ការ ​សិក្សា​មួយ​ ដែល​​ដឹកនាំ​ដោយ​លោក​​បណ្ឌិត Androniki Naska​ និង​សហការី​មួយ​ចំនួន​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ ក្រុង​អាតែន​ ប្រទេស​ក្រិក​ ​​សិក្សា​លើ​ជនជាតិ​ក្រិច​ចំនួន ២៣. ៦៨១នាក់ ​ដែល​មាន​អាយុ​ចាប់​ពី ២០ ដល់ ៨៦​ឆ្នាំ ​បាន​បង្ហាញ​ថា ​អ្នក​ដែល​បាន​សម្រាក​ថ្ងៃ​មាន​​ការ​​ប្រឈម​នឹង​ជំងឺ​បេះដូង​តិច​ជាង​មនុស្ស ​​ដែល​មិន​បាន​សម្រាក​​ពេល​ថ្ងៃ។ ​នៅ​ពេល​ដំបូង​ ​អ្នក​ចូល​រួម​ទាំង​នោះ ​ត្រូវ​បាន​សួរ​សំណួរ​មួយ​ចំនួន​ដូចជា​ តើ​ពួក​គេ​ធ្លាប់​គេង​ថ្ងៃ​ដែរ​ឬ​ទេ? បើ​ធ្លាប់​តើ​​រយៈពេល​ប៉ុន្មាន និង​ញឹកញាប់​ប៉ុណ្ណា? ​ក្រៅ​ពី​នេះ​ ពួក​គេ​ក៏​បាន​ប្រាប់​កម្រិត​​​ហាត់​ប្រាណ និង​របប​អាហារ​របស់​ខ្លួន​ផង​ដែរ។
រយៈពេល ​ជាង​ ៦​ឆ្នាំ​ចាប់​តាំង​ពី​ការ​សិក្សា​​ចាប់​ផ្ដើម ​​មាន​អ្នក​ចូលរួម​ចំនួន ៧៩២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយ​ក្នុង​នោះ​មាន​ ១៣៣​នាក់​ស្លាប់​ដោយសារ​ជំងឺ​បេះដូង។ ​បន្ទាប់​មក​​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការ​វិភាគ​ឲ្យ​ដឹង​ថា​ ចំពោះ​អ្នក​ដែល​​បាន​សម្រាក​ពេល​ថ្ងៃ​ម្ដងម្កាល ឬ​សម្រាក​ជា​ប្រចាំ​មាន​ការ​ប្រឈម​នឹង​ជំងឺ​​ដែល​ពាក់ព័ន្ធ​នឹង​បេះដូង ៣៤​ភាគរយ​ តិច​ជាង​មនុស្ស​ធម្មតា​ដែល​មិន​បាន​សម្រាក។ ហើយ​ ១៣៣​នាក់​នៃ​អ្នក​ស្លាប់​ទាំង​នោះ ​មាន​ភាគ​ច្រើន​ជា​អ្នក​ដែល​មិន​បាន​សម្រាក​ថ្ងៃ។
ការ​សិក្សា​បាន​រក​ ឃើញ​ទៀត​ថា ការ​សម្រាក​ថ្ងៃ​ អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស​​ ដែល​ជាហេតុ​ធ្វើ​ឲ្យ​​ស្ទះ​សរសៃ​ និង​លំហូរ​ឈាម​​ដើរ​ស្រួល​។​ ឆ្លង​តាម​ការ​សិក្សា​នេះ អាច​ជា​សញ្ញាណ​ល្អ​ ក្នុង​ការ​ក្រើន​រំលឹក​ដល់​អ្នក​ដែល​មាន​ការងារ​​ ស្រ្តេស​ច្រើន​ត្រូវ​សម្រាក​ថ្ងៃ​ ឲ្យ​បាន​ញឹកញាប់​ជៀសវាង​ការ​ប្រឈម​ នឹង​ជំងឺ​មួយ​ចំនួន​ដែល​បង្ក​ដោយ​ស្ត្រេស​ និង​ជំងឺ​ទាក់ទង​នឹង​បេះដូង​ជាដើម៕
ប្រែ​សម្រួល៖ ប្រាក់ ច័ន្ទសីហា
រូបថត៖ បរទេស

ប្រភពពី សប្បាយ