សវនាការសភានៅទីក្រុង វ៉ាស៊ីនតោន កាលពីខែមិថុនាបានពិនិត្យនៅលើលទ្ធភាពនៃការកាត់ជំនួយហិរញ្ញវត្ថុ ចំពោះកម្ពុជាប្រសិនបើការ បោះឆ្នោតនៅកម្ពុជាមិនមានលក្ខណៈសេរីនិងយុត្តិធម៌ ប៉ុន្តែ លោក ហ៊ុន សែន បានអះអាងថា លោកមិនភ័យខ្លាចចំពោះឱសានវាទបែបនេះទេ។
ទោះជាយ៉ាងណាក្តី ក្រុមអ្នកវិភាគ បានក្រើនរំឭកថា ការងាកចេញពីអាមេរិក ទៅរកចិន មិនប្រាកដថា នឹងមិនមានផលវិបាកនោះទេ។
លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃសុក្រនៅពេលចុះទៅខេត្ត កណ្តាលថា៖ «នេះគឺជាពាក្យសម្តីពីសមាជិកសភា និងព្រឹទ្ធសមាជិកពីរបីនាក់ ដែលមិនមែនជាតំណាងឲ្យសំឡេងនៃពលរដ្ឋអាមេរិក និងរដ្ឋាភិបាលរបស់លោក អូបាម៉ា»។ លោកនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះពីមុនពេលប្រាប់សភាអាមេរិក ថា៖ «កុំនិយាយច្រើនពេកកាត់វាទៅ»។
លោកបន្តថា រដ្ឋាភិបាល មិនចាប់អារម្មណ៍នឹងជំនួយនោះទេ ដែលលោកថាមានចំនួន ៥០ លានដុល្លារក្នុងមួយឆ្នាំ ហើយលោកថា ជនរងគ្រោះពិតប្រាកដ នឹងជាអង្គការក្រៅរដ្ឋាភិបាល និងអ្នកដែលទទួលផលប្រយោជន៍ពីកម្មវិធីនៃការប្រយុទ្ធនឹងមេរោគ និងជំងឺអេដស៍ និងកម្មវិធីប្រយុទ្ធនឹងជំងឺរបេងដែលទទួលមូលនិធិពីអាមេរិក។
លោក ហ៊ុន សែន ក៏បានរិះគន់ទៅលើជំនួយយោធាអាមេរិកផងដែរ ដែលលោកថា មានចំនួនប្រហែល ១ លានដុល្លារក្នុងមួយឆ្នាំ និងបានរំឭកអំពីកាលពេលមួយ ដែលសហរដ្ឋអាមេរិកបានផ្អាកការផ្តល់ជំនួយយានយន្តយោធា ១០០ គ្រឿងដែលខ្លួនសន្យាឲ្យកម្ពុជា ដោយសារក្តីបារម្ភអំពីបញ្ហាសិទ្ធិមនុស្សពាក់ព័ន្ធនឹងការសុំ សិទ្ធិជ្រកកោនរបស់ជនជាតិភាគតិចអ៊ុយហ្គ័រ «ប៉ុន្តែនៅពេលចិនបានឃើញវា ចិនបានផ្តល់យានយន្តយោធាចំនួន ២៥៧ គ្រឿងជំនួសអាមេរិក»។
បើតាមតួលេខរបស់ក្រសួងការបរទេសអាមេរិក ជំនួយសរុបរបស់អាមេរិកចំពោះកម្ពុជាគឺមានចំនួនជិត ៧០ លានដុល្លារ ហើយលោក Carl Thayer អ្នកជំនាញវិភាគអំពីកម្ពុជានិងជាសាស្រ្តចារ្យនៅសាកលវិទ្យាល័យ New South Wales បានដាក់ជំនួយយោធាអាមេរិកថា មានចំនួនជិត ៦ លានដុល្លារ។
លោកបានកត់សម្គាល់នៅក្នុងអ៊ីមែលមួយថា ការកាត់ចំនួនធំមួយនឹងធ្វើឲ្យ «ប៉ះពាល់ទៅលើក្រុមប្រជាជនងាយរងគ្រោះបំផុតនិងក្រុមប្រជាជន ក្រីក្រនៅក្នុងសង្គមកម្ពុជា» ប៉ុន្តែថា «ជំនួយនឹងអាចនៅតែផ្តល់ទៅឲ្យអង្គការក្រៅរដ្ឋាភិបាល»។
លោក Thayer បានថ្លែងថា៖ «ភាពក្លាហានរបស់លោក ហ៊ុន សែន ទៅកាន់សភាអាមេរិកឆ្លុះបញ្ចាំងពីជំនឿផ្ទាល់ខ្លួនថា គាត់កំពុងគ្រប់គ្រងកម្ពុជានិងអាចរក្សាឯករាជ្យភាពរបស់ កម្ពុជាពីសម្ពាធបរទេស»។
លោក Thayer បានកត់សម្គាល់អំពីថា ការជជែកតឹងរ៉ឹងអាចនឹងនាំឲ្យមានផលវិបាកនយោបាយ។ «ការច្រានចោលរបស់លោក ហ៊ុន សែន ចំពោះជំនួយរបស់អាមេរិកអាចនឹងធ្វើឲ្យសង្គមកម្ពុជាបែកជាពីរក្រុម បន្ថែមទៀត»។
អ្នកវិភាគនយោបាយឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ បានសម្តែងទស្សនៈស្រដៀងគ្នាផងដែរ។ លោកថ្លែងថា៖« ប្រភេទនៃជំហរបែបនោះ បានធ្វើឲ្យសាធារណៈជនមិនពេញចិត្តជាមួយនឹងការគ្រប់គ្រង របស់គាត់រួចទៅហើយ ដូចឃើញតាមរយៈការបោះឆ្នោត»។
លោក ម៉ុងហៃ ក៏បានកត់សម្គាល់ផងដែរអំពីការរិះគន់ស្រដៀងគ្នា របស់លោក ហ៊ុន សែន ទៅលើអ៊ុនតាក់បន្ទាប់ពីការបោះឆ្នោតរៀបចំឡើងដោយអង្គការ សហប្រជាជាតិក្នុងឆ្នាំ ១៩៩៣។
លោកបន្តថា ចាប់តាំងពីទសវត្សរ៍ ៨០ «ប្រជាជនកម្ពុជាបានងាកទៅរកលោកខាងលិចជាពិសេសអាមេរិក» ហើយបើទោះបីជាមាន «ការវិនិយោគនិងជំនួយដ៏ធំពីចិនក្តី ខ្ញុំគិតថា ប្រជាជនកម្ពុជា មិនអាចភ្លេចបានទេអំពីជំនួយរបស់ចិនទៅលើពួកខ្មែរក្រហម»៕ PS
វង្ស សុខេង និង Stuart White
ភ្នំពេញប៉ុស្តិ៍
0 Comments:
Post a Comment