ការប៉ះទង្គិចគ្នានេះ កើតមានឡើងដោយសារតែកងកម្លាំងសមត្ថកិច្ចប៉ូលិសជាច្រើននាក់ ប្រដាប់ដោយខែល និងដំបងផងនោះ ត្រូវបានគេបញ្ជូនទៅដាក់ការពារ និងហាមមិនឲ្យប្រជាពលរដ្ឋចូលទៅស្ដាប់វេទិកាផ្លាស់ប្ដូរព័ត៌មាន ស្ដីពី ដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
នៅក្នុងហេតុការណ៍ប្រទាញប្រទង់គ្នានោះ គេសង្កេតឃើញ លោកស្រី មូរ សុខហួរ ត្រូវបានគេរុញផ្ទប់ទៅនឹងរបងនៅខាងមុខផ្ទះ ប៉ុន្តែពុំមានការវាយតប់គ្នានោះទេ គ្រាន់តែជាការរុញច្រានគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។
ឆ្លើយតបករណីនេះ លោកស្រី មូរ សុខហួរ ដែលអាចជាប់ឆ្នោតជាតំណាងរាស្ត្រខេត្តបាត់ដំបង នោះ ប្រតិកម្មថា នៅមុនមានហេតុការណ៍ គឺមានតែសមត្ថកិច្ចប៉ូលិសមិនច្រើននាក់ទេ ស្រាប់តែក្រោយមក មានការបញ្ជូនកងកម្លាំងប៉ូលិសមួយរថយន្ត ប្រដាប់ដោយខែល និងដំបងមកថែមទៀត ដើម្បីទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋចូលរួមក្នុងវេទិកា ដែលជជែកគ្នាអំពីការការពារសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ៖ «ខ្ញុំ យល់ឃើញថា ជាស្មារតីប្រជាពលរដ្ឋដែលស្នេហាសន្តិភាព ចង់បានលទ្ធិប្រជាធិបតេយ្យ តែផ្ទុយទៅវិញ អ្វីដែលជាទិដ្ឋភាពឃើញនៅក្រៅផ្ទះលោក អ៊ំ រហូតមកព័ទ្ធផ្ទះយ៉ាងនេះ ខ្ញុំយល់ឃើញថា ខុសច្បាប់ ហើយកាក់មិនឲ្យប្រជាពលរដ្ឋចូលរួមនេះ ធ្វើប៉ះពាល់មុខមាត់ខេត្តបាត់ដំបង ទាំងមូល»។
ទោះយ៉ាងនេះក្ដី លោកស្រី មូរ សុខហួរ ពុំបានស្ដីបន្ទោសកងកម្លាំងប៉ូលិសនោះទេ តែលោកស្រីសង្កត់ធ្ងន់ថា ការរារាំងនេះ គឺគណបក្សប្រជាជនកម្ពុជា ជាអ្នកបញ្ជានៅពីក្រោយខ្នង៖ «ខ្ញុំនៅឈឺខ្លួននៅឡើងទេ ប៉ុន្តែអ្វីដែលខ្ញុំទាមទារបំផុត ខ្ញុំកាន់ដៃលោកពូម្នាក់ដែលគាត់ខំកាត់ប៉ូលិស ដែលបាំងមិនឲ្យគាត់ចូល ហើយខ្ញុំជានិម្មិតរូប ខ្ញុំសុខចិត្តធ្វើយ៉ាងម៉េចតស៊ូដើម្បីឲ្យលោកពូគាត់មានសិទ្ធិ ចូលរួមនៅក្នុងវេទិកានេះ ខ្ញុំមានការសោកស្ដាយណាស់សោកស្ដាយមែនទែន មិនគួរណាឡើយរដ្ឋអំណាចនៅខេត្តបាត់ដំបង បញ្ចេញឥរិយាបថរបៀបនេះ ដែលធ្វើបាត់បង់សន្លឹកឆ្នោត ហេតុអីមិនព្រមរៀនសូត្ររឿងហ្នឹងថា រាស្ត្រលោកឈប់ខ្លាចហើយ»។
ឆ្លើយតបនឹងសំណួរ សួរថា លោកស្រីមានអារម្មណ៍ភ័យខ្លាចចំពោះហេតុការណ៍ដែលបានកើតមានចំពោះ លោកស្រីនេះទេ? លោកស្រី មូរ សុខហួរ ឆ្លើយថា រឿងនេះនឹងធ្វើឲ្យលោកស្រីកាន់តែមានទឹកចិត្តមោះមុតថែមទៀត ក្នុងការការពារប្រជាពលរដ្ឋ។
នៅក្រោយការប៉ះទង្គិចគ្នាមួយប្រាវរួចមក វេទិកាផ្លាស់ប្ដូរព័ត៌មានស្ដីពីដំណើរការបោះឆ្នោតនៅក្នុងប្រទេស កម្ពុជា ក៏បានដំណើរការទៅ ហើយមានប្រជាពលរដ្ឋចូលរួមប្រហែល ៦០នាក់ប៉ុណ្ណោះ។ ចំណែកប្រជាពលរដ្ឋមួយចំនួនទៀត ដែលចង់ចូលរួមក្នុងវេទិកានោះ ត្រូវបានគេដាក់កងកម្លាំងប៉ូលិសហាមឃាត់។
ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្ដមសេនីយ៍ ស ថេត ថ្លែងថា កងប៉ូលិសបានបញ្ជូនទៅ គឺដើម្បីការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។ ហេតុការណ៍ប៉ះទង្គិចគ្នានោះ គឺដោយសារមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ បានដឹកដៃប្រជាពលរដ្ឋចូលទៅកាន់វេទិកាកាត់រនាំងការពាររបស់ សមត្ថកិច្ច។ វេទិកាសាធារណៈនោះ បានធ្វើឡើងដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានក្រុង បាត់ដំបង។ ទន្ទឹមគ្នានេះ លោកឧត្ដមសេនីយ៍ ស ថេត បានប្រតិកម្មចំពោះព័ត៌មានមួយចំនួនដែលគេបង្ហោះតាមប្រព័ន្ធសង្គម ហ្វេសប៊ុក (Facebook) ថា ប៉ូលិសបានប្រើអំពើហិង្សាវាយដំទៅលើប្រជាពលរដ្ឋ។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) លោក យិន ម៉េងលី ថ្លែងថា ប្រទេសកម្ពុជា ពុំទាន់មានច្បាប់សម្រាប់អង្គការក្រៅរដ្ឋាភិបាលទេ ប៉ុន្តែយោងលើសេចក្ដីជូនដំណឹងមួយរបស់ក្រសួងមហាផ្ទៃ អង្គការក្រៅរដ្ឋាភិបាលអាចធ្វើវេទិកា និងបើកកិច្ចប្រជុំផ្សេងបាន ដោយគ្រាន់តែជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានក្នុងរយៈពេល ៥ថ្ងៃជាមុន៖ «អ៊ីចឹងបានខ្ញុំចង់និយាយថា អ្នកដែលចង់ឲ្យគេសុំច្បាប់ លោកយោងលើច្បាប់អីមាត្រាមួយណា ពីព្រោះព្រឹកមិញសមត្ថកិច្ចនិយាយថា ច្បាប់ៗ ការធ្វើនេះធ្វើនៅក្នុងដីដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ អ៊ីចឹងអត់មានប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈទេ យើងយកកម្លាំងសមត្ថកិច្ចមកបិទផ្លូវមុខ បិទផ្លូវក្រោយមិនឲ្យចូលផ្ទះទៀត ខ្ញុំឃើញថា កំហុសនេះធ្ងន់ណាស់ចំពោះសមត្ថកិច្ច»។
មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ កាលពីថ្ងៃទី១៤ សីហា បានដាក់លិខិតជូនដំណឹងទៅសាលាសង្កាត់អូរចារ ដើម្បីរៀបចំវេទិកាផ្លាស់ប្ដូរព័ត៌មានស្ដីពីដំណើរការបោះឆ្នោតនៅ ក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី១៩ សីហា សាលាសង្កាត់អូរចារ បានចេញលិខិតឆ្លើយដោយពុំបានអនុញ្ញាតឲ្យរៀបចំវេទិកានោះទេ ដោយសម្អាងថា នៅបរិវេណទីតាំងផ្ទះប្រជាពលរដ្ឋដែលត្រូវរៀបចំវេទិកានោះ មានវិសាលភាពធំ មិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលសង្កាត់អូរចារ ទេ។ សាលាសង្កាត់បញ្ជូនបញ្ហានេះទៅសាលាក្រុង។ សាលាក្រុងបាត់ដំបង បញ្ជូនបញ្ហានេះឲ្យទៅសុំច្បាប់បន្តពីរដ្ឋបាលសាលាខេត្តបាត់ដំបង ប៉ុន្តែរដ្ឋបាលសាលាខេត្តបាត់ដំបង ពុំបានឆ្លើយតបនោះឡើយ លុះដល់ថ្ងៃទី២២ ខែសីហា មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានរៀបចំវេទិកាសាធារណៈឡើងតែម្តង៕
ដោយ សួន សុផលមុន្នី /Soun Sophalmony
ពី វិទ្យុអាស៊ីសេរី RFA
0 Comments:
Post a Comment