ភោជនីយដ្ឋាន៦នៅក្រុងព្រះសីហនុបានរងគ្រោះអគ្គិភ័យ
មន្ត្រីនគរបាលពន្លត់អគ្គិភ័យក្រុងព្រះសីហនុបានអះអាងថា គ្រោះអគ្គិភ័យ បានកើតឡើងកាលពីពាក់កណ្តាលថ្ងៃត្រង់ម្សិលមិញ ចំពេលដែលបណ្តាញផ្គត់ផ្គង់ទឹកក្នុងទីក្រុងទាំងមូលត្រូវបានកាត់ ផ្តាច់ដោយអន្លើៗ ដោយសារតែកង្វះប្រភពទឹក។
លោក ជិន ប៊ុនជា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលបន្ទុកផ្នែកអគ្គិភ័យប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទកាលពី ថ្ងៃម្សិលមិញថា អគ្គិភ័យបានចាប់ផ្តើមឆាបឆេះចេញពីទីតាំងភោជនីយដ្ឋានជនបរទេសមួយ កន្លែង កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ រួចបានរាលដាលទៅកាន់ភោជនីយដ្ឋានដែលនៅក្បែរនោះទៀត ខណៈដែលរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន ខេត្តចំនួនពីរគ្រឿងបានអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងនៅពេលនោះ បានជួបបញ្ហាកង្វះទឹក។
លោកបានបញ្ជាក់ថា៖ «យើងនៅមិនទាន់ដឹងពីមូលហេតុពិតពីការឆាបឆេះនេះទេ ដោយត្រូវបន្តការស៊ើបអង្កេតបន្ថែមទៀត។ តែដំបូង យើងគ្រប់គ្រងការឆាបឆេះហាងចំនួនពីរកន្លែង ប៉ុន្តែ ដោយឡានអស់ទឹកគួបផ្សំនឹងខ្យល់បក់ ធ្វើឲ្យអណ្តាតភ្លើងដែលមិនទាន់រលត់ទាំងស្រុងរាលទៅឆាបឆេះដល់ ហាងផ្សេងទៀត រហូតធ្វើឲ្យឆេះអស់៦ខ្នង ដោយ៤ខ្នងខូចខាតទាំងស្រុងនិង២ខ្នងខូចខាតប្រហែល៥០ភាគរយ»។
លោកបន្ថែមថា អគ្គិភ័យនេះត្រូវសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ប្រហែលជិត២រសៀល ដោយប្រើប្រាស់ទឹកអស់ចំនួន១៤ រថយន្ត ក្រោមប្រតិបត្តិការពីរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ក្នុងនោះ ពីរគ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្ត និង២គ្រឿងទៀតជារថយន្តកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លោកបញ្ជាក់ថា៖«យើងបានជួបបញ្ហានៅពេលកំពុងប្រតិបត្តិការពន្លត់ ភ្លើង ដោយសារតែនៅតាមប៉ុងទឹកចំនួន ៦ តាមដងផ្លូវក្នុងក្រុងនេះ មិនដំណើរការក៏ព្រោះតែរដ្ឋាករទឹកបានបិទព្រោះកំពុងជួបការខ្វះ ខាតទឹក។ ប៉ុន្តែ ក្រោយពីការសុំកិច្ចអន្តរាគមន៍ ទើប ខាងរដ្ឋាករទឹកបិទបណ្តាញពីតំបន់មួយចំនួន រួចបានបញ្ចេញទឹកតាមប៉ុងទឹកមួយកន្លែងដែលអនុញ្ញាតអាចឲ្យឡាន ទឹកបូមទឹកយកមកពន្លត់អគ្គិភ័យពីម្សិលមិញនោះ»។
ទោះយ៉ាងណា លោក ប្រាក់ ប្រាកដ ប្រធានអង្គភាពរដ្ឋាករទឹកនិងជាអនុប្រធានមន្ទីរឧស្សាហកម្ម រ៉ែនិងថាមពលខេត្តព្រះសីហនុបានទទួលស្គាល់ថា ក្រុងព្រះសីហនុមួយទាំងមូលកំពុងតែ ជួបបញ្ហាកង្វះទឹកសម្រាប់ប្រើប្រាស់ ដោយសារតែប្រភពទឹកមួយចំនួនបានគោករីង។
លោកបញ្ជាក់ថា៖«ប្រភពទឹកដ៏សំខាន់របស់ទីក្រុងជាប់ សមុទ្រ គឺអាង បឹង ទំនប់ទឹកបានគោក រីងអស់ទើបការផ្គត់ផ្គង់ទឹកជួបការខ្វះខាតនិងរអាក់រអួល»៕
0 Comments:
Post a Comment