យោងតាមការប្រកាសព័ត៌មានរបស់ គ.ជ.ប បែបនេះធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយ ជាពិសេសដំណើរការនៃការបោះឆ្នោតនៅកម្ពុជា បានវាយតម្លៃថា «ប្រកាសដូចអត់ប្រកាស ឬនិយាយដូចអត់និយាយ» ពីព្រោះមន្ត្រីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្តី ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដ៏មានអំណាចខ្លាំងសុទ្ធតែបានទស្សន៍ទាយ និងអះអាងថា គណបក្សប្រជាជនកម្ពុជា ជាអ្នកឈ្នះឆ្នោត ខណៈដែល គ.ជ.ប ខ្លួនឯងមិនទាន់បានប្រកាសលទ្ធផលឆ្នោតជាផ្លូវការ និងស្ថាពរនៅឡើយ។ លើសពីនេះទៀតមានថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួនដូចជា នាយករដ្ឋមន្ត្រីថៃ នាយករដ្ឋមន្ត្រីវៀតណាម… ។ល។ សុទ្ធតែបានធ្វើសារលិខិតអបអរសាទរ និងជូនពរដល់ «សម្តេចតេជោសែន» ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានទទួលលទ្ធផលឈ្នះឆ្នោត ខណៈលទ្ធផលឆ្នោតមិនទាន់ត្រូវបានប្រកាសជាផ្លូវការ និងស្ថាពរដោយ គ.ជ.ប នៅឡើយ។
អ្នកតាមដាននយោបាយនៅកម្ពុជា បានលើកឡើងថា អ្វីដែលធ្វើឲ្យ គ.ជ.ប ខឹងច្រឡោត និងមានប្រតិកម្មខ្លាំងទៅនឹងការផ្សព្វផ្សាយព័ត៌មានទាក់ទងលទ្ធផលនៃ ការបោះឆ្នោតនោះគឺទំនងដោយសារការប្រកាសរបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាថា គណបក្សខ្លួនទទួលបានអាសនៈនៅក្នុងរដ្ឋសភាយ៉ាងតិច៦៣ អាសនៈ ក្នុងចំណោមអាសនៈរដ្ឋសភាសរុបចំនួន១២៣ មានន័យថា គណបក្សសង្គ្រោះជាតិប្រកាសថា ខ្លួនជាអ្នកឈ្នះឆ្នោត។ ប៉ុន្តែ បើការប្រកាសរបស់មន្ត្រីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយគ្រប់គ្រងអំណាចផ្តាច់មុខដុះស្លែនៅកម្ពុជា និងក៏ជាគណបក្សនយោបាយរបស់ឯកឧត្តម អ៊ឹម សួស្តី ដែរនោះប្រហែលជា គ.ជ.ប មិនខឹងច្រឡោតដល់ថ្នាក់ប្រកាសមិនឲ្យជឿទៅលើព័ត៌មានផ្សព្វផ្សាយដោយ គណបក្សប្រជាជនកម្ពុជានោះឡើយ។
ចំណុចសំខាន់មួយទៀតគឺ សារលិខិតអបអរសាទរ និងជូនពររបស់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួនដូចជា លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃជាដើម ដែលបានអបអរទៅនឹងគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលឈ្នះឆ្នោតនោះត្រូវបាន គ.ជ.ប យកមកចុះផ្សាយនៅក្នុងគេហទំព័ររបស់ខ្លួនយ៉ាងហ៊ឺហាចាត់ទុកដូចជាមានន័យ ខ្លឹមសារតាមផ្លូវច្បាប់សម្បើមណាស់ ខណៈដែល គ.ជ.ប ខ្លួនឯងមិនទាន់ប្រកាសលទ្ធផលឆ្នោតជាផ្លូវការ និងស្ថាពរនៅឡើយ។
សរុបសេចក្តីមក បើ គ.ជ.ប មិនឲ្យសាធារណជនជឿទៅលើព័ត៌មានដែលប្រកាសដោយ គណបក្សនយោបាយ ឬប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត ដោយចាត់ទុកថា ជាព័ត៌មានមិនត្រឹមត្រូវ និងពុំមានមូលដ្ឋានពិតប្រាកដនោះ គឺមានន័យថា គ.ជ.ប ប្រកាសឲ្យសាធារណជនកុំឲ្យជឿទៅលើការប្រកាសព័ត៌មានរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បណ្តាញព័ត៌មានសង្គមហ្វេសប៊ុក «Facebook» សារលិខិតរបស់នាយករដ្ឋមន្ត្រីថៃ នាយករដ្ឋមន្ត្រីវៀតណាម បូករួមជាពិសេសការប្រកាសព័ត៌មាន ឬការចុះផ្សាយក្នុងគេហទំព័ររបស់ គ.ជ.ប ខ្លួនឯងផ្ទាល់តែម្តង។ ពោលគឺ គ.ជ.ប ធ្វើការតាមរបៀប «ប្រកាសដូចអត់់ប្រកាស ឬនិយាយដូចអត់និយាយ ហើយនិយាយខុសថែមទៀត»៕ពីដើមត្នោត
0 Comments:
Post a Comment