ដើម្បីជាជំនួយដល់មិត្ដអ្នកអាន ក្នុងការស្វែងយល់អំពី បញ្ហាផ្សេងៗដែលទាក់ទងនឹងការជាំមុខ គេហទំព័រសុខភាពកម្ពុជា សូមនាំមកជូននូវការបកស្រាយ របស់លោកវេជ្ជបណ្ឌិត ថៃ គា អ្នកឯកទេសជម្ងឺសើស្បែក។
ស្នាមជាំនៅលើមុខ ជាអ្វី?
ស្នាមជាំនៅលើមុខ ឬមុខជាំ គឺសំដៅដល់ស្លាកស្នាមទាំងទ្បាយណា ដែលមានពណ៌ក្រម៉ៅជាងស្បែកធម្មតា ដោយរាប់ចាប់ពី ចំណុចតូចៗទ្បើងទៅ។
មូលហេតុដែលនាំឱ្យជាំមុខ
ជាំមុខស្ដែងចេញមកពីមូលហេតុ ច្រើនប្រការណាស់។ ប៉ុន្ដែសម្រាប់ពេលនេះ សូមលើកយកតែមូលហេតុបីចម្បងមក ជម្រាបជូនដែលឧស្សាហ៍ ជួបប្រទះជាងគេនាពេលបច្ចុប្បន្ននេះ។
• ស្បែកមុខជាំដោយសារមានផ្ទៃពោះ ៖ វាជារឿង ធម្មតា ព្រោះអ័រម៉ូននៅក្នុងរាងកាយស្ដ្រីត្រូវបានប្រែប្រួល នាំឱ្យមាន បាតុភូតផ្សេងៗ រមែងលេចចេញ ជាពិសេសលើស្បែកនៅពេល មានផ្ទៃពោះនូវស្នាមស្បែក ដូចជាបែកសង្វា ជាំមុខជាដើម។
• ស្បែកមុខជាំដោយសារកម្ដៅថ្ងៃ ៖ ការធ្វេស ប្រហែស និងការមើលស្រាលចំពោះកម្ដៅថ្ងៃដែលចែងចាំងមកលើស្បែក អាចបណ្ដាលឱ្យមានអាការ ជាំមុខទាំងផ្ទាំងៗតែម្ដង។ កម្ដៅថ្ងៃបន្ដិចម្ដងៗបានធ្វើឱ្យលោកអ្នក ដែលមានការងារនៅក្រោមកម្ដៅ ទោះ មាន ឬមិនមានអ្វីមកបិតបាំងដើម្បីទប់ទល់នឹងកម្ដៅថ្ងៃ ជាមួយនឹងការមិនបានប្រើប្រាស់ផលិតផលការពារកម្ដៅផងនោះ បានធ្វើឱ្យ ស្បែកផ្ទៃមុខរងការជាំ ឬស្រអាប់។ មិនតែប៉ុណ្ណោះ កន្លែងផ្សេងដែលរងកម្ដៅក៏ជាំខ្មៅដូចគ្នាដែរ គ្រាន់តែកម្រិតខុសគ្នាតិច ឬច្រើន ។ ទោះបីជាយ៉ាងណា ស្បែកមុខងាយរងកម្ដៅថ្ងៃច្រើនជាងស្បែកនៅកន្លែងផ្សេងៗទៀត។
• ស្បែកមុខជាំដោយសារ ការប្រើប្រាស់ឱសថ ឬផលិតផល ៖ ផលិតផល រក្សាសម្រស់មួយចំនួនធំ ដែលផ្ទុកសារធាតុគីមីមិន ថាប្រេង ឬជែល(ចាហួយ) ទ្បេ ក្រែម ម្សៅជាដើម សុទ្ធតែជាដើមចមនៃ ការជាំមុខទាំងអស់ គ្រាន់តែតិច ឬច្រើនអាស្រ័យទៅលើសមាសធាតុ ផ្សំរបស់វាតែប៉ុណ្ណោះ។ ដូចលោកអ្នកជ្រាបស្រាប់រួច មកហើយតាមរយៈការឃោសនា ពាណិជ្ចកម្មដែលច្រើន រៀបរាប់ពីការ ប្រើផលិតផលក្នុងរយៈពេលខ្លី តែអាចធ្វើឱ្យស្បែកសបាន។ ផលិតផលទាំងអស់នោះហើយ នៅពេលប្រើដំបូង លោកអ្នកប្រាកដជាបាន ទទួលនូវស្បែកសស្រស់ស្អាតរលោងគួរឱ្យចង់ថ្នាក់ថ្នមមិនខានទ្បើយ។ មិនមាននរណាគិតស្មានថា ភាពស្រស់ស្អាតរលោងនេះ ប្រែក្លាយ ទៅជាជាំស្រអាប់ មិនគួរឱ្យចង់សម្លឹងមើលទៅវិញ។ ក្រៅពីនេះមានឱសថប្រភេទខ្លះដែលមានផ្សំពីសារធាតុអ័រម៉ូន នៅពេលប្រើ ប្រាស់យូរទៅនឹងអាចមាន ផលប៉ះពាល់ដល់ស្បែកមុខ ដូចជាកើតមុន ឬជាំផ្ទៃមុខតែម្ដង។
វិធីព្យាបាលស្បែកមុខជាំ
មិនមានឱសថសក្ដិសិទ្ធណាមួយ អាចព្យាបាលមុខជាំឱ្យ ជាដាច់ស្រឡះបានទេ។ ការព្យាបាលមុខជាំត្រូវ ធ្វើទ្បើងទៅតាមមូល ហេតុ ឬក៏សណ្ឋានរបស់ស្បែកដែលជាំ។
• ប្រសិនបើស្បែកមុខជាំដោយសារ ការមានផ្ទៃពោះ មិនចាំបាច់បារម្ភ ហើយស្វះស្វែងរកថ្នាំសម្រាប់ព្យាបាលនោះទេ ពី ព្រោះមុខជាំនេះនឹងបាត់ទៅវិញ នៅក្រោយពេលសម្រាលបាន៤ ឬ៥ខែ។
• ប្រសិនបើស្បែកមុខជាំដោយសារកម្ដៅថ្ងៃ ចាំបាច់ត្រូវតែព្យាបាល។ វិធីល្អបំផុត ត្រូវគេចចេញពីកម្ដៅថ្ងៃឱ្យបានច្រើន បំផុត រួចទៅរកគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា។
• មួយវិញទៀត បើស្បែកមុខជាំដោយសារការប្រើផលិតផល ឬឱសថនោះ ពិតជាពិបាកហើយ។ មិនមានការស្រាវជ្រាវ ខាងផ្នែកវេជ្ជសាស្ដ្រណាមួយ ដែលបង្ហាញថាសម្រាប់ព្យាបាល មុខជាំប្រភេទ នេះទេ។ មានវិធីតែមួយគត់ គឺបញ្ឈប់ជាបន្ទាន់នូវការប្រើ ប្រាស់ផលិតផលទាំងនោះ ឬក៏ថ្នាំដែលមានផ្ទុកសារធាតុអ័រម៉ូន។ លោកអ្នកចាំបាច់ត្រូវជ្រាបថា ផលិតផលរក្សាសម្រស់ក៏ជាឱសថដែរ ដោយគ្រាន់តែត្រូវបានកែច្នៃក្រោម រូបភាពផ្សេងៗគ្នា ដូចជាប្រេង ទ្បេ ក្រែម ម្សៅជាដើម។ សំខាន់ជាងនេះទៅទៀត ប្រការគ្រោះ ថ្នាក់បំផុតនៅពេលដែលលោកអ្នក យកផលិតផលទាំងនោះទៅលាយបញ្ចូលគ្នា ប្រៀបដូចជាលោកអ្នកកំពុង បំផ្លាញភាពស្រស់ស្អាត របស់ខ្លួនឯងដូច្នោះដែរ។ សូមកុំជឿការឃោសនាមួយ ចំនួនដែលថាអាចព្យាបាលមុខជាំបានឱ្យសោះ បើទោះជាបានមែនក៏ត្រឹមតែមួយ រយៈពេលខ្លី រួចផ្ទៃមុខនឹងត្រទ្បប់ មកដូចដើមវិញ អ្វីដែលគួរឱ្យបារម្ភនោះ គឺអាក្រក់លើសដើម។
វិធីបង្ការជាំមុខ
ថ្វីត្បិតតែមុខជាំមិនមានវិធី សម្រាប់ព្យាបាលបាន ប៉ុន្ដែវាពិតជាមានវិធីសម្រាប់បង្ការកុំឱ្យជាំមុខបាន។ វិធីងាយមួយចំនួន ទាមទារឱ្យលោកអ្នកអនុវត្ដឱ្យបាន ដើម្បីរូបសម្ផស្សរបស់លោកអ្នក។
1. ចំណុចទី១ ៖ លោកអ្នកគប្បីចៀស វាងឱ្យបាននូវពន្លឺព្រះអាទិត្យ ព្រោះថាកម្ដៅថ្ងៃនៅប្រទេសយើង សព្វថ្ងៃនេះក្ដៅខ្លាំង ណាស់ ដែលអាចបង្កបញ្ហាដល់ស្បែកយ៉ាងច្រើន។ ករណីមិនអាចចៀសវាងបាន លោកអ្នកត្រូវបិតបាំងគ្រប់ផ្នែក ទាំងអស់នៃរាងកាយ ដែលរងកម្ដៅ ជាពិសេសផ្ទៃមុខ ព្រោះផ្ទៃមុខងាយរងកម្ដៅជាងកន្លែងណាៗទាំងអស់។ ម្យ៉ាងទៀតលោកអ្នកគួរតែ ប្រើផលិតផលការពារកម្ដៅថ្ងៃ រាល់ពេលដែលលោក អ្នកចេញហាលថ្ងៃ ដោយប្រើមួក ឬឆ័ត្រដើម្បីទប់ស្កាត់កម្ដៅ។ ចំពោះការប្រើប្រាស់ផលិត ផលការពារកម្ដៅថ្ងៃ លោកអ្នកត្រូវប្រយ័ត្នប្រយែង បើមិនដូច្នោះទេ វារិតតែធ្វើឱ្យផ្ទៃមុខរបស់លោកអ្នកអាក្រក់លើសដើម ដែលនិយមហៅ ថាមុខខ្លោច។ លោកអ្នកមិនគួរនៅក្រោម កម្ដៅថ្ងៃលើសពី១៥នាទីទេ។
2. ចំណុចទី២ ៖ លោកអ្នកមិនត្រូវ ចេះតែប្រើផលិតផល រក្សាសម្រស់ផ្ដេសផ្ដាសនោះទេ។ ការប្រើប្រាស់ផលិតផលទាំងនោះ អាចធ្វើឱ្យលោកអ្នកសោកស្ដាយអស់មួយជីវិត។ ប៉ុន្ដែប្រើភ្លាមមិនធ្វើឱ្យខូចមុខភ្លាមនោះទេ ទាល់តែប្រើរយៈពេលយូរ ទើប លេចចេញជារូបរាង។
តាមការសង្កេតជាទូទៅ នៅពេលបច្ចុប្បន្ននេះ មានស្ដ្រីជាម្ដាយវ័យក្មេងមួយចំនួន ដែលមានបំណងចង់ឱ្យកូនស្អាត ទាំងកូន ប្រុស និងកូនស្រីទើបនឹងមានវ័យជំទង់សោះ ខំជំរុញឱ្យពួកគេប្រើប្រាស់ផលិតផលទាំងនោះ។ ជាលទ្ធផល ធ្វើឱ្យស្បែកដ៏ស្អាតរបស់ ក្មេងទទួលរងនូវការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជួនកាលបណ្ដាលឱ្យកើតមហារីកស្បែក ទៀតផង។ លោកវេជ្ជបណ្ឌិត ថៃ គា បានបន្ថែមថាកាលពីមុនការជាំមុខ ច្រើនតែកើតមានចំពោះអ្នកដែលមានវ័យពី៣០ទ្បើងទៅ ប៉ុន្ដែនៅពេលបច្ចុប្បន្ននេះ ក្មេងត្រឹមអាយុ១៥ឆ្នាំក៏កើត ជាំមុខដែរ។
ដំបូន្មានអ្នកជំនាញ
មុននឹងសម្រេចចិត្ដប្រើប្រាស់ ផលិតផលអ្វីមួយ សូមគិតពីផលប៉ះពាល់របស់វាជាមុនសិន។ ប្រការប្រសើរ គួរទៅជួបជាមួយ គ្រូពេទ្យជំនាញជាមុនសិន ដើម្បីឱ្យច្បាស់ថាប្រភេទស្បែក របស់លោកអ្នកសក្ដិសម នឹងផលិតផលបែបណា។
អត្ថបទ និងរូបភាពរក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com


0 Comments:
Post a Comment