នៅមុនពេលបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងបានប្រកាសជាសាធារណៈថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា របស់លោកចាញ់ឆ្នោតនោះ ប្រទេសកម្ពុជា នឹងមានសង្គ្រាមកើតឡើង។ ការគំរាមរបស់ លោក ហ៊ុន សែន ពិតជាបានធ្វើអោយពលរដ្ឋភ័យខ្លាចមិនតិចទេ។ ជាក់ស្តែង ការសម្រុកទៅចាក់សាំងរបស់ពលរដ្ឋនៅភ្នំពេញ ការចូលទិញទំនិញសម្រាប់រក្សាទុក ការសម្រុកទៅដកលុយពីម៉ាស៊ីន អេធីអឹម (ATM) និងការបិទទ្វារចាក់សោនៅក្នុងផ្ទះរបស់ពលរដ្ឋ តាំងពីក្បាលព្រលប់នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ សុទ្ធសឹងតែជាឧទាហរណ៍ជាក់ស្តែងដែលបង្ហាញពីការភ័យខ្លាចរបស់ពលរដ្ឋ ចំពោះពាក្យគំរាមរបស់ លោក ហ៊ុន សែន។
រហូតមកដល់ពេលនេះ ការព្រួយបារម្ភថាមានសង្គ្រាមបានថយចុះបន្តិច បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ប្រកាសថាខ្លួនបានឈ្នះឆ្នោត។ តែនៅពេលនេះ អ្វីដែលពលរដ្ឋនៅមានការព្រួយបារម្ភនោះ គឺភាពវឹកវរនៅក្នុងប្រទេស ដែលអាចកើតឡើងដោយសារតែពលរដ្ឋគាំទ្រគណបក្សប្រឆាំងដែលចាញ់ឆ្នោត ដោយមិនអស់ចិត្តនោះ ចុះថ្នល់ធ្វើបាតុកម្មទាមទារអោយមានការបោះឆ្នោតឡើងវិញ ឬទាមទារអោយធ្វើតាមការស្នើសុំរបស់គណបក្សប្រឆាំងដែលបានស្នើអោយ ពិនិត្យមើលឡើងវិញពីភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោតជាដើម។
ពេលនេះ សង្គ្រាមនៅកម្ពុជា មិនអាចកើតឡើងឡើយ ព្រោះគណបក្សប្រឆាំងគ្មានកម្លាំងទ័ព និងគ្មានអាវុធនៅក្នុងដៃ តែផ្ទុយទៅវិញ លទ្ធភាពនៃការចុះថ្នល់ធ្វើបាតុកម្មរបស់ពលរដ្ឋ គឺអាចកើតមានឡើង។ បាតុកម្មអាចកើតមាន ឬមិនអាចកើតមាន វាអាស្រ័យសំខាន់លើឆន្ទៈរបស់ លោក សម រង្ស៉ី និង លោក កឹម សុខា។
ផ្អែកលើទិដ្ឋភាពជាក់ស្តែងកន្លងមក ទាំងក្នុងពេលឃោសនាបោះឆ្នោត និងទាំងលើលទ្ធផលដែលបក្សប្រឆាំងទទួលបានពីកម្លាំងគាំទ្រក្នុងពេល បោះឆ្នោត វាមិនមែនជាការពិបាកសម្រាប់ លោក សម រង្ស៉ី និង លោក កឹម សុខា អំពាវនាវអ្នកគាំទ្ររបស់លោកអោយចុះថ្នល់ធ្វើបាតុកម្មលក្ខណៈ ទ្រង់ទ្រាយធំនោះទេ។ ម្យ៉ាងទៀត ពលរដ្ឋគាំទ្របក្សប្រឆាំងដែលនៅខឹងសម្បារមិនទាន់បាត់ ដោយសារមិនបានបោះឆ្នោតនោះ ក៏នឹងមិនរារែកចូលរួមធ្វើបាតុកម្មដែរ ប្រសិនបើមានការអំពាវនាវរបស់មេបក្សប្រឆាំងទាំងពីរពិតប្រាកដមែន។ ការផ្ទុះអំពើហិង្សារវាងពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅស្ទឹងមានជ័យ ក្រុងភ្នំពេញ នៅថ្ងៃបោះឆ្នោត គឺជាឧទាហរណ៍បង្ហាញស្រាប់។
ទោះយ៉ាងណា ការអំពាវនាវអោយពលរដ្ឋចុះថ្នល់ធ្វើបាតុកម្មប្រឆាំងបក្សកាន់អំណាច ត្រូវបាន លោក សម រង្ស៉ី និង លោក កឹម សុខា អះអាងថា មិនមែនជាជម្រើសដំបូងរបស់លោកទេ។ ជាក់ស្តែង មេបក្សប្រឆាំងទាំងពីរបានអំពាវនាវនៅថ្ងៃបោះឆ្នោត អោយអ្នកគាំទ្រគណបក្សប្រឆាំងទាំងអស់ រក្សាភាពស្ងប់ស្ងៀម ហើយទុកអោយលោកទាំងពីរធ្វើការទាមទារដោយសន្តិវិធីវិញ។ តែការអំពាវនាវរបស់ លោក សម រង្ស៉ី នៅថ្ងៃទី២៩ កក្កដា អោយអ្នកគាំទ្ររបស់លោកចុះថ្នល់ធ្វើបាតុកម្ម អាចជាយុទ្ធសាស្ត្ររបស់ លោក សម រង្ស៉ី ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលអោយគិតគូរពីសំណើរបស់លោកដែលចង់អោយ បង្កើតឡើងជាគណៈកម្មការចម្រុះ ពិនិត្យមើលឡើងវិញភាពមិនប្រក្រតីធ្ងន់ធ្ងរក្នុងពេលបោះឆ្នោត។
តែទោះបីជាយ៉ាងណាក្តី អ្វីៗក៏អាចប្រែក្រឡាស់នៅនាទីចុងក្រោយដែរ។ ប្រសិនបើបក្សប្រឆាំងមិនទទួលបានដំណោះស្រាយមួយសមរម្យទេ ពេលនោះមេបក្សប្រឆាំងទាំងពីរ អាចអំពាវនាវអោយអ្នកគាំទ្រចុះថ្នល់ធ្វើបាតុកម្មពិតប្រាកដមែនក៏ ថាបាន។ ជាការពិតណាស់ លោក សម រង្ស៉ី ក៏ធ្លាប់បានដឹកនាំអ្នកគាំទ្រគណបក្សរបស់លោកធ្វើបាតុកម្មម្តងរួច មកហើយ ក្រោយការបោះឆ្នោតនៅឆ្នាំ១៩៩៨។
ប្រសិនបើមានការអំពាវនាវអោយធ្វើបាតុកម្មមែន រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន អាចមានជម្រើសបីដើម្បីឆ្លើយតប។ ជម្រើសទី១ គឺការអំពាវនាវអោយពលរដ្ឋរក្សាភាពស្ងប់ស្ងៀម និងបើកផ្លូវអោយបក្សប្រឆាំងចូលចរចាស្វែងរកដំណោះស្រាយដោយ សន្តិវិធី។ ជម្រើសទី២ គឺការប្រើកម្លាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា អោយធ្វើបាតុកម្មប្រឆាំងនឹងអ្នកគាំទ្របក្សប្រឆាំងវិញ ហើយជម្រើសទី៣ គឺការប្រើកម្លាំងសមត្ថកិច្ចវាយបង្ក្រាបតែម្តង។ ប្រសិនបើ លោក ហ៊ុន សែន ជ្រើសយកជម្រើសទី២ និងទី៣ មែននោះ អំពើហិង្សានឹងមិនអាចជៀសផុតឡើយ ហើយនរណាក៏ដឹងដែរថា លោក ហ៊ុន សែន ធ្លាប់បានជ្រើសយកជម្រើសទី២ និងទី៣ ម្តងរួចមកហើយកាលពីឆ្នាំ១៩៩៨។
ប្រសិនបើមានបាតុកម្មពិតមែន អំពើហិង្សា និងភាពវឹកវរក្នុងសង្គមអាចកើតមានឡើង តែវាមិនអាចរីករាលដាលទៅជាសង្គ្រាមស៊ីវិលនោះទេ ពីព្រោះម្យ៉ាង គណបក្សប្រឆាំងគ្មានអាវុធក្នុងដៃ និងពីព្រោះម្យ៉ាងទៀត ប្រហែលជាគ្មានបរទេសណាផ្តល់អាវុធអោយបក្សប្រឆាំងឡើយក្នុងស្ថានភាព ដូចកម្ពុជា បច្ចុប្បន្ន។
ស្ថានភាពនយោបាយរបស់កម្ពុជា នាពេលបច្ចុប្បន្ន ខុសពីកម្ពុជា នាសម័យសង្គ្រាមត្រជាក់។ សង្គ្រាមត្រជាក់ គឺជាសង្គ្រាមមនោគមវិជ្ជា ដែលម្ខាងដឹកនាំដោយលោកសេរី នាំមុខដោយសហរដ្ឋអាមេរិក និងម្ខាងទៀតដឹកនាំដោយលោកកុម្មុយនីស្ត នាំមុខដោយសហភាពសូវៀត។ ប្រសិនបើកម្ពុជា សព្វថ្ងៃស្ថិតក្នុងសម័យសង្គ្រាមត្រជាក់វិញ នោះប្រហែលជាមានមហាអំណាចចូលមកលូកដៃដើម្បីទាញយកអ្នកនយោបាយ ដែលមានទំនោរទៅរកមនោគមវិជ្ជារបស់ពួកគេ ដើម្បីទប់ទល់នឹងភាគីម្ខាងទៀតដែលមានមនោគមវិជ្ជាផ្ទុយ។ ហើយមហាអំណាចទាំងនោះមិនខ្លាចនឹងបំពាក់អាវុធអោយទៅភាគីដែលគេ គាំទ្រឡើយ។
នៅក្នុងទសវត្សរ៍ទី៦០ ពេលដែល សម្ដេចព្រះនរោត្តម សីហនុ គ្រប់គ្រងប្រទេស ពួកខ្មែរក្រហមដែលមាននិន្នាការនយោបាយទៅរកលោកកុម្មុយនីស្ត បានព្យាយាមសុំជំនួយយោធាពីប្រទេសចិន និងវៀតណាម ដើម្បីផ្ដួលរំលំព្រះអង្គ តែពួកខ្មែរក្រហមមិនសូវត្រូវបានយកចិត្តទុកដាក់ពីសំណាក់អ្នក នយោបាយចិន និងវៀតណាម ដោយសារពេលនោះចិន និងវៀតណាម កំពុងជាប់រវល់ខ្លាំងនឹងសង្គ្រាមរវាងវៀតណាម និងអាមេរិក។ ម្យ៉ាងទៀត ដោយសារថ្នាក់ដឹកនាំចិន និងវៀតណាម ពេលនោះយល់ថា សម្ដេចព្រះនរោត្តម សីហនុ នៅមានប្រយោជន៍សម្រាប់គេក្នុងការធ្វើសង្គ្រាមនៅវៀតណាម ប្រឆាំងនឹងអាមេរិក។ ហើយនៅទីបំផុត មិនមែនពួកខ្មែរក្រហមទេដែលបានផ្ដួលរំលំសម្ដេចព្រះនរោត្តម សីហនុ តែគឺក្រុមរបស់ លោក លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ដែលស្និទ្ធនឹងសហរដ្ឋអាមេរិក ទៅវិញទេ ដែលទម្លាក់ព្រះអង្គពីអំណាចក្នុងឆ្នាំ១៩៧០។
បន្ទាប់ពីសម្ដេចព្រះនរោត្តម សីហនុ ត្រូវបានទម្លាក់ដោយអ្នកនយោបាយខ្មែរ ដែលមានទំនោរទៅរកលោកសេរី ចិន និងវៀតណាម ចាប់ផ្ដើមចែចូវខ្មែរក្រហម និងសម្ដេចព្រះនរោត្តម សីហនុ អោយតស៊ូប្រដាប់អាវុធប្រឆាំងនឹងរបបដឹកនាំរបស់ លោក លន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក វិញម្តង។ ក្រោមការជួយជ្រោមជ្រែងរបស់ចិន នៅទីបំផុត ខ្មែរក្រហមអាចផ្ដួលរំលំរបប លោក លន់ នល់ បាននៅឆ្នាំ១៩៧៥។
នៅក្នុងទសវត្សរ៍ទី៧០ ដដែល ភាពប្រេះឆាបានកើតមានឡើងរវាងកុម្មុយនីស្តចិន និងកុម្មុយនីស្តសហភាពសូវៀត ហើយមហាយក្សកុម្មុយនីស្តទាំងពីរនេះ សុទ្ធតែមានមហិច្ឆតាចង់ធ្វើជាមេកន្ទ្រាញកុម្មុយនីស្តនៅអាស៊ី។ សហភាពសូវៀត ក៏បានចាប់យកវៀតណាម រីឯចិន វិញ បានចាប់យកកម្ពុជា របស់ខ្មែរក្រហម។ នៅទីបំផុត វៀតណាម ក្រោមការជួយជ្រោមជ្រែងរបស់សហភាពសូវៀត បានផ្ដួលរំលំរបបខ្មែរក្រហមដែលគាំទ្រដោយចិន នៅឆ្នាំ១៩៧៩។ ដោយសារហេតុដូច្នេះហើយ ទើបចិន ចេះតែបន្តគាំទ្រពួកខ្មែរក្រហម ដែលក្រោយមកបានបង្កើតរដ្ឋាភិបាលចម្រុះជាមួយក្រុមសម្ដេចព្រះ នរោត្តម សីហនុ និងក្រុមរបស់ លោកតា សឺន សាន នៅជាយដែនកម្ពុជា-ថៃ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលខ្មែរនៅភ្នំពេញ ដែលមានវៀតណាម នៅពីក្រោយ និងដោយមានការគាំទ្រពីសហភាពសូវៀត។ ចិន និងអាមេរិក បន្តគាំទ្ររដ្ឋាភិបាលចម្រុះខ្មែរនៅជាយដែនកម្ពុជា-ថៃ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពមួយបង្កើតឡើងនៅឆ្នាំ១៩៩១ ដែលគេស្គាល់ជាទូទៅថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
សរុបសេចក្តីមក ប្រសិនបើបក្សប្រឆាំងដឹកនាំធ្វើបាតុកម្មមែន អំពើហិង្សា និងភាពវឹកវរអាចកើតមានឡើងក្នុងសង្គម តែវាមិនអាចក្លាយទៅជាសង្គ្រាមស៊ីវិលនោះទេ ដោយសារទី១ មេបក្សគណបក្សសង្គ្រោះជាតិ ទាំងពីរគ្មានឆន្ទៈស្វែងរកអំណាចដោយអាវុធ។ ទី២ បើទោះជាមេបក្សទាំងពីរចង់តស៊ូប្រដាប់អាវុធមែន ក៏ពួកគេមិនអាចទៅរួចដែរ ព្រោះពួកគេគ្មានអាវុធក្នុងដៃ និងទំនងជាគ្មានប្រទេសណាផ្តល់អាវុធអោយពួកគេឡើយក្នុងស្ថានភាព ដូចកម្ពុជា បច្ចុប្បន្ន និងទី៣ លក្ខណៈពិសេសនៃភូមិសាស្ត្រនយោបាយរបស់កម្ពុជា ក្នុងតំបន់នាពេលបច្ចុប្បន្ន ខុសគ្នាពីលក្ខណៈភូមិសាស្ត្រនយោបាយប្រទេសកម្ពុជា ក្នុងសម័យសង្គ្រាមត្រជាក់ ដែលកាលនោះប្រទេសមហាអំណាចធ្លាប់បានប្រទាញប្រទង់គ្នាយកកម្ពុជា ដើម្បីរក្សាដែនឥទ្ធិពលអំណាច និងនយោបាយរបស់ពួកគេក្នុងតំបន់អាស៊ីអាគ្នេយ៍៕
ដោយ យាង សុជាមេត្តា
ពី វិទ្យុអាស៊ីសេរី
0 Comments:
Post a Comment