វាគ្មិនដែលជាតំណាងរាស្ត្រគណបក្សប្រជាជនលោក ឈាង វុន មានការខឹងសម្បា ជាមួយអ្នកសម្របសម្រួលកម្មវិធីនៃកិច្ចពិភាក្សារបស់វិទ្យុ អាស៊ីសេរី ដែលលោកជឿថាបានផ្តល់ឱកាសឲ្យភាគីម្ខាងទៀតគឺលោក សុន ឆ័យ តំណាងរាស្ត្រពីគណបក្សសង្គ្រោះជាតិមានសិទ្ធិបញ្ចេញមតិច្រើនជាង លោក ក្នុងការពិភាក្សាប្រមាណ ៥០ នាទីក្រោមប្រធានបទស្តីពី «នីតិវិធីនៃកិច្ចប្រជុំសភាក្រោយការប្រកាសលទ្ធផលបោះឆ្នោតនីតិកាល ទី៥»។
លោកវាគ្មិនទាំងពីរ សុទ្ធតែមានអំណះអំណាងរៀងៗខ្លួន ក្នុងកិច្ចពិភាក្សានេះទាក់ទងទៅនឹងច្បាប់បោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ និងច្បាប់រដ្ឋធម្មនុញ្ញ ដែលគណបក្សប្រជាជនគិតថា រដ្ឋសភានឹងមិនអាចជាប់គាំងឡើយ បើទោះបីជាគ្មានគណបក្សសង្គ្រោះជាតិចូលរួមប្រជុំរដ្ឋសភា ឬសមាជិកសភា តិចជាង ១២០ រូបក្តី។
លោក វុន បានបកស្រាយថា កាលពីអាណត្តិ ទី៤ មានការប្រជុំសភាលើកដំបូង ក្នុងខែកញ្ញាឆ្នាំ ២០០៨ ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រដែលពេលនោះមានតែតំណាងរាស្ត្រ ១១៩ រូបប៉ុណ្ណោះ ដោយមួយរូបឈឺ និងបីរូបទៀតពីបក្សសិទ្ធិមនុស្សមិនចូលប្រជុំ «ដូច្នេះអ្វីៗធ្វើផ្អែកតាមច្បាប់»។
លោក វុន គូសបញ្ជាក់ថា៖ «បើសភា ១២០ រូប ទើបដំណើរការបាន មានន័យថា សភាអាណត្តិទី៤ នេះ ខុសទាំងអស់ ដើរលែងកើត»។
ប៉ុន្តែលោក សុន ឆ័យ បានបកស្រាយថា ទាល់តែតំណាងរាស្ត្រយ៉ាងតិច ១២០ រូបធ្វើពិធីស្បថរួច ទើបអាចដំណើរការរដ្ឋសភាបាន ហើយថា អ្វីដែលរដ្ឋសភាអាណត្តិទី៤ បានធ្វើកន្លងទៅ «មានការរំលោភច្បាប់ មិនធ្វើទៅតាមច្បាប់ប្រើតែអំណាច» ជាដើម។ លោក ឆ័យ ចង់ឲ្យសភាអាណត្តិទី៥ធ្វើអ្វីៗត្រូវតែគោរពតាមច្បាប់។
លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុ អាស៊ីសេរី ដែលជាអ្នកសម្របសម្រួលកិច្ចពិភាក្សានេះ បានព្យាយាមបិទមីក្រូរបស់លោក ឈាង វុន ពីរដង នៅពេលដែលលោកកំពុងតែអានពីមាត្រាច្បាប់ ទាក់ទងទៅនឹងដំណើរការបើកកិច្ចប្រជុំរដ្ឋសភាជាលើកដំបូង។ នៅពេលដែលលោក វុន ព្យាយាមនិយាយកាត់ម្តងហើយម្តងទៀត លោក ច័ន្ទបុត្រ បានសុំឲ្យលោក វុន ស្តាប់ទៅតាមការសម្របសម្រួលរបស់លោក ដោយថ្លែងថា៖ «ទីនេះមិនមែនជារដ្ឋសភា» ដែលតំណាងរាស្ត្រមានសិទ្ធិនិយាយបានតាមចិត្តនោះទេ។ កិច្ចពិភាក្សានេះក៏បានចាក់ផ្សាយសំឡេងដើមរបស់លោកមេធាវី សុក សំអឿន ដែលបានធ្វើការបញ្ជាក់ពីអ្វីដែលមានចែងនៅក្នុងច្បាប់ ទាក់ទងទៅនឹងការបើកកិច្ចប្រជុំសភាលើកដំបូងផងដែរដែលផ្ទុយទៅ នឹងអ្វីដែល លោក ឈាង វុន បានបកស្រាយ។
កិច្ចពិភាក្សា នេះត្រូវបានគេដាក់បង្ហោះព្រោងព្រាតនៅតាមបណ្តាញសង្គម ហ្វេសប៊ុក កាលពីម្សិលមិញ ដោយមានប្រិយមិត្តជាច្រើន បានធ្វើការដៀមដាមឲ្យលោក ឈាង វុន ថា លោកនិយាយមិនស្តាប់អ្នកសម្របសម្រួលកម្មវិធី និងនិយាយចាកប្រធានបទ ដោយព្យាយាមដណ្តើមគេនិយាយ។
អ្នកប្រើប្រាស់ ហ្វេសប៊ុក ម្នាក់ ឈ្មោះ ខួច បានសរសេររិះគន់លោក វុន ថា៖ «យើងពិតជាអស់សង្ឃឹមនឹងលោក ឈាង វុន ដោយសារតែលោក មានអាកប្បកិរិយាក្មេងបំផុត។ យើងមិនគួរគោរពគាត់ឡើយ»។ អ្នកផ្សេងទៀតប្រៀបប្រដូចលោក វុន ទៅនឹងអ្នកកំប្លែង ឬពូកែនិយាយជាងអ្នកកំប្លែងល្បីឈ្មោះ ពែកមី ដែលអាចធ្វើឲ្យគេផ្ទុះសំណើចបាន។ លោក បញ្ញា ពៅ សរសេរថា៖«គួរឲ្យចង់សើចណាស់គឺល្អជាង ពែកមី ទៅទៀត»។
ម្នាក់ទៀតសរសេរបែបចំអកថា៖ «ខ្ញុំធ្វើអារម្មណ៍ឲ្យស្ងប់សិន ទើបបើកស្តាប់ RFA បើមិនអ៊ីចឹងទេ មានទូរស័ព្ទឯណាសង office ខ្ញុំ»។ ទំព័រ ខ្ញុំស្រឡាញ់កម្ពុជាក៏បានដាក់រូបលោក វុន និងលោក ឆ័យ នៅទន្ទឹមគ្នា ប្រៀបប្រដូចកិច្ចពិភាក្សានេះជា វេទិកា «សង្គ្រាមនយោបាយក្លែមសម្ដី» រវាងវាគ្មិនទាំងពីរ រហូតដល់ដាក់ឲ្យប្រិយមិត្តបញ្ចេញមតិថាតើគួរគាំទ្រ A ឬ B ។
ទោះយ៉ាងណា លោក ថៃ សុធា ក៏បានសរសេរថា៖ «គួរឲ្យចាប់អារម្មណ៍។ វេទិកាបែបនេះជារឿងល្អ!»។ មានអ្នកបន្ថែមសម្ដីម្នាក់ទៀតគឺកញ្ញា អ៊ុង ចន្ទសោភា ដែលធ្លាប់រស់នៅប្រទេសបារាំងសរសេរថា៖ «នេះដូចជា Debate (ការពិភាក្សា) នៅស្រុក បារាំងដែរ ទោះនិយាយកាត់គ្នាខ្លះ ក៏មិនអីដែរម្នាក់ៗ ហាក់ដូចមានសេរីភាព ក្នុងការនិយាយប្រឆាំងគ្នា។ វាជារឿងល្អ ហើយទុកឲ្យអ្នកស្តាប់ជាអ្នកថ្លឹងថ្លែង»។
នៅក្នុងកិច្ចពិភាក្សា លោក វុន បានចោទវិទ្យុ អាស៊ីសេរីថា «គ្រប់គ្រងលម្អៀង» គឺកាន់ជើងលោក ឆ័យ យកមតិគ្នាច្រើនមកព្រួតវាយប្រហារលើលោកតែម្នាក់ឯង។
លោក ឈាង វុន បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា នេះជាលើកទី ២ របស់លោក ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី តែលោកហាក់អល់អែកក្នុងការឆ្លើយថា តើត្រូវទៅចូលរួមវេទិកាបែបនេះម្តងទៀតឬយ៉ាងណា បើមានការអញ្ជើញ? លោកថា៖ «វិទ្យុអាស៊ីសេរី មិនសុក្រឹត និងមិនយុត្តិធម៌ឡើយ។ តាមសុជីវធម៌ គេតម្រូវឲ្យអ្នករៀបចំកម្មវិធីនៅកណ្តាលមិនត្រូវបកស្រាយលម្អៀង ទេ តែនេះគាត់មានគ្នាបីនាក់ និងបិទមីក្រូខ្ញុំមិនឲ្យខ្ញុំនិយាយ។ នោះមានន័យថា ១ ទល់ ៤ ហើយ»។
ប៉ុន្តែលោក ជុន ច័ន្ទបុត្រ បានថ្លែងកាលពីម្សិលមិញថា មុននឹងចូលកម្មវិធី លោកបានប្រាប់វាគ្មិនរួចហើយថា សូមឲ្យស្តាប់ទៅតាមការសម្របសម្រួលរបស់លោក បើពុំនោះទេ លោកនឹងបិទមីក្រូ។ លោកបានលើកឡើងថា៖ «ច្បាប់ដែលខ្ញុំអាននៅក្នុងការពិភាក្សា គឺដូចទៅនឹងអ្វីដែលលោក សុន ឆ័យ បានលើកឡើងដែរ ដែលធ្វើឲ្យលោក ឈាង វុន គិតថា ជាសំឡេងតែមួយ តែតាមពិតខ្ញុំជាអាជ្ញាកណ្តាលឯករាជ្យទេ»៕
ឆាយ ច័ន្ទនីដា
ភ្នំពេញប៉ុស្តិ៍
0 Comments:
Post a Comment