ការកោះប្រជុំបង្កើតរដ្ឋសភាអាណត្តិទី៥ ក្រោយការបោះឆ្នោតចំនួន ៦០ថ្ងៃ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ប្រហែលជាជួបបញ្ហាជាច្រើន ដោយសារគណបក្សនយោបាយដែលទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតថ្ងៃទី២៨ កក្កដា បានដណ្ដើមគ្នាឈ្នះ និងកំពុងចោទប្រកាន់គ្នាទៅវិញទៅមក។
គណបក្សប្រជាជនកម្ពុជា បានអះអាងថា ឈ្នះនៅក្នុងការបោះឆ្នោតនេះដោយបានកៅអីចំនួន ៦៨ នៅក្នុងរដ្ឋសភា ក្នុងចំណោមកៅអីទាំង ១២៣ របស់រដ្ឋសភា និងមានសំឡេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន។ ចំណែកគណបក្សសង្គ្រោះជាតិ វិញ ក៏បានអះអាងថាឈ្នះនៅក្នុងការបោះឆ្នោតនេះដែរ ដោយបានទទួលអាសនៈចំនួន ៦៣ ក្នុងចំណោមកៅអីទាំង ១២៣ របស់រដ្ឋសភា ហើយមានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន ដែរ។ នេះជាបញ្ហាមួយ កើតឡើងដូចមនុស្ស ២នាក់ ដណ្ដើមគ្នាដេកកណ្ដាលអីចឹង។
គណបក្សសង្គ្រោះជាតិ បានទាមទារឲ្យមានការបង្កើតគណៈកម្មការស្រាវជ្រាវមួយឯករាជ្យ ដើម្បីអង្កេត ពិនិត្យឡើងវិញភាពមិនប្រក្រតីកើតមានក្នុងការបោះឆ្នោត និងបានលើកឡើងថា បើសិនជាការបោះឆ្នោតរើសសមាជិកតំណាងរាស្ត្រអាណត្តិទី៥ ប្រព្រឹត្តដោយត្រឹមត្រូវ មានតម្លាភាពនោះ គណបក្សសង្គ្រោះជាតិ ឈ្នះដាច់ច្រើនជាង ៦៣កៅអីទៅទៀត។ ពីព្រោះនៅទីណាក៏គេឮតែពាក្យថាដូរដែរ។ គណបក្សសង្គ្រោះជាតិ បានកំណត់ថា គណៈកម្មការស្រាវជ្រាវនោះមានរយៈពេល ១ខែ ដើម្បីធ្វើការងារ និងប្រកាសលទ្ធផលដែលពួកគេរកឃើញ។ គណបក្សសង្គ្រោះជាតិ បានកំណត់ទៀតថា សមាសភាពរបស់គណៈកម្មការស្រាវជ្រាវនោះ គឺមកពីគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន។
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបដិសេធថា រឿងបង្កើតគណៈកម្មការស្រាវជ្រាវឯករាជ្យនោះ គឺហួសពីសមត្ថកិច្ចរបស់ គ.ជ.ប ហើយ។ ចំណែកគណបក្សប្រជាជនកម្ពុជា បាននិយាយចេញជាចំហអំពីការគាំទ្រការបង្កើតគណៈកម្មការស្រាវជ្រាវ ឯករាជ្យនោះដោយ លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា លោកស្វាគមន៍ការបង្កើតគណៈកម្មការស្រាវជ្រាវឯករាជ្យមួយដែលមានសមាស ភាពដូចការទាមទាររបស់គណបក្សសង្គ្រោះជាតិ បើសិនជា គ.ជ.ប យល់ថាចាំបាច់។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន បាននិយាយចេញជាសាធារណៈអំពីការត្រៀមខ្លួនជួបចរចាជាមួយអ្នកដឹកនាំ គណបក្សសង្គ្រោះជាតិ ដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភាទៀតផង។
ពិតមែនតែមានការខ្វែងគំនិតគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ លើចំនួនតួលេខអ្នកឈ្នះការបោះឆ្នោតនេះ តែជាចុងក្រោយ ការសម្របសម្រួលមុខជាកើតមានមិនខានក្រោយពេលគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោតប្រកាសលទ្ធផលជាផ្លូវការ។ បើមានការជួបប្រជុំសម្របសម្រួលរវាងគណបក្សឈ្នះឆ្នោតទាំងពីរពិត មែន ការប្រជុំសភាអាណត្តិទី៥ ប្រហែលជាមិនមានការលំបាកទេ។
រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ចែងថា សម័យប្រជុំសភាដំបូងត្រូវតែមានសមាជិកសភាថ្មីយ៉ាងតិច ១២០រូបចូលរួម។ ដូច្នេះ ការប្រជុំនោះត្រូវតែមាន ដើម្បីប្រកាសសុពលភាពតំណាងរាស្ត្រជាប់ឆ្នោតថ្មី។ ការងឿកឡាំប៉ាមិនចូលរួមប្រជុំរបស់គណបក្សមានអាសនៈតិចនៅក្នុង រដ្ឋសភា ធ្លាប់កើតមានរួចមកហើយកាលពីឆ្នាំ២០០៣ និងឆ្នាំ២០០៨ កន្លងមក។ តែចុងក្រោយ នៅតែដោះស្រាយបាន ដោយតំណាងរាស្ត្រគណបក្សជាប់ឆ្នោតនៅតែមកចូលរួមប្រជុំ។
ការធ្វើបាតុកម្មតវ៉ាដើម្បីទាមទារលក្ខខណ្ឌផ្សេងៗពីសំណាក់គណបក្ស នយោបាយ អាចកើតមានមុនពេលរដ្ឋសភាថ្មីប្រជុំ ប៉ុន្តែ នោះគ្រាន់តែជាការទាមទារចំណែកនៃអំណាចដែលគណបក្សចង់បានប៉ុណ្ណោះ។ ប៉ុន្តែ បាតុកម្មនោះមិនអាចឈានទៅដល់ការបង្ហូរឈាមគ្នាតាមផ្លូវ និងបង្កជាសង្គ្រាម ឬកោលាហលសង្គមបានឡើយ ពីព្រោះប្រជាជនកម្ពុជា កាន់ព្រះពុទ្ធសាសនា ហើយឆ្អែតជាមួយសង្គ្រាមកាប់សម្លាប់គ្នាច្រើនដងច្រើនឆ្នាំទៅហើយ។ ដូច្នេះ ប្រជាពលរដ្ឋកម្ពុជា ចំនួន ៩លាននាក់ ដែលមានសិទ្ធិបោះឆ្នោតនោះ ប្រហែលជាមិនគាំទ្រឲ្យមានការដូរ រហូតដល់មានការបង្ហូរឈាមគ្នាតាមផ្លូវនោះឡើយ៕
ដោយ កែវ និមល
ពី វិទ្យុអាស៊ីសេរី
0 Comments:
Post a Comment