Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, August 21, 2013

បទ​វិភាគ៖ ពលរដ្ឋ​ត្រូវ​ស្រែក​ជយោ​ឬ​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ?

0 Comments


ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះអាសន្ន ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន​ជាង​គណបក្ស​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​ប្រកួត​ ក្នុង​ការ​បោះ​ឆ្នោត។ ប៉ុន្តែ​លទ្ធផល​នោះ មិន​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​យក​ឡើយ និង​បាន​ចាត់​ទុក​ថា ជា​លទ្ធផល​បាន​មក​ពី​ការ​បន្លំ បោក និង​លួច សន្លឹកឆ្នោត​ទៀត​ផង។

បោះ​ឆ្នោត ប៉ូលិស ស្ទឹងមានជ័យ​៣០៥
កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​គេ​ដាក់​ពង្រាយ​ដើម្បី​ការពារ​ សន្តិសុខ​នៅ​ក្បែរ​ស្ពានស្ទឹងមាន បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​រវាង​ពលរដ្ឋ​និង​សមត្ថកិច្ច​នៅ​មណ្ឌល​បោះ​ ឆ្នោត​ស្ទឹងមានជ័យ នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។
គ.ជ.ប បាន​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ បើ​សិន​ជា​យល់​ថា លទ្ធផល​បណ្ដោះអាសន្ន​នោះ​មិន​ត្រឹមត្រូវ។
ប្រជាពលរដ្ឋ​ដែល​ចូល​រួម​បោះ​ឆ្នោត​រើស​សមាជិក​សភា​អាណត្តិ​ទី​៥ មាន​ការ​ភ័យ​ផង អរ​ផង និង​ចង់​ដឹង​លទ្ធផល​បោះ​ឆ្នោត​ត្រឹមត្រូវ​ឲ្យ​បាន​កាន់​តែ​ឆាប់​វា​ជា​ការ​ ល្អ។
ប្រជាពលរដ្ឋ​ភ័យ ពីព្រោះ​ក្រោយ​ពេល​បោះ​ឆ្នោត​ហើយ រដ្ឋាភិបាល​មាន​ការ​ចល័ត​កង​ទាហាន កងរាជអាវុធហត្ថ ប៉ូលិស មក​រាជធានី​ភ្នំពេញ រួម​មាន​រថក្រោះ មាន​អាវុធធុនធ្ងន់ និង​មាន​ការ​បិទ​ផ្លូវ​នៅ​តាម​ចំណុច​សំខាន់ៗ មួយ​ចំនួន​ទៀត​ផង។ នេះ​ជា​សញ្ញា​មិន​ល្អ​មួយ ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្លាប់​ហែល​ឆ្លង​កាត់​សង្គ្រាម​ជិត ៣០​ឆ្នាំ ។ សង្គ្រាម​នោះ​មាន​ទាំង​សង្គ្រាម​នៅ​តាម​ព្រំដែន និង​សង្គ្រាម​នៅ​ក្នុង​ទីក្រុង ។ ដូច្នេះ កាល​ណា​ឃើញ​វត្តមាន​កងទ័ព​នៅ​ទីក្រុង ប្រជាពលរដ្ឋ​ខ្មែរ​តែង​មាន​ការ​ភ័យ​ខ្លាច​កើត​មាន​សង្គ្រាម​បង្ហូរ​ឈាម។ ពីព្រោះ​សង្គ្រាម​បាន​នាំ​មក​ជាមួយ​ការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ពិការ ព្រាត់ប្រាស​គ្រួសារ មាតុភូមិ​នាំ​ឲ្យ​មាន​កុមារ​កំព្រា នារី​មេម៉ាយ និង​ស្ពាន​ថ្នល់ ផ្ទះ ត្រូវ​ឆេះ​ខូចខាត​ខ្ទេចខ្ទី។ ប្រជាពលរដ្ឋ​ខ្លះ​យល់​ថា ការ​បង្ហាញ​កម្លាំង​នេះ មាន​ន័យ​ថា គណបក្ស​កាន់​អំណាច​មិន​ព្រម​លះបង់​អំណាច​ឡើយ។
ចំពោះ​ការ​ត្រេកអរ​វិញ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចូល​រួម​បោះ​ឆ្នោត បាន​ប្រើ​សិទ្ធិ​របស់​ខ្លួន​ដើម្បី​ជ្រើសរើស​គណបក្ស ឬ​អ្នក​នយោបាយ​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត ហើយ​មាន​ឱកាស​ដើម្បី​អាច​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​ច្បាប់​បាន មាន​តែ​តាម​រយៈ​ការ​បោះ​ឆ្នោត​ជាតិ ៥​ឆ្នាំ​ម្ដង​ប៉ុណ្ណោះ។ អ្នក​ខ្លះ​អរ​ដោយសារ​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់​ចូល​ចិត្ត​នោះ នៅ​បន្ត​កាន់​អំណាច ដូច្នេះ​សិទ្ធិ​អំណាច​ផ្សេងៗ​ដែល​ខ្លួន​ទទួល​បាន​ពី​មុន​មក​គ្មាន​ការ​ ផ្លាស់ប្ដូរ​ឡើយ ពីព្រោះ​គ្នា​យើង​នៅ​តែ​ឈ្នះ​ដដែល។
ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​មាន​ការ​ត្រេកអរ ដោយសារ​មាន​ឱកាស​បោះ​ឆ្នោត​ប្ដូរ​គណបក្ស ឬ​មនុស្ស​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ឲ្យ​ចាក​ចេញ​ពី​អំណាច​គ្រប់គ្រង​ប្រទេស ហើយ​ប្រគល់​អំណាច​ឲ្យ​មនុស្ស​ថ្មី មុខ​ថ្មី គំនិត​ថ្មី មក​កាន់ការ​ប្រទេស​ម្ដង តើ​វា​ល្អ​ជាង​មុន និង​រីកចម្រើន​ជាង​មុន​ដល់​កម្រិត​ណា​ទៅ?
មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ​ខ្មែរ ទាំង​អ្នក​ចង់​ប្ដូរ​អ្នក​កាន់​អំណាច​បច្ចុប្បន្ន និង​អ្នក​មិន​ចង់​ប្ដូរ​មិន​ទាន់​បាន​ទទួល​ចម្លើយ​ផ្លូវ​ការ​នៅ​ឡើយ ដោយសារ គ.ជ.ប មិន​ទាន់​បាន​ប្រកាស​លទ្ធផល​ការ​បោះ​ឆ្នោត​នោះ​ជា​ផ្លូវ​ការ។
នៅ​ក្នុង​ចន្លោះ​ពេល​មិន​ទាន់​មាន​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នេះ មាន​ព័ត៌មាន​ម្ដង​ភ័យ ម្ដង​អរ បាន​ផ្សាយ​ចេញ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​វិលវល់​និង​រុញរា ថា​តើ​ត្រូវ​ស្រែក "ជយោ" ឬ​ត្រូវ​ស្រែក​ថា "បរាជ័យ"?
ប្រជាពលរដ្ឋ​ខ្មែរ​ចង់​ស្រែក​ថា ជយោ ពីព្រោះ​ការ​បោះ​ឆ្នោត​នោះ​បាន​លទ្ធផល​ដូច​បំណង​គេ​ចង់​បាន។ ការ​ចង់​បាន​របស់​ពួកគាត់ គឺ​ជីវភាព​ធូរធារ​ជាង​មុន មាន​ប្រាក់​ចំណូល​ច្រើន​ជាង​មុន ទំនិញ​ចុះ​ថោក សេវា​សាធារណៈ​របស់​សង្គម ដូច​ជា​សាលារៀន​មន្ទីរពេទ្យ​មាន​ភាព​ល្អ​ជាង​មុន ប្រទេស​មាន​សន្តិភាព ផ្លូវ​ថ្នល់ មាន​គុណភាព កើត​មាន​កាន់​តែ​ច្រើន​រហូត​ទៅ​ដល់​ទី​ជនបទ ចុងកាត់មាត់ញក​អំពើ​ពុករលួយ ត្រូវ​បំបាត់​មន្ត្រី​តុលាការ កាត់​ក្ដី​ដោយ​យុត្តិធម៌ ការ​រឹប​អូស​យក​ដីធ្លី​ដោយ​គ្មាន​សំណង​លែង​មាន​ជាដើម។
ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​បោះ​ឆ្នោត​នឹង​ត្រូវ​ស្រែក​ថ្ងូរ​ថា បរាជ័យ​នៅ​ពេល​ក្រោយ​ការ​បោះ​ឆ្នោត​ហើយ រឿង​ដែល​គេ​មិន​ចង់​បាន​នៅ​តែ​កើត​មាន​ដដែល និង​កាន់​តែ​ច្រើន​ជាង​មុន​ទៅ​ទៀត ដូចជា​ការ​កាត់​ក្តី​អយុត្តិធម៌​អំពើ​ពុករលួយ រីក​រាលដាល​ពី​លើ​ដល់​ក្រោម​ជា​ចំហ និង​ដោយ​គ្មាន​ទោសពៃរ៍​ការ​រឹប​អូស​យក​ដីធ្លី​កាន់​តែ​ច្រើន​ជាង​មុន ទំនិញ​ឡើង​ថ្លៃ ការ​រំលោភ​ច្បាប់​កើត​មាន​ជា​ចំហ ការ​ប្រកាន់​បក្ខពួក​កាន់​តែ​ច្រើន​ជាង​មុន គម្លាត​រវាង​អ្នក​មាន​និង​អ្នកក្រ​កាន់​តែ​ច្រើន​ជាង​មុន​ប្រាក់​ចំណូល​ ក្នុង​គ្រួសារ​នីមួយៗ​កាន់​តែ​តិច​ជាង​មុន អ្នក​ក្រ​កាន់​តែ​ក្រ​ទៅ។ ពេល​នោះ​ហើយ​ដែល​អ្នក​បោះ​ឆ្នោត​ត្រូវ​ស្រែក​ថា បរាជ័យ ហើយ​ការ​បោះ​ឆ្នោត​លើក​នេះ។
នៅ​ក្នុង​ចន្លោះ​ពេល​ប្រជាពលរដ្ឋ​រង់ចាំ​ស្រែក​ជយោ និង​បរាជ័យ​នេះ អ្នក​នយោបាយ​ត្រូវ​មាន​សកម្មភាព​ដោយ​ប្រុង​ប្រយ័ត្ន ពីព្រោះ​ការ​បង្ក​ហេតុ និង​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌​ផ្សេងៗ វា​អាច​ជា​រងើក​ភ្លើង​មួយ​ធ្វើ​ឲ្យ​ឆេះ​រាល​ដាល​ជា​ទំនាស់​កើត​មាន​ជា​ សង្គ្រាម ការ​កាប់​សម្លាប់​គ្នា។
ប្រជាពលរដ្ឋ​ខ្មែរ​ចង់​ដឹង​ថា តើ​លទ្ធផល​ការ​បោះ​ឆ្នោត​នោះ​វា​ពិត​ប្រាកដ​យ៉ាង​ដូច​ម្ដេច? នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​ដែល​អាច​ឈ្នះ​នៅ​ ក្នុង​ការ​បោះ​ឆ្នោត​នេះ គឺ​មាន​មួយ​ក្រុម​ប្រុង​ស្រែក​ជយោ ហើយ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​អ្នក​តវ៉ា។ ចំណែក​ប្រជាពលរដ្ឋ​អ្នក​បោះ​ឆ្នោត​មួយ​ក្រុម​ទៀត បាន​ប្រុង​ប្រៀប​ស្រែក​ថ្ងូរ​ថា បរាជ័យ ហើយ​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​តវ៉ា​ជា​បាតុកម្ម​ចំពោះ​ភាព​អយុត្តិធម៌​ដែល​ ពួកគេ​ត្រូវ​រង់​ទទួល​ពី​ការ​បោះ​ឆ្នោត​នេះ។
នៅ​ពេល​នេះ​ជា​ពេល​ដែល​អ្នក​នយោបាយ​ពី​គ្រប់​គណបក្ស​នយោបាយ ត្រូវ​ពិនិត្យ​មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ ថា​តើ​គេ​ត្រូវ​មាន​វិធី​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ចូល​ រួម​បោះ​ឆ្នោត​អាច​ស្រែក​ជយោ ទាំង​អស់​គ្នា​បាន?
ការ​ចរចា​និង​តវ៉ា​ទាំង​ឡាយ​របស់​អ្នក​នយោបាយ ត្រូវ​មាន​លទ្ធផល​បម្រើ​ប្រយោជន៍​អ្នក​បោះ​ឆ្នោត​ពី​គ្រប់​និន្នាការ​ នយោបាយ។ បើ​ពុំ​នោះ​ទេ ត្រូវ​មាន​មនុស្ស​មួយ​ក្រុម​ស្រែក​ជយោ និង​មនុស្ស​មួយ​ក្រុម​ស្រែក​បរាជ័យ​មិន​ខាន។
កាលណា​មាន​មនុស្ស​មួយ​ក្រុម ត្រូវ​គេ​បង្ខំ​ឲ្យ​ទទួល​យក​ការ​ចាញ់ និង​ស្រែក​ថា បរាជ័យ​ហើយ​នោះ។ ពេល​នោះ ការ​តវ៉ា​នឹង​កើត​ឡើង​ជា​មិន​ខាន។ ដូច្នេះ អ្នក​នយោបាយ​ក្នុង​គណបក្ស​ដែល​ត្រូវ​ឈ្នះ​នឹង​ត្រូវ​ចាញ់ ត្រូវ​មាន​វិធី​សម្របសម្រួល​យ៉ាង​ណា ដើម្បី​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ទទួល​យក​ការ​ឈ្នះ និង​ចាញ់​នោះ​ដោយ​មាន​សន្តិភាព​ផង៕
ដោយ កែវ និមល
RFA/Mom Sophon 
 

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com