឥណ្ឌូណេស៊ី​
បាន​ពង្រឹង​អំណាច​របស់​ខ្លួន​ ដោយ​មាន​ការ​ចូល​ដៃ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ ដើម្បី​ប្រឆាំង​នឹង​មនោគមវិជ្ជា​កុម្មុយនិស្ត​។ ក្រោយ​សម័យ​សង្គ្រាម​ត្រជាក់​ របប​ផ្តាច់ការ​អស់​ទាំង​នេះ​ដែល​ភាគ​ច្រើន​ជា​របប​សឹក​ អស់​មាន​លេស​ ដើម្បី​ពង្រឹង​និង​បង្កើន​អំណាច​របស់​ខ្លួន​ទៀត​ហើយ​។ ម្ល៉ោះ​ហើយ​ បាន​ជា​សន្តិភាព​និង​លទ្ធិប្រជាធិបតេយ្យ​ អាច​ផ្តើម​ចាក់​ឫស​គល់​ នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​បាន​ នៅ​ក្នុង​ទសវត្សរ៍​ទី​៩០។

មូល​ហេតុ​ទី​ពីរ​ដែល​អាច​ពន្យល់​ប្រជាធិបតេយ្យូបនីយកម្ម​នៅ​អាស៊ី​អាគ្នេយ៍​ គឺ​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ក្លា​របស់​បណ្តា​ប្រទេស​នាគ​អាស៊ី​ ដូច​ជា​សិង្ហបុរី​ និង​ក្រោយ​មក​ទៀត​ របស់​បណ្តា​ប្រទេស​ខ្លា​អាស៊ី​ ដូច​ជា​ម៉ាឡេស៊ី​ និង​ថៃ​ ពី​ទសវត្សរ៍​ទី​៨០ដល់​ឆ្នាំ​១៩៩៧​ ឆ្នាំ​ដែល​វិបត្តិ​សេដ្ឋកិច្ច​បាន​រាតត្បាត​ទៅ​លើ​ទ្វីប​អាស៊ី​។ កំណើន​សេដ្ឋកិច្ច​ដ៏​វិសេស​វិសាល​នេះ​ បាន​ធ្វើ​ឲ្យ​ពួក​អ្នក​វណ្ណៈ​កណ្តាលដែល​ចេះ​ដឹង​ជាង​មុន​និង​ធូរធា​ជាង​ មុនកើន​ចំនួនលឿន​រហ័ស​ និង​ហ៊ាន​ចេញ​មុខ​ទាមទារ​សេរីភាព​។

*

គឺ​នៅ​ក្នុង​បរិបទ​នៃ​ការ​រលត់រលាយ​ទៅ​នៃ​សង្គ្រាម​ត្រជាក់​ បរិបទ​នៃ​កំណើន​សេដ្ឋកិច្ច​ក្លៀវ​ក្លា​បែប​នេះ​ហើយ​ ដែល​គេ​ឃើញ​សង្គម​ស៊ីវិល​មួយ​លេច​ត្រដែត​ឡើង​ និង​ចេញ​មុខ​ទាមទារ​សេរីភាព​ នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​។ សហជីព​ ជា​អ្នក​នាំ​មុខ​គេ​ នៅ​ក្នុង​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ ក្រោយ​មក​ទៀត​ មាន​និស្សិត​ និស្សិត​ដែល​ចាប់​ពី​ពាក់​កណ្តាល​ទសវត្សរ៍​ទី​៨០​ទៅ​ បាន​ចុះ​ធ្វើ​បាតុកម្ម​នៅ​តាមដង​ផ្លូវ ក្នុង​ប្រទេស​ថៃ​ ហ្វីលីពីន ភូមា​ និង​ដប់​ឆ្នាំ​ក្រោយ​មក​ទៀត​ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។
ចូរ​កុំ​ភ្លេច​ថា​ របប​ផ្តាច់ការ​របស់​ស៊ូហាកតូ(Suharto)​ នៅ​ឥណ្ឌូណេស៊ី​បាន​ដួល​រលំ​ នៅ​ឆ្នាំ​១៩៩៨​ ដោយ​ហេតុ​តែមាន​មហា​បាតុកម្ម​ ក្នុង​ទូទាំង​ប្រទេស​ របស់​ពួកសហជីព​និង​របស់​​ពួកនិស្សិត​។

ក្រៅ​ពី​សហជីព​និង​និសិ្សត​ សាសនា​ក៏​បាន​ដើរ​តួ​នា​ទី​មួយ​សំខាន់​ដែរ​ នៅ​ក្នុង​អភិក្រម​នៃ​ការ​ប្រឆាំង​នឹង​របប​ផ្តាច់ការ​។ ឧទាហរណ៍​ជាក់​ស្តែង​ នៅ​ឆ្នាំ​១៩៨៦​ ក្នុង​ប្រទេស​ហ្វីលីពីន ព្រះ​វិហារ​កាតូលីក​បាន​ចេញ​មុខ​គាំ​ទ្រ​លោក​ស្រី​ប្រមុខ​បក្ស​ជំទាស់​កូរី អាគីណូ(​Cory Aquino) ដើម្បីប្រឆាំង​នឹង​របប​ផ្តាច់ការ​របស់​ហ្វៀកឌីណង់ ម៉ាកកុស(Ferdinand Marcos)។ ដូច​គ្នា​អ៊ីចឹង​ដែរ​ នៅ​ប្រទេស​ភូមា​ ព្រះសង្ឃ​បាន​ជួយ​លាក់​ខ្លួននៅ​ក្នុង​វត្ត​ ពួក​និស្សិត​ដែល​បាន​ចូល​រួម​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​របប​ផ្តាច់ការ​ របស់​ណេ វីន(Ne Win) ក្នុង​ឆ្នាំ​១៩៨៨​។

គេ​ក៏​មិន​អាច​បំភ្លេច​បាន​ដែរ​ តួ​នាទី​របស់​បណ្តា​អង្គការ​មិនមែន​រដ្ឋាភិបាល ​ដែល​ជា​សសរ គ្រឹះមួយ​ដ៏​មាំ​នៃ​សង្គម​ស៊ីវិល​ នៅមុន​និងនៅ​ក្រោយ​ពេល​ដែល​អំណាច​ផ្តាច់ការ​ខ្លះ​នៅ​ អាស៊ី​អាគ្នេយ៍​ដួល​រលំ​ហើយ។

គេ​ក៏​ត្រូវ​ឲ្យ​តម្លៃ​ផង​ដែរ​ដល់​បច្ចេក​វិជ្ជា​ថ្មីៗ​និង​ឈាន​មុខ ដូច​ជា​ទូរស័ព្ទ​ដៃ​ និងអ៊ីនធឺណែត ដែល​បាន​បើក​លទ្ធភាព​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ពត៌មាន​លឿន​រហ័ស​ និង​ការ​ទាក់ទង​គ្នា​ទាន់​ពេល​វេលា​រវាង​មតិ​សាធារណជន​ក្នុង​ស្រុក​និង​មតិ​ អន្តរជាតិ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សព្វ​ថ្ងៃ​នេះ​ អាស៊ី​អាគ្នេយ៍​ នៅ​តែ​ជា​ទី​ដែល​លទ្ធិ​ប្រជាធិបតេយ្យ​ពិបាក​ងើប​ក្បាលនិង​ពិបាក​ដំណើរ​ការ​។ ពិបាក​ដំណើរ​ការ​ ដោយ​ហេតុ​តែ​វត្តមាន​ដ៏​រឹងមាំ​និង​ចាស់​ដុះ​ស្លែ​នៃ​អំណាច​ផ្តាច់ការ​មួយ​ ចំនួន​នៅ​ក្នុង​តំបន់​ ដោយហេតុ​តែ​មាន​ការ​បំផុស​បំផុល​ឡើង​នូវ​ទ្រឹស្តី«តម្លៃ​គោលការណ៍​អាស៊ី​ »ដែល​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ​បែប​បស្ចិម​លោក​ និង​ដោយហេតុ​តែ​វត្តមាន​របស់​មហាយក្ស​ចិនកុម្មុយនិស្ត​ ដែល​អាច​ជា​ហ្រ្វាំង​នៃ​ប្រជាធិបតេយ្យូបនីយកម្ម ​នៅអាស៊ី​អាគ្នេយ៍៕
ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
from ( RFI )

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com