Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, May 11, 2013

ទស្សនៈ៖ នៅ​កម្ពុជា​គ្មាន​វប្បធម៌​ស្នង​តំណែង​បន្តវេន​ពី​ឪពុក​មក​កូន​ នោះ​ទេ!

0 Comments
ទស្សនៈ៖ នៅ​កម្ពុជា​គ្មាន​វប្បធម៌​ស្នង​តំណែង​បន្តវេន​ពី​ឪពុក​មក​កូន​ នោះ​ទេ!


ការប្រៀបធៀប ដ៏ខុសឆ្គងប្រាសចាកពីការពិតនៃរបបនយោបាយនៅកម្ពុជា ត្រូវបានអ្នកវិភាគ ដែលមាននិន្នាការប្រឆាំងមួយចំនួន ដែលតាំងខ្លួនថា ជាអ្នកវិភាគឯករាជ្យ បាន យកមកបកស្រាយ បំផ្លើស បំភ័ន្ត ប្រជាពលរដ្ឋខ្មែរ ដោយពុំផ្អែកលើមូលដ្នានច្បាស់លាស់ និងពុំបានឆ្លុះបញ្ចាំងអំពីតថភាពពិត ប្រាកដនៅក្នុងសង្គមកម្ពុជាឡើយ ។
តើការប្រៀបធៀបដែលពោរពេញទៅដោយ កំហុសឆ្គង ខ្វះគតវិនិច្ឆ័យរបស់ក្រុមអ្នកវិភាគទាំងនេះធ្វើទ្បើងក្នុងចេតនា អ្វី? ហើយដើម្បីអ្វី?
ការពិតណាស់ ក្នុងការប្រៀបធៀប មួយដែលគ្មានលក្ខណៈតក្កវិទ្យា គឺអ្នកវិភាគទាំងនោះភាគច្រើន ទទួលបាននូវការស្តីបន្ទោសអំពី ការគ្មាន អព្យាក្រឹតភាពនៃគោលជំហរ របស់ខ្លួន និងអាច បង្កជាឧបសគ្គរាំងស្ទះដល់ដំណើរការអនុវត្ត លទ្ធិប្រជាធិបតេយ្យ ទៀតផង ។ ការវិភាគបែបនោះមានន័យស្មើនឹងការរុញ ច្រានប្រទេសជាតិឲ្យធ្លាក់ ចូលក្នុងភាពវឹកវរ ឬកកើតជាភ្លើងសង្គ្រាមសារ ជាថ្មីបាន ប្រសិនបើប្រជាពលរដ្ឋមិនបានពិចារណា និងជឿតាមការញុះញង់ទាំងនោះ ។
ដូចដែលប្រវត្តិសាស្ត្របានបង្ហាញរួចមកហើយថា កម្ពុជាបានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមអស់ជាង ៣ទសវត្សរ៍ មកហើយ ហើយទើបតែមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញក្រោមនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន នាចុងឆ្នាំ១៩៩៨ ប៉ុណ្ណោះ ។ ដូច្នេះ ប្រសិនបើគេវិភាគទៅលើអត្ថន័យនៃសារនយោបាយរបស់គណបក្សប្រឆាំង រួមជាមួយអ្នកវិភាគ ដែលមាននិន្នាការប្រឆាំងមួយចំនួនដែលកំពុងជួយ ជ្រោមជ្រែង ប្រជែងអំណាច ជាមួយរាជរដ្ឋាភិបាល ពិសេសជាមួយគណបក្សប្រជាជនកម្ពុជានោះ គេនឹងឃើញយ៉ាងច្បាស់នូវរូបភាពនៃវប្បធម៌ញុះញង់ បំភ័ន្ត សាធារណមតិជាតិ និងអន្តរជាតិ ដែលបង្កប់ក្នុងសារនយោបាយ និងបទវិភាគទាំងអស់នោះជាក់ជាមិនខាន ។
ជាក់ស្តែង ជារឿយៗ ក្នុងបទសម្ភាសតាមរយៈវិទ្យុបរទេសផ្សាយជាខេមរៈភាសា មានបុគ្គលខ្លះបានតាំងខ្លួនជាអ្នកវិភាគឯករាជ្យ (ខាងប្រឆាំង) បានវិភាគលើប្រធានបទស្តី អំពី (ការរៀបចំបន្តវេនសម្រាប់តួនាទីជាអ្នកដឹកនាំ) ដែលក្នុងបទសម្ភាសនោះ គេបាននិយាយពីការស្នងតំណែងពីឳពុកមកកូន ពីបងមកប្អូន ឬនៅក្នុងរង្វង់គ្រួសារសាច់ញាតិ ដោយលើកយកប្រទេស គូបា កូរ៉េខាងជើង មកប្រៀបធៀបជាមួយកម្ពុជា ថា កំពុងតែមានការរៀបចំអោយមានការបន្តវេនជាអ្នកដឹកនាំ ដូចប្រទេសអស់ទាំងនោះអញ្ចឹងដែរ ។
ការពិត ការវិភាគដែលពុំសមហេតុផលរបស់ក្រុមប្រឆាំង ត្រូវបានក្រុមអ្នកតាមដានស្ថានការណ៍នយោបាយប្រទេសកម្ពុជា មើលឃើញថា ជាការធ្វើមិនយល់អំពីបែបបទនៃការគ្រប់គ្រងរដ្ឋ និងរបបនយោបាយពិតនៅកម្ពុជា វាជាកំហុសឆ្គងមួយយ៉ាងធ្ងន់ធ្ងរជាទីបំផុត ព្រោះការប្រៀបធៀបដោយយកកម្ពុជា ជាប្រទេសដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវរបបប្រជាធិបតេយ្យ សេរីពហុបក្ស ប្រដូច ប្រទេស ដែលមានរបបគ្រប់គ្រងរដ្ឋ តាមបែបកុម្មុយនិស្ត ផ្តាច់ការ គឺជាការប្រមាថទាំងកំរោលទៅលើអំណាច នីតិរដ្ឋ នៅកម្ពុជា ។
ក្រុមអ្នកវិភាគអស់ទាំងនោះគួរណាស់យល់ថា ប្រទេសមួយដែលទើបតែងើបចេញពីភ្លើងសង្គ្រាមពីរបបនៃការកាប់សម្លាប់ មនុស្សយ៉ាងរង្គាល រហូតមានសន្តិភាព និងបន្តពង្រឹងនីតិរដ្ឋ កសាងវប្បធម៌សន្តិភាព អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ បណ្តុះបណ្តាលធនធានមនុស្ស ទម្រាំធានាបាននូវភាពរឹងមាំដូចសព្វថ្ងៃ គឺជាបេសកកម្មដ៏លំបាក និងស្មុគស្មាញខ្លាំងណាស់ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន កម្ពុជា បាននឹងកំពុងអនុវត្ត ។
ជាការពិតណាស់ ស្របតាមបរិបទបម្រែបម្រួលកត្តាធម្មជាតិ ក៏បានផ្សាភ្ជាប់គ្នា ផងដែរ ទៅ
នឹងវ័យវឌ្ឍនាការនៃអាយុរបស់មនុស្ស ពីក្មេងទៅពេញកម្លាំង ពីពេញកម្លាំងទៅមនុស្សចាស់ និងការថមថយកម្លាំង ដែលត្រូវជំនួសដោយយុវជនជំនាន់ក្រោយ ។
រលកក្រោយរុញច្រានរលកមុន វាជាក្រិតក្រមសត្យានុម័តរបស់ធម្មជាតិ ។ យ៉ាងណាមិញ សម្រាប់ប្រទេសកម្ពុជាដែលប្រកាន់ខ្ជាប់នូវរបបប្រជាធិបតេយ្យ សេរីពហុបក្ស ក៏ដូចគ្នានេះដែរ នៅពេលដែលអ្នកនយោបាយ ឬមន្ត្រីមុខងារសាធារណៈ សូម្បីវិស័យឯកជន ក៏ដូចគ្នាដែរ នៅពេលមានវ័យចំណាស់ខ្លាំង គឺ នឹងត្រូវចូលនិវត្តន៍លាឈប់ពីមុខនាទីដើម្បីទុកឱកាសឲ្យអ្នក ដែលមាន សមត្ថភាព កម្លាំងមាំមួន បន្តវេន ។
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា គឺ«ទំពាំងត្រូវតែស្នងឫស្សី» ដូចនេះ ការបញ្ចេញតួអង្គយុវជន ដែលពោរពេញទៅដោយសក្ដានុពលដើម្បីប្រឡូកក្នុងឆាកនយោបាយជួរមុខរបស់ គណបក្សប្រជាជនកម្ពុជា ក៏ មិនមានអ្វីគួរអោយចម្លែកនោះដែរ ព្រោះថា ក្នុងចំណោមប្រទេសមហាអំណាចដែលប្រកាន់នៅរបបប្រជាធិបតេយ្យ មួយចំនួន នៅលើសកលលោក មេដឹកនាំសុទ្ធតែចេញមកពីស្រទាប់យុវជន ហើយស្ថិតនៅក្នុងត្រកូលជាមេដឹកនាំតែមួយ ទៀតផង វាអាស្រ័យ ទៅនឹងសមត្ថភាពរបស់អ្នកបន្តវេននោះ ។
ជាក់ស្តែងដូចជា អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក George H.W. Bush បន្ទាប់មក លោក George W Bush ដែលជាកូនបានបន្តទ្បើងធ្វើជាប្រធានាធិបតី ។ នៅប្រទេសឥណ្ឌា លោកស្រី ឥន្ទ្រគន្ធី (Indira Gandhi) កូនរបស់ Nehru ឡើងធ្វើជានាយករដ្ឋមន្ត្រី ក្រោយមកកូនស្រីរបស់លោក ក៏ក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសនេះ ផងដែរ ។ ដូចគ្នានេះដែរ នៅប្រទេសកម្ពុជា បើឪពុកជានាយករដ្ឋមន្ត្រី កូនក៏អាចក្លាយជានាយករដ្ឋមន្ត្រីដូចគ្នា ប្រសិនបើកូននោះមានសមត្ថភាព និងមានការគាំទ្រ បេក្ខភាពជានាយករដ្ឋមន្ត្រីក្នុងផ្ទៃក្នុងបក្ស ហើយ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតបែប ប្រជាធិបតេយ្យ សេរីពហុបក្ស និងលក្ខណៈត្រឹមត្រូវ និងយុត្តិធម៌ គឺនៅកម្ពុជា មិនមានការប្រកាសបន្តដំណែងដឹកនាំប្រទេស តាមបែបលើកបន្តុប ដោយរំលង ឆន្ទៈ និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតនោះឡើយ ។
ការបន្តវេនបែបនេះ តើគួរគប្បីក្រុមអ្នកវិភាគ ដែលមាននិន្ទាប្រឆាំងចាត់ទុកថា ជាវប្បធម៌ផ្ទេរអំណាចពីឪពុកមកកូនដែរឬទេ ? ហើយវារិតតែអាក្រក់ខ្លាំងណាស់ទៅទៀត នៅពេលដែលអ្នកវិភាគគាំទ្របក្សប្រឆាំងទាំងនោះ មិនបានលើកឡើងសម្បីតែមួយមាត់ អំពី សមត្ថភាព និងសកម្មភាពការងារជាក់ស្តែងរបស់ក្រុមយុវជនបន្តវេន ដែលបាន និងកំពុងធ្វើការយ៉ាងមមាញឹក និងដោយការទទួលខុសត្រូវខ្ពស់ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន បែរជាពួកគេ មានតែការប្រៀបប្រដូច តែម្យ៉ាងអំពីការបន្តដឹកនាំប្រទេស តាមប្រទេសផ្តាច់ការទៅវិញ ។
សរុបមក នៅកម្ពុជាគ្មានទេវប្បធម៌នៃការស្នងតំណែង ក្នុងជួរថ្នាក់ដឹកនាំជាតិក្នុងសមយ័ថ្មីរបស់កម្ពុជា សូម្បីតែស្ថាប័នព្រះមហាក្សត្រ ក៏ត្រូវឆ្លងកាត់ការជ្រើសតាំងពីក្រុមប្រឹក្សារាជសម្បត្តិដែរ មុននឹងឡើងគ្រងរាជ្យបល្ល័ង្ក ។
ក្នុងបរិបទរបស់សង្គមកម្ពុជា គឺមានតែប្រជាពលរដ្ឋទេ ជាម្ចាស់អំណាច ដែលជាអ្នកសម្រេចជ្រើសរើសមេដឹកនាំជាតិ គឺការចូលរួមតាមរយៈការផ្តល់សន្លឹកឆ្នោត តាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ចំពោះអ្នកនយោបាយណា ដែលមានសមត្ថភាពពេញលេញ ក្នុងការចូលរួមកសាង អភិវឌ្ឍសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យធានាបានការរស់នៅប្រកបដោយភាពសុខដុមរម្យនា ។
ដូច្នេះ ការលើកទ្បើងរបស់អ្នកវិភាគដែលតាំងខ្លួនថាជាអ្នកវិភាគឯករាជ្យ វាគ្រាន់តែជា ចេតនាញុះញង់ បន្ទច់បង្អាក់ បង្កាច់បង្ខូច កិត្តិយស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ក្នុងចេតនា បន្ទាបបន្ថោកកិត្យានុភាពជាតិតែប៉ុណ្ណោះ ៕

រៀបចំដោយ: លាងលី
By : khmeronlinenews
ដោយ: ស្មាតបីយ៉ូធី

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com