កូរ៉េខាងជើង​ ត្រូវ​គេ​​​ប៉ាន់ស្មាន​ថា​ មាន​មីស៊ីល​ជាង ១០០០ គ្រាប់​ដែល​មាន​សមត្ថភាព​ផ្សេងៗ​​​គ្នា ក្នុង​នោះ​មាន​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​អាច​វាយ​ប្រហារ​​​​ ដល់​ដែន​ដី​ឈរ​ជើង​របស់​​កងទ័ព​អាមេរិក​​​បាន។
កម្មវិធី ​មីស៊ីល​ក្រុង​ព្យុងយ៉ាង វិវឌ្ឍ​ទៅ​មុខ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​ នេះ ចាប់​តាំង​ពី​គ្រាប់​រ៉ុក្កែត​កាំភ្លើង​ធំ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង ១៩៧០ រហូត​ដល់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី និង​មីស៊ីល​ឆ្លង​ទ្វីប​រយៈ​ចម្ងាយ​មធ្យម នៅ​ទសវត្សរ៍​ឆ្នាំ១៩៨០ និង ១៩៩០។
ក្រុមប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ (Council on Foreign Relations) ដែល ​ជា​ស្ថាប័ន​វិភាគ​ឯករាជ្យ​មួយ បាន​ឲ្យ​ដឹង​ថា មីស៊ីល​កូរ៉េខាងជើង​ខ្លះ មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ តែ​កូរ៉េខាងជើង​ មិន​ទាន់​មាន​សមត្ថភាព​អាច​បង្កើត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​​បាន​នៅ​ឡើយ​ ទេ។
កម្មវិធី ​មីស៊ីល​កូរ៉េខាងជើង ​ត្រូវ​បង្កើត​ដំបូង​ដោយ​ប្រើ​បច្ចេកវិទ្យា​មីស៊ីល​ស្វ័យ​នាំ​ផ្លូវ Scud។ រដ្ឋ​នេះ​ទទួល​បាន​មីស៊ីល​យុទ្ធសាស្ត្រ​​លើក​ដំបូង​ពី​សហភាព​សូវៀត​នៅ​ដើម​ ឆ្នាំ​១៩៦៩ ខណៈ​ដែល Scuds ទទួល​បាន​ពី​អេហ្ស៊ីប​ក្នុង​ឆ្នាំ១៩៧៦។ អេហ្ស៊ីប បាន​ផ្គត់ផ្គង់​មីស៊ីល និង​​រូបមន្ត​ដល់​កូរ៉េខាងជើង ជា​ថ្នូរ​នឹង​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​នេះ​ ប្រឆាំង​នឹង​អ៊ីស្រាអែល​ក្នុង​សង្គ្រាម Yom Kippur​នៅ​សម័យ​នោះ។
ឆ្នាំ ​១៩៨៤ កូរ៉េខាងជើង​បាន​បង្កើត​មីស៊ីល Scud ដោយ​ខ្លួន​ឯង ដែល​មាន​ឈ្មោះ​ថា Hwasong-5 និង Hwasong-6 ព្រម​ទាំង​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​ដែល​ឈ្មោះ Nodong។ Taepodong ជា​មីស៊ីល​ចុង​ក្រោយ​ដែល​មាន​រយៈ​ចម្ងាយ​ឆ្ងាយ ដោយ​ប្រើ​បច្ចេកវិទ្យា​រួម​បញ្ចូល​គ្នា​រវាង​មីស៊ីល​ទាំង​ពីរ​ខាង​លើ។
មក ​ដល់​ឆ្នាំ​២០០៦ កូរ៉េខាងជើង​ បាន​បាញ់​សាកល្បង​មីស៊ីល Taepodong-2 ដែល​អ្នក​ជំនាញ​ជឿ​ថា អាច​មាន​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ និង​គ្រាប់​រ៉ុក្កែត​មាន​បច្ចេកវិទ្យា​ពាក់ព័ន្ធ ក្នុង​ឆ្នាំ ២០០៩ និង ២០១២។ ប៉ុន្តែ ការ​សាកល្បង​ទាំង ៣ លើក បរាជ័យ។
ទោះ​បី​យ៉ាង​ណា​ក៏​ដោយ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់​រ៉ុក្កែត​ដែល​មាន ៣ ដំណាក់/​កំណាត់ (3 stages) មួយ​ផ្សេង​ទៀត​ ដោយ​ជោគជ័យ កាល​ពី​ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០១២។ ការ​សាកល្បង​នេះ ត្រូវ​សហគមន៍​អន្តរជាតិ​ថ្កោលទោស ដោយ​ថា​ នេះ​ជា​ការ​សាកល្បង​មីស៊ីល មិន​មែន​ផ្កាយ​រណប​ដូច​ជា​ការ​អះអាង​ដោយ​កូរ៉េខាងជើង​ទេ។

មីស៊ីល​រយៈ​ចម្ងាយ​ខ្លី
កូរ៉េខាងជើង​ មាន​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ជា​ច្រើន ដូច​ជា KN-02 ដែល​អាច​បាញ់​បាន​ចម្ងាយ ១២០ គីឡូម៉ែត្រ គឺ​គ្រប់គ្រាន់​កម្ទេច​ទីតាំង​យោធា​នៅ​ក្នុង​កូរ៉េខាងត្បូង។
មីស៊ីល Hwasong-5 និង Hwasong-6 មាន​រយៈ​ចម្ងាយ​ផ្សេងៗ​គ្នា គឺ ៣០០ គីឡូម៉ែត្រ និង ៥០០ គីឡូម៉ែត្រ។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ការ​មិន​សាយ​ភាយ​អាវុធ​របស់​អាមេរិក។ មីស៊ីល​ទាំង​នេះ អាច​បំពាក់​ក្បាល​គ្រាប់​មិន​​មាន​នុយក្លេអ៊ែរ តែ​ក៏​អាច​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​ជីវសាស្ត្រ គីមី និង​នុយក្លេអ៊ែរ​ផង​ដែរ។ មីស៊ីល Hwasong-5 និង Hwasong-6 ត្រូវ​បាន​សាកល្បង​ និង​ដាក់​ពង្រាយ​រួច​រាល់​ហើយ និង​អាច​ឲ្យ​កូរ៉េខាងជើង វាយ​ប្រហារ​ទីតាំង​ណា​មួយ​នៅ​កូរ៉េខាងត្បូង ​បាន​គ្រប់​ពេល​វេលា។
មីស៊ីល Nodong
កូរ៉េខាងជើង​ ​បាន​បង្កើត​កម្មវិធី​ផលិត​មីស៊ីល Nodong តាំង ​ពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក​ម្ល៉េះ។ Nodong មាន​រយៈ​ចម្ងាយ ១០០០ គីឡូម៉ែត្រ និង​អាច​កម្ទេច​ ​ជប៉ុន​បាន បើ​សិន​កូរ៉េខាងជើង​ជោគជ័យ​លើ​មីស៊ីល​នេះ​មែន។ ប៉ុន្តែ យោង​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​ ការ​ផលិត និង​ដាក់​ពង្រាយ​មីស៊ីល Nodong មិន​ត្រូវ​ដឹង​ច្បាស់​នោះ​ទេ។
មីស៊ីល Musudan
Musudan ដែល​មាន​ឈ្មោះ​ផ្សេង​​ជា​ Nodong-B ឬ Taepodong-X គឺ​ជា​មីស៊ីល​ឆ្លង​ទ្វីប​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​អាច​កម្ទេច​កោះ Okinawa ប្រទេស​ជប៉ុន និង​មូលដ្ឋាន​អាមេរិក​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ Musudan អាច​បាញ់​បាន​ចម្ងាយ ២.៥០០ គីឡូម៉ែត្រ, ៣.២០០ គីឡូម៉ែត្រ ឬ ៤. ០០០ គីឡូម៉ែត្រ ដោយ​យោង​តាម​ប្រភព​ផ្សេងៗ​ជា​ច្រើន។ ការ​ប៉ាន់ស្មាន​ខុសៗ​គ្នា គឺ​ដោយ​សារ​តែ​មីស៊ីល​នេះ មិន​ដែល​ត្រូវ​គេ​សាកល្បង​ជា​សាធារណៈ។
មីស៊ីល Taepodong-1 និង Taepodong-2
Taepodong-1 គឺ ​ជា​មីស៊ីល​មាន​ច្រើន​ដំណាក់​កាល (ពេល​បាញ់ នឹង​ផ្ដាច់​ជា​កំណាត់ៗ តាម​រយៈ​ចម្ងាយ) ដំបូង​របស់​កូរ៉េខាងជើង។ ដំណាក់​ទី​១​នៃ​មីស៊ីល​នេះ​គឺ មីស៊ីល Nodong និង​ដំណាក់​ទី២ គឺ​មីស៊ីល Hwasong-6។ Taepodong-1  ​បាញ់​បាន​ចម្ងាយ ២.២០០ គីឡូម៉ែត្រ។
Taepodong-2 ក៏​ជា​មីស៊ីល​ឆ្លង​ទ្វីប​មាន​ពីរ ទៅ បី ដំណាក់​ដែរ ប៉ុន្តែ​ទំនើប​ជាង Taepodong-1។ Taepodong-2 មាន​រយៈ​ចម្ងាយ​ពី ៥.០០០ គីឡូម៉ែត្រ ដល់ ១៥.០០០ គីឡូម៉ែត្រ។ ប៉ុន្តែ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ការ​មិន​រីក​សាយភាយ​អាវុធ​របស់​អាមេរិក និយាយ​ថា រយៈ​ចម្ងាយ​ឆ្ងាយ​បំផុត​របស់​មីស៊ីល​នេះ គឺ ៦.០០០ គីឡូម៉ែត្រ។ មុន​ខែ​ធ្នូ ឆ្នាំ២០១២ Taepodong-2 ត្រូវ​កូរ៉េខាងជើង​សាកល្បង ៣ ដង តែ​បរាជ័យ គឺ​ឆ្នាំ ២០០៦, ២០០៩ និង​ខែ​មេសា ឆ្នាំ​២០១២។
ការ​សាកល្បង​ចុង​ក្រោយ​កាល​ពី​ខែ ​ធ្នូ ឆ្នាំ​២០១២ Taepodong-2 នេះ ហាក់​ទទួល​បាន​ជោគជ័យ។ បើ​សិន Taepodong-2 ជោគជ័យ និង​បាញ់​ដល់​រយៈចម្ងាយ​កំណត់​របស់​វា​មែន មីស៊ីល​នេះ​អាច​កម្ទេច​អូស្ត្រាលី តំបន់​ផ្សេងៗ​របស់​អាមេរិក និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត៕
មីស៊ីល​អន្តរទ្វីប​កូរ៉េខាងជើង​ ក្នុង​ក្បួនព្យុះហយាត្រាយោធា គម្រប់ខួប ១០០ ឆ្នាំ​របស់​លោក គីម អ៊ីលស៊ុង (ឆ្នាំ២០១២)

ប្រភព និង​រូបភាព៖សប្បាយ  BBC