អនុលោមតាមឥរិយាបទនិងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអនុប្រធានតែជាថ្នាក់ដឹកនាំក្នុងបក្សដ៏មានឥទ្ធិពលខ្លាំងមហិមា នោះ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣នេះ គឺគណបក្សប្រជាជនកម្ពុជា «ត្រូវតែឈ្នះ» គ្មានពាក្យនិយាយ ឬអក្សរសរសេរថា «ចាញ់» ឡើយ ស្របទៅនឹង «យុទ្ធសាស្ត្រឈ្នះ-ឈ្នះ» តាក់តែងឡើងដោយបុរសខ្លាំងនៅកម្ពុជា ទោះបីជាបង្កើតឲ្យមានគណៈកម្មការចម្រុះស៊ើបអង្កេតលើភាពមិនប្រក្រតីនៃ ការបោះឆ្នោតក៏ដោយ ដ្បិតគណៈកម្មការនេះនៅទីបំផុតទៅបង្កើតឡើងខ្លាំងបំផុតត្រឹមតែបំពេញ កិច្ចប៉ុណ្ណោះ។
ទោះបីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចផ្តាច់មុខនៅកម្ពុជា និងមានទ្រព្យសម្បត្តិមហាសាលច្បាមយកលទ្ធផលនៃការឈ្នះឆ្នោតក៏ដោយ ក៏ការឈ្នះឆ្នោតនេះមិនដាច់ឆ្ងាយពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំនៅកម្ពុជាទេ ព្រោះលទ្ធផលឆ្នោតដែលទទួលបានជាបឋមត្រូវបានលាតត្រដាងឲ្យដឹងជា សាធារណៈរួចមកហើយ។
តាមការប្រកាសជាឯកតោភាគីរបៀបទស្សន៍ទាយដែលមិនទាន់ផ្លូវការរបស់ មន្ត្រីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្នុងរដ្ឋសភានីតិកាលទី៥ ចំនួនពី៦៧ ទៅ ៦៨ អាសនៈ ក្នុងចំណោមអាសនៈសរុបចំនួន១២៣។
ប្រសិនបើគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្នុងរដ្ឋសភានីតិកាលទី៥ ចំនួនពី៦៧ ទៅ ៦៨ អាសនៈពិតប្រាកដមែននោះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងភាគច្រើនដាច់ខាតក្នុងការស្នើសុំសេចក្តីទុកចិត្តពី រដ្ឋសភា ដើម្បីបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ខណៈដែលត្រូវការកូរ៉ុមប្រជុំរដ្ឋសភាជាសាធារណៈចំនួនលើសពីពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ឥឡូវងាកមកនិយាយអំពីគណបក្សសង្គ្រោះជាតិដែលទទួលបានអាសនៈលំដាប់ទី ២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាវិញ «ឧបមាថា លទ្ធផលប្រមាណ៥៥ ទៅ ៥៦ អាសនៈ ជាការពិត» គឺគណបក្សសង្គ្រោះជាតិមានជម្រើសពីរ ត្រូវជ្រើសរើស ដើម្បីធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ «បញ្ជៀសការជាប់គាំងផ្នែកនយោបាយ និងអំពើហិង្សាជាយថាហេតុកើតមាននៅកម្ពុជា» ដូចខាងក្រោម៖
១- ជម្រើសទី១៖ ធ្វើជាគណបក្សនយោបាយប្រឆាំងតទៅទៀតនៅក្នុងរដ្ឋសភា ដោយទាមទារឲ្យមានមុខតំណែងសមរម្យនៅក្នុងគណៈកម្មាធិការអចិន្រៃយ៍ រដ្ឋសភានីតិកាលទី៥ «រួមមាន៖ ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការរបស់រដ្ឋសភា»។
ក- គុណសម្បតិ្ត៖ មាននិរន្តរភាព និងកម្លាំងគាំទ្រគណបក្សកាន់តែមានសន្ទុះកើនឡើងខ្លាំងថែមទៀត ហើយអាចឈានឆ្ពោះទៅរកភាពជោគជ័យដោយឥតបារម្ភសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ «២០១៨-២០២៣» បើអ្នកតំណាងរាស្ត្រគណបក្សនយោបាយប្រឆាំងនេះមានឆន្ទៈពិតប្រាកដ ក្នុងការឃ្លាំមើល ត្រួតពិនិត្យ និងជំរុញឲ្យមានការអនុវត្តច្បាប់ប្រកាន់គោលការណ៍នីតិរដ្ឋនៅកម្ពុជា និងបានផ្តល់ផលប្រយោជន៍ដល់ជាតិយ៉ាងធំធេង។
ខ- គុណវិបត្តិ៖ សកម្មជនគណបក្សមួយចំនួនដែលសំឡឹងឃើញផលប្រយោជន៍ លាភសការៈដែលជាអ្នកមិនជាប់ឈ្មោះសមាជិករដ្ឋសភាអាចសម្តែងនូវ ការខកចិត្ត ហើយក៏អាចឲ្យសកម្មជនទាំងនោះប្រឈមមុខនឹងបញ្ហាជីវភាព ពីព្រោះសិល្បៈនៃការចែករំលែកនៅក្នុងគណបក្សប្រឆាំងមួយនេះនៅមានកម្រិត ទន់ខ្សោយនៅឡើយ។
២- ជម្រើសទី២៖ ចូលធ្វើរាជរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលថ្នាក់ដឹកនាំ និងមន្ត្រីសកម្មជនគណបក្សសង្គ្រោះជាតិអាចស្នើសុំមុខតំណែងសមស្រប នៅក្នុងជួររាជរដ្ឋាភិបាល ដូចជា ថ្នាក់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ… ។ល។ តាមការចចារត្រូវរ៉ូវគ្នាជាមួយគណបក្សប្រជាជនកម្ពុជា។
ក- គុណសម្បត្តិ៖ អាចធ្វើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីសកម្មជនគណបក្សមួយចំនួនសប្បាយចិត្តរីកថ្លើមរីកប្រមាត់ ជាពិសេសក្រុមអ្នកស្រឡាញ់បុណ្យស័ក្តិ និងលាភសក្ការៈព្រមទាំងអាចផ្គត់ផ្គង់ទ្រទ្រង់ជីវភាពដល់សកម្មជន គណបក្សផង។
ខ- គុណវិបត្តិ៖ ប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិនឹងធ្លាក់ចុះដុនដាប ហើយគ្មានសង្ឃឹមថា នឹងអាចឈ្នះឆ្នោតជារៀងរហូត ដ្បិតការចូលរួមក្នុងរាជរដ្ឋាភិបាលចម្រុះក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជានោះ គឺគណបក្សនយោបាយកាន់អំណាចអាចនឹងប្រើល្បិចកលគ្រប់យ៉ាងឲ្យ ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សសង្គ្រោះជាតិប្រឡាក់ប្រឡូសនឹងអំពើពុករលួយជា ប្រព័ន្ធ ហើយគណបក្សប្រជាជនកម្ពុជានឹងដើរតួជាអ្នកឃ្លាំមើល និងជាម្ចាស់ទៅវិញ។
សរុបសេចក្តីមក គណបក្សសង្គ្រោះជាតិនឹងគេចមិនផុតពីការជ្រើសរើសនូវជម្រើសមួយ ក្នុងចំណោមជម្រើសទាំងពីរនេះឡើយ ប៉ុន្តែសូមឲ្យការជ្រើសរើសនោះមានភាពប្រុងប្រយ័ត្នខ្ពស់ជាមុនផង សឹមសម្រេចចៀសវាងជ្រុលខ្លួនហើយទើបប្រើពាក្យថា «ស្តាយក្រោយ»៕ពីដើមត្នោត
0 Comments:
Post a Comment