លោកស្រីកូរី អាគីណូ(Cory Aquino) និមិត្តិរូបប្រជាធិបតេយ្យ នៃប្រទេសហ្វីលីពីន
គេត្រូវរង់ចាំរហូតដល់ទសវត្សរ៍ទី៨០ ទើបឃើញប្រទេសអាស៊ីអាគ្នេយ៍មួយ នោះគឺ ហ្វីលីពីន ឈានជើងមុនគេទៅរកលទ្ធិប្រជាធិបតេយ្យ។ កាលនោះ គឺនៅខែកុម្ភៈឆ្នាំ១៩៨៦ ហ្វៀកឌីណង់ ម៉ាកកុស(Ferdinand Marcos) បុរសខ្លាំងនៃរបបផ្តាច់ការហ្វីលីពីន ត្រូវបានអាមេរិកបង្ខំឲ្យរៀបចំការបោះឆ្នោតសេរីនិងប្រជាធិបតេយ្យ។ កាលនោះ ជោគជ័យនៃការបោះឆ្នោតបានទៅលោកស្រីកូរី អាគីណូ(Cory Aquino) ភរិយារបស់មេដឹកនាំបក្សប្រឆាំងលោកបេនីញ៉ូ អាគីណូ(Benigno Aquino) ដែលត្រូវបានគេធ្វើឃាតនៅឆ្នាំ១៩៨៣។ នេះគឺជារលកប្រជាធិបតេយ្យទីមួយ។ រលកប្រជាធិបតេយ្យទីពីរ ដែលបានគ្របដណ្តប់ទៅលើអាស៊ីអាគ្នេយ៍ បានប្រព្រឹត្តទៅនៅក្នុងទសវត្សរ៍ទី៩០ ឧទាហរណ៍ដូចជានៅសិង្ហបុរី នៅថៃ នៅកម្ពុជានិងនៅឥណ្ឌូណេស៊ីជាដើម។
មានមូលហេតុច្រើនយ៉ាង ដែលអាចពន្យល់ប្រជាធិបតេយ្យូបនីយកម្ម នៅអាស៊ីអាគ្នេយ៍ ក្នុងទសវត្សរ៍ទី៨០និងទី៩០។ មូលហេតុទីមួយ គឺការរលត់រលាយទៅនៃសង្រ្គាមត្រជាក់។ នៅក្នុងសម័យសង្គ្រាមត្រជាក់ របបផ្តាច់ការមួយចំនួន ដូចជានៅថៃឬនៅឥណ្ឌូណេស៊ី
បានពង្រឹងអំណាចរបស់ខ្លួន ដោយមានការចូលដៃពីសំណាក់សហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងមនោគមវិជ្ជាកុម្មុយនិស្ត។ ក្រោយសម័យសង្គ្រាមត្រជាក់ របបផ្តាច់ការអស់ទាំងនេះដែលភាគច្រើនជារបបសឹក អស់មានលេស ដើម្បីពង្រឹងនិងបង្កើនអំណាចរបស់ខ្លួនទៀតហើយ។ ម្ល៉ោះហើយ បានជាសន្តិភាពនិងលទ្ធិប្រជាធិបតេយ្យ អាចផ្តើមចាក់ឫសគល់ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍បាន នៅក្នុងទសវត្សរ៍ទី៩០។
មូលហេតុទីពីរដែលអាចពន្យល់ប្រជាធិបតេយ្យូបនីយកម្មនៅអាស៊ីអាគ្នេយ៍ គឺកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់បណ្តាប្រទេសនាគអាស៊ី ដូចជាសិង្ហបុរី និងក្រោយមកទៀត របស់បណ្តាប្រទេសខ្លាអាស៊ី ដូចជាម៉ាឡេស៊ី និងថៃ ពីទសវត្សរ៍ទី៨០ដល់ឆ្នាំ១៩៩៧ ឆ្នាំដែលវិបត្តិសេដ្ឋកិច្ចបានរាតត្បាតទៅលើទ្វីបអាស៊ី។ កំណើនសេដ្ឋកិច្ចដ៏វិសេសវិសាលនេះ បានធ្វើឲ្យពួកអ្នកវណ្ណៈកណ្តាលដែលចេះដឹងជាងមុននិងធូរធាជាង មុនកើនចំនួនលឿនរហ័ស និងហ៊ានចេញមុខទាមទារសេរីភាព។
*
គឺនៅក្នុងបរិបទនៃការរលត់រលាយទៅនៃសង្គ្រាមត្រជាក់ បរិបទនៃកំណើនសេដ្ឋកិច្ចក្លៀវក្លាបែបនេះហើយ ដែលគេឃើញសង្គមស៊ីវិលមួយលេចត្រដែតឡើង និងចេញមុខទាមទារសេរីភាព នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ សហជីព ជាអ្នកនាំមុខគេ នៅក្នុងចលនាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។ ក្រោយមកទៀត មាននិស្សិត និស្សិតដែលចាប់ពីពាក់កណ្តាលទសវត្សរ៍ទី៨០ទៅ បានចុះធ្វើបាតុកម្មនៅតាមដងផ្លូវ ក្នុងប្រទេសថៃ ហ្វីលីពីន ភូមា និងដប់ឆ្នាំក្រោយមកទៀត ក្នុងប្រទេសឥណ្ឌូនេស៊ី។
ចូរកុំភ្លេចថា របបផ្តាច់ការរបស់ស៊ូហាកតូ(Suharto) នៅឥណ្ឌូណេស៊ីបានដួលរលំ នៅឆ្នាំ១៩៩៨ ដោយហេតុតែមានមហាបាតុកម្ម ក្នុងទូទាំងប្រទេស របស់ពួកសហជីពនិងរបស់ពួកនិស្សិត។
ក្រៅពីសហជីពនិងនិសិ្សត សាសនាក៏បានដើរតួនាទីមួយសំខាន់ដែរ នៅក្នុងអភិក្រមនៃការប្រឆាំងនឹងរបបផ្តាច់ការ។ ឧទាហរណ៍ជាក់ស្តែង នៅឆ្នាំ១៩៨៦ ក្នុងប្រទេសហ្វីលីពីន ព្រះវិហារកាតូលីកបានចេញមុខគាំទ្រលោកស្រីប្រមុខបក្សជំទាស់កូរី អាគីណូ(Cory Aquino) ដើម្បីប្រឆាំងនឹងរបបផ្តាច់ការរបស់ហ្វៀកឌីណង់ ម៉ាកកុស(Ferdinand Marcos)។ ដូចគ្នាអ៊ីចឹងដែរ នៅប្រទេសភូមា ព្រះសង្ឃបានជួយលាក់ខ្លួននៅក្នុងវត្ត ពួកនិស្សិតដែលបានចូលរួមក្នុងបាតុកម្មប្រឆាំងនឹងរបបផ្តាច់ការ របស់ណេ វីន(Ne Win) ក្នុងឆ្នាំ១៩៨៨។
គេក៏មិនអាចបំភ្លេចបានដែរ តួនាទីរបស់បណ្តាអង្គការមិនមែនរដ្ឋាភិបាល ដែលជាសសរ គ្រឹះមួយដ៏មាំនៃសង្គមស៊ីវិល នៅមុននិងនៅក្រោយពេលដែលអំណាចផ្តាច់ការខ្លះនៅ អាស៊ីអាគ្នេយ៍ដួលរលំហើយ។
គេក៏ត្រូវឲ្យតម្លៃផងដែរដល់បច្ចេកវិជ្ជាថ្មីៗនិងឈានមុខ ដូចជាទូរស័ព្ទដៃ និងអ៊ីនធឺណែត ដែលបានបើកលទ្ធភាពឲ្យមានការផ្សព្វផ្សាយពត៌មានលឿនរហ័ស និងការទាក់ទងគ្នាទាន់ពេលវេលារវាងមតិសាធារណជនក្នុងស្រុកនិងមតិ អន្តរជាតិ។
ទោះជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ អាស៊ីអាគ្នេយ៍ នៅតែជាទីដែលលទ្ធិប្រជាធិបតេយ្យពិបាកងើបក្បាលនិងពិបាកដំណើរការ។ ពិបាកដំណើរការ ដោយហេតុតែវត្តមានដ៏រឹងមាំនិងចាស់ដុះស្លែនៃអំណាចផ្តាច់ការមួយ ចំនួននៅក្នុងតំបន់ ដោយហេតុតែមានការបំផុសបំផុលឡើងនូវទ្រឹស្តី«តម្លៃគោលការណ៍អាស៊ី »ដែលប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យបែបបស្ចិមលោក និងដោយហេតុតែវត្តមានរបស់មហាយក្សចិនកុម្មុយនិស្ត ដែលអាចជាហ្រ្វាំងនៃប្រជាធិបតេយ្យូបនីយកម្ម នៅអាស៊ីអាគ្នេយ៍៕
ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
from ( RFI )
0 Comments:
Post a Comment