បើតាម លោក ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិល និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិយាយថា វិស័យអចលនទ្រព្យនៅកម្ពុជាហាក់មិនមានអ្វីប្រែប្រួលទេ បន្ទាប់ពីការបោះឆ្នោត ខណៈលទ្ធផលបឋមបានចេញរួចហើយ។ ប៉ុន្តែលោកប្រាប់ថា នៅពេលនេះអ្នកវិនិយោគកំពុងរង់ចាំមើលការរៀបចំបង្កើតរាជ រដ្ឋាភិបាលថ្មីជាមុនសិន ពីព្រោះប្រសិនបើមានបញ្ហាក្នុងការបង្កើតរាជរដ្ឋាភិបាលថ្មីនោះ នឹងនាំឲ្យមានបញ្ហាដល់ការបោះទុនវិនិយោគ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគទៀតផង។
ដោយឡែក លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុន VTrust Group លើកឡើងថា អ្នកវិនិយោគក្នុងវិស័យនេះភាគច្រើននៅ តែនិយាយថា រង់ចាំមើលការរៀបចំបង្កើតរាជរដ្ឋាភិបាលថ្មីជាមុនសិន។
លោកថ្លែងសង្កត់ធ្ងន់ថា៖ «ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់នឹងរក្សាភាពស្ងៀមស្ងាត់មិនបំពុលបរិយាកាស ដើម្បីកុំឲ្យមានភាពជ្រួលច្របល់កើតឡើងហើយសូមទុកឲ្យគណបក្សទាំងពីរ ធ្វើការងារនេះ»។ លោកបន្តថា៖ «ប្រសិនបើមានការបំពុលបរិយាកាសនិងអស្ថិរភាពនយោបាយកើតឡើងនោះ វានឹងធ្វើឲ្យអ្នកវិនិយោគបាត់បង់ទំនុកចិត្ត និងធ្វើឲ្យយើងខាតទាំងអស់គ្នា»។
មិនថាអ្នករកស៊ីតូចតាច ឬអ្នករកស៊ីជំនួញធំដុំទេ សុទ្ធតែចង់បាននូវស្រុកទេសមួយ មានស្ថិរភាព មានសន្តិភាព និងមានការអភិវឌ្ឍ និងសូមឲ្រគ្រប់គណបក្សដោះស្រាយដោយសន្តិវិធី កុំយកបាតុកម្ម ឬមធ្យោបាយអាក្រក់ណាមកដោះស្រាយនាំឲ្យជាតិវឹកវរនោះ៕
ដោយ សម្បូរមិត្ត
ពីវាលឥន្ទ្រិយ





0 Comments:
Post a Comment