ចំណាត់ការ ១០០០ថ្ងៃ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍
ចាប់ផ្តើមពីថ្ងៃនេះ(៥ មេសា)– កាលបរិច្ឆេទចំណុចគោលពិតប្រាកដនៃយុទ្ធនាការនេះ – រហូតដល់ថ្ងៃសុក្រ ទី១២ ខែមេសា ការិយាល័យអ.ស.ប នៅជុំវិញពិភពលោកនឹងធ្វើការជាមួយរដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូអន្តរជាតិនានា ដើម្បីជម្រុញ “និចលភាពគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍៖ ចំណាត់ការរយៈពេល ១០០០ថ្ងៃ” តាមរូបភាពផ្សេងៗគ្នា។
អគ្គលេខាធិការ អ.ស.ប លោក បាន គីមូន មានប្រសាសន៍ថា «គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ គឺជាកម្លាំងជម្រុញ ដ៏ជោគជ័យបំផុតជាប្រវត្តិសាស្រ្តលើពិភពលោកក្នុងការប្រឆាំងភាព ក្រីក្រ។ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទាំងនោះ បានជួយកំណត់ អាទិភាពនៅកម្រិត ពិភពលោក និងនៅថ្នាក់ជាតិ កៀងគរឲ្យមានចំណាត់ការ និងសម្រេចបានលទ្ធផលគួរឲ្យកត់សំគាល់ផងដែរ”។
គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ចំនួនប្រាំបីត្រូវបានដាក់ចេញដើម្បី ដោះស្រាយភាពក្រីក្រ និងភាពអត់ឃ្លាន ការអប់រំ សមភាពយេនឌ័រ មរណៈភាពកុមារ សុខភាពមាតា ការប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ ជម្ងឺគ្រុនចាញ់ និងជម្ងឺផ្សេងៗទៀត ចីរភាពបរិស្ថាន និងភាពជាដៃគូសកលសម្រាប់ការអភិវឌ្ឍ។
តាំងពីពេលដែលរដ្ឋជាសមាជិកទាំងអស់នៃអ.ស.ប បានអនុម័តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ក្នុងឆ្នាំ ២០០០ រដ្ឋាភិបាល អង្គការអន្តរជាតិ ក្រុមសង្គមស៊ីវិល នៅជុំវិញពិភពលោក បានជួយធ្វើឲ្យមានវឌ្ឍនភាពច្រើនក្នុងការកែលម្អការរស់នៅរបស់ ប្រជាជន។
នៅកម្ពុជា រដ្ឋាភិបាលបានបន្ថែមការដោះមីន និងការជួយជនរងគ្រោះជាគោលដៅទី ៩ នៃ MDG ដើម្បីកំចាត់ចោលឧបសគ្គដែលវត្តមានគ្រាប់មីនបង្កប់ក្នុងដី និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្រ្គាម កំពុងបន្តបង្កមកលើការអភិវឌ្ឍ។
នាយក UNDP ប្រចាំនៅកម្ពុជា លោកស្រី សេតស៊ូកូ យ៉ាម៉ាហ្សាគី មានប្រសាសន៍ថា គ្មានការសង្ស័យទេថា កម្ពុជា បានសម្រេចសមិទ្ធផលគួរឲ្យកត់សម្គាល់នៅលើសូចនាការជាច្រើនក្នុង MDG របស់ខ្លួន។ លោកស្រីមានប្រសាសន៍ថា កម្មវិធីរបស់ UNDP កំពុងបន្តជួយកម្ពុជាក្នុងការដោះស្រាយបញ្ហាក្នុងវិស័យដែលពុំសូវ មានវឌ្ឍនភាពស្របតាមចំណុចដៅ ពោលគឺ ការកាត់បន្ថយភាពក្រីក្រ និងវិសមភាព សមភាពយេនឌ័រ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ និងការដោះមីន។
លោកស្រីមានប្រសាសន៍ថា «វិស័យទាំងនេះត្រូវការឲ្យមានការយកចិត្តទុកដាក់ និងកិច្ចប្រឹងប្រែងជាបន្ថែមទៀត។ យើងជឿថា យើងអាចនាំមកនូវការប្រែប្រួលរីកចម្រើននៅក្នុងវិស័យទាំងនោះបាន តាមរយៈការធ្វើការជាមួយគ្នា ជាមួយដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងរយៈពេល ១០០០ថ្ងៃខាងមុខនេះ»។
ដើម្បីពង្រឹងជោគជ័យនេះ និងបង្កើនសំទុះនៃចំណាត់ការ លោកអគ្គលេខាធិការ បាន គីមូន បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យបង្កើនការវិនិយោគដែលផ្តោតលើ សុខភាព ការអប់រំ ថាមពល និងអនាម័យ ការពង្រឹងសិទ្ធិអំណាចស្រ្តី និងកុមារី ការផ្តោតលើ ក្រុមពលរដ្ឋដែលងាយរងគ្រោះបំផុត រក្សាការប្តេជ្ញាលើការផ្តល់ជំនួយ និងពង្រឹងឡើងវិញនូវកិច្ចប្រឹងប្រែងចាប់ពីថ្នាក់រដ្ឋាភិបាល រហូតដល់ក្រុមនានានៅក្នុងស្រទាប់មហាជន ដើម្បីធ្វើឲ្យមានភាពប្រសើរថែមទៀត។
ចំណុចដៅ ១០០០ថ្ងៃ គឺជាឱកាសមួយ ដើម្បីបង្កើនការយល់ដឹងអំពីសមិទ្ធផលនៃ MDG និងការប្តេជ្ញាបន្តនូវការរីកចម្រើន លើពិភពលោក រួមទាំងនៅកម្ពុជាផងដែរ។
នៅក្រុងម៉ាឌ្រិត ប្រទេសអេស្ប៉ាញ លោកអគ្គលេខាធិការអ.ស.ប និងយុវជនមកពីក្រុមប្រឹក្សាយុវជនអេស្ប៉ាញ និងអឺរ៉ុប ចូលរួមនៅក្នុងពិធីដ៏ពិសេសនេះផងដែរ កាលពីម្សិលមិញនេះ (ថ្ងៃទី ៤ ខែ មេសា) ដោយមានការចូលរួមពីប្រធាន UNDP លោកស្រី ហេឡិន ក្លាក និងប្រធានទីភ្នាក់ងារ និងកម្មវិធីនានាដទៃទៀតនៃអ.ស.ប ដែលចូលរួមនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃអ.ស.ប។
លោកស្រីហេឡិន ក្លាក មានប្រសាសន៍ថា «កាលណាពិភពលោកសម្រេចបានសមិទ្ធផលកាន់តែច្រើនលើ MDGs, គេកាន់តែអាចបង្កើតទំនុកចិត្ត និងការគាំទ្រសម្រាប់របៀបវារៈប្រកបដោយមហិច្ឆិតាមួយសម្រាប់ការ អភិវឌ្ឍនៅក្រោយឆ្នាំ ២០១៥»។
លោកស្រី ហេឡិន ក្លាក មានប្រសាសន៍ថា «បច្ចុប្បន្ននេះ ប្រទេសចំនួន ៤៥ កំពុងប្រើប្រាស់ក្របខ័ណ្ឌបង្កើនសំទុះ MDG (MDG Acceleration Framework) ដើម្បីកំណត់អត្តសញ្ញាណដំណោះស្រាយជាក់ស្តែង ឆ្ពោះទៅបង្កើនល្បឿនវឌ្ឍនភាពលើគោលដៅ MDGs ដែលនៅមានសភាពយឹតយ៉ាវនៅឡើយ»។
ក្នុងចំណោមប្រទេសទាំង ៤៥ មានកម្ពុជាមួយដែរដែលបានជ្រើសយកក្របខ័ណ្ឌបង្កើនសំទុះ MDG មកប្រើដើម្បីដោះស្រាយបញ្ហាពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ចរបស់ ស្រ្តី នៅក្នុងកិច្ចខិតខំដើម្បីធ្វើឲ្យមានវឌ្ឍនភាពច្រើនថែមទៀតក្នុង សមភាពយេនឌ័រ។ភ្នំពេញប៉ុស្តិ៍
0 Comments:
Post a Comment