Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, May 28, 2013

លោក សាន ហាក់ បង្ហាញ​បទពិសោធ​ជា​មន្ត្រី​នគរបាល​ខេត្ត​បាត់ដំបង ៣៤ ឆ្នាំ

0 Comments

130308_08
លោក សាន ហាក់ ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាត់​ដំបង។ រូបថត គឹម យុទ្ធ​ណា
លោក​វរសេនីយ៍ឯក សាន ហាក់ អាយុ​៥៧​ឆ្នាំ ជា​ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង ទទួល​បន្ទុក​សន្តិសុខ។ លោក​កើត​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ លោក​បម្រើ​ការងារ​ជា​នគរបាល តាំងពី​ក្រោយ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ នៅ​ក្នុង​ខេត្ត​កំណើត​នេះ មក​ដល់​សព្វ​ថ្ងៃ មាន​រយៈពេល​៣៤​ឆ្នាំ។ ក្រៅ​ពី​ទទួល​វគ្គ​បណ្តុះ​បណ្តាល ៦ខែ ដើម្បី​ឲ្យ​ក្លាយ​ជា​មន្ត្រី​នគរបាល​ក្នុង​ឆ្នាំ​១៩៧៩ លោក​ក៏​ទទួល​ការ​បណ្តុះ​បណ្តាល​នៅ​ក្រៅ​ប្រទេស នៅ​ក្នុង​ប្រទេស ថៃ វៀតណាម សហព័ន្ធ​រុស្ស៊ី និង​សហរដ្ឋ​អាមេរិក​ផង​ដែរ។
បទពិសោធ ជា​មន្ត្រី​នគរបាល​មួយ​រូប ក្នុង​ការងារ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ជាពិសេស ការ​អនុវត្ត​នូវ​គោល​នយោបាយ​ភូមិ-ឃុំ សង្កាត់​មាន​សុវត្ថិភាព នៅ​ខេត្ត​មាន​លក្ខណៈ​ស៊ី​វិល័យ​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង១​លាន១​សែន​នាក់ គ្រប​ដណ្តប់​លើ​ផ្ទៃដី​១១.៧០២​គីឡូម៉ែត្រ​ក្រឡា​ចែកជា​១៣​ស្រុក ៩៦​ឃុំ និង​៧៤១​ភូមិ តើ​មាន​ប្រសិទ្ធភាព​ដូចម្តេច​ខ្លះ? ខាង​ក្រោម​នេះ​គឺជា​ខ្លឹមសារ​សម្ភាសន៍​រវាង លោក​ស្នងការ​រង សាន ហាក់ ជាមួយ​នឹង​ភ្នំពេញ ប៉ុស្តិ៍ ដែល​មាន​ជាអាទិ៍ ៖
តើ​មូល​ហេតុ​អ្វី ដែល​ជំរុញ​ចិត្ត​លោក​ឲ្យ​ចូល​ធ្វើ​ជា​នគរបាល​តាំង​ពី​រំដោះ​ភ្លាម?
ការ​ពិត​ទៅ ក្រោយ​ចាក​ចេញ​ពីរ​បប​ប៉ុល ពត ឆ្នាំ​១៩៧៩ មក ខ្ញុំ​ក៏​មិន​បាន​គិត​អ្វី​វែង​ឆ្ងាយ​ដែរ គ្រាន់​តែ​មាន​គំនិត​ថា មិន​ចង់​ឲ្យ​របប​កាប់​សម្លាប់​នោះ​កើត​ឡើង​វិញ រួច​ក៏​មាន​គំនិត​ថា ចង់​ចូលរួម​ចំណែក​កសាង​សុខសន្តិភាព​និង​រក្សា​សណ្តាប់​ធ្នាប់​សង្គម​ឲ្យ​មាន ​របៀបរៀប​រយ។ ពេល​នោះ​ខ្ញុំ​នៅ​ចាំ​បាន​ថា គេ​មិន​ទាន់​ហៅ​ឈ្មោះ​ថា​ជា ប៉ូលិស​ឬ​នគរបាល​ទេ គឺ​ដូចជា​កង​សន្តិសុខ​ម្នាក់ ហើយ​ក្រោយ​មក​ខ្ញុំ​ក៏​ត្រូវ​បញ្ជូន​ឲ្យ​មក​រៀន​វគ្គ​ខ្លី​នៅ​ភ្នំពេញ ដែល​ពេល​នោះ​សាលា​ប៉ូលិស នៅ​ប្លុក​បុរី​កីឡា ជិត​ស្តាត​អូឡាំពិក។
តើ​លោក​ជួប​ការ​លំបាក​អ្វីខ្លះ ក្រោយ​ពី​ចាប់​ផ្តើម​បំពេញ​ការងារ​ជា​មន្ត្រី​ប៉ូលិស រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ?
បើ​គិត​តាម​ដំណាក់​កាល ក្រោយ​ឆ្នាំ ១៩៧៩ គឺ​ពិតជា​ខុស​គ្នា​ខ្លាំង​មែន​ទែន។ ក្រោយ​សមាហរណកម្ម​ឆ្នាំ​១៩៩៨ គឺ​ក្រោយ​ដែល​យើង​ទទួល​បាន​សន្តិភាព​ពេញ​លេញ​នៅ​ទូទាំង​ប្រទេស ការងារ​គ្រប់គ្រង​សន្តិសុខ​ហាក់​មាន​ភាព​ប្រសើរ​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ រហូត​ដល់​បច្ចុប្បន្ន​នេះ ព្រោះ​យើង​ផ្តោត​តែ​ទៅ​លើ​ការ​បង្ការ និង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ការ​បង្ក្រាប​បទល្មើស ទប់ស្កាត់​បទល្មើស និង​បញ្ហា​អសន្តិសុខ​សង្គម​ផ្សេង​ដែល​កើត​មាន។ វា​ផ្ទុយ​ពីក្រោយ​ឆ្នាំ​១៩៧៩ គឺ​ការងារ​ពាក់​កណ្តាល ជា​កង​កម្លាំង​ប្រដាប់អាវុធ ពាក់​កណ្តាល​ជា​ការងារ​រដ្ឋបាល។ ពេល​នោះ​មាន​ការ​លំបាក​ច្រើន ពេល​ខ្លះ​ត្រូវ​បំពេញ​ការងារ​រដ្ឋ​បាល​ផង ហើយ​នៅ​ពេល​ខ្លះ​ត្រូវ​ចេញ​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​ខ្មែរ​ក្រហម​ដើម្បី​ សន្តិសុខ​ប្រជា​ពលរដ្ឋ។
តើ​អ្វី​ជា​ព្រឹត្តិការណ៍​តក់ស្លុត​និង​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆាក​ជីវិត​លោក ចាប់​តាំង​ពី​បាន​ធ្វើជា​មន្ត្រី​ប៉ូលិស​មក?
គឺមាន​ព្រឹត្តិការណ៍​នៅ​ក្នុង​ឆ្នាំ ១៩៨២​ឬ​ក៏​១៩៨៣ ដែល​កម្លាំង​ប្រដាប់​អាវុធ​ខ្មែរ​ក្រហម​វាយ​សន្ធាប់ ដើម្បី​ដណ្តើម​កាន់កាប់​ទីបញ្ជាការ​នគរបាល​ស្រុក​ថ្ម​គោល ដែល​នៅ​ពេល​នោះ​ស្ថិត​នៅ​ក្នុង​ស្រុក​បាត់ដំបង​នៅ​ឡើយ ហើយ​មាន​ការបាញ់​ផ្លោង​ដាក់​គ្នា​ចំនួន​១៤​លើក។
តាម​ពិត​ទៅ​ពេល​ប្រយុទ្ធ​គ្នា​នោះ ខ្ញុំ​ក៏​មាន​ភាព​តក់ស្លុត​ខ្លះ​ដែរ ពីព្រោះ​វា​ថ្មី​ពេក​សម្រាប់​ខ្ញុំ​ដែល​ទើប​ងើប​ចេញ​ពី​ការ​កាប់ សម្លាប់​ក្នុង​របប ប៉ុល ពត ប៉ុន្តែ​ខ្ញុំ​បាន​ពង្រឹង​ស្មារតី​ប្រយុទ្ធ​ឡើង​វិញ រហូត​ដល់​ពួក​ទាហាន​ខ្មែរ​ក្រហម​ដកថយ​ទៅ​វិញ មិន​ដណ្តើម​ទីតាំង​នោះ​បាន​ទេ។
ក្រឡេក​មក​មើល​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់ មាន​សុវត្ថិភាព នៅ​ក្នុង​ខេត្ត​បាត់ដំបង តើ​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច​ដែរ?
ខ្ញុំ​វាយ​តម្លៃ​ថា នៅ​មុន​ដាក់​ចេញ​ឲ្យ​អនុវត្ត​នូវ​គោលនយោបាយ​នេះ ប្រសិទ្ធភាព ឬ​លទ្ធផល នៅ​មាន​កម្រិត។ ប៉ុន្តែ​ក្រោយពី​អនុវត្ត យើង​សង្កេត​ឃើញ​ថា គោលនយោបាយ​នេះ​បាន​ចូលរួម​ចំណែក​កាត់​បន្ថយ​បទល្មើស​បាន​ជា​ច្រើន​គួរ​ឲ្យ​ កត់​សម្គាល់ ពីព្រោះ​គោលនយោបាយ​នេះ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចលនា ការ​ចូលរួម​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ តាំងពី​ប្រជា​ពលរដ្ឋ​ម្នាក់ៗ រហូតដល់​សង្គម​ស៊ីវិល គណបក្ស​នយោបាយ និង​មន្ត្រី​រាជ​ការ តាម​មធ្យោបាយ​រៀងៗ​ខ្លួន តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន សេចក្តី​រាយការណ៍​ផ្សេងៗ​និង​របាយការណ៍​ជា​កម្លាំង។ល។
ជាការ​កត់​សម្គាល់​ក្រោយ​ការ​អនុវត្ត​នូវ​គោលនយោបាយ​នេះ ការ​បង្ក្រាប​បទល្មើស ចាប់​ពី​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២​មាន​ការ​ថយចុះ​ច្រើន ដូចជា បទ​ល្មើស​ប្លន់​ប្រដាប់​អាវុធ និង​ក្មេង​ទំនើង​ជាដើម។ ក្នុង​ឆ្នាំ​២០១២ ករណី​បង្ក្រាប​បទល្មើស​មាន​ចំនួន​១៦៥​លើក ដែល​មាន​ការ​ថយ​ចុះ​៣១​ករណី ធៀប​នឹង​ឆ្នាំ​២០១១ មាន​ចំនួន ៩៦​ករណី។
តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​ការ​អនុវត្ត​គោល​នយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព នេះ​កាន់​តែមាន​ប្រសិទ្ធភាព?
ប្រការ​សំខាន់​ ទី១ គឺ​យើង​ត្រូវ​បង្ការ​កុំ​ឲ្យ​មាន​បទល្មើស​កើត​ឡើង មាន​ន័យ​ថា យើង​ត្រូវ​ក្តាប់​ឲ្យ​បាន​នូវ​ព័ត៌មាន យើង​ត្រូវ​ដឹង​ព័ត៌មាន​ជាមុន ដែល​ជា​សំខាន់ គឺ​ទាមទារ​ការ​ចូល​រួម​សហការ​ពី​ប្រជាពលរដ្ឋ។ ប្រការ​ទី២ គឺថា រាល់​បទល្មើស និង​រាល់​ហេតុការណ៍​ដែល​កើត​ឡើង យើង​ត្រូវ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន បើ​យើង​បង្ក្រាប​អត់​បាន​ភ្លាមៗ យើង​ត្រូវ​បន្ត​ស្រាវជ្រាវ​រក​ឲ្យ​ទាល់​តែ​ឃើញ។  និយាយ​រួម​ស្ទើរ​តែ​១០០​ភាគរយ នៅ​ក្នុង​ខេត្ត​បាត់ដំបង រាល់​បទល្មើស​ដែល​បាន​កើត​ឡើង ត្រូវ​កង​កម្លាំង​របស់​យើង​បង្ក្រាប​បាន​មិន​ក្រោម​៨០​ភាគរយ​នោះ​ទេ​។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា យើង​ក៏​កត់​សម្គាល់​ឃើញ​មាន​បញ្ហា​ដែល​នៅ​សេស​សល់​មួយ​ចំនួន​ដែរ នោះ​គឺ​អំពើ​ឃាតកម្ម ពីព្រោះ​វា​កើត​ឡើង​ដោយ​សារ​តែ​គំនុំ និង​ជា​បញ្ហា​កើត​ឡើង​នៅ​សង្គម​គ្រួសារ​មួយ​ចំនួន​ផង​ដែរ ដែល​យើង​នៅ​ពិបាក​ធ្វើ​ការ​ទប់​ស្កាត់៕
ដោយលោក​ គឹម យុទ្ធណា
ប្រភពពី ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com