Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, June 24, 2013

តុលាការ​កោះ​ហៅ​លោក កឹម សុខា​ថ្ងៃ​ឃោសនា​ដំបូង

0 Comments

130624_05
លោក កឹម​ សុ​ខា ​​ប្រ​ធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពេលដឹកនាំ បាតុកម្ម​​កន្លង​មក​។ រូបថត ​ផា​ លីណា
ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កោះ​ហៅ​លោក កឹម សុខា ឲ្យ​ចូល​បំភ្លឺ​ករណី​ចោទ​ប្រកាន់​ពី​បទ​បរិហាកេរ្តិ៍ ក្រោម​បណ្តឹង​របស់​ប្រធាន​សមាគម​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​លោក ជុំ ម៉ី នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ដែល​ជា​ថ្ងៃ​ទី១ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អ្នក​តំណាង​រាស្ត្រ។
មេធាវី​របស់ លោក ជុំ ម៉ី លោក គួយ ធុនណា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា ព្រះ​រាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី លោក មាស ច័ន្ទពិសិដ្ឋ បាន​កោះ​ហៅ​ប្រធាន​ស្តី​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចូល​បំភ្លឺ​តុលាការ​នៅ​ថ្ងៃ​ទី២៧ មិថុនា បន្ទាប់​ពី​កូន​ក្តី​លោក​គឺ​លោក ជុំ ម៉ី ជា​ដើម​បណ្តឹង​នៃ​ករណី​បទ​បរិហារ​កេរ្តិ៍​នេះ​ត្រូវ​តុលាការ​កោះ​ហៅ​ចូល​ បំភ្លឺ​លើ​បណ្តឹង​នោះ​នៅ​ថ្ងៃ​នេះ​ហើយ​ក្នុង​នាម​ជា​មេធាវី លោក​ក៏​នឹង​អម​លោក ជុំ ម៉ី នៅ​តុលាការ​ដែរ។
គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា ខ្លួន​បាន​ឃើញ​ដីកា​កោះ​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ប៉ុន្តែ មិន​ទទួល​យក​ទេ ដោយ​សារ​លោក កឹម សុខា ពុំ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ហើយ​បាន​ចាត់​ទុក​បណ្តឹង​នេះ​ថា ជា​ករណី​មិន​ចាប់​អារម្មណ៍​សម្រាប់​គណបក្ស​ហើយ​ថា លោក កឹម សុខា ដែល​ស្ថិត​នៅ​ប្រទេស​អូស្រ្តាលី ឬ​តំណាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ចូល​ទៅ​តុលាការ​តាម​ការ​កោះ​ហៅ​ នោះ​ទេ។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា​៖ «​នេះ​ជា​បញ្ហា​តូច​តាច​មិន​សំខាន់​។ យើង​មិន​ចាប់​អារម្មណ៍​បញ្ហា​នេះ​ទេ​។ បញ្ហា​ជាតិ គឺ​សំខាន់​ជាង។ យើង​គិត​ដល់​ការ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាជន»។ លោក​ថ្លែង​ថា លោក កឹម សុខា បាន​បដិសេធ​រួច​ហើយ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។
លោក កឹម សុខា មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ ប៉ុន្តែ​បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​សប្តាហ៍​មុន​ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​ករណី​នេះ​ទេ​ហើយ​ក៏​គ្មាន​មេធាវី​ដើម្បី​ការពារ​ នៅ​តុលាការ​នៅ​ឡើយ។
តាម​លោក គួយ ធុនណា​បើ​លោក កឹម សុខា បដិសេធ​មិន​ចូល​តុលាការ​តាម​នីតិវិធី​នឹង​បង្ខំ​គាត់​ឲ្យ​ចូល​តុលាការ​បាន។
លោក​បន្ត​ថា​៖ «​ចូល​ឬ​មិន​ចូល​គឺ​ជា​សិទ្ធិ​របស់​គាត់​ប៉ុន្តែ​តុលាការ​នឹង​អនុវត្ត​ ច្បាប់​។ តាម​ខ្ញុំ​យល់​បើ​តុលាការ​ចេញ​ដីកា​កោះ​ទី១ រួច​បន្ទាប់​មក​ដីកា​ទី២ បើ​គាត់​នៅ​តែ​មិន​ចូល។ តុលាការ​នឹង​ចេញ​ដីកា​នាំ​ខ្លួន​គាត់​បាន»។
ទោះ​យ៉ាង​ណា​លោក យ៉េង វីរៈ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​កម្ពុជា​ថ្លែង​ថា លោក កឹម សុខា អាច​សុំ​តុលាការ​ពន្យារ​សវនាការ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​បើ​គាត់​សន្យា ​ថា​នឹង​ចូល​ទៅ​បំភ្លឺ​តុលាការ។ លោក​បន្ត​ថា​៖ «ជា​គោលការណ៍​ចុង​ចោទ​គួរ​បង្ហាញ​ខ្លួន ប៉ុន្តែ​ជាក់​ស្តែង​គាត់​មិន​ទាន់​អាច​ចូល​បាន​ពី​ព្រោះ​ជា​អ្នក​នយោបាយ​ហើយ ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចាប់​ផ្តើម​នៅ​ថ្ងៃ​នោះ​ដែល​វា​គួរ​ណាស់​តែ​ តុលាការ​យល់​អំពី​បញ្ហា​នេះ​»។
ព្រះ​រាជអាជ្ញា​រង លោក មាស ច័ន្ទពិសិដ្ឋ មិន​អាច​ទាក់​ទង​បាន​ទេ កាល​ពី​ម្សិលមិញ។
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​តាម​ដាន​ការ​បោះឆ្នោត ហៅ ខុមហ្វ្រែល​បាន​ថ្លែង​ថា បទ​បរិហារកេរ្តិ៍​រវាង​លោក ជុំ ម៉ី និង​លោក កឹម សុខា គឺជា​ហេតុ​ផល​នយោបាយ ហើយ​គួរ​តែ​ត្រូវ​ស៊ើប​អង្កេត​បន្ទាប់​ពី​ការ​បោះឆ្នោត​ពី​ព្រោះ​វា​មិន​មែន ​ជា​ករណី​ព្រហ្មទណ្ឌ។
លោក​បន្ថែម​ថា បើ​ករណី​នេះ​ត្រូវ​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ទៅ​តាម​ការ​គ្រោង​ទុក​វា​នឹង​ប៉ះ ​ពាល់​ដល់​ដំណើរ​ការ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក កឹម សុខា។
លោក បញ្ញា បន្ត​ថា​៖ «វា​ប៉ះពាល់​ដល់​បរិយាកាស​និង​រំខាន​ដល់​ការ​បោះឆ្នោត។ ករណី​នេះ​គួរ​យក​ទៅ​ពិភាក្សា​គ្នា​។ ករណី​នេះ​មិន​គួរ​យក​ទៅ​តុលាការ​ទេ»។
អ្នក​វិភាគ​នយោបាយ​លោក កែម ឡី ថ្លែង​ថា បើ​ទោះ​ជា​ករណី​នេះ​មិន​គួរ​យក​ទៅ​ដល់​តុលាការ​លោក កឹម សុខា អាច​ប្រើ​ប្រាស់​ឱកាស​នោះ​ដើម្បី​ទទួល​បាន​ផល​ចំណេញ​នយោបាយ។
លោក​បន្ថែម​ថា​៖ «គាត់​ត្រូវ​តែ​ទៅ​ពីព្រោះ​ថា បើ​គាត់​ចង់​ផ្តោត​លើ​ការ​បោះឆ្នោត​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ឃោសានា​ បោះឆ្នោត។ គាត់​អាច​ប្រើ​តាកទិក​នេះ​បង្ហាញ​ប្រជាជន​ថា​«ខ្ញុំ​មិន​ខុស ខ្ញុំ​ត្រឹម​ត្រូវ​» ហើយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​នឹង​ទៅ​ទី​នោះ​»។
លោក​ថ្លែង​ថា​៖ «បើ​ខ្ញុំ​ជា​អ្នក​នយោបាយ ខ្ញុំ​សុខ​ចិត្ត​ទៅ​ពន្ធនាគារ​វា​អាច​ជួយ​ដល់​យុទ្ធនាការ​នយោបាយ​ប្រសិន​បើ សម រង្ស៊ី ឬ កឹម សុខា ទៅ​តុលាការ​ហើយ​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​វា​គ្មាន​បញ្ហា​អ្វី​ទេ ពី​ព្រោះ​គណបក្ស​នឹង​ទទួល​ប្រជាប្រិយ»។
លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​អះអាង​កាល​ពី​ម្សិលមិញ​ថា អាជ្ញាធរ​ត្រូវ​បញ្ជា​ឲ្យ​ពង្រឹង កិច្ច​ការពារ​សុន្តិសុខ​សាធារណៈ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​និង​ត្រូវ ​រាយការណ៍​គ្រប់​ឧប្បត្តិហេតុ​ទៅ​ក្រសួង។ តែ​លោក​បដិសេធ​មិន​អត្ថាធិប្បាយ​អំពី​ដីកា​របស់​តុលាការ​ដែល​កោះ​ហៅ លោក កឹម សុខា នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នោះ​ទេ៕
មាស សុខជា
ប្រភពពី ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com