យោងតាមការប្រកាសជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប» នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង១៣ និង៤០ នាទីរសៀលស្អែក គ.ជ.ប នឹងចាត់នីតិវិធីធ្វើការដោះស្រាយបណ្តឹងតវ៉ាទាក់ទងទៅនឹងលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នៅ មណ្ឌលបោះឆ្នោតខេត្តក្រចេះ។
ការដោះស្រាយបណ្តឹងនេះនឹងប្រព្រឹត្តទៅនៅទីស្តីការ គ.ជ.ប អគារ H ដោយ គ.ជ.ប អំពាវនាវដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិទាំងអស់ចូលរួមយកព័ត៌មាន និងសង្កេតការណ៍កុំបីខាន។
សូមបញ្ជាក់ជូនថា នៅមណ្ឌលបោះឆ្នោតខេត្តក្រចេះ ដែលមានចំនួន៣អាសនៈនោះបើយោងតាមលទ្ធផលឆ្នោតបណ្តោះអាសន្នដែលប្រកាស ដោយ គ.ជ.ប កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣កន្លងមក គឺបានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រសរុបចំនួន៧១.០៥២សំឡេង និងគណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតគាំទ្រសរុបចំនួន៥៩.៧៧៤ សំឡេង រីឯគណបក្សនយោបាយដទៃទៀតទទួលបានសំឡេងឆ្នោតគាំទ្របន្តិចបន្តួចប៉ុណ្ណោះ ៕ដើមត្នោត
0 Comments:
Post a Comment