
រដ្ឋសភាអនុម័តជាឯកច្ឆ័ន្ទលើច្បាប់ថវិកាជាតិឆ្នាំ២០១២ដោយគ្មានការដេញដោលទៅកាន់ តំណាងរដ្ឋាភិបាលឡើយ
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំ និងសម្រេចជាផ្លូវការហើយ លើសេចក្តីស្នើច្បាប់ ស្តីពី ការដាក់ទោសលើជនណា ដែលមិនទទួលស្គាល់របបប្រល័យពូជសាសន៍ ការធ្វើទារុណកម្ម និងការសម្លាប់មនុស្ស ក្នុងរបបខ្មែរក្រហម។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចបញ្ជូនសេចក្តីស្នើច្បាប់នោះ ទៅឲ្យគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យ មុននឹងដាក់ចូលក្នុងសម័យប្រជុំវិសាមញ្ញរដ្ឋសភា ដើម្បីអនុម័តចេញជាច្បាប់ នៅថ្ងៃសុក្រ ទី៧មិថុនា សប្តាហ៍ក្រោយ។ នេះបើតាមលោកតំណាងរាស្ត្រ ឈាងវុន អ្នកនាំពាក្យរដ្ឋសភា។
សេចក្តីស្នើច្បាប់ថ្មីនោះ មានឈ្មោះជាផ្លូវការថា “ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ”។ ច្បាប់ដែលមាន ៥ មាត្រា បានកំណត់ផ្តន្ទាទោសលើអ្នកមិនទទួលស្គាល់ថា របបខ្មែរក្រហម មានការកាប់សម្លាប់មនុស្សពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ ១ លានរៀល ទៅ ៤ លានរៀល។
សេចក្តីស្នើច្បាប់ ស្តីអំពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវបានរៀបចំឡើងដោយសមាជិករដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា ដែលមានចំនួន ៩០ រូប ក្នុងចំណោមសមាជិករដ្ឋសភាសរុប ១២៣ រូប។ ការតាក់តែងនេះ ធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអំពាវនាវឲ្យមានច្បាប់ថ្មីនោះ កាលពីថ្ងៃចន្ទ ទី២៧ឧសភា ឆ្នាំ២០១៣។
ជាសេចក្តីអំពាវនាវដែលបានធ្វើឡើង ក្រោយពីមានការអះអាងថា ប្រធានគណបក្សប្រឆាំង លោក កឹម សុខា បានបរិហារថា គុកទួលស្លែង ជាគុកសិប្បនិម្មិត្ត រៀបចំឡើងដោយវៀតណាម។
ក៏ប៉ុន្តែទាំងលោកតំណាងរាស្ត្រ ឈាង វុន និងទាំងលោកតំណាងរាស្ត្រ ញ៉ែម ថ្ថាវី បានអះអាងថា ច្បាប់ថ្មី ដែលគណៈកម្មាធិការអចិន្ត្រៃយ៍បានអនុម័តនៅថ្ងៃនេះ នឹងមិនធាក់ថយក្រោយ ដើម្បីកាត់ទោសលើលោក កឹម សុខា ឡើយ។
សមាជិករដ្ឋសភា លោក ញ៉ែម ថ្ថាវី ដែលជាអ្នកនាំពាក្យម្នាក់ទៀត របស់រដ្ឋសភា បានឲ្យដឹង រដ្ឋសភា បានតាក់តែងច្បាប់នោះឡើង ដោយយកលំនាំតាមប្រទេសជាច្រើន ពិសេសប្រទេសនៅអឺរ៉ុប គឺប្រទេសអាល្លឺម៉ង់ ដែលបានបង្កើតច្បាប់កាលពីឆ្នាំ១៩៤៧ ដើម្បីប្រឆាំងនឹងអ្នកដែលមិនទទួលស្គាល់ របបប្រល័យពូជសាសន៍របស់អ៊ីទែ្លរ ជាដើម។
តាមសមាជិកសភា លោក ញ៉ែម ថ្ថាវី ច្បាប់ថ្មីនេះ ដើម្បីរារាំងមិនឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញ ហើយកុំឲ្យយុវជនកម្ពុជាជំនាន់ក្រោយ យល់ច្រលំថា មិនមានរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ខ្មែរក្រហម នៅកម្ពុជា។
ចំពោះដំណើរឆ្ពោះទៅបង្កើតច្បាប់ថ្មីនោះ លោកមេធាវី សុក សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារកម្ពុជា បានអត្ថាធិប្បាយដោយប្រយ័ត្នប្រយែង តែលោកថា ច្បាប់ថ្មីនោះ នឹងមិនមានប្រសិទ្ធិភាពក្នុងការដាក់ទោសលើអ្នករិះគន់ទេ ព្រោះរបបខ្មែរក្រហម គេដឹងលឺជាទូទៅថា មានការធ្វើទារុណកម្ម និងការសម្លាប់មនុស្ស៕
ដោយ លី ម៉េងហួរ
ប្រភពពី www.khmer.rfi
0 Comments:
Post a Comment