រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សម្រេចអនុញ្ញាតឲ្យមានកិច្ចប្រជុំរវាងគណបក្សប្រឆាំង ជាមួយពលរដ្ឋជាម្ចាស់ឆ្នោត តាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ ដែលត្រៀមធ្វើនៅទីលានប្រជាធិបតេយ្យ នៅរសៀលថ្ងៃទី២៦ ខែសីហា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា ការជួបជុំនោះអាចធ្វើទៅបាន ដោយមានការព្រមព្រៀងគោរពនូវលក្ខខណ្ឌមួយចំនួន គឺការជួបជុំត្រូវតែបញ្ចប់យ៉ាងយូរបំផុតនៅម៉ោង ៦ល្ងាច ហាមមិនឲ្យអ្នកចូលរួមមកពីបណ្ដាខេត្តនានា មិនអនុញ្ញាតឲ្យដង្ហែជាក្បួន និងមានអ្នកចូលរួមប្រមាណត្រឹម ៥ពាន់នាក់៖ «ឯកភាពគ្នាសម្រេចទី១ ធ្វើឲ្យចប់ត្រឹមម៉ោង ៦ល្ងាច ថ្ងៃច័ន្ទ និងទី២ មិនយកអ្នកដែលចូលរួមពីបណ្ដាខេត្ត នៅជុំវិញភ្នំពេញ ឬក្រៅភ្នំពេញ ចូលរួមទេ ហើយទី៣ គឺមិនធ្វើការដង្ហែក្បួនទេ និងទី៤ គឺគោរពច្បាប់ចរាចរណ៍អីផ្សេងៗ»។
លោក ខៀវ សុភ័គ បញ្ជាក់ថា ដើម្បីការពារសុវត្ថិភាពខណៈដែលទីតាំងទីលានប្រជាធិបតេយ្យតូចចង្អៀត ដូច្នេះសំណើសុំរបស់គណបក្សសង្គ្រោះជាតិ ដែលសុំដាក់មនុស្ស ១ម៉ឺននាក់នោះ ត្រូវបានទាត់ចោល និងត្រូវអនុញ្ញាតឲ្យដាក់តែ ៥ពាន់នោះប៉ុណ្ណោះ។ លោកបន្តថា ការជួបជុំនោះ គណបក្សសង្គ្រោះជាតិ ត្រូវតែមានកងសន្តិសុខផ្ទាល់ខ្លួន ដើម្បីគ្រប់គ្រងអ្នកមកចូលរួម ហើយត្រូវសហការជាមួយកម្លាំងសមត្ថកិច្ច ក្រសួងមហាផ្ទៃ ដើម្បីជួយការពារសន្តិសុខនៅក្រៅពិធី។
ការកំណត់ចំនួនមនុស្សចូលរួមរបស់ក្រសួងមហាផ្ទៃ នេះ ត្រូវបានមន្ត្រីគណបក្សសង្គ្រោះជាតិ ចាត់ទុកថា ជាការបិទសេរីភាពរបស់ពលរដ្ឋក្នុងការជួបប្រជុំគ្នា ដែលធានាដោយច្បាប់។
ប្រធាននាយកដ្ឋានសន្តិសុខរបស់គណបក្សសង្គ្រោះជាតិ លោក ឡុង រី ឲ្យដឹងនៅថ្ងៃទី២៤ ខែសីហា យល់ឃើញថា វាអាចជាការលំបាកមួយក្នុងការកំណត់អ្នកចូលរួម។ តួលេខនៃអ្នកចូលរួមអាចមានការប្រែប្រួល ហើយមានមិនតិចជាង ១ម៉ឺននាក់នោះទេបើតាមគម្រោង។
លោកអះអាងដោយធានាថា គណបក្សសង្គ្រោះជាតិ នឹងមិនយកវេទិកានោះឲ្យប្រែក្លាយជាការធ្វើបាតុកម្មឡើយ ហើយអ្នកចូលរួមជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុងបំណងចង់ប្រាប់ទៅម្ចាស់ឆ្នោតពីគោលនយោបាយរបស់គណបក្សសង្គ្រោះ ជាតិ ក្រោយការបោះឆ្នោតប៉ុណ្ណោះ៖ «ថេរវេលា ខ្ញុំគិតថា មិនប្រើពេលយូរទេ ហើយខ្ញុំបានបញ្ជាក់ជំហរក្នុងប្រជុំច្បាស់លាស់ហើយ។ ការកំណត់ចំនួនហ្នឹង ដូចជាមិនចាំបាច់ប្រើប្រាស់ថា ចំនួនប៉ុន្មានទេ ព្រោះយើងអត់មានថាគិតយក អាហ្នឹងទៅធ្វើអី បានន័យថា យើងប្រើប្រាស់ចំនួនអ្នកដែលគាំទ្ររាជធានីភ្នំពេញ ទេ អ៊ីចឹងការកំណត់ចំនួនហ្នឹង ខ្ញុំអត់ទទួលយកបានទេ វាអាចប្រែប្រួលតិចតួច»។
អាជ្ញាធរ សមត្ថកិច្ចប្រដាប់អាវុធ និងរាជរដ្ឋាភិបាលហាក់ខ្លាចមានការធ្វើបាតុកម្មណាមួយ ដែលផ្ទុះឡើងពីមហាជន ដែលគាំទ្រគណបក្សសង្គ្រោះជាតិ ខណៈគណបក្សនេះបានកៀងគរឲ្យពលរដ្ឋចូលរួមធ្វើមហាបាតុកម្ម ប្រឆាំងលទ្ធផលបោះឆ្នោត។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ បញ្ជាក់ថា កម្លាំងរាជអាវុធហត្ថច្រើនរយនាក់ នឹងចូលរួមទៅការពារសុវត្ថិភាពនៅកិច្ចប្រជុំរបស់គណបក្សប្រឆាំងនៅ ថ្ងៃច័ន្ទ។ លោក ខេង ទីតូ បញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ក្រាបក្រុមបាតុករ ប្រសិនបើការជួបជុំនោះឈានទៅធ្វើបាតុកម្មហិង្សាកើតឡើង៖ «យើង ត្រៀមកម្លាំងដើម្បីបំពេញតួនាទីតាមភារកិច្ចពីរ ទី១ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់សន្តិសុខសាធារណៈ បើឈានដល់ករណីបង្ក្រាប គឺយើងបង្ក្រាបហើយ»។
ក្រោយការបោះឆ្នោត ប្រជាពលរដ្ឋបានឃើញមានការចល័តកម្លាំងមានសមត្ថកិច្ច កម្លាំងកងរាជអាវុធហត្ថ និងរថក្រោះជាច្រើនគ្រឿង។ កម្លាំងទាំងនោះ ត្រូវបានដាក់ពង្រាយនៅក្នុងរាជធានីភ្នំពេញ ត្រៀមបង្ក្រាបក្រុមបាតុករ ប្រសិនបើមានការធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត ខណៈដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានអះអាងថា ឈ្នះការបោះឆ្នោតរៀងៗខ្លួន៕
ដោយ ទេព សុរ៉ាវី
ពី RFA
0 Comments:
Post a Comment