ថ្វីត្បិតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់បាន ប្រកាសលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ជាផ្លូវការនៅឡើយក្ដី ក៏ប៉ុន្តែ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានប្រកាសថា គណបក្សប្រជាជន ទទួលបាន ៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥អាសនៈ។
ដោយឡែក គណបក្សសង្គ្រោះជាតិ វិញ អះអាងថា គណបក្សខ្លួនទទួលបាន ៦៣អាសនៈ គណបក្សប្រជាជនកម្ពុជា បាន ៦០អាសនៈ។
ទោះបីជាយ៉ាងណាក៏ដោយ ការបោះឆ្នោតលើកនេះបានបង្ហាញឲ្យឃើញកាន់តែច្បាស់ថា គណបក្សប្រជាជនកម្ពុជា បានបាត់បង់អ្នកគាំទ្រជាង ២០អាសនៈ។
មានទឡ្ហីករណ៍ជាច្រើនដែលធ្វើឲ្យសន្ទុះអ្នកគាំទ្រងាកទៅគាំទ្រ គណបក្សប្រឆាំង ធ្វើឲ្យគណបក្សកាន់អំណាចបាត់បង់អ្នកគាំទ្រ។ បញ្ហាទាំងនេះរួមមាន គោលការណ៍ទាំង ១១ចំណុចរបស់គណបក្សនេះហាក់ដូចជាមិនមានអ្វីថ្មីខុសប្លែកពី អាណត្តិមុននោះឡើយ បញ្ហារំលោភសិទ្ធិមនុស្ស បញ្ហាបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន និងការរំលោភដីធ្លីមានច្រើនករណីបានកើតមាន ប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ ធ្វើឲ្យប្រជាពលរដ្ឋអត់ទ្រាំនឹងរឿងអយុត្តិធម៌សង្គមទាំងនេះបាន។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្លាប់បានចេញរបាយការណ៍ថា គិតដល់ឆ្នាំ២០១១ មានការប៉ាន់ប្រមាណថា ប្រជាពលរដ្ឋចំនួន ១សែន ៥ពាន់នាក់នៅទូទាំងប្រទេស បានរស់នៅប្រឈមនឹងការបណ្ដេញចេញដោយបង្ខំនៅតាមបណ្ដាសហគមន៍នានានៅ ទីជនបទ និងទីក្រុង។ ប្រជាពលរដ្ឋខ្មែរ និងជនជាតិដើមភាគតិចកំពុងតែត្រូវបានគេបដិសេធសិទ្ធិទទួលបាន លំនៅឋាន សិទ្ធិកាន់កាប់ដីធ្លី និងសិទ្ធិប្រកបមុខរបរ។ ជាងនេះទៅទៀត ជម្លោះដីធ្លីជាច្រើនកើតឡើងនៅតាមតំបន់ដែលមានភាពរីកចម្រើនផ្នែក សេដ្ឋកិច្ចខ្លាំង រួមមាន នៅខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រះសីហនុ និងរាជធានីភ្នំពេញ នៅតំបន់ទាំងនេះជម្លោះដីធ្លីកើតឡើងដោយក្រុមអ្នកមានអំណាច។
សមាគមសិទ្ធិមនុស្សអាដហុក (adhoc) វិញ ក៏បានចេញរបាយការណ៍សរសេរលម្អិតថា រាជរដ្ឋាភិបាលបានផ្តល់ ឬបម្រុងដីយ៉ាងតិចជាង ២លាន ៦សែនហិកតារ (២.៦៥៧.៤៧០ហិកតារ) ឲ្យក្រុមហ៊ុនឯកជនក្រោមគម្រោងសម្បទានដីសេដ្ឋកិច្ច។ ចំនួននេះកើន ១៦,៧% ច្រើនជាងកាលពីឆ្នាំ២០១១ ដែលមានជាង ២លាន ២សែនហិកតារ (២.២៧៦.៣៤៩ហិកតារ)។ គិតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ មានពលរដ្ឋចំនួន ៣៨នាក់ កំពុងឃុំក្នុងពន្ធនាគារ និង ៥០នាក់ផ្សេងទៀតកំពុងរត់ភៀសខ្លួនដោយសារតែបញ្ហាជម្លោះដីធ្លីនៅ តំបន់ដីសម្បទានសេដ្ឋកិច្ច។
បញ្ហាបណ្ដេញប្រជាពលរដ្ឋចេញពីតំបន់បឹងកក់ បុរីកីឡា ការចាប់ខ្លួនសកម្មជនដីធ្លីសកម្មជនសិទ្ធិមនុស្សដាក់គុក រួមមាន លោក ម៉ម សូណង់ដូ និងប្រជាពលរដ្ឋមួយចំនួនទៀត។ ការបាញ់ លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ ការបាញ់កុមារី ហេង ចន្ថា នៅខេត្តក្រចេះ ស្លាប់នៅលើផ្ទះក្នុងយុទ្ធនាការបង្ក្រាបតំបន់អបគមន៍ជាដើម។ ករណីទាំងនេះ ទោះបីជាទូរទស្សន៍ក្នុងស្រុកដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនបានផ្សាយក្ដី ប៉ុន្តែនៅមានវីដេអូដែលផ្សាយនៅតាមប្រព័ន្ធ យូធូប (Youtube) បណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងវិទ្យុបរទេសមួយចំនួនទៀតដែលធ្វើឲ្យប្រជាពលរដ្ឋបានដឹងអំពី បញ្ហារំលោភសិទ្ធិមនុស្សទាំងនេះ។
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលបានព្យាយាមធ្វើការជាមួយយុវជនតាមរយៈការបង្កើតក្រុម និស្សិតស្ម័គ្រចិត្តចុះវាស់វែងដីជូនប្រជាពលរដ្ឋ ដើម្បីផ្សះផ្សាផ្លូវចិត្តប្រជាពលរដ្ឋ ប៉ុន្តែលទ្ធផលជាក់ស្ដែង រដ្ឋាភិបាលមិនអាចរក្សាការគាំទ្របានទាំងស្រុងនោះឡើយ។
ក្រៅពីនេះទៀត រដ្ឋាភិបាលក៏ចាប់យកយុវជននៅពេលឃោសនាបោះឆ្នោត ដើម្បីរៀបក្រុមយុវជនឲ្យធ្វើការឃោសនា។ លើសពីនេះទៀត គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនតំណាងរាស្ត្រនៅមណ្ឌលមួយចំនួនជាយុវជន ដើម្បីឲ្យយុវជនមានឱកាសបន្តវេនពីមនុស្សចាស់។ ក៏ប៉ុន្តែ យុទ្ធសាស្ត្រទាំងនេះ មិនធ្វើឲ្យយុវជនភាគច្រើនចាប់អារម្មណ៍នោះទេ ពីព្រោះថា យុវជនឈរជាបេក្ខជនតំណាងរាស្ត្រនោះ សុទ្ធតែជាកូនរបស់មេដឹកនាំនៅក្នុងគណបក្សនេះ។
យុវជនទាំងនោះ ដូចជា លោក ហ៊ុន ម៉ានី កូនប្រុសបង្កើតរបស់ លោក ហ៊ុន សែន ឈរនៅមណ្ឌលកំពង់ស្ពឺ។ នៅខេត្តកំពង់ស្ពឺ គណបក្សប្រជាជនកម្ពុជា បានអាសនៈ ៣ និងគណបក្សសង្គ្រោះជាតិ ៣អាសនៈដែរ ពោលគឺ លោក ហ៊ុន ម៉ានី មិនបានជាប់ឆ្នោតទេ ព្រោះលោកឈរនៅលំដាប់លេខរៀងទី៤។ លោក ស សុខា កូន លោក ស ខេង ឈរនៅមណ្ឌលព្រៃវែង លោក ឌី វិជ្ជា ជាកូនប្រុសរបស់ លោក ហុក ឡង់ឌី និងជាកូនប្រសាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរនៅខេត្តស្វាយរៀង មណ្ឌលទាំងនេះ គណបក្សប្រជាជនកម្ពុជា មិនបាននាំមុខគណបក្សសង្គ្រោះជាតិ ទេ។
និយាយជារួមទៅ នៅតាមមណ្ឌលធំៗ គណបក្សប្រជាជនកម្ពុជា មិនទទួលបានអាសនៈគាំទ្រច្រើនលើសលប់ដូចកាលពីនីតិកាលទី៤ នោះទេ គឺគណបក្សសង្គ្រោះជាតិ ទទួលជ័យជម្នះទាំងអស់ រួមមាននៅរាជធានីភ្នំពេញ នៅខេត្តកណ្ដាល កំពង់ចាម ព្រៃវែង និងខេត្តមួយចំនួនទៀត។
ការធ្លាក់សំឡេងគាំទ្រនេះ ក៏អាចមកពីបក្ខពួកនិយមនៅជួរមន្ត្រីដឹកនាំធំៗ ដែលបញ្ហានេះបានធ្វើឲ្យមន្ត្រីរាជការនៅតាមក្រសួងស្ថាប័នមួយ ចំនួន បានងាកមកគាំទ្រគណបក្សប្រឆាំងវិញក៏មាន ដោយសារពួកគាត់ឆ្អែតនឹងការគ្រប់គ្រងប្រទេសដែលបង្កើតឲ្យមាន បក្ខពួកនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណបក្សប្រជាជនកម្ពុជា និងគ្រប់គ្រងរដ្ឋាភិបាលអស់រយៈពេល ២០ឆ្នាំមកហើយ បន្ទាប់ពីកម្ពុជា បានធ្វើការបោះឆ្នោតតាមបែបប្រជាធិបតេយ្យលើកដំបូងឆ្នាំ១៩៩៣ មក។
ចាប់តាំងពីការបោះឆ្នោតអាណត្តិទី១ ដែលរៀបចំឡើងដោយ អ៊ុនតាក់ (UNTAC) ហើយគណបក្សប្រជាជនកម្ពុជា ទទួលបរាជ័យ ចាញ់គណបក្សហ៊្វុនស៊ិនប៉ិច នោះ លោក ហ៊ុន សែន ជាអនុប្រធានគណបក្សបានរៀបចំយុទ្ធសាស្ត្រឲ្យគណបក្សនេះឈ្នះឆ្នោតជា បន្តបន្ទាប់។
ក៏ប៉ុន្តែ ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា ធ្លាប់ទទួលបាននោះ នៅក្នុងអាណត្តិនេះ គណបក្សនេះមិនអាចរក្សាការគាំទ្រពីប្រជាពលរដ្ឋបានទៀតនោះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺប្រជាពលរដ្ឋភាគច្រើនចង់មានការផ្លាស់ប្ដូរមេដឹកនាំ ពិសេសពាក្យថាប្ដូរ។ ពាក្យប្ដូរនេះ ឮកងរំពងនៅពេលប្រជាពលរដ្ឋចូលរួមក្បួនឃោសនារបស់គណបក្សសង្គ្រោះ ជាតិ។
ការចង់ប្ដូរកង់ប្រវត្តិសាស្ត្រនេះ អាចមកពីយន្តការដឹកនាំប្រទេសរបស់ លោក ហ៊ុន សែន មិនសូវមានប្រសិទ្ធភាព ត្រូវបានប្រជាពលរដ្ឋអស់ជំនឿក៏ថាបាន ដូចជា ការប្ដេជ្ញាចិត្តរបស់លោកក្នុងការការពារធនធានធម្មជាតិ ការពារព្រៃឈើ លោកមិនអាចការពារបាន ឬក៏លោកទុកចិត្តមន្ត្រីថ្នាក់ក្រោមដែលមិនស្មោះនឹងលោក ដែលបង្កឲ្យមានបញ្ហាជាច្រើនជាមួយប្រជាពលរដ្ឋ ដូចជា បញ្ហាជម្លោះដីធ្លី និងការកាប់ព្រៃឈើ អំពើពុករលួយ បញ្ហានិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ ដូចជា ការបាញ់សម្លាប់អតីតសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ការសម្លាប់អ្នកកាសែត លោក ឃឹម សំបូរ និងអ្នកផ្សេងៗទៀត មកទល់ពេលនេះមិនទាន់ចាប់ឃាតកបាននៅឡើយ។
លើសពីនេះទៀត ករណីអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលបាញ់រះទៅលើហ្វូងកម្មករ មកទល់ពេលនេះ ទោះបីជាតុលាការបានកាត់ទោសឲ្យលោកជាប់ទោសក្ដី ប៉ុន្តែ លោក ឈូក បណ្ឌិត នៅក្រៅឃុំនៅឡើយ។ បញ្ហាដែលកើតមានជាច្រើនករណីនេះហើយ ដែលជាដើមចមមួយធ្វើឲ្យគណបក្សប្រជាជនកម្ពុជា លំបាកក្នុងការរក្សាអាសនៈនៅក្នុងសភាដែលមាន ៩០អាសនៈ កាលពីនីតិកាលទី៤ ឆ្នាំ២០០៨ នោះ។
ម្យ៉ាងទៀត ការដឹកនាំប្រទេសអស់រយៈពេលយូររបស់ លោក ហ៊ុន សែន ចង់មិនចង់ ធ្វើឲ្យប្រជាពលរដ្ឋមួយចង់ឲ្យមានការផ្លាស់ប្ដូរសាកមើល។ ដោយហេតុថា សន្ទុះគាំទ្របក្សប្រឆាំងនៅពេលនេះខុសប្លែកពីលើកណាៗទាំងអស់។ ប្រជាពលរដ្ឋនៅគ្រប់ខេត្តក្រុងហ៊ានចេញមុខ និងប្រកាសអំពីជំហរគាំទ្រគណបក្សប្រឆាំង ដោយពួកគាត់ឈប់ភ័យខ្លាចដូចលើកមុនៗ។ ជាក់ស្ដែង ដូចជានៅពេលឃោសនា និងនៅថ្ងៃបោះឆ្នោត ប្រជាពលរដ្ឋមួយចំនួនហ៊ាននាំគ្នាឈរនៅក្បែរការិយាល័យបោះឆ្នោត និងចាំចាប់ជនជាតិវៀតណាម មិនឲ្យចូលទៅបោះឆ្នោត។ល។
ហើយអ្វីដែលជាក្ដីរំពឹងរបស់ប្រជាពលរដ្ឋលើកនេះ ពួកគាត់មួយចំនួនសង្ឃឹមថា នឹងអាចប្ដូរកង់ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា នៅនីតិកាលទី៥ នេះបាន។ ក៏ប៉ុន្តែ លទ្ធផលបោះឆ្នោតកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសនៅឡើយរវាង គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនទាន់ប្រកាសលទ្ធផលនៅឡើយ៕
ដោយ ទីន ហ្សាការីយ៉ា
ពីវិទ្យុអាស៊ីសេរី
0 Comments:
Post a Comment