Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, August 21, 2013

អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម្ពុជា​ប្រើ​កម្លាំង​បង្ក្រាប​បាតុករ

0 Comments


ប៉ូលិស បាតុករ ៣០៥
កំលាំង​នគរបាល​អន្តរាគមន៍​បង្ហាញ​ឈុត​មួយ ក្នុង​ថ្ងៃ​បិទ​វគ្គ​ហ្វឹកហ្វឺន​ស្ដីពី​យុទ្ធសាស្ត្រ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​កូដកម្ម បាតុកម្ម និង​កុបកម្ម​ហិង្សា នៅ​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០១២។
RFA
ប្រទេស​មួយ​ចំនួន​នៅ​លើ​សាកលលោក​បាន​ចុះ​សច្ចាប័ន​ចូល​ជា​សមាជិក​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ហៅ​កាត់​ថា អាយ.ស៊ី.ស៊ី (ICC )។ តុលាការ​នេះ​មាន​យុត្តាធិការ​តាម​ច្បាប់​ចាត់​ការ​ទៅ​លើ​បុគ្គល​ណា​ដែល​ ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដូច​ជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​និទ្ទណ្ឌភាព​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​ជាដើម។
នៅ​ក្នុង​បរិបទ​នយោបាយ​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន គណបក្ស​ជាប់​ឆ្នោត​ពីរ​កំពុង​ដំឡើង​សាច់ដុំ​ដាក់​គ្នា គឺ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​កាន់​អំណាច។ គណបក្ស​កាន់​អំណាច​កំពុង​ចល័ត​ទ័ព ដើម្បី​ត្រៀម​បង្ក្រាប​បាតុកម្ម ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ យក​ជម្រើស​ចុង​ក្រោយ​ធ្វើ​បាតុកម្ម​នោះ។ ក៏​ប៉ុន្តែ​ក្រុម​អ្នក​ច្បាប់​ពន្យល់​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជា​រនាំង​មួយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ទៅ ​លើ​ការ​ប្រើ​កម្លាំង​បង្ក្រាប​បាតុកម្ម​អហិង្សា​នេះ។
គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា អស់​រយៈ​ពេល​ជិត​មួយ​ខែ​មក​ហើយ ក្រោយ​ពី​ការ​បោះ​ឆ្នោត​មិន​ទាន់​រក​ច្រក​ត្រូវរ៉ូវ​គ្នា​នៅ​ឡើយ​អំពី​ ទំនាស់​នៃ​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន។
គណបក្ស​ទាំង​ពីរ​បាន​ដំឡើង​កម្ដៅ​សាច់​ដុំ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ រយៈ​ការ​គំរាម​បាតុកម្ម​អហិង្សា ប្រសិន​បើ​មិន​មាន​យុត្តិធម៌​ទៅ​លើ​លទ្ធផល​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ ជាតិ រីឯ​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់​គ្រង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​នោះ បាន​បង្ហាញ​កម្លាំង​ទ័ព​​នៅ​រាជធានី​ភ្នំពេញ កាន់​តែ​ច្រើន​ដើម្បី​ទប់​ទល់​ក្រុម​បាតុករ។
ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា ​លោក​បណ្ឌិត ហ៊ាង រិទ្ធី មាន​ប្រសាសន៍​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺ​ជា​រនាំង​ដ៏​រឹង​មាំ​មួយ ដើម្បី​ឲ្យ​រដ្ឋាភិបាល ឬ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ធ្វើ​ការ​ពិចារណា​ក្នុង​ការ​ទប់​ទល់​ក្រុម​បាតុករ​ដែល​មិន​ឲ្យ​មាន​អំពើ ហិង្សា ឬ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ​ដែល​ជា​ទង្វើ​ខុស​ច្បាប់​ជាតិ​និង​ច្បាប់ ​អន្តរជាតិ៖ «ប្រសិន​បើ​ដោះស្រាយ​នៅ​ក្នុង​ប្រទេស​មិន​មាន​យុត្តិធម៌​ទេ គឺ​បក្ស​ម្ខាង​ទៀត​មាន​សិទ្ធិ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ ក្នុង​ករណី​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​នៅ​ពេល​ធ្វើ​បាតុកម្ម​នោះ»
ក្រុម​អ្នក​ច្បាប់​ពន្យល់​ថា ចូល​ជា​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ ទាំង​អស់​គឺ​បាន​ជាប់​ចំណង​មួយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដឹក​នាំ​ប្រទេស​ នីមួយៗ មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ពីព្រោះ​ការ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​របស់​ ខ្លួន​នោះ នឹង​ត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់​អន្តរជាតិ​ដែល​បាន​កំណត់​ដោយ​តុលាការ​ នេះ។
លោក​បណ្ឌិត ហ៊ាង រិទ្ធី សង្កត់​ធ្ងន់​ថា នៅ​ពេល​ខាង​មុខ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ យក​ជម្រើស​ចុង​ក្រោយ​ធ្វើ​បាតុកម្ម ហើយ​រដ្ឋាភិបាល​ប្រើ​ប្រាស់​កម្លាំង​បង្ក្រាប​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា ​ធ្ងន់ធ្ងរ​នោះ ប្រជាពលរដ្ឋ​រង​គ្រោះ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ នេះ៖ «ច្បាប់​អន្តរជាតិ​ចាប់​ឃុំ​ខ្លួន​ចាប់​ពី ៥​នាក់​ឡើង​ទៅ ឬ​ស្លាប់​ចាប់​ពី ៥​នាក់​ឡើង​ទៅ ចូល​លក្ខណៈ​បទឧក្រិដ្ឋ​នៃ​ច្បាប់ អាយ.ស៊ី.ស៊ី បើ​សិន​ជា​ការ​ប្រើ​ប្រាស់​កម្លាំង​ដូច្នេះ»
សៀវភៅ​មាន​ចំណង​ជើង​ថា "គោលការណ៍​បឋម​ស្ដី​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ" ដែល​បោះ​ពុម្ព​ដោយ​វេទិកា​អាស៊ី​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍ សរសេរ​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី មាន​អំណាច​ស៊ើប​អង្កេត និង​នាំ​ខ្លួន​បុគ្គល​ជន​ផ្ដាច់​ការ​និង​ឧក្រិដ្ឋ​ជន​ដទៃ​ទៀត ទៅ​ជំនុំជម្រះ និង​កាត់​ឲ្យ​ជាប់​ជាប់​ទោស​នៅ​ពេល​ដែល​ជន​នោះ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ សង្គ្រាម បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ អំពើ​ប្រល័យ​ពូជ​សាសន៍ និង​អំពើ​ឈ្លាន​ពាន ហើយ​មាន​និទណ្ឌភាព ឬ​រួច​ខ្លួន​ផុត​ពី​យុត្តាធិការ​ជាតិ ទោះ​ការ​ប្រព្រឹត្ត​នេះ​ជា​ផ្នែក​មួយ​របស់​រដ្ឋាភិបាល ឬ​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​ដែល​កំពុង​កាន់​អំណាច ឬ​ក្រុម​ឧទ្ទាម ក្រុម​ប៉ង​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ក៏​ដោយ។
អ្នក​សម្រប​សម្រួល​កម្មវិធី​តុលាការ​ខ្មែរ​ក្រហម​សមាគម​សិទ្ធិមនុស្ស​ អាដហុក (Adhoc) លោក ឡាត់ គី មាន​ប្រសាសន៍​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជា​ស្ថាប័ន​អចិន្ត្រៃយ៍​មាន​អំណាច​អនុវត្ត​ យុត្តាធិការ​របស់​ខ្លួន​លើ​ជន​ទាំងឡាយ​ដែល​ប្រព្រឹត្ត​ធ្ងន់ធ្ងរ​បំផុត ធ្វើ​ឲ្យ​អន្តរជាតិ​មាន​ការ​ព្រួយ​បារម្ភ៖ «អ៊ីចឹង​ទៅ​លើ​បញ្ហា​ទាំង​អស់ ​ហ្នឹង​មាន​ន័យ​ថា មាន​បំណង​ជាក់លាក់​ណាស់​នៃ​ការ​ធានា​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ រដ្ឋ​ទាំង​អស់​ជា​សមាជិក​ត្រូវ​ទប់​ខ្លួន ឬ​ធានា​មិន​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ដោយ​អំពើ​ហិង្សា​ទៅ​អន្តរជាតិ​ទាំង​ មូល»
កម្ពុជា​ជា​រដ្ឋ​មួយ​ដែល​បាន​ផ្ដល់​សច្ចាប័ន​លើ​តុលាការ​ព្រហ្មទណ្ឌ​ អន្តរជាតិ ពោល​គឺ​រដ្ឋាភិបាល​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ត និង​មាន​កាតព្វកិច្ច​អនុវត្ត​និង​គោរព​គោល​ការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​ តុលាការ​នេះ មាន​ដូច​ជា ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បញ្ចប់​និទណ្ឌភាព និង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រហ្មទណ្ឌ និង​នាំ​យក​ជន​ទាំងឡាយ​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​យក ​ទៅ​ជម្រះ​ទោស​នៅ​តុលាការ​នេះ។
នៅ​ក្នុង​ស្ថានភាព​នយោបាយ​សព្វ​ថ្ងៃ​នេះ​វិញ ឃើញ​ថា គ.ជ.ប. បាន​បដិសេធ​សំណើ​គណបក្ស​ប្រឆាំង​ជា​ញឹកញាប់ ពិសេស​សំណើ​សុំ​បើក​ហិប​ឆ្នោត​ដែល​បក្ស​ប្រឆាំង​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​កើត​មាន​ច្រើន​នៅ​ពេល​បោះ​ឆ្នោត​នោះ ហើយ​គណបក្ស​ប្រឆាំង​ព្រមាន​ថា បាតុកម្ម​មហាជន​នឹង​កើត​ឡើង​ប្រសិន​បើ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​គ្មាន​ដំណោះ ​ស្រាយ​ទេ​នោះ។
ការ​ព្រមាន​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រុងប្រយ័ត្ន​និង​ត្រៀម​កង​កម្លាំង​ដើម្បី​ បង្ក្រាប​ក្រុម​បាតុករ។ ការ​បង្ហាញ​កម្លាំង​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាច។ ទន្ទឹម​នឹង​នេះ ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​មិន​តក់​ស្លុត​ចំពោះ​ការ​បង្ហាញ​កង​ កម្លាំង​នេះ​ដែរ។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា នៅ​ពេល​ខាង​មុខ ប្រសិន​បើ​ផ្ទុះ​មាន​បាតុកម្ម​កើត​ឡើង​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ ជាតិ ហើយ​មាន​អំពើ​ហិង្សា​ដោយ​ការ​បង្ក្រាប​ដែល​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ទេ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មិន​មាន​យុត្តាធិការ​ក្នុង​ការ​ចាប់​ខ្លួន​កង ​កម្លាំង​បង្ក្រាប​បាតុករ​យក​ទៅ​កាត់​ទោស​នោះ​ទេ អាស្រ័យ​លើ​សកម្មភាព​ជាក់​ស្ដែង៖ «បើ​សិន​ជា​ហិង្សា​ហ្នឹង​អាច​ឈាន​ដល់​ ការ​សម្លាប់​មនុស្ស​មែន តែ​វា​សម​ហេតុ​ផល អាយ.ស៊ី.ស៊ី មិន​លូក​ដៃ​កាត់​ទោស​អ្នក​ប្រព្រឹត្ត​ទេ តែ​បើ​សិន​ជា​មាន​ការ​សម្លាប់​មនុស្ស​ជា​ប្រព័ន្ធ​វិញ នឹង​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត​ផ្ដន្ទាទោស»
ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​ជា​របាំង​មួយ​ដែល​ ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិន​អាច​ប្រើ​ប្រាស់​កម្លាំង​ដើម្បី​បង្ក្រាប​ទៅ​លើ​ ហ្វូង​បាតុករ​បាន​ទេ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដឹក​នាំ​ធ្វើ​បាតុកម្ម​នោះ។
លោក​បណ្ឌិត សុខ ទូច បាន​លើក​ជា​ឧទាហរណ៍​មេដឹកនាំ​ប្រទេស​មួយ​ចំនួន ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាត់​ទោស​ដោយសារ​តែ​ការ​ប្រើប្រាស់ ​កម្លាំង​បង្ក្រាប​ទៅ​ប្រជាពលរដ្ឋ​ស៊ីវិល​របស់​ខ្លួន៖ «ប្រទេស​ថៃ ដោយសារ​តែ​តុលាការ​គេ​ឯករាជ្យ តុលាការ​ចាត់ការ​ខ្លួន​ឯង ដោយ​ឡែក​នៅ​យូហ្គោស្លាវី អាយ.ស៊ី.ស៊ី យក​មេដឹកនាំ​ប្រទេស​នេះ​ទៅ​កាត់​ទោស»
ប្រទេស​កម្ពុជា មាន​មេរៀន​ជា​ច្រើន​ទាក់ទង​នឹង​ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ បាន​ចុះ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ជា​ហូរហែ និង​ករណី​បង្ក្រាប​បាតុករ​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​ចាស់​ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​១៩៩៧ ដែល​កាល​នោះ​ធ្វើ​ឲ្យ​មាន​ផ្ទុះ​គ្រាប់​បែក​ស្លាប់​មនុស្ស និង​របួស​មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​មិន​ទាន់​ចាប់​ជន​ដៃដល់​យក​មក​ ផ្ដន្ទាទោស​បាន​នៅ​ឡើយ។
ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ហ្វូង​បាតុករ​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​ ចាស់​កាល​ពី​ឆ្នាំ​១៩៩៧ ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ១៦​នាក់ និង​របួស​ជាង ១០០​នាក់។ នៅ​កាល​នោះ ប្រទេស​កម្ពុជា មិន​ទាន់​ចុះ​សច្ចាប័ន​ចូល​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ឡើយ។
រហូត​មក​ដល់​ពេល​នេះ មាន​ប្រទេស​ចំនួន ១២២​ហើយ​បាន​ចូល​ជា​ភាគី​លក្ខន្តិកៈ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី នេះ ហើយ​កម្ពុជា ចុះ​ហត្ថលេខា​ចូល​ជា​ភាគី​លក្ខន្តិកៈ​ក្រុង​រ៉ូម នៅ​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០០០។ នៅ​ថ្ងៃ​ទី​១១ មេសា ឆ្នាំ​២០០២ កម្ពុជា​ផ្ដល់​សច្ចាប័ន​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ។
ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ អ្នក​ណា​ក៏​អាច​ដាក់​បាន​ដែរ ក្នុង​នោះ​ជន​រង​គ្រោះ​ខ្លួន​ឯង​ក៏​បាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ ឬ​អន្តរជាតិ​ក៏​អាច​ផ្ដល់​ដំណឹង​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ដែរ។
ទោះបី​ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​ក្នុង​សភាព​មិន​ទាន់​ត្រូវ​គ្នា ហើយ​គណបក្ស​ប្រឆាំង​ប្រកាស​ជា​ញឹកញាប់​ថា នឹង​ដឹក​នាំ​ធ្វើ​បាតុកម្ម​ជា​ជម្រើស​ចុង​ក្រោយ​នោះ​ក្ដី ប៉ុន្តែ​គណបក្ស​ប្រឆាំង​នៅ​តែ​មិន​ចង់​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​នៅ​ពេល​ធ្វើ​ បាតុកម្ម​នោះ​ទេ គឺ​គណបក្ស​នេះ​ចង់​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា និង​គ្មាន​អាវុធ​ទប់​ត​ទល់​នោះ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​ប្រើ​កងកម្លាំង​បង្ក្រាប​មែន​នោះ៕
ដោយ ទីន ហ្សាការីយ៉ា
from rfa

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com