រថយន្ត
របស់ក្រុមស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបើកចេញពីទីក្រុងដាម៉ាស
សំដៅទៅតំបន់ដែលរងការបាញ់ប្រហារដោយអាវុធគីមី កាលពីថ្ងៃពុធទី ២១
សីហា ២ឥ១៣
នៅថ្ងៃចន្ទទី ២៦ សីហា
ក្រុមស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិនឹងចូលទៅត្រួតពិនិត្យ
ស៊ើបអង្កេតនៅក្នុងតំបន់ដែលទទួលរងការវាយប្រហារដោយអាវុធគីមី
កាលពីថ្ងៃពុធកន្លងទៅ
បន្ទាប់ពីរដ្ឋាភិបាលស៊ីរីបានយល់ព្រមបើកភ្លើងខៀវ កាលពីថ្ងៃអាទិត្យទី
២៥ សីហា។
ប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់ស៊ីរីបានស្វាគមជំហររបស់
រដ្ឋាភិបាលស៊ីរី ប៉ុន្តែ ប្រទេសលោកខាងលិច
នាំមុខដោយអាមេរិក បានវាយតម្លៃ
ការបើកភ្លើងខៀវរបស់រដ្ឋាភិបាលលោកបាស្ហា អាល់អាសាដ ថា
ជារឿងដែលហួសពេល។ជាក់ស្តែង ក្រសួងការពារជាតិអាមេរិកទើបបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា នាវាពិឃាតទីបួន របស់អាមេរិក កំពុងធ្វើដំណើរចេញនៅសមុទ្រមេឌីទែរ៉ាណេ ដែលនៅទីនោះ អាមេរិកបានប្រចាំការនាវាពិឃាតបីរួចហើយ សម្រាប់ធ្វើអន្តរាគមន៍ យោធា នៅស៊ីរី នៅពេលមានបញ្ជាពីលោកអូបាម៉ា។
មួយវិញទៀត រដ្ឋាភិបាលស៊ីរីទើបយល់ព្រមឲ្យមន្ត្រីអង្គការសហប្រជាជាតិចូលទៅ ស៊ើបអង្កេត នៅកន្លែងកើតហេតុ នៅពេលនេះ គឺវាហួសពេលទៅហើយ។ តាម អាមេរិក និងអង់គ្លេស វាយឺតពេលដើម្បី គេអាចប្រមូលភស្តុតាង នៅក្រោយព្រឹត្តិការណ៍ដែលកើតមាន កាលពី៥ថ្ងៃមុន។ ក្នុងអំឡុងពេល៥ថ្ងៃកន្លងទៅ គឺបន្ទាប់ពីការវាយប្រហារអាវុធគីមី ទាហានរដ្ឋាភិបាលស៊ីរី បានប្រើយន្តហោះ ទម្លាក់គ្រាប់ និងបាញ់ផ្លោង ជារៀងរាល់ថ្ងៃ ទៅលើតំបន់ដែលគេសង្ស័យថា មានប្រើអាវុធគីមី។ បើតាម រដ្ឋមន្រ្តីការពារជាតិអង់គ្លេស ភស្តុតាង បញ្ជាក់ពីការប្រើអាវុធគីមី បា្រកដជាត្រូវបំផ្លាញ ឬខូចខាត បាត់បង់សភាពដើមដែរ ដោយសារបាញ់ផ្លោង ជញ្ជ្រុំ របស់ទ័ពរបស់រដ្ឋាភិបាលស៊ីរី។
មន្រ្តីអង្គការសហប្រជាជាតិ ត្រូវទៅមើលដោយផ្ទាល់ភ្នែកថា តើពិតជាមានការវាយប្រហារដោយអាវុធគីមី មែន តាមការអះអាងរបស់ក្រុមប្រឆាំងស៊ីរីដែរឬទេ។ បើសិនជាក្រុមស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ អះអាងថា ពិតជាមានមែន នោះគឺជាលើកទីមួយ ដែលមានការបញ្ជាក់ពីក្រុមឯករាជ្យ ព្រោះថា កន្លងមក ព័ត៌មានថា មានប្រើអាវុធ ត្រូវបានផ្តល់តែពីភាគីម្ខាង គឺខាងក្រុមប្រឆាំង ឬភ្នាក់ងារស៊ើបការសម្ងាត់របស់ប្រទេសលោកខាងលិច ដែលកាន់ជើងក្រុមប្រឆាំងស៊ីរី និងទាមទារឲ្យលោកប្រធានាធិបតីស៊ីរីចុះចេញពីអំណាច ប៉ុន្តែ មិនមែនក្រុមឯករាជ្យនោះទេ។ នៅថ្ងៃចន្ទនេះ ក្រុមឧទ្ទាមស៊ីរី និងរដ្ឋាភិបាលបានយល់ព្រមធ្វើបទឈប់បាញ់មួយ នៅតំបន់ ជាយក្រុងដាម៉ាស ជាទីដែលក្រុមអ្នកសង្កេតត្រូវចុះទៅស្រាវជ្រាវប្រមូលភស្តុតាង។
លើកនេះ បើទោះជា ការងាររបស់ក្រុមស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ មិនមែនសំដៅដាក់កំហុសទៅលើភាគីណា ថា ជាអ្នកប្រើអាវុធគីមី ប៉ុន្តែ ការស្រាវជ្រាវ ធ្វើកោសល្យវិច័យ លើគ្រាប់មីស៊ីលដែលបានបាញ់ចូលទៅលើតំបន់ដែលរងអាវុធគីមី នឹងអាចធ្វើឲ្យគេកំណត់បានថា តើភាគីណាដែលបានប្រើអាវុធគីមី។
នៅក្នុងសារព័ត៌មានរុស្ស៊ី ដែលស្និទ្ធនឹងទីក្រុងម៉ូស្គូ ចេញផ្សាយនៅថ្ងៃចន្ទនេះ លោកប្រធានាធិបតីស៊ីរី បាស្ហា អាល់អាសាដបានបដិសេធ ថា រដ្ឋាភិបាលរបស់លោកមិនបានប្រើប្រាស់អាវុធគីមីទេ។ ជាមួយគ្នានោះ លោកបានព្រមានថា អាមេរិក នឹងជួបបរាជ័យ ប្រសិនបើហ៊ានធ្វើអន្តរាគមន៍ទ័ពនៅស៊ីរី។ ការព្រមានរបស់ប្រធានាធិបតីស៊ីរី ធ្វើឡើង បន្ទាប់ពីអាមេរិកបានបញ្ជូននាវាចម្បាំង ជាបន្តបន្ទាប់ទៅសមុទ្រមេឌីទែរ៉ាណេ ដើម្បីត្រៀមធ្វើអន្តរាគមន៍យោធាណាមួយទៅលើប្រទេសស៊ីរី។
លោកបាស្ហា អាល់អាសាដដែលបានទទួលការគំាទ្រយ៉ាងចេញមុខ ចេញមាត់ពីរុស្ស៊ី និងអ៊ីរ៉ង់ បានទម្លាក់កំហុសទៅលើក្រុមប្រឆាំងស៊ីរី ថា ជាអ្នកប្រើប្រាស់អាវុធគីមី។ លោកប្រធានាធិបតីស៊ីរី បានបញ្ជាក់បន្ថែម ថា ក្រុមប្រឆាំងស៊ីរីពិតជាបានប្រើអាវុធគីមី ព្រោះថា ទាហានរដ្ឋាភិបាលជាង៥០នាក់ដែលចូលទៅឡោមព័ទ្ធតំបន់គ្រប់គ្រងដោយ ក្រុមប្រឆាំង បានទទួលរងផ្សែងពុល និងកំពុងសម្រាកនៅមន្ទីរពេទ្យ។
ទូរទស្សន៍សាណា ដែលជាទូរទស្សន៍រដ្ឋាភិបាលស៊ីរី បានចាក់បញ្ចាំងរូបភាពដែលបង្ហាញពីរូងក្រោមដីដែលក្រុមប្រឆាំងបាន ប្រើប្រាស់ដើម្បីផលិតអាវុធគីមី។ តាមទូរទស្សន៍រដ្ឋាភិបាលដដែល គេរកឃើញ ឧបករណ៍ពាក់បិទមុខជាច្រើនសម្រាប់ ដែលក្រុមប្រឆាំង អាចប្រើដើម្បីជៀសផុតពីការស្រូបផ្សែងពុលគីមី។
រុស្ស៊ី និងអ៊ីរ៉ង់ដែលជាប្រទេសសម្ព័ន្ធមិត្ត របស់ស៊ីរី បាន លើកឡើងពីភស្តុតាងនានា ដែលបញ្ជាក់ថា គឺក្រុមប្រឆាំងស៊ីរីដែលបានប្រើអាវុធគីមី។ កាលពីថ្ងៃសៅរ៍ ទីក្រុងម៉ូស្គូបានបញ្ជូនរូបថតផ្កាយរណបរបស់រុស្ស៊ី ទៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដែលបង្ហាញថា មីស៊ីលពីរដែលមានអាវុធគីមី ត្រូវបានបាញ់ចេញពីតំបន់ដែលគ្រប់គ្រងដោយ ក្រុមប្រឆាំង។
រហូតមកដល់ពេលនេះ គេនៅមិនទាន់រកឃើញច្បាស់ថា អ្នកណាជាទទួលខុសត្រូវលើការប្រើអាវុធគីមី ដែលបានសម្លាប់មនុស្សជាង ៣០០នាក់ កាលពីថ្ងៃពុធទេ។ ក្រុមប្រឆាំងស៊ីរី វិញ ដែលជាបញ្ចេញរូបភាព និងវីដេអូ មនុស្សដែលស្លាប់ដោយផ្សែងពុល កាលពីថ្ងៃពុធ បានចោទប្រកាន់ថា រដ្ឋាភិបាលជាអ្នកប្រើប្រាស់អាវុធគីមី។ ភាគីទាំងពីរនៅបន្តទម្លាក់កំហុសដាក់គ្នា។ បើតាមប្រភពពីក្រុមភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសលោកខាងលិច គេមានភស្តុតាងដែលបញ្ជាក់ថា រដ្ឋាភិបាលស៊ីរីបានប្រើប្រាស់អាវុធគីមី ព្រោះក្រុមប្រឆាំងស៊ីរីមិនងាយនឹងអាចទទួលប្រើប្រាស់អាវុធគីមីបាន ទេ។ វាផ្ទុយស្រឡះពីរដ្ឋាភិបាលស៊ីរី ដែលត្រូវបានពិភពលោកចាត់ទុកថា ជាប្រទេសដែលមានលាក់អាវុធគីមី យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយដែលគេប្រើសម្រាប់បំផ្លាញកោសិការខួរក្បាលរបស់មនុស្សបាន។ ស៊ីរីស្ថិតនៅក្នុងចំណោមប្រទេស៧ដែលបដិសេធមិនចូលរួម នៅក្នុងសន្ធិសញ្ញា ឆ្នាំ ១៩៩៧ ដែលហាមការប្រើប្រាស់អាវុធគីមី៕
©REUTERS/Khaled al-Hariri
0 Comments:
Post a Comment