ជប៉ុន ចេញព្រាង គម្រោងគោល នយោបាយ មហាសមុទ្រ រយៈពេលប្រាំឆ្នាំ
តូក្យូ៖ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃចន្ទ កន្លទៅនេះ បានចេញផ្សាយសេចក្តីព្រាង នៃគម្រោង រយៈពេលប្រាំឆ្នាំ នូវ គោលនយោបាយមហាសមុទ្រ ក្នុងគោលដៅ បង្កើនការអភិវឌ្ឍន៍ ប្រភពធនធានបាតសមុទ្រ និងបង្កើនការត្រួតពិនិត្យ ស្ថានភាពនានា នៅបាតសមុទ្រ ជុំវិញតំបន់ក្រោមអធិបតេយ្យភាពរបស់ខ្លួន។
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ បានឲ្យដឹងថា តាមរយៈគម្រោងនេះ ប្រទេសជប៉ុន នឹងធ្វើការរុករកនូវសារធាតុមេតានអ៊ីដ្រេត និងផ្ទៃដ៏កម្រ នៅបាតសមុទ្រក្នុងរយៈពេលបីឆ្នាំខាងមុខ ព្រមទាំងបង្កើនការអភិវឌ្ឍន៍បច្ចេកវិទ្យា សម្រាប់ផលិតនូវផលិតផលដែលផ្សំពីឧស្ម័នមេតានអ៊ីដ្រេត ដែលនឹងចាប់ ផ្តើមក្នុងឆ្នាំ២០១៨ខាងមុខ។
ក្នុងសេចក្តីព្រាងនេះក៏បានបញ្ជាក់ពីការបង្កើននូវការត្រួតពិនិត្យស្ថានភាពដែនសមុទ្រ នៅក្នុងតំបន់ក្រោមដែនអធិបតេយ្យភាពរបស់ជប៉ុន ព្រមទាំងបំពាក់នូវយន្តហោះ និងនាវាឆ្មាំសមុទ្រ របស់ជប៉ុន រួមជាមួយកម្លាំងការពារផ្ទាល់របស់ជប៉ុននៅទីនោះផងដែរ។
សេចក្តីរាយការណ៍ក្នុងស្រុកក៏បានបញ្ជាក់ផងដែរថា សេចក្តីព្រាងនេះនឹងធ្វើឡើងដើម្បីជំនួសឲ្យ គម្រោងមហាសមុទ្រដែលបានតាក់តែងឡើងតាំងពីឆ្នាំ២០០៨កន្លងទៅនេះ ដោយសេចក្តីព្រាងនេះនឹងត្រូវបានចេញសេចក្តីសម្រេចចុងក្រោយនៅពាក់កណ្តាលខែមេសាខាងមុខនេះ៕
0 Comments:
Post a Comment