
នៅចំកណ្តាលក្រុមមនុស្សទាំងនោះ ស្ត្រីម្នាក់ដៃម្ខាងពាក់ថង់ពណ៌ស និងដៃម្ខាងទៀតកាន់កាំបិតសម្រាប់កាត់ចិតផ្លែឈើកំពុងតែមមាញឹក ក្នុងការបំបែកផ្លែឈើជាចំណិតតូចៗ ហើយខ្ចប់ដាក់ជាមួយនឹងអំបិលតាមការកុម្ម៉ង់ទិញរបស់អតិថិជន។
អ្នកស្រី ឈិន យុង អាយុ៣៦ឆ្នាំ ដែលស្គាល់ថាជាម្ចាស់តូបលក់ម្ជូរដាច់ជាងគេនៅម្តុំនោះបានលើក ឡើងថា អ្នកស្រីលក់គ្រឿងម្ជូរនៅទីនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយចាប់ផ្ដើមពីគ្រឿងម្ជូរមួយកញ្ច្រែងតែប៉ុណ្ណោះ។
អ្នកស្រី បានបន្តថា យូរៗទៅម្ជូរនោះកាន់តែមានគេចូលចិត្តច្រើនចាប់ពីសិស្ស-និស្សិត ដែលសិក្សានៅក្បែរតំបន់នោះទេរហូតដល់បុគ្គលិកធនាគារ មន្ទីរពេទ្យ សន្តិសុខ អ្នកលក់ដូរ និងសិស្ស-និស្សិតមកពីសាលាផ្សេងៗ។
ស្វាយ រំដេញ ព្រីង ត្របែក ប៉ិកួៈ ស្វាយជ្រក់ និងផ្លែឈើម្ជូរជាច្រើនប្រភេទទៀតត្រូវបានដាក់តម្រៀបគ្នានៅលើ រទេះយ៉ាងស្រស់ៗ រួមទាំងគ្រឿងអន្លក់អំបិលម្ទេស កាពិ ប្រហុក និងអំបិលបង្គាជាដើមនោះ មើលទៅពិតជាគួរឲ្យស្រក់ទឹកមាត់និងចង់ទទួលទានខ្លាំងណាស់។
អ្នកស្រីបានបង្ហើបថា នៅក្នុងរយៈពេលមួយថ្ងៃអ្នកស្រីអាចលក់ស្វាយជ្រក់បានរហូតទៅដល់ ១០០គីឡូក្រាម រីឯម្ជូរ និងផ្លែឈើផ្សេងៗទៀតដូចជា ស្វាយខ្ចី អ្នកស្រីអាចលក់បានប្រហែលជា៥០ ទៅ៦០គីឡូក្រាមក្នុងមួយថ្ងៃ។
អ្នកស្រីបានលើកឡើងថា មូលហេតុដែលធ្វើឲ្យអ្នកស្រីជោគជ័យនោះ គឺរសជាតិ ភាពស្មោះត្រង់ និងអនាម័យ។
អ្នកស្រីតែងយកផ្លែឈើដែលស្រស់ៗមកលក់និងមិនប្រើថ្នាំឬសារធាតុគីមីបង្កើនរសជាតិ និងរក្សាគុណភាពនោះឡើយ៕មែរ ច័ន្ទប៉ូលីដេត
http://www.postkhmer.com
0 Comments:
Post a Comment