លោក សម រង្ស៊ី សួរសុខទុក្ខអាជីវករផ្សារអូឡាំពិក
លោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិបានចុះជួបអាជីវករក្នុងផ្សារអូឡាំពិក
នៅព្រឹកថ្ងៃសុក្រនេះ។ ខុសពីជំនួបតាមបណ្តាខេត្តកាលពីលើកមុនៗ
លើកនេះ លោក សម រង្ស៊ី
គ្រាន់តែជួបសួរសុខទុក្ខប្រជាពលរដ្ឋធម្មតាតែប៉ុណ្ណោះដោយមិនបាន
និយាយអ្វីច្រើនអំពីការបោះឆ្នោតទេ។ មេដឹកនាំបក្សប្រឆាំងក៏បានរៀបគម្រោងជាច្រើនទៀតដើម្បីចុះជួបអ្នកបោះឆ្នោតតាមបណ្តាខេត្ត។
សេចក្តីរាយការណ៍របស់ ប៉ែន បូណា
វត្តមានរបស់មេដឹកនាំបក្សប្រឆាំងក្នុងទីផ្សារព្រឹកនេះបានធ្វើឡើង ដើម្បីសួរសុខទុក្ខអ្នកបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ។ នៅក្នុងជំនួបនោះ លោក សម រង្ស៊ី ក៏មិនបានថ្លែងសារនយោបាយអ្វីច្រើនទេក្រៅពីការសួរសុខទុក្ខក្រុម អាជីវករ និងថ្លែងអំណរគុណដល់អ្នកដែលបានបោះឆ្នោតជូនគណបក្សរបស់លោក។
នេះជាសកម្មភាពថ្មីមួយទៀតរបស់មេដឹកនាំគណបក្សប្រឆាំងបន្ទាប់ពីបាន ចុះជួបអ្នកបោះឆ្នោតតាមបណ្តាខេត្តជាច្រើនចាប់តាំងពីក្រោយ ការបោះឆ្នោតដែលបានបង្ហាញពីការកើនប្រជាប្រិយភាពយ៉ាងខ្លាំងរបស់ គណបក្សប្រឆាំង។ យ៉ាងណាក៏ដោយ គណបក្សនេះនៅមិនទាន់ទទួលយកលទ្ធផលនេះនៅឡើយទេដោយសារតែមាន បញ្ហាមិនប្រក្រតីជាច្រើនបានកើតឡើងពេលបោះឆ្នោត។
គួរកត់សម្គាល់ថា ក្រោយការបោះឆ្នោតកាលពីថ្ងៃទី ២៨ កក្កដា ទាំងមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងទាំងមេដឹកនាំគណបក្សសង្គ្រោះជាតិបាននាំគ្នាចុះជួបអ្នកបោះឆ្នោត របស់ខ្លួនជាបន្តបន្ទាប់។ គោលបំណងនៃការចុះជួបនោះត្រូវបានគេពន្យល់ថា ដើម្បីថ្លែងអំណរគុណដល់អ្នកបោះឆ្នោត។ ជំនួបទាំងនោះក៏ជាឱកាសដែលពួកគេបានថ្លែងសារនយោបាយទៅកាន់ អ្នកបោះឆ្នោតផងដែរ។
ក្នុងជំនួបជាមួយកសិករក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីជ័យជំនៈរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោត។ ចំណែកឯលោកសម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំបក្សប្រឆាំងបានប្រកាសពីការលួចបន្លំសន្លឹកឆ្នោតនិង ទាមទារឲ្យមានដំណោះស្រាយ។
លោកសម រង្ស៊ី ក៏បានរៀបគម្រោងចុះជួបពលរដ្ឋតាមខេត្តជាច្រើននៅនៅចុងសប្តាហ៍នេះ ដូចជានៅខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងសៀមរាប មុននឹងវិលមកជួបអ្នកភ្នំពេញវិញនៅថ្ងៃចន្ទទី២៦ សីហា នៅទីលានប្រជាធិបតេយ្យ៕
ពី RFI
0 Comments:
Post a Comment