សំណួរលើកឡើងញឹកញាប់នៅកម្ពុជាទាក់ទិនការពិបាកមានកូន
តើអត្រាប្រឈមនឹងការគ្មានកូនរបស់គូស្វាមីភរិយាមានប៉ុន្មានដែរ?
ការ ពិបាកមានកូនត្រូវបានគេមើលឃើញថា ជាបញ្ហាមួយដែលកើតមានឡើងនៅគ្រប់វប្បធម៌ និងសង្គមទាំងអស់ ហើយប៉ះពាល់ដល់គូស្វាមីភរិយាក្នុងវ័យបន្តពូជប្រមាណពី១០ទៅ១៥ ភាគរយ ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនគូស្វាមីភរិយាដែលស្វែងរកការព្យាបាលការពិបាកមានកូនបានកើន ឡើង យ៉ាងច្រើន។
តើអ្វីជាការពិបាកមានកូន?
ការពិបាកមានកូនមានន័យថា ការមិនអាចមានគភ៌បន្ទាប់ពីព្យាយាមអស់រយៈពេលមួយឆ្នាំ ឬប្រាំមួយខែ ក្នុងករណីស្ត្រីស្ថិតនៅក្នុងវ័យ៣៥ឆ្នាំឬ ចាស់ជាងនេះ។ ស្ត្រីដែលអាចមានគភ៌ ប៉ុន្តែមិនអាចរក្សាគភ៌បាន ក៏អាចចាត់ទុកថាពិបាកមានកូនបានដែរ។
សុំអ្នកស្រីពន្យល់ត្រួសៗពីដំណាក់កាលនៃការកកើតរបស់គភ៌?
ការមានគភ៌ គឺជាលទ្ធផលនៃដំណាក់កាលជាច្រើន។ ដើម្បីមានគភ៌ សព៌ាង្គកាយរបស់ស្ត្រីត្រូវបញ្ចេញមេជីវិតញីពីអូវែរមួយរបស់ខ្លួន (ដំណើរអូវុល)។ មេជីវិតញីត្រូវឆ្លងកាត់ដៃស្បូនទៅកាន់ស្បូន។ មេជីវិតឈ្មោលបង្កកំណើតជាមួយមេជីវិតញីនៅក្នុងដៃស្បូន។ មេជីវិតញីបង្កកំណើតត្រូវចូលទៅផ្នែកខាងក្នុងនៃស្បូន។ ការពិបាកមានកូនអាចកើតឡើងប្រសិនបើមានបញ្ហានៅក្នុងដំណាក់កាលណា មួយ នៃដំណើរនេះ។
តើការពិបាកមានកូនមានលក្ខណៈអចិន្រៃ្តយ៍ឬទេ?
ការពិបាកមានកូនអាចជាបញ្ហាបណ្តោះអាសន្ន ហើយវាអាចកើតឡើងដោយសារមូលហេតុច្រើនខុសៗគ្នា។ ជួនកាលគូស្វាមីភរិយាមួយគូអាចប្រឈមច្រើនជាងមួយបញ្ហា។ មូលហេតុជាច្រើននៃបញ្ហាទាំងនេះអាចកែប្រែបាន។ ទាំងបុរសទំាងស្ត្រីគួរតែធ្វើតេស្ត។ ក្នុងចំណោមគូស្វាមីភរិយាដែលពិបាកមានកូនពី១៥ទៅ២០ភាគរយ បណ្តាលមកពីបុរស និងស្ត្រី។ ពី៣៥ទៅ៤០ភាគរយ បណ្តាលមកពីបុរស ហើយ៣៥ទៅ៤០ភាគរយបណ្តាលមកពីស្ត្រី។ ចំណែកឯ២០ភាគរយផ្សេងទៀត មិនដឹងមូលហេតុច្បាស់លាស់។
តើគេអាចធ្វើរោគវិនិច្ឆ័យលើការពិបាកមានកូនបានយ៉ាងដូចម្តេច?
គូស្វាមីភរិយាជាទូទៅត្រូវបានណែនាំឲ្យទៅស្វែងរកជំនួយផ្នែក វេជ្ជសាស្ត្រ បើពួកគេមិនអាចមានគភ៌បន្ទាប់ពីការរួមភេទដោយឥតមានការការពារ អស់រយៈពេលមួយឆ្នាំហើយ។ វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យសុខភាពដៃគូទាំងពីរ ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពទូទៅរបស់ពួកគេ និងដើម្បីវាយតម្លៃអំពីភាពមិនប្រក្រតីនៃសព៌ាង្គកាយដែលអាចបណ្ដាល ឲ្យមានការពិបាកមានកូន។ ជាទូទៅ ដៃគូទាំងពីរត្រូវបានសាកសួរទាក់ទងនឹងទម្លាប់រួមភេទដើម្បី បញ្ជាក់ថា តើការរួមភេទនេះមានលក្ខណៈត្រឹមត្រូវសម្រាប់ការបង្កកំណើតដែរឬ ទេ?
ប្រសិនបើរកមិនឃើញមូលហេតុក្នុងដំណាក់កាលនេះទេ នឹងមានការណែនាំឲ្យធ្វើតេស្តជាក់លាក់បន្ថែមទៀត។ សម្រាប់ស្ត្រី តេស្តទាំងនេះអាចរួមមានការវិភាគលើសីតុណ្ហភាពសព៌ាង្គនិងដំណើរ អូវុល ការឆ្លុះកាំរស្មីអ៊ិចដៃស្បូន និងស្បូន និងការឆ្លុះពោះ (laparoscopy)។ ចំពោះបុរស ការធ្វើតេស្តដំបូងគឺផ្តោតលើការវិភាគទឹកកាម។
តើអ្វីជាមូលហេតុបណ្តាលឲ្យគូស្វាមីភរិយាពិបាកមានកូន?
បុរសអាចមានបញ្ហាពិបាកមានកូន ដោយសារគាត់មិនមានស្ពែមគ្រប់គ្រាន់ ស្ពែមមិនធ្វើចលនា ឬបំពេញមុខងារត្រឹមត្រូវ ឬស្ទះបំពង់បង្ហូរទឹកកាម។ ជំងឺ គ្រុនក្តៅ ឬជំងឺឆ្លង និងភាពមិនប្រក្រតីពីកំណើតអាចជាកត្តាបង្កឲ្យមានបញ្ហាទាំងនេះ មកលើបុរស។ សូមរង់ចាំអានបន្តនៅថ្ងៃពុធសប្ដាហ៍ក្រោយ។
0 Comments:
Post a Comment