នៅក្នុងស្មារតីរបស់ពួកភូមិសាស្រ្តនយោបាយវិទូ ពាក្យថា"ពិភពឥណ្ឌូចិន" មានន័យធំទូលំទូលាយ ពីព្រោះវាគ្របដណ្តប់មិនត្រឹមតែទៅលើប្រទេសវៀតណាម កម្ពុជានិងឡាវប៉ុណ្ណោះទេ តែទៅលើប្រទេសភូមានិងប្រទេសថៃថែមទៀត។ រីឯ"ពិភពម៉ាឡេ"វិញ គឺជាពពួកបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃផ្សេងដែលជាកោះ ឬជាទីប្រជុំកោះ រួមមានប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី ព្រុយណេ និងទីម័រខាងកើត។
រីឯប្រជាជនអាស៊ីអាគ្នេយ៍វិញ មិនដូចគ្នាសោះ ប្រើភាសាខុសៗគ្នា មានសាសនា វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីខុសៗពីគ្នា។
ប្រជាជនភាគច្រើននៅភូមា កម្ពុជា ថៃ ឡាវ និងវៀតណាម កាន់ព្រះពុទ្ធសាសនា។ អ៊ីស្លាមជាសាសនារបស់ប្រជាជនភាគច្រើននៅឥណ្ឌូណេស៊ី និងនៅម៉ាឡេស៊ី។ វាក៏ជាសាសនារបស់ប្រជាជនមួយចំនួនដែរ នៅប៉ែកខាងត្បូងនៃប្រទេសហ្វីលីពីន ដូចជានៅកោះមីនដាណាវ(Mindanao) ស៊ុយលុយ(Sulu) និងរ៉ូឡូ(Jolo) ព្រមទាំងរបស់ប្រជាជនមួយចំនួននៅភាគខាងត្បូងនៃប្រទេសថៃ ដូចយ៉ាងនៅខេត្តណារ៉ាធីវ៉ាត(Narathiwat) ប៉ាត្តានី(Pattani) និងយ៉ាឡា(Yala)។ ចំណែកប្រជាជនភាគច្រើននៅហ្វីលីពីនវិញ ជាអ្នកកាន់សាសនាគ្រិស្ត។ សាសនាគ្រិស្តក៏ជាសាសនារបស់ប្រជាជនមួយចំនួនដែរ នៅប្រទេសវៀតណាម។
បន្ថែមពីការប្រើភាសាផ្សេងៗពីគ្នា ដែលមិនអនុញ្ញាតឲ្យប្រជាជនអាស៊ីអាគ្នេយ៍និយាយទាក់ទងគ្នាបានស្រួល ក៏មានដែរការប្រើភាសាជាច្រើនខុសៗគ្នានៅក្នុងប្រទេសអាស៊ី អាគ្នេយ៍នីមួយៗ។ ឧទាហរណ៍ជាក់ស្តែង នៅក្នុងប្រទេសឥណ្ឌូណេស៊ី មានភាសាតូចៗផ្សេងៗគ្នារហូតដល់ទៅជិត៧០០ឯណោះ។
ម្ល៉ោះហើយ បានជាបន្តិចម្តងៗ អង់គ្លេសក្លាយទៅជាភាសារួមមួយរវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ គឺជាភាសាផ្លូវការរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន។
*
ដោយឡែក លក្ខណៈខុសគ្នាច្រើននិងដូចគ្នាតិចនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក៏ជាកេរដំណែលបន្សល់មកពីសម័យអាណានិគមផងដែរ។ ចូរកុំភ្លេចថា ភូមានិងម៉ាឡេស៊ីជាអតីតអាណានិគមរបស់អង់គ្លេស ឥណ្ឌូណេស៊ីជាអតីតអាណានិគមរបស់ហូឡង់ ហ្វីលីពីនជាអតីតអាណានិគមរបស់អេស្ប៉ាញ និងក្រោយមកទៀតរបស់អាមេរិក។ រីឯឥណ្ឌូចិនវិញ រួមមានវៀតណាម កម្ពុជានិងឡាវ ជាអតីតអាណានិគមរបស់បារាំង។ នៅអាស៊ីអាគ្នេយ៍ គឺមានតែប្រទេសថៃមួយទេដែលបានគេចផុតពីនឹមអាណានិគមរបស់អឺរ៉ុប ដ្បិតកាលសម័យនោះ ថៃជាដីមួយដុំដែលត្រូវបានបារាំងនិងអង់គ្លេសទុកចោលឱ្យនៅជា តំបន់ទ្រនាប់ដើម្បីបែងចែកដែនដីអាណានិគមនៃមហាអំណាចទាំងពីរឱ្យនៅ ឆ្ងាយនិងដាច់ស្រឡះពីគ្នា។
នៅត្រួតពីលើកេរដំណែលបន្សល់មកពីសម័យអាណានិគមរបស់អឺរ៉ុប ក៏មានដែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឥទ្ធិពលរបស់ឥណ្ឌានិងរបស់ចិន ឥទ្ធិពលដែលមានមកជាច្រើនសតវត្សរ៍កន្លងមកហើយ។ ឥទ្ធិពលវប្បធម៌របស់ឥណ្ឌាបានសាបព្រោះខ្លាំងទៅលើកម្ពុជា ឡាវ ភូមា ម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី។ អ៊ីចឹងហើយបានជាមានមកទល់សព្វថ្ងៃ ជនជាតិឥណ្ឌារស់នៅប្រទេសម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី។
រីឯឥទ្ធិពលវប្បធម៌របស់ចិនវិញ វាលេចឡើង ជាពិសេសតាមរយៈវត្តមានច្រើនសន្ធឹក សន្ធាប់របស់ជនជាតិចិន គឺប្រមាណជាង៣០លាននាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានជាអាទិ៍នៅវៀតណាម ថៃ ហ្វីលីពីន កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី។ សហគមន៍ចិនដើរតួនាទីសេដ្ឋកិច្ចសំខាន់ណាស់នៅក្នុងបណ្តាប្រទេសអាស៊ី អាគ្នេយ៍ ជាពិសេសនៅថៃនិងនៅឥណ្ឌូណេស៊ី។ ឧទាហរណ៍ជាក់ស្តែង នៅក្នុងប្រទេសឥណ្ឌូណេស៊ី ជនជាតិចិនក្តាប់យកយ៉ាងហោចណាស់៧០%នៃសេដ្ឋកិច្ចឯកជន ម្ល៉ោះហើយបានជារហូតមកទល់សព្វថ្ងៃ ប្រជាជនឥណ្ឌូណេស៊ីមួយចំនួនធំស្អប់ខ្ពើមសហគមន៍ចិន។
ដោយឡែក គេសង្កេតឃើញថា ជនជាតិចិនពិបាកនឹងបញ្ចូលខ្លួនទៅក្នុងសង្គមកាន់សាសនាអ៊ីស្លាម ជាងទៅក្នុងសង្គមកាន់ព្រះពុទ្ធសាសនា ដ្បិតព្រះពុទ្ធសាសនា ក៏ជាសាសនារបស់ចិនដែរ ទោះបីជាព្រះពុទ្ធសាសនាបែបចិនមានលាយទៅដោយសាសនាកុងជឺ(Confucius) ក៏ដោយ។
ភាពខុសគ្នាចុងក្រោយរវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ គឺរបបនយោបាយផ្សេងៗពីគ្នា និងគម្លាតសេដ្ឋកិច្ច។ តើមានអ្វីដូចគ្នាទៅ រវាងរបបប្រជាធិបតេយ្យឥណ្ឌូណេស៊ីនិងរបបកុម្មុយនិស្តវៀតណាម ឬរវាងអំណាចផ្តាច់ការភ្លឺស្វាងសិង្ហបុរីនិងអំណាចផ្តាច់ការសឹង ផ្តាច់មុខតែឯកឯងរបស់គណបក្សតែមួយនៅម៉ាឡេស៊ី? តើមានអ្វីដូចគ្នាទៅ រវាងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋសិង្ហបុរី និងកម្រិតជីវភាពរបស់ពលរដ្ឋឡាវ កម្ពុជាឬវៀតណាម?
អ៊ីចឹងហើយបានជាពួកសេដ្ឋវិទូនាំគ្នាបែងចែកបណ្តាប្រទេសអាស៊ី អាគ្នេយ៍ជាបីប្រភេទ។ ទីមួយគឺពពួកប្រទេសនាគសេដ្ឋកិច្ច នោះគឺប្រទេសសិង្ហបុរី។ ទីពីរគឺពពួកប្រទេសខ្លាសេដ្ឋកិច្ច រួមមានម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃនិងហ្វីលីពីន។ រីឯទីបី គឺពពួកបណ្តាប្រទេសមិនសូវលូតលាស់ រួមមានវៀតណាម កម្ពុជា ឡាវ ភូមា និងទីម័រខាងកើត៕
ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
From ( RFI )
0 Comments:
Post a Comment