អនាគតអគារ ៥៥៥.ម នៅកោះពេជ្រមិនច្បាស់លាស់
បើទោះជាបានប្រកាសកាលពី ឆ្នាំ២០១០ និងជំរុញដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដោយ ក៏ក្រុមហ៊ុន OCIC ដែលជាអ្នកអភិវឌ្ឍគម្រោងនេះ និងជាអ្នកជំនាញខាងអចលនទ្រព្យ រួមទាំងមន្រ្តីសាលារាជធានីភ្នំពេញ មិនអាចផ្តល់ព័ត៌មានលម្អិតអំពីគម្រោងនេះបានដែរ ហើយជាច្រើនលើកហើយដែលធ្វើឲ្យគេមានការងឿងឆ្ងល់ថា តើវាពិតជាមានគម្រោងនេះមែនឬយ៉ាងណា? ខណៈដែលសកម្មភាពសាងសង់មួយដែលក្រុមហ៊ុន OCIC បានអះអាងថា កំពុងស្ថិតនៅក្នុងដំណើរការ និងកំពុងបន្តដំណើរការទៅមុខ។
លោក ទូច សំណាង អ្នកគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន OCIC បានថ្លែងថា៖ «យើងកំពុងអនុវត្តតាមផែនការ មេ ដែលជាគម្រោងរបស់រដ្ឋាភិបាល»។ លោកអះអាងថា ការបូមដីដែលធ្វើឡើងនៅជិតនោះ គឺត្រូវបានអនុញ្ញាតត្រឹមត្រូវ ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាប្បាយលម្អិតបន្ថែមទេ។
ទោះយ៉ាងណាលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី បានថ្លែងថា លោកមិនបានដឹងច្រើនអំពីគម្រោងនេះទេ បើទោះជាអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានប្រកាស កាលពីឆ្នាំ២០១១ អំពីពិធីបើកការដ្ឋានសាងសង់ ដែលនឹងធ្វើឡើងនាពេលខាងមុខក៏ដោយ។
ដូចគ្នានេះដែរ លោក បេង ហ៊ុងសុជាតិខេមរ៉ូ អ្នកនាំពាក្យនាយកដ្ឋានគ្រប់គ្រងដែនដីនគរូបនីយកម្ម បានថ្លែងថា៖ «ប្រសិនបើពួកគេមិនដឹង យើងក៏មិនដឹងដែរ»។
លោក ថ្លែងបន្តថា លោកមិនបានចាំទេ ថាតើនាយកដ្ឋាន លោកបានចេញលិខិតអនុញ្ញាត សម្រាប់ការសាងសង់អគារនោះហើយឬក៏នៅនោះទេ។
ទោះយ៉ាងណាក្តី អ្នកនៅការដ្ឋានផ្ទាល់ ហាក់បីដូចជាមានទំនុកចិត្ត ដោយប្រាប់ភ្នំពេញប៉ុស្តិ៍ថា អគារដ៏ធំមួយនេះ ដែលនឹងមានកម្ពស់ខ្ពស់ទីពីរបន្ទាប់ពីអគារ Burj Khalifa ដែលមានកម្ពស់៨២៨ ម៉ែត្រ នៅទីក្រុង Dubai ខណៈពួកគេកំពុងមើលគ្រឿងចក្ររុញដីពង្រីក ចូលទៅក្នុងទន្លេបាសាក់ មានចម្ងាយប្រមាណពី២០០ទៅ៣០០ម៉ែត្រ បន្ថែមទៀត។
ពាក់ព័ន្ធនឹងប្រធានបទនៃការបូមខ្សាច់ លោក ឈាង ហង្ស អនុប្រធាននាយកដ្ឋានគម្រោងនៃគណៈកម្មាធិការជាតិទន្លេមេគង្គ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយហៅបញ្ហានេះថា «ជាសំណួររសើប» ដែលពាក់ព័ន្ធនឹងការសម្រេចផ្សេងៗពីក្រសួងពាក់ព័ន្ធនានា។
បើទោះជាក្រុមអ្នកសង្កេតមើលមានមន្ទិលសង្ស័យ កាលពីអតីតកាល អំពីលទ្ធភាពនៃគម្រោងនេះ លោក Peter Roche អតីតអ្នកគ្រប់គ្រងផ្នែកសំណង់សម្រាប់ក្រុមហ៊ុនសំណង់យក្ស Al Habtoor បានថ្លែងថា បើតាមលក្ខណៈរចនាសម្ព័ន្ធ អគារកម្ពស់ ៥៥៥ ម៉ែត្រ ដែលសាងសង់លើខ្សាច់«គឺវាអាចទៅរួច ប៉ុន្តែ ថាតើវាពាក់ព័ន្ធនឹងសេដ្ឋកិច្ចឬអត់ វាគឺជាសំណួរដ៏សំខាន់បំផុត»។
លោកបន្តឲ្យដឹងថា ៖ «វាអាចទៅរួចយ៉ាងល្អ ... ពួកគេបានធ្វើវានៅទីក្រុង Dubai»។ លោកបានថ្លែងបែបនេះ ដោយសំដៅទៅសណ្ឋាគារ Burj Al Arab ដែលក្រុមហ៊ុន Al Habtoor ជួយសាងសង់។ លោកបានបន្តថា៖ «ប្រសិនបើអ្នកមានលុយច្រើននោះ [សណ្ឋាគារ Burj Al Arab] គឺជាគំរូល្អមួយសម្រាប់ការសាងសង់នេះ»។
លោកបន្ថែមថា ៖ « ខ្ញុំប្រាកដណាស់ថា ក្រុមហ៊ុនធំៗទាំងអស់ក្នុងពិភពលោក នឹងកំពុងត្រៀមខ្លួនដើម្បីដេញថ្លៃសម្រាប់ការសាងសង់អគារនេះ»។
លោក ចេង ខេង ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា ៖ «គម្រោងមួយនេះ ខ្ញុំជឿ វាត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្រ្តី ប៉ុន្តែរហូតមកដល់ពេលនេះ លោកមិនបានដឹងអ្វីច្រើនអំពីគម្រោងនេះទេ»។
លោក បន្តថា៖ «ចាប់តាំងពីលោកនាយករដ្ឋមន្រ្តីបានប្រកាសវា រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់និយាយអំពីរឿងនោះទេ»៕ ភ្នំពេញប៉ុស្តិ៍PS
0 Comments:
Post a Comment