អាមេរិកពង្រឹងប្រព័ន្ធការពារមីស៊ីលខណៈកូរ៉េខាងជើងព្រមានវាយប្រហារ
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឆាក់ ហាហ្គែល បាននិយាយថា ការគំរាមកំហែងខាងវោហារសាស្ត្រនិយមសង្គ្រាម ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងគួបផ្សំជាមួយនឹងសមត្ថភាពយោធារបស់ ខ្លួន គឺតំណាងឲ្យ«គ្រោះថ្នាក់ពិតប្រាកដនិងច្បាស់លាស់» ចំពោះអាមេរិក និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន របស់ខ្លួន។
លោកហាហ្គែល បាននិយាយពីថ្ងៃពុធថា៖«ពេលនេះ ពួកគេមានសមត្ថភាពនុយក្លេអ៊ែរហើយពេលនេះពួកគេមានសមត្ថភាពបញ្ជូន មីស៊ីល ហើយ។យើងយកចិត្តទុកដាក់ចំពោះការគំរាមនោះយ៉ាងម៉ឺងម៉ាត់។ យើងក៏ត្រូវតែយកចិត្តទុកដាក់ចំពោះការគំរាមកំហែងទាំងនេះឲ្យមែន ទែនដែរ»។
មន្ទីរបញ្ចកោណបាននិយាយថា ខ្លួននឹងបញ្ជូនកងកាំភ្លើងធំចាប់មីស៊ីល THAAD ដើម្បីការពារមូលដ្ឋានយោធាទាំងឡាយនៅ កោះហ្គួម ដែលជាទឹកដីអាមេរិកចម្ងាយប្រមាណ៣៣៨០គ.ម. ភាគអាគ្នេយ៍នៃកូរ៉េខាងជើង និងជាជម្រករបស់កម្លាំងយោធាអាមេរិក៦០០០នាក់ នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែក។
ពួកគេនឹងបន្ថែមពីលើនាវាពិឃាតប្រឆាំងមីស៊ីល Aegis ពីរគ្រឿងដែលបានពង្រាយទៅកាន់តំបន់នោះរួចហើយ។
ភ្លាមៗបន្ទាប់ពីផែនការពង្រាយ THAAD ត្រូវបានប្រកាស យោធាកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួនបានទទួលការអនុម័តចុងក្រោយសម្រាប់វិធានការយោធាប្រឆាំងនឹង អាមេរិកហើយ ដែលអាចមានការចូលរួមពីអាវុធនុយក្លេអ៊ែរដែរ។
ជាការឆ្លើយតបចំពោះអ្វីដែល ហៅថាការប្រើយន្តហោះទម្លាក់គ្រាប់បែក B-52 និង B-2 របស់អាមេរិកបែបបង្កហេតុក្នុងសមយុទ្ធរួមជាមួយកូរ៉េខាងត្បូងអគ្គ សេនាធិការកងទ័ពកូរ៉េខាងជើងបាននិយាយថា៖ «ពេលនៃការផ្ទុះកំពុងខិតជិតដល់យ៉ាងលឿន»។
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា ការឈ្លានពានពីអាមេរិកនឹងត្រូវកម្ទេច...ដោយការវាយប្រហារ នុយក្លេអ៊ែរកាន់តែតូច កាន់តែ ស្រាល ទំនើប និងផ្សេងៗគ្នា»។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា៖ «ប្រតិបត្តិការគ្មានមេត្តានៃកម្លាំងប្រដាប់អាវុធបដិវត្តន៍យើងក្នុង រឿងនេះត្រូវបានពិនិត្យនិងផ្តល់សច្ចាប័នចុងក្រោយហើយ»។
លោក យុន ឌុកម៉ិន សាស្ត្រាចារ្យបណ្ឌិតសភាការទូតជាតិកូរ៉េនៅក្រុងសេអ៊ូល បាននិយាយថា៖«បញ្ហាគឺស្ថិតនៅត្រង់ថា តើលោកគីមដែលក្មេងនិងខ្វះបទពិសោធដឹងពីរបៀបចាត់ការកើនឡើងនេះ យ៉ាងដូចម្តេច? តើវាបញ្ចប់នៅត្រង់ណា? នោះហើយគឺជាបញ្ហាចោទគួរឲ្យបារម្ភ»។
ក្រោយមកនៅព្រឹកថ្ងៃព្រហស្បតិ៍កូរ៉េខាងជើងបានបិទច្រកចេញចូល តំបន់ឧស្សាហកម្មរួមកេសុង ជាមួយកូរ៉េខាងត្បូងសម្រាប់ថ្ងៃទីពីរហើយ។
ក្រុងព្យុងយ៉ាងបានជូនដំណឹងដល់សេអ៊ូលកាលពីថ្ងៃពុធថា ខ្លួនបាននិងកំពុងបញ្ឈប់ការចេញចូលប្រចាំថ្ងៃរបស់ពលរដ្ឋកូរ៉េខាង ត្បូងទៅតំបន់ឧស្សាហកម្មកេសុងជាការទំនាក់ទំនងនៅសល់ចុងក្រោយ រវាងប្រទេសទាំងពីរ។
កូរ៉េខាងជើងបាននិយាយថា ពលរដ្ឋកូរ៉េខាងត្បូងរាប់រយនាក់ដែលបច្ចុប្បន្នកំពុងស្ថិតក្នុង តំបន់ កេសុងចម្ងាយ១០គ.ម.ក្នុងព្រំដែនកូរ៉េខាងជើងនឹងត្រូវអនុញ្ញាតឲ្យ ចាកចេញនៅពេលណាដែលពួកគេចង់។
កាលព្រឹកថ្ងៃព្រហស្បតិ៍ រថយន្តតូចកូរ៉េខាងត្បូងជាច្រើន ដែលមានប្រអប់សម្ភារ ផលិតនៅក្នុង តំបន់ឧស្សាហកម្មនោះរង់ចាំការ ត្រួតពិនិត្យនៅព្រំដែនក្នុងខេត្តប៉ាជូ មុនពេលចូលមកទឹកដីខាងត្បូង។ កូរ៉េខាងជើងក៏បានគំរាមដកបុគ្គលិក៥៣០០នាក់របស់ខ្លួនចេញពីកេសុង និងបិទទីតាំងនេះមួយថ្ងៃបន្ទាប់ពីគេបានបិទការចេញចូលសម្រាប់ បុគ្គលិកកូរ៉េខាងត្បូង។
ខណៈវិបត្តិនេះឡើងកម្ដៅរដ្ឋាភិបាលថៃកំពុងរៀបចំផែនការជម្លៀស ពលរដ្ឋរបស់ខ្លួនដែលកំពុងធ្វើការនៅកូរ៉េខាងត្បូងជាង៤ម៉ឺននាក់ មកស្រុកវិញដើម្បីចៀសវាងគ្រោះថ្នាក់ក្នុងករណីសង្គ្រាមផ្ទុះឡើង។
ដោយឡែកនៅកម្ពុជានាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយពីថ្ងៃអង្គារថា កម្ពុជានៅមិនទាន់មានផែនការជាក់លាក់ក្នុងការជម្លៀសពលករខ្លួន ប្រមាណជាង២ម៉ឺន នាក់ចេញពីកូរ៉េខាងត្បូងនៅឡើយ ដោយសារកម្ពុជាជឿថា កូរ៉េទាំងពីរជាបងប្អូននឹងគ្នាដូច្នេះគេទំនងជាមិនវាយប្រហារ គ្នាដូចសង្គ្រាមពាក្យសម្តីនោះទេ៕ភ្នំពេញប៉ុស្តិ៍ CC
0 Comments:
Post a Comment