Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, May 28, 2013

ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​ការ​អនុវត្ត​ច្បាប់

0 Comments


130524_08
លោក អំ សំអាត មន្រ្តីគ្រប់គ្រងបច្ចេកទេសនៃអង្គការសិទ្ធិមនុស្ស​លីកាដូ។​ រូបថត គឹម សារុំ​
បើ​ទោះ​ជា​ច្បាប់​ស្តី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ត្រូវ​បាន​អនុវត្ត​ជា​ធរមាន​ហើយ​ក្តី​ប៉ុន្តែ​ស្ថានភាព​នៃ​អំពើ​ហិង្សា​ ក្នុង​គ្រួសារ​ហាក់​កើន​ឡើង​ខណៈ​តួ​លេខ​បង្ហាញ​ថា​ចាប់​ពី​ដើម​ឆ្នាំ​ដល់​ខែ ​មេសា​ឆ្នាំ​នេះ​មាន​ចំនួន​១០១​ករណី​ក្នុង​នោះ​ស្លាប់​៣នាក់ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០១២ គឺ​មាន​តែ​៥៤​ករណី​ស្លាប់​២​នាក់​។ ក្រសួង​កិច្ចការ​នារី​និង​ដៃ​គូ​អភិវឌ្ឍន៍​ម្ចាស់​ជំនួយ​គ្រោង​នឹង​បង្កើត​ ឲ្យ​មាន​មជ្ឈមណ្ឌល​ផ្តល់​សេវា​នៅ​ទូទាំង​ប្រទេស​សម្រាប់​ផ្តល់​សេវា​ផ្លូវ​ ច្បាប់​ការ​ថែរក្សា​ការ​បណ្តុះ​បណ្តាល​ដល់​អ្នក​រងគ្រោះ​ពិសេស​ស្រ្តី​និង​ កុមារ​ការ​ជួញ​ដូរ​មនុស្ស​ការ រំលោភ​សេពសន្ថវៈ​។ មណ្ឌល​នេះ​បច្ចុប្បន្ន​មាន​តែ​នៅ​ក្នុង​ខេត្ត​តែ​ពីរ​ប៉ុណ្ណោះ​។
លោក អំ សំអាត មន្រ្តី​គ្រប់គ្រង​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​អង្កេត​និង​ធ្វើ​ការងារ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​បាន​ផ្តល់​បទ​ សម្ភាស​ដល់​កាសែត ភ្នំពេញ ប៉ុស្តិ៍ ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖​
តើ​លោក​សង្កេត​ឃើញ​ដូចម្តេច​ចំពោះ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​ ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​កិច្ច​ប្រតិបត្តិ​ច្បាប់​នេះ?
តាម​ពិត​រដ្ឋាភិបាល​បាន​ចេញ​ឲ្យ​អនុវត្ត​ច្បាប់​ស្តី​ពី​ច្បាប់​ការ​ទប់​ ស្កាត់​អំពើ​ហិង្សា​និង​កិច្ច​ការពារ​ជន​រងគ្រោះ​ជា​ធរមាន​រួច​ហើយ​តែ​ ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​ច្បាប់​មួយ​នេះ​ហាក់​ពុំ​មាន​ឥទ្ធិពល​ក្នុង​ ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​អ្នក​ប្រតិបត្តិ​បាន​ប្រសើរ​ ទេ​។ កន្លង​មក​អាច​មាន​ការ​រុញ​ដាក់​គ្នា​រវាង​ក្រសួង​កិច្ចការ​នារី​និង​ក្រសួង​ មហា​ផ្ទៃ​ព្រោះ​បញ្ហា​នេះ​គេ​បាន​ប្រគល់​នីតិសម្បទា​ទៅ​ឲ្យ​ក្រសួង​កិច្ចការ ​នារី​ដើរ​តួ​ជា​មន្រ្តី​នគរបាល​យុត្តិធម៌​ក្នុង​ការ​អនុវត្ត​ច្បាប់។ តែ​បើ​យើង​មើល​ទៅ​សួរ​ថា ក្រសួង​កិច្ចការ​នារី​អាច​ធ្វើ​ជា​មន្រ្តី​នគរបាល​យុត្តិធម៌​បាន​ទេ? ប្រសិ​ន​បើ​គ្មាន​ការ​ចូល​រួម​ពី​ក្រសួង​មហា​ផ្ទៃ​ពិសេស​គឺ​នគរបាល​ព្រោះ​ថា ​ការ​ទប់​ស្កាត់​បាន​លុះ​ណា​តែ​មាន​កង​កម្លាំង ដូច្នេះ​បញ្ហា​នេះ​កន្លង​មក​វា​នៅ​មាន​ភាព​ចម្រូង​ចម្រាស​គ្នា បន្តិច​តែ​ក្រោយ​មក​ក៏​មាន​កិច្ច​សហការ​គ្នា​ហើយ​ក្រសួង​កិច្ចការ​នារី​អាច​ ឈរ​ជា​ដើម​បណ្តឹង​បាន​ប្រសិន​បើ​ជន​រងគ្រោះ​មិន​ប្តឹង​ឬ​គាត់​នៅ​ជា​ អនីតិជន។
តើ​អំពើ​ហិង្សា​បែប​ណា​ចាត់​ជា​ទោស​រដ្ឋប្បវេណី​និង​បែប​ណា​ជា​ទោស​ព្រហ្មទណ្ឌ​?
នៅ​ក្នុង​ច្បាប់​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ គឺ​ការ​ដាក់​ទណ្ឌកម្ម​បាន​ចង្អុល​បង្ហាញ​ទៅ​ក្រម​ព្រហ្មទណ្ឌ​វិញ​។ ឧទាហរណ៍​ថា​បើ​ជន​ណា​បង្ក​របួស​ស្នាម​គឺ​ត្រូវ​ចោទ​ពី​បទ​បង្ក​របួស​ស្នាម​ ដោយ​ចេតនា​ឬ​អចេត​នា ជាដើម​ហើយ​បើ​អំពើ​ហិង្សា​នោះ​ជន​បង្ក​អាច​ធ្វើ​ឲ្យ ជន​រងគ្រោះ​ស្លាប់​គាត់​អាច​ត្រូវ​ជាប់​ចោទ​ជា​មនុស្ស​ឃាត​ដោយ​ចេតនា​ប៉ុន​ ប៉ង​មនុស្ស​ឃាត​ឬ​ក៏​មនុស្ស​ឃាត​ដោយ​អចេតនា​ដែល​វា​ចង្អុល​ទៅ​រក​ក្រម​ ព្រហ្មទណ្ឌ​។​នៅ​ក្នុង​ច្បាប់​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ប្រសិន​បើ​មាន​បទ​ល្មើស​ជាក់​ស្តែង ឬ​ក៏​មាន​កិច្ច​សុំ​អន្តរាគមន៍​ពី​ភាគី​ណា​មួយ​នោះ​គឺ​សមត្ថកិច្ច​ដែល​នៅ​ ជិត​បំផុត​មាន​សិទ្ធិ​ចូល​អន្តរាគមន៍ ដើម្បី​បញ្ចៀស​ជន​រងគ្រោះ​ឬ​បញ្ចៀស​ជន​បង្ក​ឬ​ជន​មុខ​សញ្ញា​ចេញ​ពី​កន្លែង​ នោះ​។ នេះ​ជា​ការ​តម្រូវ​នៅ​ក្នុង​ច្បាប់​តែ​ការ​អនុវត្ត​មិន​ទាន់​បាន​ព្រោះ​ការ​ ចូល​ទៅ​ក្នុង​ផ្ទះ ឬ​ទៅ​ឆែក​ឆេរ​ផ្ទះ​បាន​លុះ​ណា​តែ​មាន​ដីកា​ពី​តុលាការ​ហើយ​អាជ្ញាធរ​តែង​តែ​ ខ្លាច​ថា ប្រសិន​បើ​ចូល​ទៅ​អន្តរាគមន៍​តែ​ត្រូវ​ម្ចាស់​ផ្ទះ​ចោទ​ថា បាត់​របស់​ទ្រព្យ​នោះ​តើ​មាន​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​។ បើ​តាម​នីតិវិធី​ព្រហ្មទណ្ឌ​ព្រះ​រាជ​អាជ្ញា​ជា​អ្នក​ដឹក​នាំ​គឺ​គ្មាន​ បញ្ហា​ទេ​ព្រោះ​ជា​សមត្ថកិច្ច​ក្នុង​នាម​មន្រ្តី​រដ្ឋាភិបាល​។ កត្តា​រារាំង​មួយ​ទៀត​គឺ​នៅ​ពេល​រំដោះ​ជន​រងគ្រោះ​បាន​ហើយ​រដ្ឋ​មិន​មាន​ មជ្ឈមណ្ឌល​សម្រាប់​ដាក់​ជន​រងគ្រោះ បច្ចុប្បន្ន​មាន​តែ​មណ្ឌល​អង្គការ​តែ​ប៉ុណ្ណោះ​។ បញ្ហា​នេះ​បង្ហាញ​ថា​ខ្វះ​កិច្ច​ការពារ​ជន​រងគ្រោះ ដែល​ធ្វើ​ឲ្យ​ជន​នោះ​មាន​ការ​ភ័យ​ខ្លាច ហើយ​ធ្វើ​ឲ្យ​គាត់​មិន​បាន​គិត​ទៅ​ដល់​ទី​កន្លែង​សុវត្ថិភាព​ដោយ​ប្តី​វាយ​ គាត់​យ៉ាង​ណា​ក៏​ចេះ​តែ​ទ្រាំ​ទៅ ព្រោះ​មិន​ដឹង​ជា​រត់​ទៅ​ទី​ណា​ហើយ​ក៏​មិន​ហ៊ាន​ប្តឹង​ដែរ​។​បើ​គ្មាន​កិច្ច ​ការពារ។ ដូច្នោះ​យូរៗ​ទៅ​អាច​ធ្វើ​ឲ្យ​គាត់​មាន​គ្រោះថ្នាក់​កាន់​តែ​ធ្ងន់​ពេល​ ទ្រាំ​លែង​បាន​គាត់​ទៅ​ជា​គិត​ខុស​ឈាន​ដល់​ការ​សម្លាប់​ខ្លួន ដែល​ប្រពន្ធ​ត្រូវ​ស្លាប់ ឯ​ប្តី​ជាប់​គុក បន្សល់​ទុក​ឲ្យ​កូន​ឲ្យ​នៅ​វេទនា។
ប្រសិន​បើ ជា​ជន​វិកល​ចរឹត​ទៅ​បង្ក​របួសស្នាម​ឬ​ធ្វើ​ឲ្យ​ស្លាប់​ជន​រងគ្រោះ​ជា​សមាជិក​គ្រួសារ​តើ​មាន​ទោស​ទេ​តាម​ច្បាប់?
ប្រសិន​បើ​ច្បាប់​ទទួល​ស្គាល់​ថា គាត់​មិន​មាន​នីតិសម្បទា​គ្រប់​គ្រាន់​ឬ​គាត់​ជា​ជន​វិកលចរឹត ហើយ​ទៅ​ប្រព្រឹត្ត​ហិង្សា គឺ​គាត់​មិន​អាច​មាន​ទោស​ទេ​តែ​ជា​ទូទៅ​គាត់​ត្រូវ​ចេញ​ជា​សំណង​រដ្ឋប្បវេណី ​ដល់​ជន​រងគ្រោះ​តែ​មិន​មែន​គាត់​ចេញ​សង​ទេ​គឺ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​លើ​ បុគ្គល​នោះ។​តែ​បើ​សិន​ជា​មនុស្ស​គ្រប់​លក្ខណៈ​ហើយ​បាន​ទៅ​ប្រព្រឹត្ត​លើ​ជន ​វិកល​ចរឹត​គឺ​អ្នក​នោះ​ត្រូវ​ប្រឈម​នឹង​ច្បាប់​ធ្ងន់​ធ្ងរ​ណាស់​ពោល​គឺ​ ត្រូវ​បន្ថែម​ទោស​ពី​លើ​ទោស​ធម្មតា​មួយ​កម្រិត​ទៀត។
ចុះ​បើ​ប្តី​ឬ​ប្រពន្ធ​ប្រើ​ហិង្សា​ដាក់​គ្នា​ឲ្យ​ភាគី​ណា​មួយ​ស្លាប់​ឬ​របួស តើ​នគរបាល​ឬ​អាជ្ញាធរ​មាន​សិទ្ធិ​ឃាត់​ខ្លួន​ដែរ​ទេ បើ​ដូច​លោក​មាន​ប្រសាសន៍​ថា លុះ​ត្រា​តែ​មាន​ដីកា​ពី​តុលាការ?
ប្រសិន​បើ​មាន​ការ​សុំ​អន្តរាគមន៍​ឬ​មាន​បទ​ល្មើស​ជាក់ស្តែង​គឺ​អាជ្ញាធរ ​ដែល​នៅ​ជិត​កន្លែង​កើត​ហេតុ​បំផុត​អាច​ចូល​ទៅ​រំដោះ​ជន​រងគ្រោះ​ឬ​អាច​ឃាត់ ​ខ្លួន​ជន​បង្ក​បាន​ដោយ​មិន​បាច់​ចាំ​មាន​ដីកា​ពី​តុលាការ​ទេ ហើយ​ប្រគល់​ជន​ល្មើស​ឲ្យ​ទៅ​សមត្ថកិច្ច។
ដូចម្តេច​ទៅ ហៅ​ថា ដីកា​ការពារ​ហើយ​ក្នុង​ករណី​បែប​ណា​ទើប​តុលាការ​ចេញ​ដីកា​ការពារ​នេះ​? តើ​ដីកា​ការពារ​មាន​អនុភាព និង​សម្រាប់​ការពារ​ជន​ណា​ខ្លះ​?
ដីកា​ការពារ​មាន​ពីរ​គឺ​ដីកា​ការពារ​មួយ​មាន​រយៈ​ពេល​ខ្លី​ហើយ​ដីកា​ ការពារ​មួយ​មាន​រយៈ​ពេល​វែង​ក្នុង​ករណី​ជន​រងគ្រោះ​សុំ​ការ​ការពារ​ខាង​ ផ្លូវ​ច្បាប់។​ដីកា​ការពារ​រយៈ​ពេល​ខ្លី​មាន​សុពលភាព​២​ខែ​ប្រើ​សម្រាប់​ បំបែក​ជន​រងគ្រោះ​ទៅ​កន្លែង​ផ្សេង​២​ខែ​ដើម្បី​កុំ​ឲ្យ​ជន​បង្ក​នោះ​ទៅ​បង្ក ​ហិង្សា​ទៀត​និង​ហាម​ជន​នោះ​មិន​ឲ្យ​ជួប​ជន​រងគ្រោះ​បើ​ទោះ​ជា​នៅ​កន្លែង​ ការិយាល័យ​ធ្វើការ​ក៏​ដោយ នឹង​អាច​រក្សា​ទ្រព្យ​សម្បត្តិ​មិន​ឲ្យ​ភាគី​ណា​មួយ​លក់​ដូរ​បាន​ហើយ​ស្ថិត​ នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​តំណាង​ណា​មួយ​ក្នុង​គ្រួសារ។ ចំពោះ​ដីកា​ការពារ​រយៈ​ពេល​វែង​មាន​រយៈ​ពេល​៦​ខែ​គឺ​មាន​អនុភាព​ក្នុង​ការ​ គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​គ្រប់​គ្រង​កូន​និង​ការ​បំបែក​លំនៅ​សង្វាស​ឬ​ មួយ​គេ​យក​ជន​រងគ្រោះ​ទៅ​ដាក់​កន្លែង​ផ្សេង​រយៈ​ពេល​៦​ខែ​មុន​នឹង​សម្រេច​ អង្គ​សេចក្តី​។​សរុប​មក​ដីកា​ការពារ គឺ​សម្រាប់​រក្សា​សុវត្ថិភាព​ជន​រងគ្រោះ​និង​អ្នក​នៅ​ក្នុង​ផ្ទះ​រួម​នឹង​ ការពារ​ទ្រព្យ​សម្បត្តិ​និង​មិន​ឲ្យ​ទៅ​រំខាន​ក្នុង​ការងារ​របស់​ជន​ រងគ្រោះ។
ដីកា​ការពារ​មាន​អនុភាព​បង្គាប់​បញ្ជា​លើ​ជន​មុខ​សញ្ញា​លើ​អាជ្ញាធរ មាន​សមត្ថកិច្ច​និង​លើ​ជន​ដែល​ពាក់​ព័ន្ធ​នឹង​រឿង​ក្តី​នេះ។ ដីកា​ការពារ​នេះ ជា​វិធានការ​ផ្នែក​រដ្ឋប្បវេណី៕
ដោយលោក គឹម សារុំ
ប្រភពពី ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com