Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Friday, August 23, 2013

មេដឹកនាំ​បក្សប្រឆាំង​បន្ត​ចុះជួប​អ្នកបោះឆ្នោត​ពេល​បញ្ហា​នយោបាយ​ជាប់គាំង

0 Comments

លោក សម រង្ស៊ី សួរសុខទុក្ខអាជីវករផ្សារអូឡាំពិក
លោក សម រង្ស៊ី សួរសុខទុក្ខអាជីវករផ្សារអូឡាំពិក
លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​បាន​ចុះ​ជួប​អាជីវករ​ក្នុង​ផ្សារ​អូឡាំពិក​​​ នៅ​​ព្រឹក​ថ្ងៃ​សុក្រ​នេះ។​ ខុស​ពី​ជំនួប​តាម​បណ្តា​ខេត្ត​កាល​ពី​លើក​មុនៗ ​ លើក​នេះ ​លោក​ សម រង្ស៊ី ​គ្រាន់តែ​ជួប​សួរ​សុខ​ទុក្ខ​​ប្រជាពលរដ្ឋ​ធម្មតា​តែ​ប៉ុណ្ណោះ​ដោយ​មិន​បាន​ និយាយ​អ្វីច្រើន​​អំពី​ការបោះឆ្នោត​ទេ។ ​មេដឹកនាំ​បក្ស​ប្រឆាំង​ក៏បាន​រៀប​គម្រោង​ជាច្រើន​ទៀត​​ដើម្បី​​ចុះ​ជួប​អ្នកបោះឆ្នោត​តាម​បណ្តា​ខេត្ត។​

សេចក្តីរាយការណ៍របស់ ប៉ែន បូណា
ខណៈ​ដែល​គណបក្ស​សង្គ្រោះជាតិ​កំពុង​បន្ត​ការ​តវ៉ា​ទឹក​ចុងក្រោយ​នៅ​ឯ​ក្រុម​ ប្រឹក្សា​​ធម្មនុញ្ញ​ដើម្បី​រក​យុត្តិធម៌​ក្នុង​ការបោះឆ្នោត ​លោក​សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​នេះ​​បាន​​បង្ហាញ​មុខ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​នៅ​តាម​ ទីផ្សារ​នានា​ក្នុង​ក្រុង​ភ្នំពេញ​ដោយ​ចាប់​ផ្តើម​ពីផ្សារ​អូឡាំពិក​​។

វត្តមាន​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ក្នុង​ទីផ្សារ​ព្រឹក​នេះ​បាន​ធ្វើ​ឡើង​ ដើម្បី​សួរសុខ​ទុក្ខ​អ្នក​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះជាតិ។ ​នៅ​ក្នុង​ជំនួប​នោះ ​លោក​ សម រង្ស៊ី ​ក៏​មិន​បាន​​ថ្លែងសារ​នយោបាយ​អ្វី​ច្រើន​ទេ​ក្រៅពី​ការ​សួរសុខទុក្ខ​ក្រុម​ អាជីវករ ​និង​ថ្លែង​អំណរ​គុណ​​ដល់​អ្នក​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​របស់​លោក។​

នេះ​ជា​សកម្មភាព​ថ្មី​មួយ​ទៀត​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​បន្ទាប់​ពី​បាន ​ចុះ​ជួប​អ្នកបោះឆ្នោត​តាម​បណ្តា​ខេត្ត​ជាច្រើន​ចាប់​តាំងពី​​ក្រោយ​ ការបោះឆ្នោត​​ដែល​បាន​បង្ហាញ​ពី​ការកើន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​របស់​ គណបក្ស​ប្រឆាំង។ ​យ៉ាងណា​ក៏ដោយ​ គណបក្ស​នេះ​នៅ​មិន​ទាន់​ទទួល​យក​លទ្ធផល​នេះ​នៅ​ឡើយ​ទេ​​ដោយ​សារ​​តែ​មាន​ បញ្ហា​មិន​ប្រក្រតី​ជាច្រើន​បាន​កើត​ឡើង​ពេល​បោះឆ្នោត។​

គួរកត់​សម្គាល់​ថា ​ក្រោយ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី ​២៨ ​កក្កដា ​ទាំង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ទាំង​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បាន​នាំគ្នា​ចុះ​ជួប​អ្នកបោះឆ្នោត​ ​របស់​ខ្លួន​ជា​បន្តបន្ទាប់។​ គោល​បំណង​នៃ​ការចុះ​ជួប​នោះ​ត្រូវ​បាន​គេ​ពន្យល់​ថា​ ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​អ្នកបោះឆ្នោត។ ​ជំនួប​ទាំង​នោះ​ក៏ជាឱកាស​ដែល​ពួកគេ​បាន​ថ្លែង​សារនយោបាយ​ទៅកាន់​ អ្នកបោះឆ្នោត​ផងដែរ។​

ក្នុង​ជំនួប​ជាមួយ​កសិករ​ក្នុង​ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល ​កាល​ពី​ថ្មីៗ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​ពី​ជ័យជំនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការបោះឆ្នោត។ ​ចំណែក​ឯ​លោក​សម រង្ស៊ី ​និង​លោក​ កឹម សុខា ​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​​ប្រកាស​ពី​ការលួច​បន្លំ​សន្លឹក​ឆ្នោត​និង​ ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ។​

លោក​សម រង្ស៊ី ​ក៏បាន​រៀប​គម្រោ​ង​ចុះ​ជួប​ពលរដ្ឋ​តាម​ខេត្ត​ជាច្រើន​នៅ​នៅ​ចុង​សប្តាហ៍នេះ ​​ដូច​ជា​នៅ​ខេត្ត​កណ្តាល ​កំពង់ចាម​ កំពង់ធំ ​និង​សៀមរាប ​មុន​នឹង​វិល​មក​ជួប​អ្នកភ្នំពេញ​វិញ​នៅ​ថ្ងៃ​ចន្ទ​ទី​២៦ ​សីហា ​នៅ​ទីលាន​ប្រជាធិបតេយ្យ៕

ដោយ ប៉ែន បូណា /Siv Channa
ពី RFI

Read more...

ប៉ូលិស​ក្រុង​បាត់ដំបង​រារាំង​ពលរដ្ឋ​ចូល​រួម​វេទិកា​ស្ដីពី​ការ​បោះ​ឆ្នោត​របស់​បក្ស​ប្រឆាំង

0 Comments


កង​កម្លាំង​ប៉ូលិស​ក្រុង​បាត់ដំបង ប្រដាប់​ដោយ​ខែល និង​ដំបង បាន​រារាំង និង​ចាប់​ទាញ​រុញ​ច្រាន លោកស្រី មូរ សុខហួរ មិន​ឲ្យ​ដឹក​ដៃ​ប្រជាពលរដ្ឋ​ចូល​រួម​នៅ​ក្នុង​វេទិកា​ផ្លាស់​ប្ដូរ​ព័ត៌មាន ស្ដីពី ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​វេទិកា​នេះ​រៀប​ចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

ប៉ូលិស​រារាំង​ពលរដ្ឋ​ចូល​រួម​វេទិកា ៦១០
សកម្មភាព​របស់​សមត្ថកិច្ច​ប៉ូលិស​ឈរ​បណ្ដាក់​គ្នា​រារាំង​នៅ​ខាង​ មុខ​ច្រក​ចូល ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​រួម​ស្ដាប់​វេទិកា​សាធារណៈ​នៅ​ក្រោយ​ ហេតុការណ៍​ចាប់ លោកស្រី មូរ សុខហួរ ប្រទាញ​ប្រទង់​គ្នា​រវាង​កង​ប៉ូលិស និង​អ្នក​ចូល​រួម នា​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Soun Sophalmony
ប៉ូលិស​ក្រុង​បាត់ដំបង និង​លោកស្រី មូរ សុខហួរ រួម​ទាំង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​នាក់ បាន​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ ដោយ​មាន​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា នៅ​ខាង​មុខ​រោង​វេទិកា​សាធារណៈ​មួយ ស្ថិត​ភូមិ​អង្គ សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។
ការ​ប៉ះ​ទង្គិច​គ្នា​នេះ កើត​មាន​ឡើង​ដោយសារ​តែ​កង​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ជា​ច្រើន​នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង​ផង​នោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ដាក់​ការពារ និង​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ស្ដាប់​វេទិកា​ផ្លាស់​ប្ដូរ​ព័ត៌មាន ស្ដី​ពី ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​រៀប​ចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។
នៅ​ក្នុង​ហេតុការណ៍​ប្រទាញ​ប្រទង់​គ្នា​នោះ គេ​សង្កេត​ឃើញ លោកស្រី មូរ សុខហួរ ត្រូវ​បាន​គេ​រុញ​ផ្ទប់​ទៅ​នឹង​របង​នៅ​ខាង​មុខ​ផ្ទះ ប៉ុន្តែ​ពុំ​មាន​ការ​វាយ​តប់​គ្នា​នោះ​ទេ គ្រាន់​តែ​ជា​ការ​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ប៉ុណ្ណោះ។
ឆ្លើយ​តប​ករណី​នេះ លោកស្រី មូរ សុខហួរ ដែល​អាច​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ខេត្ត​បាត់ដំបង នោះ ប្រតិកម្ម​ថា នៅ​មុន​មាន​ហេតុការណ៍ គឺ​មាន​តែ​សមត្ថកិច្ច​ប៉ូលិស​មិន​ច្រើន​នាក់​ទេ ស្រាប់​តែ​ក្រោយ​មក មាន​ការ​បញ្ជូន​កង​កម្លាំង​ប៉ូលិស​មួយ​រថយន្ត ប្រដាប់​ដោយ​ខែល និង​ដំបង​មក​ថែម​ទៀត ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ក្នុង​វេទិកា ដែល​ជជែក​គ្នា​អំពី​ការ​ការពារ​សន្លឹក​ឆ្នោត​របស់​ប្រជាពលរដ្ឋ៖ «ខ្ញុំ​ យល់​ឃើញ​ថា ជា​ស្មារតី​ប្រជាពលរដ្ឋ​ដែល​ស្នេហា​សន្តិភាព ចង់​បាន​លទ្ធិប្រជាធិបតេយ្យ តែ​ផ្ទុយ​ទៅ​វិញ អ្វី​ដែល​ជា​ទិដ្ឋភាព​ឃើញ​នៅ​ក្រៅ​ផ្ទះ​លោក អ៊ំ រហូត​មក​ព័ទ្ធ​ផ្ទះ​យ៉ាង​នេះ ខ្ញុំ​យល់​ឃើញ​ថា ខុស​ច្បាប់ ហើយ​កាក់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​នេះ ធ្វើ​ប៉ះពាល់​មុខ​មាត់​ខេត្ត​បាត់ដំបង ទាំង​មូល»
ទោះ​យ៉ាង​នេះ​ក្ដី លោកស្រី មូរ សុខហួរ ពុំ​បាន​ស្ដី​បន្ទោស​កង​កម្លាំង​ប៉ូលិស​នោះ​ទេ តែ​លោកស្រី​សង្កត់​ធ្ងន់​ថា ការ​រារាំង​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង៖ «ខ្ញុំ​នៅ​ឈឺ​ខ្លួន​នៅ​ឡើង​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ទាមទារ​បំផុត ខ្ញុំ​កាន់​ដៃ​លោក​ពូ​ម្នាក់​ដែល​គាត់​ខំ​កាត់​ប៉ូលិស ដែល​បាំង​មិន​ឲ្យ​គាត់​ចូល ហើយ​ខ្ញុំ​ជា​និម្មិត​រូប ខ្ញុំ​សុខ​ចិត្ត​ធ្វើ​យ៉ាង​ម៉េច​តស៊ូ​ដើម្បី​ឲ្យ​លោក​ពូ​គាត់​មាន​សិទ្ធិ​ ចូល​រួម​នៅ​ក្នុង​វេទិកា​នេះ ខ្ញុំ​មាន​ការ​សោកស្ដាយ​ណាស់​សោកស្ដាយ​មែន​ទែន មិន​គួរ​ណា​ឡើយ​រដ្ឋ​អំណាច​នៅ​ខេត្ត​បាត់ដំបង បញ្ចេញ​ឥរិយាបថ​របៀប​នេះ ដែល​ធ្វើ​បាត់​បង់​សន្លឹក​ឆ្នោត ហេតុ​អី​មិន​ព្រម​រៀន​សូត្រ​រឿង​ហ្នឹង​ថា រាស្ត្រ​លោក​ឈប់​ខ្លាច​ហើយ»
ឆ្លើយ​តប​នឹង​សំណួរ សួរ​ថា លោកស្រី​មាន​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​មាន​ចំពោះ​ លោកស្រី​នេះ​ទេ? លោកស្រី មូរ សុខហួរ ឆ្លើយ​ថា រឿង​នេះ​នឹង​ធ្វើ​ឲ្យ​លោកស្រី​កាន់​តែ​មាន​ទឹក​ចិត្ត​មោះមុត​ថែម​ទៀត ក្នុង​ការ​ការពារ​ប្រជាពលរដ្ឋ។
នៅ​ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​រួច​មក វេទិកា​ផ្លាស់​ប្ដូរ​ព័ត៌មាន​ស្ដីពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ កម្ពុជា ក៏​បាន​ដំណើរ​ការ​ទៅ ហើយ​មាន​ប្រជាពលរដ្ឋ​ចូល​រួម​ប្រហែល ៦០​នាក់​ប៉ុណ្ណោះ។ ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត ដែល​ចង់​ចូល​រួម​ក្នុង​វេទិកា​នោះ ត្រូវ​បាន​គេ​ដាក់​កង​កម្លាំង​ប៉ូលិស​ហាម​ឃាត់។
មូរ សុខហួរ ៦១០
លោកស្រី មូរ សុខហួរ ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី​ដំណើរ​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​ កម្ពុជា ក្រោយ​ប្រទាញ​ប្រទង់​គ្នា នា​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៣។
ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក​ឧត្ដមសេនីយ៍ ស ថេត ថ្លែង​ថា កង​ប៉ូលិស​បាន​បញ្ជូន​ទៅ គឺ​ដើម្បី​ការពារ​សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ។ ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​នោះ គឺ​ដោយសារ​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹក​ដៃ​ប្រជាពលរដ្ឋ​ចូល​ទៅ​កាន់​វេទិកា​កាត់​រនាំង​ការពារ​របស់​ សមត្ថកិច្ច។ វេទិកា​សាធារណៈ​នោះ បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​ បាត់ដំបង។ ទន្ទឹម​គ្នា​នេះ លោក​ឧត្ដមសេនីយ៍ ស ថេត បាន​ប្រតិកម្ម​ចំពោះ​ព័ត៌មាន​មួយ​ចំនួន​ដែល​គេ​បង្ហោះ​តាម​ប្រព័ន្ធ​សង្គម​ ហ្វេសប៊ុក (Facebook) ថា ប៉ូលិស​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​ទៅ​លើ​ប្រជាពលរដ្ឋ។
អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) លោក យិន ម៉េងលី ថ្លែង​ថា ប្រទេស​កម្ពុជា ពុំ​ទាន់​មាន​ច្បាប់​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ ប៉ុន្តែ​យោង​លើ​សេចក្ដី​ជូន​ដំណឹង​មួយ​របស់​ក្រសួង​មហាផ្ទៃ អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​ធ្វើ​វេទិកា និង​បើក​កិច្ច​ប្រជុំ​ផ្សេង​បាន ដោយ​គ្រាន់​តែ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​រយៈពេល ៥​ថ្ងៃ​ជា​មុន៖ «អ៊ីចឹង​បាន​ខ្ញុំ​ចង់​និយាយ​ថា អ្នក​ដែល​ចង់​ឲ្យ​គេ​សុំ​ច្បាប់ លោក​យោង​លើ​ច្បាប់​អី​មាត្រា​មួយ​ណា ពីព្រោះ​ព្រឹក​មិញ​សមត្ថកិច្ច​និយាយ​ថា ច្បាប់ៗ ការ​ធ្វើ​នេះ​ធ្វើ​នៅ​ក្នុង​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ម្នាក់ អ៊ីចឹង​អត់​មាន​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ​ទេ យើង​យក​កម្លាំង​សមត្ថកិច្ច​មក​បិទ​ផ្លូវ​មុខ បិទ​ផ្លូវ​ក្រោយ​មិន​ឲ្យ​ចូល​ផ្ទះ​ទៀត ខ្ញុំ​ឃើញ​ថា កំហុស​នេះ​ធ្ងន់​ណាស់​ចំពោះ​សមត្ថកិច្ច»
មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ កាល​ពី​ថ្ងៃ​ទី​១៤ សីហា បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​សង្កាត់​អូរចារ ដើម្បី​រៀប​ចំ​វេទិកា​ផ្លាស់​ប្ដូរ​ព័ត៌មាន​ស្ដី​ពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ថ្ងៃ​ទី​១៩ សីហា សាលា​សង្កាត់​អូរចារ បាន​ចេញ​លិខិត​ឆ្លើយ​ដោយ​ពុំ​បាន​អនុញ្ញាត​ឲ្យ​រៀប​ចំ​វេទិកា​នោះ​ទេ ដោយ​សម្អាង​ថា នៅ​បរិវេណ​ទីតាំង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​រៀប​ចំ​វេទិកា​នោះ មាន​វិសាលភាព​ធំ មិន​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​រដ្ឋបាល​សង្កាត់​អូរចារ ទេ។ សាលា​សង្កាត់​បញ្ជូន​បញ្ហា​នេះ​ទៅ​សាលា​ក្រុង។ សាលា​ក្រុង​បាត់ដំបង បញ្ជូន​បញ្ហា​នេះ​ឲ្យ​ទៅ​សុំ​ច្បាប់​បន្ត​ពី​រដ្ឋបាល​សាលា​ខេត្ត​បាត់ដំបង ប៉ុន្តែ​រដ្ឋបាល​សាលា​ខេត្ត​បាត់ដំបង ពុំ​បាន​ឆ្លើយ​តប​នោះ​ឡើយ លុះ​ដល់​ថ្ងៃ​ទី​២២ ខែ​សីហា មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​រៀប​ចំ​វេទិកា​សាធារណៈ​ឡើង​តែ​ម្តង៕
ដោយ សួន សុផលមុន្នី /Soun Sophalmony
ពី វិទ្យុអាស៊ីសេរី RFA
Read more...

បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ

0 Comments


គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ស្វាគមន៍ និង​សាទរ​ចំពោះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​អោយ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បើក​កញ្ចប់​រក្សា​ឯកសារ​ដើម​សម្រាប់​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត ឬ​ហៅ​ថា​កញ្ចប់​សុវត្ថិភាព "ក" មួយ​ចំនួន។ ស្រប​គ្នា​នេះ ក្នុង​នាម​ដើម​បណ្ដឹង​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត គណបក្ស​នេះ​ទាមទារ​អោយ​មាន​លក្ខខណ្ឌ​ចាំ​បាច់ ដែល​ធានា​តម្លាភាព​ក្នុង​ការ​បើក​កញ្ចប់។
ផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោត ៦១០
សកម្មភាព​ផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោត​ឡើង​វិញ នា​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី៣ ខែ​សីហា ឆ្នាំ​២០១៣។
គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចាត់​វិធាន​ការ និង​នីតិវិធី​ក្នុង​ការ​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​ដោយ​តម្លាភាព និង​អាច​ជឿ​ទុក​ចិត្ត​បាន​ពី​មតិ​សាធារណៈ ជាតិ អន្តរជាតិ តាម​រយៈ​ការ​អនុញ្ញាត​អោយ​មាន​ការ​ចូល​រួម​ពី​ភាគី​ដើម​បណ្ដឹង អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ។
សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា បាន​ហៅ​ការ​សម្រេច​អោយ​មាន​ការ​បើក​កញ្ចប់​សុវត្ថិភាព​មួយ​ចំនួន ដើម្បី​ផ្ទៀងផ្ទាត់ និង​ដោះស្រាយ​នូវ​ភាព​មិន​ប្រក្រតី​តាម​គណបក្ស​នយោបាយ ជា​ការ​បង្ហាញ​ពី​តម្លាភាព ការ​ទទួល​ខុស​ត្រូវ ហើយ​ក៏​នឹង​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​មាន​ការ​ជឿ​ជាក់ ធ្វើ​អោយ​អ្នក​ឈ្នះ​មាន​កិត្តិយស ចំណែក​អ្នក​ចាញ់​ក៏​បាន​អស់​ចិត្ត។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បន្ថែម​ថា ការ​ផ្ទៀង​ផ្ទាត់​លទ្ធផល​ឆ្នោត​តាម​កញ្ចប់​សុវត្ថិភាព គឺ​ជា​ចំណែក​មួយ​ក្នុង​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពុំ​ទទួល​យក​លទ្ធផល​ឆ្នោត៖ «អោយ​ប្រជាពលរដ្ឋ​ជឿ​ជាក់​បន្ថែម​ទៀត អោយ​វា​មាន​ភាព​ច្បាស់​លាស់​លើ​ចំណុច​មួយ​ត្រង់ គឺ​ទៅ​លើ​លទ្ធផល​ឆ្នោត គឺ​ត្រូវ​តែ​មាន​ការ​បើក​កញ្ចប់ "ក" នេះ​ហើយ។ នេះ​គ្រាន់​តែ​ជា​ចំណុច​មួយ​ទេ ប៉ុន្តែ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ទាំង​មូល មាន​ភាព​មិន​ប្រក្រតី​ច្រើន​ណាស់ ជា​រឿង​មួយ​ដែល​រួម​ចំណែក​ធ្វើ​អោយ​ការ​បោះ​ឆ្នោត​មិន​មាន​សេរី និង​យុត្តិធម៌»
គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​បន្ទាប់​មក ទៅ​កាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដោយ​ទាមទារ​ផ្ទៀង​ផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​តាម​ការិយាល័យ​មួយ​ចំនួន​នៅ​ក្នុង ​មណ្ឌល​មួយ​ចំនួន ដែល​គណបក្ស​នេះ​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី ដូច​ជា​ការ​កោស​លុប​លើ​ឯកសារ​ចម្លង​លទ្ធផល​ឆ្នោត​ជាដើម។
កញ្ចប់​សុវត្ថិភាព "ក" ជា​កញ្ចប់​ដែល​ដាក់​ឯកសារ​ដើម​ជា​ច្រើន​មក​ពី​ការិយាល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត រួម​មាន​ទម្រង់​បែបបទ​លេខ ១១០១ ១១០២ និង ១១០៨ បញ្ជី​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ត្រា​សម្ងាត់ សន្លឹក​ឆ្នោត​ខូច សន្លឹក​ឆ្នោត​មិន​បាន​ប្រើ និង​គល់​បញ្ជី​សន្លឹក​ឆ្នោត​ដែល​បាន​ប្រើ សន្លឹក​ឆ្នោត​បាន​ការ សន្លឹក​ឆ្នោត​មិន​បាន​ការ និង​ផ្ទាំង​ក្រដាស​ធំ​សម្រាប់​កត់ត្រា​សំឡេង​ឆ្នោត​ជាដើម។
វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ចំពោះ​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ បាន​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា។
ចំពោះ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា ជា​ទូទៅ តាម​នីតិវិធី​របស់ គ.ជ.ប គឺ​តែង​អោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​គ្រប់​ភាគី​ពាក់ព័ន្ធ៖ «ការ​បើក​ កញ្ចប់ ឬ​ការ​ផ្ទៀង​ផ្ទាត់​របស់ គ.ជ.ប តែង​អញ្ជើញ​តំណាង​គណបក្ស​នយោបាយ ជា​ពិសេស​ភាគី​ដើម​បណ្ដឹង និង​គណបក្ស​ដែល​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត អ្នក​សង្កេតការណ៍ និង​អ្នក​សារព័ត៌មាន​ចូល​រួម​ដែរ»
សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ចេញ​ថ្ងៃ​ទី​២៣ ខែ​សីហា បាន​កំណត់​អោយ គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព "ក" ដើម្បី​ផ្ទៀង​ផ្ទាត់​លទ្ធផល​នៅ​ក្នុង​ការិយាល័យ​ចំនួន​១៣ ក្នុង​ឃុំ​ស្វាយជ្រះ នៅ​ក្នុង​មណ្ឌល​ក្រចេះ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​សីហា។
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ឬ និកហ្វិច (Nicfec) លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ជា​ការ​ល្អ​ដែល​បើក​អោយ​មាន​ការ​ផ្ទៀង​ផ្ទាត់​លទ្ធផល​បោះ​ឆ្នោត ប៉ុន្តែ​គួរ​តែ​អនុញ្ញាត​នៅ​គ្រប់​ការិយាល័យ​ដែល​គណបក្ស​នយោបាយ​បាន​ទាមទារ ដោយ​មាន​ភស្តុតាង​ជាក់​លាក់​ពី​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​ឆ្នោត៖ «មាន​ ករណី​គួរ​អោយ​សង្ស័យ គួរ​តែ​បើក​អោយ​អស់​ទៅ បើ​សិន​ជា​បើក​ដូច​ក្នុង​ករណី​នៅ​ខេត្ត​ក្រចេះ ឬ​តែ​ខេត្ត​ណា​មួយ ខ្ញុំ​យល់​ថា អត់​គ្រប់គ្រាន់​ទេ គឺ​គួរ​តែ​បើក​ទាំងអស់​តាម​សំណើ​របស់​គណបក្ស​ប្រឆាំង»
ឯកសារ​ដើម​សម្រាប់​ផ្ទៀង​ផ្ទាត់​លទ្ធផល​ឆ្នោត ឬ​កញ្ចប់​សុវត្ថិភាព "ក" ត្រូវ​ចាត់​ទុក​ថា ប្រៀប​បាន​នឹង​ប្រអប់​ខ្មៅ​នៃ​យន្តហោះ ដែល​អាច​រក្សា​បាន​នូវ​ភាព​ត្រឹម​ត្រូវ​ក្នុង​កម្រិត​ខ្ពស់​បំផុត និង​មាន​ការ​ទទួល​ស្គាល់​ពី​តំណាង​មក​ពី​គ្រប់​គណបក្ស​នយោបាយ។ យ៉ាង​ណា ក៏​មាន​ការ​បារម្ភ​ដែរ​ថា ការ​អូស​បន្លាយ​ពេល​វេលា​យូរ​ពេក​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ក៏​អាច​នាំ​អោយ​មាន​ការ​សង្ស័យ​ថា គេ​អាច​បន្លំ​លទ្ធផល​បាន​ដែរ៕

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កោះ​ហៅ​បេក្ខជន​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​តាកែវ

ដោយ អ៊ុក សាវបូរី
តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​តាកែវ លោក អ៊ុក ស៊ុយ ថ្លែង​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​កោះ​ហៅ​លោក​ដែល​ជា​ដើម​បណ្ដឹង​ទៅ​សាកសួរ​ពី​ ការ​ប្ដឹង​សុំ​សើរើ​លទ្ធផល​ឆ្នោត​នៅ​ខេត្ត​តាកែវ ប្រកាស​បណ្ដោះ​អាសន្ន​ដោយ គ.ជ.ប មិន​ត្រឹមត្រូវ។
លោក​បន្ត​ថា បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សើរើ ផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោត​នៅ​ខេត្ត​តាកែវ ក្នុង​ទម្រង់​១១០២ ១១០៤ និង ១១០៨ នោះ នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព "ក" នោះ មក​ពី​នៅ​ថ្ងៃ​បោះ​ឆ្នោត​មាន​ភាព​មិន​ប្រក្រតី​បាន​កើត​ឡើង​ជាច្រើន៕
ដោយ សុ ជីវី
វិទ្យុអាស៊ីសេរី  RFA
Read more...

គ.ជ.ប នឹង​បើកកញ្ចប់សុវត្ថិភាព «ក» មួយចំនួន នៅមណ្ឌលខេត្តក្រចេះ

0 Comments

លោក​អ៊ឹម សួស្ដី ប្រធាន​ គ.ជ.ប នៅ​ក្នុង​កិច្ច​ប្រជុំ​ឯ​ទី​ស្ដីការ គ.ជ.ប នា​ពេល​កន្លង​មក
លោក​អ៊ឹម សួស្ដី ប្រធាន​ គ.ជ.ប នៅ​ក្នុង​កិច្ច​ប្រជុំ​ឯ​ទី​ស្ដីការ គ.ជ.ប នា​ពេល​កន្លង​មក
គ.ជ.ប ​បាន​ចេញ​មុខ​មក​ប្រកាស​​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា​នេះ​ថា ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​អាទិត្យ ទី​២៥​សីហា ឯ​ទី​ស្ដី​ការ គ.ជ.ប។ ចំណាត់​ការ​នេះ ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ ធម្មនុញ្ញ​ចេញ​សេចក្ដី​សម្រេច អនុញ្ញាត​ឲ្យ​ គ.ជ.ប ​បើក​កញ្ចប់​សុវត្ថិភាព «ក» មួយ​ចំនួន នៅ​មណ្ឌល​ខេត្ត​ក្រចេះ ដើម្បី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​វាយ​តម្លៃ​ថា នេះ​គឺ​ជា​សញ្ញាណ​ល្អ ដើម្បី​ស្វែង​រក​ការ​ពិត ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត នឹង​បើក​កញ្ចប់​សុវត្ថិភាព «ក» នៅ​ថ្ងៃ​ទី​២៥​សីហា ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់ គ.ជ.ប ចុះ​ថ្ងៃ​ទី​២៣ សីហា​នេះ។ គួរ​បញ្ជាក់​ថា ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» របស់ គ.ជ.ប នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​សេចក្ដី​សម្រេច​ពី ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។
ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​នៅ​ទី​បំផុត​ទៅ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព «ក» មួយ​ចំនួន នៅ​មណ្ឌល​ខេត្ត​ក្រចេះ ដើម្បី​ផ្ទៀង​ផ្ទាត់។ នៅ​ក្នុង​សេចក្ដី​សម្រេច ចុះ​ថ្ងៃ​ទី​២៣ ខែ​សីហា ដែល​មាន​ទាំង​វាយ​ត្រា «ប្រញាប់​បំផុត» ផង​នោះ បាន​បញ្ជាក់​បន្ថែម​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នឹង​ចាត់​តាំង​តំណាង​ឲ្យ​ទៅ​ចូល​រួម​ស្រាវជ្រាវ ស៊ើប​អង្កេត ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» នៅ​ទីស្ដីការ គ.ជ.ប ផង​ដែរ។

លោក គួច ប៊ុនរឿន មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បន្ទុក​កិច្ច​ការ​បោះ​ឆ្នោត មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ថ្ងៃ​ទី​២៣​សីហា​នេះ​ថា ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» នេះ នឹង​អាច​រក​ឃើញ​ការ​ពិត ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ លោក​បាន​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក មាន​ភស្ដុតាង​គ្រប់​គ្រាន់​ដើម្បី​ផ្ទៀង​ផ្ទាត់​ជាមួយ​នឹង​ឯកសារ​នៅ​ក្នុង​ កញ្ចប់​សុវត្ថិភាព «ក» ទាំង​នោះ។

យ៉ាង​ណា​ក៏​ដោយ លោក​គួច ប៊ុនរឿន វាយ​តម្លៃ​ថា នេះ​គឺ​ជា​​​សញ្ញាណ​​មួយ​ល្អ ដើម្បីលាត​ត្រដាង​ការ​ពិត ​ផ្ដល់​យុត្តិធម៌​និង​ជំនឿ​ដល់​ប្រជាពលរដ្ឋ ព្រម​ទាំង​សហគមន៍​ជាតិ​និង​អន្ដរជាតិផង។ មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ សង្ឃឹម​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នឹង​បន្ត​យន្តការ​របៀប​នេះ នៅ​បណ្ដា​ខេត្ត​ផ្សេង​ៗ​ទៀត ជា​ពិសេស​គឺ​ខេត្ត​ដែល​អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​អាសនៈរដ្ឋ​សភា៕
ដោយ អ៊ឹម រចនា/Siv Channa
ពី RFI
Read more...

ក្រុមប្រឹក្សា​ធម្មនុញ្ញ​បញ្ជា​ឲ្យ​គ.ជ.ប.​បើក​កញ្ចប់​សន្លឹក​ឆ្នោត​ដើម្បី​ពិនិត្យ​ភាព​មិន​ប្រក្រតី

0 Comments

ការិយាល័យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​នៅក្នុង​បរិវេណ​វិមាន​រដ្ឋ​ចម្ការមន។​
ការិយាល័យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​នៅក្នុង​បរិវេណ​វិមាន​រដ្ឋ​ចម្ការមន។​

Read more...

Wednesday, August 21, 2013

រដ្ឋមន្ត្រី​ចិន​ថា ចិន​ត្រូវ​តែ​ការពារ​សិទ្ធិ​ដែនសមុទ្រ​របស់​ខ្លួន

0 Comments


130821_18a
រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោកឆាក់ ហាហ្គែល (ឆ្វេង) និង​ឧត្តម​សេនីយ៍ ចាង វ៉ាន់​គួន ក្នុង​សន្និ​សីទ​កាសែត​រួម។ AFP
ក្រុងវ៉ាស៊ីនតោនៈ នៅក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​រដ្ឋមន្ត្រី​ការពារ​ជាតិ ​ចិន​បាន​និយាយ​ថា ទំនាក់ទំនង​យោធា​រវាង​ចិន​និង​អាមេរិក​កំពុង​មាន​ការ​កែលម្អ​មិន​ប្រែប្រួល ប៉ុន្តែ​ក្រុង​ប៉េកាំង​នៅ​តែ​តាំង​ចិត្ត​ការពារ​សិទ្ធិ​ដែនសមុទ្រ​របស់​ ខ្លួន​។
ថ្វីបើ​លោក​ឧត្ដមសេនីយ៍​ចាង​វ៉ាន់គួន​និង​សមភាគី​អាមេរិក​គឺ​ប្រមុខ​ មន្ទីរបញ្ចកោណ​លោក​ឆាក់ ហាហ្គែល​បាន​បន្លឺ​សំឡេង​សុទិដ្ឋិនិយម​បន្ទាប់ពី​មាន​កិច្ចចរចា​ជាង​បី​ម៉ោង ​ក្តី​ក៏​មន្ត្រី​ចិន​រូប​នោះ​បាន​បញ្ជាក់​ច្បាស់​ថា​ក្រុង​ប៉េកាំង​នឹង​មិន ​ធ្វើ​សម្បទាន​ទេ នៅ​ពេល​វា​ជា​ផលប្រយោជន៍​ស្នូល​របស់​ខ្លួន​។
នៅឯ​មន្ទីរបញ្ចកោណ​លោក ចាង បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​រួម​គ្នា​មួយ​ថា​៖ «​យើង​តែងតែ​ទទូច​ថា ជម្លោះ​ដែល​ទាក់ទង​ត្រូវ​ដោះស្រាយ​តាមរយៈ​ការ​សន្ទនា​និង ការ​ចរចា​»​។
លោក​បាន​ថ្លែង​ថា​៖​«​ទោះ​យ៉ាង​ណា​គ្មាន​អ្នក​ណា​នឹង​ស្រមើស្រមៃ​ថា​ចិន​ នឹង​បោះបង់​ចោល​ផលប្រយោជន៍​សំខាន់​របស់​យើង​ទេ​ហើយ​ក៏​គ្មាន​អ្នក​ណា​មើល​ ស្រាល​ពី​ឆន្ទៈ​និង​ការ​តាំង​ចិត្ត​របស់​យើង​ក្នុង​ការ​ការពារ​សិទ្ធិ​ដែនដី ​អធិបតេយ្យភាព និង​សិទ្ធិ​ដែនសមុទ្រ​របស់​យើង​ដែរ​»។
ចិន​ទាមទារ​ស្ទើរ​តែ​ទាំងអស់​នៃ​ដែនសមុទ្រ​ចិន​ខាង​ត្បូង​ថ្វីបើ​មាន​ការ ​ទាមទារ​ពី​ប្រទេស​ជា​ច្រើន​ទៀត​នៅក្នុង​តំបន់​ដែល​បាន​ចោទប្រកាន់​ក្រុង​ ប៉េកាំង​ពី​បទ​ធ្វើការ​កាន់កាប់​បន្តិច​ម្ដង​ៗ​នូវ​ប្រជុំ​កោះ​មាន​ជម្លោះ​ នេះ​ក៏​ដោយ​។
ជប៉ុន​និង​ចិន​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដ៏​ជូរចត់​ជុំវិញ​ថា​តើ​ ប្រទេស​ណា​មាន​អធិបតេយ្យភាព​លើ​ប្រជុំ​កោះ​នៅក្នុង​សមុទ្រ​ចិន​ខាង​កើត​។
លោក​ហាហ្គែល​បាន​បញ្ជាក់​ជាថ្មី​ពី​ជំហរ​អាមេរិក​ទៅ​លើ​បញ្ហា​នេះ​ដោយ​ និយាយ​ថា​ក្រុង​វ៉ាស៊ីនតោន​នៅ​តែ​អព្យាក្រឹត​ជុំវិញ​បញ្ហា​អធិបតេយ្យ​ ប៉ុន្តែ​បាន​ទទូច​ថា ការ​ខ្វែង​គំនិត​គ្នា​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​ដោយ​គ្មាន​ការ​ បង្ខិតបង្ខំ​។
នៅ​មុន​ជំនួប​ពី​ថ្ងៃ​ចន្ទ​ក្រុម​មន្ត្រី​អាមេរិក​បាន​អួត​ពី​ការ​វិវឌ្ឍ​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​៕ PN​ភ្នំពេញប៉ុស្តិ៍
Read more...

បទ​វិភាគ៖ តើ​ការ​ប្រជុំ​សភា​អាណត្តិ​ទី៥ អាច​កើត​មាន​ទេ?

0 Comments


ការ​បោះ​ឆ្នោត​រើស​សមាជិក​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ បាន​ចប់​ទៅ​ហើយ។ ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ ឆ្នោត មិន​ទាន់​បាន​ធ្វើ​នៅ​ឡើយ​ទេ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ថា ប្រភព​ព័ត៌មាន​របស់​ខ្លួន​បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ។

តំណាង​រាស្ត្រ​សម​រង្ស៊ី ៣០៥
សមាជិក​សភា​គណបក្ស​សមរង្ស៊ី​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា ដោយ​ឈរ​នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៦ វិច្ឆិកា ២០០៩។
Photo: RFA
បើ​ចែក​ជា​អាសនៈ​នៅ​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​អាសនៈ​ចំនួន ៦៨ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល ៥៥​អាសនៈ។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​ដែល​ប្រកាស​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នេះ​ទេ។ តើ​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​ឈ្នះ អាច​រួម​គ្នា​ចូលរួម​ប្រជុំ​សភា​ថ្មី​ឬ​ទេ?
ការ​កោះ​ប្រជុំ​បង្កើត​រដ្ឋសភា​អាណត្តិ​ទី៥ ក្រោយ​ការ​បោះ​ឆ្នោត​ចំនួន ៦០​ថ្ងៃ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ប្រហែល​ជា​ជួប​បញ្ហា​ជាច្រើន ដោយសារ​គណបក្ស​នយោបាយ​ដែល​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៨ កក្កដា បាន​ដណ្ដើម​គ្នា​ឈ្នះ និង​កំពុង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក។
គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ដោយ​បាន​កៅអី​ចំនួន ៦៨ នៅ​ក្នុង​រដ្ឋសភា ក្នុង​ចំណោម​កៅអី​ទាំង ១២៣ របស់​រដ្ឋសភា និង​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ វិញ ក៏​បាន​អះអាង​ថា​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ដែរ ដោយ​បាន​ទទួល​អាសនៈ​ចំនួន ៦៣ ក្នុង​ចំណោម​កៅអី​ទាំង ១២៣ របស់​រដ្ឋសភា ហើយ​មាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន​ ដែរ។ នេះ​ជា​បញ្ហា​មួយ កើត​ឡើង​ដូច​មនុស្ស ២​នាក់ ដណ្ដើម​គ្នា​ដេក​កណ្ដាល​អីចឹង។
គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​មួយ​ឯករាជ្យ ដើម្បី​អង្កេត ពិនិត្យ​ឡើង​វិញ​ភាព​មិន​ប្រក្រតី​កើត​មាន​ក្នុង​ការ​បោះ​ឆ្នោត និង​បាន​លើក​ឡើង​ថា បើ​សិន​ជា​ការ​បោះ​ឆ្នោត​រើស​សមាជិក​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ប្រព្រឹត្ត​ដោយ​ត្រឹមត្រូវ មាន​តម្លាភាព​នោះ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ដាច់​ច្រើន​ជាង ៦៣​កៅអី​ទៅ​ទៀត។ ពីព្រោះ​នៅ​ទី​ណា​ក៏​គេ​ឮ​តែ​ពាក្យ​ថា​ដូរ​ដែរ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​ថា គណៈកម្មការ​ស្រាវជ្រាវ​នោះ​មាន​រយៈពេល ១​ខែ ដើម្បី​ធ្វើ​ការងារ និង​ប្រកាស​លទ្ធផល​ដែល​ពួក​គេ​រក​ឃើញ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​ទៀត​ថា សមាស​ភាព​របស់​គណៈកម្មការ​ស្រាវជ្រាវ​នោះ គឺ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន។
មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​បដិសេធ​ថា រឿង​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ឯករាជ្យ​នោះ គឺ​ហួស​ពី​សមត្ថកិច្ច​របស់ គ.ជ.ប ហើយ។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ចេញ​ជា​ចំហ​អំពី​ការ​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ ឯករាជ្យ​នោះ​ដោយ លោក ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា លោក​ស្វាគមន៍​ការ​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ឯករាជ្យ​មួយ​ដែល​មាន​សមាស​ ភាព​ដូច​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បើ​សិន​ជា គ.ជ.ប យល់​ថា​ចាំបាច់។ មិន​តែ​ប៉ុណ្ណោះ លោក ហ៊ុន សែន បាន​និយាយ​ចេញ​ជា​សាធារណៈ​អំពី​ការ​ត្រៀម​ខ្លួន​ជួប​ចរចា​ជាមួយ​អ្នក​ដឹកនាំ ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រៀប​ចំ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋសភា​ទៀត​ផង។
ពិត​មែន​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ លើ​ចំនួន​តួលេខ​អ្នក​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ តែ​ជា​ចុង​ក្រោយ ការ​សម្រប​សម្រួល​មុខ​ជា​កើត​មាន​មិន​ខាន​ក្រោយ​ពេល​គណៈកម្មាធិការ​ជាតិ​រៀប ​ចំ​ការ​បោះ​ឆ្នោត​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ។ បើ​មាន​ការ​ជួប​ប្រជុំ​សម្រប​សម្រួល​រវាង​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​ពិត​ មែន ការ​ប្រជុំ​សភា​អាណត្តិ​ទី៥ ប្រហែល​ជា​មិន​មាន​ការ​លំបាក​ទេ។
រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា ចែង​ថា សម័យ​ប្រជុំ​សភា​ដំបូង​ត្រូវ​តែ​មាន​សមាជិក​សភា​ថ្មី​យ៉ាង​តិច ១២០​រូប​ចូលរួម។ ដូច្នេះ ការ​ប្រជុំ​នោះ​ត្រូវ​តែ​មាន ដើម្បី​ប្រកាស​សុពលភាព​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ថ្មី។ ការ​ងឿក​ឡាំប៉ា​មិន​ចូលរួម​ប្រជុំ​របស់​គណបក្ស​មាន​អាសនៈ​តិច​នៅ​ក្នុង​ រដ្ឋសភា ធ្លាប់​កើត​មាន​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០០៣ និង​ឆ្នាំ​២០០៨ កន្លង​មក។ តែ​ចុង​ក្រោយ នៅ​តែ​ដោះស្រាយ​បាន ដោយ​តំណាង​រាស្ត្រ​គណបក្ស​ជាប់​ឆ្នោត​នៅ​តែ​មក​ចូលរួម​ប្រជុំ។
ការ​ធ្វើ​បាតុកម្ម​តវ៉ា​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ផ្សេងៗ​ពី​សំណាក់​គណបក្ស ​នយោបាយ អាច​កើត​មាន​មុន​ពេល​រដ្ឋសភា​ថ្មី​ប្រជុំ ប៉ុន្តែ នោះ​គ្រាន់​តែ​ជា​ការ​ទាមទារ​ចំណែក​នៃ​អំណាច​ដែល​គណបក្ស​ចង់​បាន​ប៉ុណ្ណោះ។ ប៉ុន្តែ បាតុកម្ម​នោះ​មិន​អាច​ឈាន​ទៅ​ដល់​ការ​បង្ហូរ​ឈាម​គ្នា​តាម​ផ្លូវ និង​បង្ក​ជា​សង្គ្រាម ឬ​កោលាហល​សង្គម​បាន​ឡើយ ពីព្រោះ​ប្រជាជន​កម្ពុជា កាន់​ព្រះពុទ្ធ​សាសនា ហើយ​ឆ្អែត​ជាមួយ​សង្គ្រាម​កាប់​សម្លាប់​គ្នា​ច្រើន​ដង​ច្រើន​ឆ្នាំ​ទៅ​ហើយ។ ដូច្នេះ ប្រជាពលរដ្ឋ​កម្ពុជា ចំនួន ៩​លាន​នាក់ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​នោះ ប្រហែល​ជា​មិន​គាំទ្រ​ឲ្យ​មាន​ការ​ដូរ រហូត​ដល់​មាន​ការ​បង្ហូរ​ឈាម​គ្នា​តាម​ផ្លូវ​នោះ​ឡើយ៕
ដោយ កែវ និមល
ពី ​វិទ្យុអាស៊ីសេរី  
Read more...

បទ​វិភាគ៖ ភាព​វឹកវរ​អាច​កើត​មាន​តែ​មិន​អាច​មាន​សង្គ្រាម​ស៊ីវិល​ទេ

0 Comments


បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ថា​ខ្លួន​ឈ្នះ​ឆ្នោត និង​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ឆ្លើយ​តប​វិញ​ភ្លាម​ថា ពួក​គេ​មិន​អាច​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​បាន​ទេ។ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​ព្រួយ​បារម្ភ​ថា នឹង​អាច​មាន​ភាព​វឹកវរ​កើត​ឡើង​ក្នុង​សង្គម​កម្ពុជា នៅ​ពេល​ខាង​មុខ។ ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ខ្លាច​បក្ស​ប្រឆាំង​ដឹក​នាំ​ពលរដ្ឋ​ចុះ​ថ្នល់​ធ្វើ​ បាតុកម្ម​ទាមទារ​អោយ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ឬ​អោយ​មាន​ការ​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​ដែល​កើត​ឡើង​ក្នុង​ពេល​បោះ​ ឆ្នោត​ជាដើម។
http://www.rfa.org/khmer/indepth/duch-trial-drawn-thousands-of-citizens-07232009062904.html/krt/image
តើ​អាច​មាន​មហា​បាតុកម្ម​ប្រឆាំង​គណបក្ស​កាន់​អំណាច​ដែរ​ឬ​ទេ? ហើយ​បើ​មាន​មែន តើ​បាតុកម្ម​នេះ​អាច​ក្លាយ​ទៅ​ជា​ហិង្សា ឬ​អាច​ឈាន​ដល់​ការ​ផ្ទុះ​ជា​សង្គ្រាម​ស៊ីវិល​ដែរ​ឬ​ទេ?
នៅ​មុន​ពេល​បោះ​ឆ្នោត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​បាន​ប្រកាស​ជា​សាធារណៈ​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ចាញ់​ឆ្នោត​នោះ ប្រទេស​កម្ពុជា នឹង​មាន​សង្គ្រាម​កើត​ឡើង។ ការ​គំរាម​របស់ លោក ហ៊ុន សែន ពិត​ជា​បាន​ធ្វើ​អោយ​ពលរដ្ឋ​ភ័យ​ខ្លាច​មិន​តិច​ទេ។ ជាក់ស្តែង ការ​សម្រុក​ទៅ​ចាក់​សាំង​របស់​ពលរដ្ឋ​នៅ​ភ្នំពេញ ការ​ចូល​ទិញ​ទំនិញ​សម្រាប់​រក្សា​ទុក ការ​សម្រុក​ទៅ​ដក​លុយ​ពី​ម៉ាស៊ីន អេធីអឹម (ATM) និង​ការ​បិទ​ទ្វារ​ចាក់​សោ​នៅ​ក្នុង​ផ្ទះ​របស់​ពលរដ្ឋ តាំង​ពី​ក្បាល​ព្រលប់​នៅ​ថ្ងៃ​ទី២៨ កក្កដា ឆ្នាំ​២០១៣ សុទ្ធសឹងតែ​ជា​ឧទាហរណ៍​ជាក់ស្តែង​ដែល​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​របស់​ពលរដ្ឋ ចំពោះ​ពាក្យ​គំរាម​របស់ លោក ហ៊ុន សែន។
រហូត​មក​ដល់​ពេល​នេះ ការ​ព្រួយ​បារម្ភ​ថា​មាន​សង្គ្រាម​បាន​ថយ​ចុះ​បន្តិច បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ថា​ខ្លួន​បាន​ឈ្នះ​ឆ្នោត។ តែ​នៅ​ពេល​នេះ អ្វី​ដែល​ពលរដ្ឋ​នៅ​មាន​ការ​ព្រួយ​បារម្ភ​នោះ គឺ​ភាព​វឹកវរ​នៅ​ក្នុង​ប្រទេស ដែល​អាច​កើត​ឡើង​ដោយសារ​តែ​ពលរដ្ឋ​គាំទ្រ​គណបក្ស​ប្រឆាំង​ដែល​ចាញ់​ឆ្នោត​ ដោយ​មិន​អស់​ចិត្ត​នោះ ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ទាមទារ​អោយ​មាន​ការ​បោះឆ្នោត​ឡើង​វិញ ឬ​ទាមទារ​អោយ​ធ្វើ​តាម​ការ​ស្នើសុំ​របស់​គណបក្ស​ប្រឆាំង​ដែល​បាន​ស្នើ​អោយ​ ពិនិត្យ​មើល​ឡើង​វិញ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះឆ្នោត​ជាដើម។
ពេល​នេះ សង្គ្រាម​នៅ​កម្ពុជា មិន​អាច​កើត​ឡើង​ឡើយ ព្រោះ​គណបក្ស​ប្រឆាំង​គ្មាន​កម្លាំង​ទ័ព និង​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ តែ​ផ្ទុយ​ទៅ​វិញ លទ្ធភាព​នៃ​ការ​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ គឺ​អាច​កើត​មាន​ឡើង។ បាតុកម្ម​អាច​កើត​មាន ឬ​មិន​អាច​កើត​មាន វា​អាស្រ័យ​សំខាន់​លើ​ឆន្ទៈ​របស់ លោក សម រង្ស៉ី និង លោក កឹម សុខា។
ផ្អែក​លើ​ទិដ្ឋភាព​ជាក់ស្តែង​កន្លង​មក ទាំង​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត និង​ទាំង​លើ​លទ្ធផល​ដែល​បក្ស​ប្រឆាំង​ទទួល​បាន​ពី​កម្លាំង​គាំទ្រ​ក្នុង​ពេល ​បោះ​ឆ្នោត វា​មិន​មែន​ជា​ការ​ពិបាក​សម្រាប់ លោក សម រង្ស៉ី និង លោក កឹម សុខា អំពាវនាវ​អ្នក​គាំទ្រ​របស់​លោក​អោយ​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​លក្ខណៈ​ ទ្រង់ទ្រាយ​ធំ​នោះ​ទេ។ ម្យ៉ាង​ទៀត ពលរដ្ឋ​គាំទ្រ​បក្ស​ប្រឆាំង​ដែល​នៅ​ខឹង​សម្បារ​មិន​ទាន់​បាត់ ដោយសារ​មិន​បាន​បោះ​ឆ្នោត​នោះ ក៏​នឹង​មិន​រារែក​ចូល​រួម​ធ្វើ​បាតុកម្ម​ដែរ ប្រសិន​បើ​មាន​ការ​អំពាវនាវ​របស់​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​ពិត​ប្រាកដ​មែន។ ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​ពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​នៅ​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​បោះ​ឆ្នោត គឺ​ជា​ឧទាហរណ៍​បង្ហាញ​ស្រាប់។
ទោះ​យ៉ាង​ណា ការ​អំពាវនាវ​អោយ​ពលរដ្ឋ​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ប្រឆាំង​បក្ស​កាន់​អំណាច ត្រូវ​បាន លោក សម រង្ស៉ី និង លោក កឹម សុខា អះអាង​ថា មិន​មែន​ជា​ជម្រើស​ដំបូង​របស់​លោក​ទេ។ ជាក់ស្តែង មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​បាន​អំពាវនាវ​នៅ​ថ្ងៃ​បោះ​ឆ្នោត អោយ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ទាំងអស់ រក្សា​ភាព​ស្ងប់ស្ងៀម ហើយ​ទុក​អោយ​លោក​ទាំង​ពីរ​ធ្វើ​ការ​ទាមទារ​ដោយ​សន្តិវិធី​វិញ។ តែ​ការ​អំពាវនាវ​របស់ លោក សម រង្ស៉ី នៅ​ថ្ងៃ​ទី២៩ កក្កដា អោយ​អ្នក​គាំទ្រ​របស់​លោក​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម អាច​ជា​យុទ្ធសាស្ត្រ​របស់ លោក សម រង្ស៉ី ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អោយ​គិតគូរ​ពី​សំណើ​របស់​លោក​ដែល​ចង់​អោយ ​បង្កើត​ឡើង​ជា​គណៈកម្មការ​ចម្រុះ ពិនិត្យ​មើល​ឡើង​វិញ​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ក្នុង​ពេល​បោះ​ឆ្នោត។
តែ​ទោះ​បី​ជា​យ៉ាង​ណា​ក្តី អ្វីៗ​ក៏​អាច​ប្រែ​ក្រឡាស់​នៅ​នាទី​ចុង​ក្រោយ​ដែរ។ ប្រសិន​បើ​បក្ស​ប្រឆាំង​មិន​ទទួល​បាន​ដំណោះស្រាយ​មួយ​សមរម្យ​ទេ ពេល​នោះ​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ អាច​អំពាវនាវ​អោយ​អ្នក​គាំទ្រ​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ពិត​ប្រាកដ​មែន​ក៏​ ថា​បាន។ ជា​ការ​ពិត​ណាស់ លោក សម រង្ស៉ី ក៏​ធ្លាប់​បាន​ដឹក​នាំ​អ្នក​គាំទ្រ​គណបក្ស​របស់​លោក​ធ្វើ​បាតុកម្ម​ម្តង​រួច ​មក​ហើយ ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៨។
ប្រសិន​បើ​មាន​ការ​អំពាវនាវ​អោយ​ធ្វើ​បាតុកម្ម​មែន រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន អាច​មាន​ជម្រើស​បី​ដើម្បី​ឆ្លើយ​តប។ ជម្រើស​ទី១ គឺ​ការ​អំពាវនាវ​អោយ​ពលរដ្ឋ​រក្សា​ភាព​ស្ងប់ស្ងៀម និង​បើក​ផ្លូវ​អោយ​បក្ស​ប្រឆាំង​ចូល​ចរចា​ស្វែង​រក​ដំណោះស្រាយ​ដោយ​ សន្តិវិធី។ ជម្រើស​ទី២ គឺ​ការ​ប្រើ​កម្លាំង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា អោយ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​វិញ ហើយ​ជម្រើស​ទី៣ គឺ​ការ​ប្រើ​កម្លាំង​សមត្ថកិច្ច​វាយ​បង្ក្រាប​តែ​ម្តង។ ប្រសិន​បើ លោក ហ៊ុន សែន ជ្រើស​យក​ជម្រើស​ទី២ និង​ទី៣ មែន​នោះ អំពើ​ហិង្សា​នឹង​មិន​អាច​ជៀស​ផុត​ឡើយ ហើយ​នរណា​ក៏​ដឹង​ដែរ​ថា លោក ហ៊ុន សែន ធ្លាប់​បាន​ជ្រើស​យក​ជម្រើស​ទី២ និង​ទី៣ ម្តង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​១៩៩៨។
ប្រសិន​បើ​មាន​បាតុកម្ម​ពិត​មែន អំពើ​ហិង្សា និង​ភាព​វឹកវរ​ក្នុង​សង្គម​អាច​កើត​មាន​ឡើង តែ​វា​មិន​អាច​រីក​រាល​ដាល​ទៅ​ជា​សង្គ្រាម​ស៊ីវិល​នោះ​ទេ ពីព្រោះ​ម្យ៉ាង គណបក្ស​ប្រឆាំង​គ្មាន​អាវុធ​ក្នុង​ដៃ និង​ពីព្រោះ​ម្យ៉ាង​ទៀត ប្រហែល​ជា​គ្មាន​បរទេស​ណា​ផ្តល់​អាវុធ​អោយ​បក្ស​ប្រឆាំង​ឡើយ​ក្នុង​ស្ថានភាព ​ដូច​កម្ពុជា បច្ចុប្បន្ន។
ស្ថានភាព​នយោបាយ​របស់​កម្ពុជា នា​ពេល​បច្ចុប្បន្ន ខុស​ពី​កម្ពុជា នា​សម័យ​សង្គ្រាម​ត្រជាក់។ សង្គ្រាម​ត្រជាក់ គឺ​ជា​សង្គ្រាម​មនោគម​វិជ្ជា ដែល​ម្ខាង​ដឹក​នាំ​ដោយ​លោក​សេរី នាំ​មុខ​ដោយ​សហរដ្ឋ​អាមេរិក និង​ម្ខាង​ទៀត​ដឹក​នាំ​ដោយ​លោក​កុម្មុយនីស្ត នាំ​មុខ​ដោយ​សហភាព​សូវៀត។ ប្រសិន​បើ​កម្ពុជា សព្វថ្ងៃ​ស្ថិត​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​វិញ នោះ​ប្រហែល​ជា​មាន​មហា​អំណាច​ចូល​មក​លូក​ដៃ​ដើម្បី​ទាញ​យក​អ្នក​នយោបាយ ដែល​មាន​ទំនោរ​ទៅ​រក​មនោគម​វិជ្ជា​របស់​ពួក​គេ ដើម្បី​ទប់ទល់​នឹង​ភាគី​ម្ខាង​ទៀត​ដែល​មាន​មនោគម​វិជ្ជា​ផ្ទុយ។ ហើយ​មហា​អំណាច​ទាំង​នោះ​មិន​ខ្លាច​នឹង​បំពាក់​អាវុធ​អោយ​ទៅ​ភាគី​ដែល​គេ​ គាំទ្រ​ឡើយ។
នៅ​ក្នុង​ទសវត្សរ៍​ទី៦០ ពេល​ដែល សម្ដេច​ព្រះ​នរោត្តម សីហនុ គ្រប់គ្រង​ប្រទេស ពួក​ខ្មែរ​ក្រហម​ដែល​មាន​និន្នាការ​នយោបាយ​ទៅ​រក​លោក​កុម្មុយនីស្ត បាន​ព្យាយាម​សុំ​ជំនួយ​យោធា​ពី​ប្រទេស​ចិន និង​វៀតណាម ដើម្បី​ផ្ដួល​រំលំ​ព្រះអង្គ តែ​ពួក​ខ្មែរ​ក្រហម​មិន​សូវ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អ្នក​ នយោបាយ​ចិន និង​វៀតណាម ដោយសារ​ពេល​នោះ​ចិន និង​វៀតណាម កំពុង​ជាប់​រវល់​ខ្លាំង​នឹង​សង្គ្រាម​រវាង​វៀតណាម និង​អាមេរិក។ ម្យ៉ាង​ទៀត ដោយសារ​ថ្នាក់​ដឹក​នាំ​ចិន និង​វៀតណាម ពេល​នោះ​យល់​ថា សម្ដេច​ព្រះ​នរោត្តម សីហនុ នៅ​មាន​ប្រយោជន៍​សម្រាប់​គេ​ក្នុង​ការ​ធ្វើ​សង្គ្រាម​នៅ​វៀតណាម ប្រឆាំង​នឹង​អាមេរិក។ ហើយ​នៅ​ទី​បំផុត មិន​មែន​ពួក​ខ្មែរ​ក្រហម​ទេ​ដែល​បាន​ផ្ដួល​រំលំ​សម្ដេច​ព្រះ​នរោត្តម សីហនុ តែ​គឺ​ក្រុម​របស់ លោក លន់ នល់ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ដែល​ស្និទ្ធ​នឹង​សហរដ្ឋ​អាមេរិក ទៅ​វិញ​ទេ ដែល​ទម្លាក់​ព្រះអង្គ​ពី​អំណាច​ក្នុង​ឆ្នាំ​១៩៧០។
បន្ទាប់​ពី​សម្ដេច​ព្រះ​នរោត្តម សីហនុ ត្រូវ​បាន​ទម្លាក់​ដោយ​អ្នក​នយោបាយ​ខ្មែរ ដែល​មាន​ទំនោរ​ទៅ​រក​លោក​សេរី ចិន និង​វៀតណាម ចាប់​ផ្ដើម​ចែចូវ​ខ្មែរ​ក្រហម និង​សម្ដេច​ព្រះ​នរោត្តម សីហនុ អោយ​តស៊ូ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​របប​ដឹក​នាំ​របស់ លោក លន់ នល់ ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក វិញ​ម្តង។ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​ចិន នៅ​ទី​បំផុត ខ្មែរ​ក្រហម​អាច​ផ្ដួល​រំលំ​របប លោក លន់ នល់ បាន​នៅ​ឆ្នាំ​១៩៧៥។
នៅ​ក្នុង​ទសវត្សរ៍​ទី៧០ ដដែល ភាព​ប្រេះឆា​បាន​កើត​មាន​ឡើង​រវាង​កុម្មុយនីស្ត​ចិន និង​កុម្មុយនីស្ត​សហភាព​សូវៀត ហើយ​មហា​យក្ស​កុម្មុយនីស្ត​ទាំង​ពីរ​នេះ សុទ្ធតែ​មាន​មហិច្ឆតា​ចង់​ធ្វើ​ជា​មេ​កន្ទ្រាញ​កុម្មុយនីស្ត​នៅ​អាស៊ី។ សហភាព​សូវៀត ក៏​បាន​ចាប់​យក​វៀតណាម រីឯ​ចិន វិញ បាន​ចាប់​យក​កម្ពុជា របស់​ខ្មែរ​ក្រហម។ នៅ​ទី​បំផុត វៀតណាម ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​សហភាព​សូវៀត បាន​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​ដែល​គាំទ្រ​ដោយ​ចិន នៅ​ឆ្នាំ​១៩៧៩។ ដោយសារ​ហេតុ​ដូច្នេះ​ហើយ ទើប​ចិន ចេះ​តែ​បន្ត​គាំទ្រ​ពួក​ខ្មែរ​ក្រហម ដែល​ក្រោយ​មក​បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​ក្រុម​សម្ដេច​ព្រះ​ នរោត្តម សីហនុ និង​ក្រុម​របស់ លោក​តា សឺន សាន នៅ​ជាយ​ដែន​កម្ពុជា-ថៃ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខ្មែរ​នៅ​ភ្នំពេញ ដែល​មាន​វៀតណាម នៅ​ពី​ក្រោយ និង​ដោយ​មាន​ការ​គាំទ្រ​ពី​សហភាព​សូវៀត។ ចិន និង​អាមេរិក បន្ត​គាំទ្រ​រដ្ឋាភិបាល​ចម្រុះ​ខ្មែរ​នៅ​ជាយ​ដែន​កម្ពុជា-ថៃ រហូត​ដល់​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩១ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។
សរុប​សេចក្តី​មក ប្រសិន​បើ​បក្ស​ប្រឆាំង​ដឹក​នាំ​ធ្វើ​បាតុកម្ម​មែន អំពើ​ហិង្សា និង​ភាព​វឹកវរ​អាច​កើត​មាន​ឡើង​ក្នុង​សង្គម តែ​វា​មិន​អាច​ក្លាយ​ទៅ​ជា​សង្គ្រាម​ស៊ីវិល​នោះ​ទេ ដោយសារ​ទី១ មេ​បក្ស​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ពីរ​គ្មាន​ឆន្ទៈ​ស្វែង​រក​អំណាច​ដោយ​អាវុធ។ ទី២ បើ​ទោះ​ជា​មេ​បក្ស​ទាំង​ពីរ​ចង់​តស៊ូ​ប្រដាប់​អាវុធ​មែន ក៏​ពួក​គេ​មិន​អាច​ទៅ​រួច​ដែរ ព្រោះ​ពួក​គេ​គ្មាន​អាវុធ​ក្នុង​ដៃ និង​ទំនង​ជា​គ្មាន​ប្រទេស​ណា​ផ្តល់​អាវុធ​អោយ​ពួក​គេ​ឡើយ​ក្នុង​ស្ថានភាព​ ដូច​កម្ពុជា បច្ចុប្បន្ន និង​ទី៣ លក្ខណៈ​ពិសេស​នៃ​ភូមិសាស្ត្រ​នយោបាយ​របស់​កម្ពុជា ក្នុង​តំបន់​នា​ពេល​បច្ចុប្បន្ន ខុស​គ្នា​ពី​លក្ខណៈ​ភូមិសាស្ត្រ​នយោបាយ​ប្រទេស​កម្ពុជា ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ ដែល​កាល​នោះ​ប្រទេស​មហា​អំណាច​ធ្លាប់​បាន​ប្រទាញប្រទង់​គ្នា​យក​កម្ពុជា ដើម្បី​រក្សា​ដែន​ឥទ្ធិពល​អំណាច និង​នយោបាយ​របស់​ពួក​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍៕
ដោយ យាង សុជាមេត្តា
ពី ​វិទ្យុអាស៊ីសេរី  
Read more...

បទវិភាគ៖ ល្បិច​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ បរាជ័យ

0 Comments


លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ធ្លាប់​មាន​ប្រសាសន៍​ថា​ លោក​ប្រើ​លិ្បច​យុទ្ធសាស្រ្ត​ តាម​បែប​សាម​កុក​របស់​ចិន​ ក្នុង​ការ​បំបែកបំបាក់​គូ​ប្រកួត​។ លោក​អួតអាង​ថា​ ដោយ​ប្រើ​ល្បិច​ចិន​នេះ​ លោក​បាន​ទទួល​ជោគជ័យ​ ក្នុង​ការ​បំផ្លាញ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ (Funcinpec) អោយ​ខ្ទេចខ្ទី​។

610
(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី ថ្ងៃទី ១៩ ខែកក្កដា ២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុនរ៉ានី ថ្ងៃទី ២៧ ខែមុថិនា ២០១៣
RFA
ចំណែក​លោក​ សម រង្ស៊ី​ ដែល​ជា​មេ​បក្ស​ប្រឆាំង​ដ៏​ធំ​នា​ពេល​នេះ​វិញ​ ក៏​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ប្រកាស​ថា ​លោក​បាន​ខ្ចី​ដៃ​ប្រើ​​ដើម្បី​បន្ថយ​អំណាច​ត​ថ្លៃ​របស់​គណបក្ស​ ហ៊្វុនស៊ិនប៉ិច​ និង​ដើម្បី​ជួយ​លោក​ និង​គណបក្ស​លោក​ អោយ​អាច​ជិះ​សេះ​លែង​ដៃ​បាន​​ក្នុង​កិច្ច​ការ​សភា​ និង​កិច្ចការ​ដឹក​នាំ​រដ្ឋាភិបាល​ដែរ​។​
តើ​យុទ្ធសាស្ត្រ​សាមកុក​ចិន​នេះ​ អាច​ជួយ​អោយ​លោក​ ហ៊ុន​ សែន​ បំផ្លាញ​អ្នក​នយោបាយ​ខ្មែរ​បាន​ដោយ​ជោគជ័យ​ជានិច្ច​ ឬ​ក៏​តម្រិះ​នេះ​ អាច​ជិះ​ក​ឯង​វិញ​នៅ​ថ្ងៃ​ណា​មួយ​?​
លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ មិន​គ្រាន់​តែ​ទទួល​រង​ឥទ្ធិពល​របស់​ចិន​នា​សម័យ​បច្ចុប្បន្ន​នេះ​ទេ​ លោក​សារភាព​ថា ​លោក​ក៏​បាន​ប្រើ​ល្បិច​យុទ្ធសាស្រ្ត​ពី​បុរុម​បុរាណ​របស់​ចិន​ ក្នុង​ការ​កំទេច​ក្រុម​អ្នក​នយោបាយ​ណា​ដែល​ប្រឆាំង​នឹង​លោក​ដែរ​។​ នោះ​គឺ​ល្បិច​ក្នុង​សង្គ្រាម​សាមកុក​ ដែល​ភាគ​ច្រើន​ជា​ល្បិច​បំបែកបំបាក់​ បំផ្លាញ​កំទេច​ និង​ទិញ​ទឹកចិត្ត​ ដើម្បី​គ្រប់គ្រង​ទៅ​លើ​ក្រុម​មន្រ្តី​បក្ស​ជំទាស់​។
យោង​តាម​ប្រវត្តិសាស្ត្រ​ប្រទេស​ចិន​ នៅ​អំឡុង​ឆ្នាំ​ ១៨៤​ ដល់​ ២៨០​ នៃ​រាជ្ជកាល​ស្តេច​ហាន​ ក្រុម​ស្តេច​ចិន​ និង​មេទ័ព​ចិន ​បាន​ប្រើ​ល្បិច​គ្រប់​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​ធ្វើ​ ចុម្បាំង​ ដើម្បី​ដណ្តើម​ទឹកដី​គ្នា​ទៅ​វិញ​ទៅ​មក​។
លោក​ ហ៊ុន សែន​ ធ្លាប់​បាន​សារភាព​ថា​ លោក​ជា​អ្នក​បំផ្លាញ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ធ្លាប់​ជា​បក្ស​កាន់​អំណាច​ឲ្យ​ទៅ​ជា​ចម្រៀកៗ​ នៅ​មុន​ការ​ធ្វើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​មួយ​ កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​ ១៩៩៧​។​ មិន​តែ​ប៉ុណ្ណោះ​លោក​ ហ៊ុន សែន​ ក៏​ធ្លាប់​គំរាម​ជា​សាធារណៈ​ដែរ​ថា​ ជន​ណា​ក៏​ដោយ​ បក្ស​ណា​ក៏​ដោយ​ ដែល​ហ៊ាន​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​នោះ​ នឹង​មាន​វាសនា​ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​មិន​ខាន​៖ «​ខ្ញុំ​និយាយ​ អំពី​រឿង​ហ៊្វុនស៊ិនប៉ិច​ចុះ​ ហ៊្វុនស៊ិនប៉ិច​ខ្ញុំ​ទទួល​ស្គាល់​។​ មូលហេតុ​អី​ដែល​ខ្ញុំ​ធ្វើ​ ដោយសារ​ហ៊្វុនស៊ិនប៉ិច​ ពូកែ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​ច្រើន​ពេក​។​ អ៊ីចឹង​ ខែ​មេសា​ ឆ្នាំ​១៩៩៧​ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ហ៊្វុនស៊ិនប៉ិច​មួយ​ទៅ​ជា ​១១​ហ៊្វុនស៊ិនប៉ិច​ ហើយ​តាំង​ពី​ហ្នឹង​មក​ ហ៊្វុនស៊ិនប៉ិច​ បាន​ចុះ​ខ្សោយ​។​ បើ​សិន​ពេល​នោះ​ ហ៊្វុនស៊ិនប៉ិច​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​ ខ្ញុំ​នឹង​មិន​ធ្វើ​ហ៊្វុនស៊ិនប៉ិច​ទេ​។​ ប៉ុន្តែ​ពេលនេះ​ ខ្ញុំ​បញ្ជាក់​ថា​ អ្នកណា​ក៏​ដោយ​ បក្សណា​ក៏​ដោយ​ បើ​ហ៊ាន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​ អ្នក​ឯង​នឹង​មិន​បាន​សុខ​ទេ​។​ ខ្ញុំ​នឹង​ចូល​ទៅ​ដល់​ជម្រក​ចុង​ក្រោយ​របស់​អ្នក​ឯង​តែ​ម្តង​»​។
កំទេច​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ អោយ​ហិនហោច​ប៉ុណ្ណឹង​ហើយ​ ក៏​លោក​ ហ៊ុន សែន​ នៅ​មិន​ទាន់​អស់​ចិត្ត​ទៀត​។​ លោក​ត្រូវ​បំផ្លាញ​មេ​គណបក្ស​នេះ​ទៀត​ គឺ​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ​។​ នៅ​ឆ្នាំ​​២០០៧​ លោក​ ហ៊ុន សែន​ ត្រូវ​គេ​ឯង​ដឹង​ថា​ អាច​ជា​អ្នក​នៅ​ពី​ក្រោយ​ នៃ​ការ​បង្កើត​ច្បាប់​ឯកពន្ធភាព​ ដែល​គេ​ហៅ​ថា ​ច្បាប់​ដាក់​ទោស​អ្នក​មាន​ប្រពន្ធ​ពីរ​។​ ច្បាប់​នេះ​ទំនង​មាន​គោល​បំណង​តែ​មួយ​គត់​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​ដាក់​ ទោស​ព្រះអង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ដោយសារ​មាន​មហេសី​ដល់​ទៅពីរ​។
នៅ​ពេល​នោះ​ អ្នក​ម្នាង​ ម៉ារី រណឫទ្ធិ​ បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ​ ពី​បទ​មាន​មហេសី​ពីរ​  ហើយ​លោក​ ហ៊ុន សែន​ អាច​ជា​អ្នក​បញ្ឆេះ​ឲ្យ​មន្រ្តី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ជាន់​ខ្ពស់​ផ្សេងៗ​ទៀត​ប្តឹង​ព្រះអង្គ​ពី​បទ​លួច​លក់​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​តំលៃ​ ​៣.៦​លាន​​ដុល្លារថែមទៀត​។​ ពេលនោះ​ តុលាការ​រាជធានី​ភ្នំពេញ​បាន​ កាត់ទោស​ព្រះអង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ អោយ​ជាប់​ពន្ធនាគារ​ចំនួន​ ១៨​ខែ​។​
ដើម្ប​គេច​ផុត​ពី​ការ​ជាប់​ពន្ធនាគារ​ ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ​ នៅ​គ្រា​នោះ​បាន​ភៀស​ព្រះកាយ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ រស់​នៅ​ជា​មួយ​ស្រី​ក្មេង​ថ្មី​របស់​ព្រះអង្គ​។​ ល្បិច​បុរាណ​ចិន​ ក្នុង​ការ​បំបែក​បំបាក់​ត្រង់​ចំណុច​នេះ​ លោក​ ហ៊ុន សែន​ ទំនង​ជា​លេង​បាន​យ៉ាង​ល្អ​។​ គោលបំណង​នៃ​ល្បិច​សាមកុក​ របស់​លោក​ ហ៊ុន សែន​ ដែល​លោក​បាន​រចនា​ក្បួន​ពេលនោះ​ គឺ​ដើម្បី​បំផ្លាញ​ និង​លុប​ឈ្មោះ​ព្រះអង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ចេញ​ពី​បញ្ជី​នយោយបាយ​តែ​ម្តង​។​
នៅ​ឆ្នាំ​​២០០៨​ លោក​ ហ៊ុន សែន​ ទទួល​ជោគជ័យ​ធំ​ទៅ​តាម​បំណង​ប្រាថ្នា​របស់​លោក​មែន​ គឺ​ព្រះអង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ បាន​សម្រេច​ចិត្ត​ឈប់​ធ្វើ​នយោបាយ​ គឺ​លា​ចាក​ពី​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។​
ចំពោះ​ករណី​របស់​ប្រធាន​គណបក្ស​ជំទាស់​វិញ​ ក៏​ស្រដៀង​ករណី​របស់​សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ដែរ​។​ នៅ​ឆ្នាំ​​២០០៥​ លោក​ សម រង្ស៊ី​ បាន​និរទេស​ខ្លួន​ចេញ​ពី​កម្ពុជា​ ក្រោយ​ពី​រដ្ឋសភា​បាន​ដក​អភ័យឯកសិទ្ធ​តំណាងរាស្រ្ត​របស់​លោក​ ដោយសារ​លោក​បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ថា​មាន​អំពើ​ពុករលួយ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ ហើយ​បាន​ចោទ​លោក​ ហ៊ុន សែន​ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​សម្លាប់​លោក​ ជា​ វិជ្ជា​ ប្រធាន​សហជីព​សេរី​កម្មករ​។​ ពេលនោះ​ តុលាការ​កម្ពុជា​បាន​កាត់ទោស​ឲ្យ​លោក សម​ រង្ស៊ី​ ជាប់​គុក​ ១៨​ខែ​។​
នៅ​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០០៦​ លោក​ សម រង្ស៊ី​ បាន​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ ដោយសារ​លោក​បាន​ដក​បណ្តឹង​ ឈប់​ប្តឹង​លោក​ ហ៊ុន​ សែន​ នៅ​តុលាការ​ក្រុង​ញូវ​យ៉ក​ សហរដ្ឋអាមេរិក​ ពី​បទ​គប់​គ្រាប់​បែក​មុខ​រដ្ឋសភា​ កាល​ពី​ឆ្នាំ​​១៩៩៧​ ហើយ​ពេលនោះ​ លោក​ សម រង្ស៊ី​ បាន​សរសេរ​លិខិត​មួយ​សុំទោស​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ថា​លោក​ខុស​ហើយ​ មិនសម​ធ្វើ​ដូច្នេះ​ទេ​។​ ក្រោយ​មក​បន្តិច​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ស្នើ​ឲ្យ​ព្រះ​មហាក្សត្រ​លើកលែង​ទោស​ឲ្យ​លោក​ សម​ រង្ស៊ី​ ចូល​ប្រទេស​កម្ពុជា​វិញ​។​
នៅ​ក្នុង​ខ្សែ​អាត់​សំឡេង​របស់​លោក​ ហ៊ុន សែន​ ដែល​បែកធ្លាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ (Facebook)​ កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​ ២០១៣​ លោក​ ហ៊ុន សែន​ និយាយ​ក្តែងៗ​ថា​ ការ​អនុញ្ញាត​ឲ្យ​លោក​ សម​ រង្ស៊ី​ វិល​ចូល​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ឆ្នាំ​​២០០៦​ នោះ​ គឺ​លោក​ជា​អ្នក​ធ្វើ​អន្តរាគមន៍​ ដោយសារ​ពេលនោះ​ លោក​ចង់​ខ្ចី​ដៃ​លោក​ សម រង្ស៊ី​ ដើម្បី​កែ​រដ្ឋ​ធម្មនុញ្ញ​ពី​រូបមន្ត​ពីរ​ភាគ​បី​ ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ មក​រូបមន្ត​ ៥០​ភាគរយ​បូក​មួយ​វិញ​ ដើម្បី​បន្ថយ​អំណាច​តថ្លៃ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ស្ថិត​ក្នុង​រដ្ឋាភិបាល​ចម្រុះ​​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​៖ «លើក ​មុន​តុលាការ​កាត់​ឲ្យ​ជាប់​គុក​ ខ្ញុំ​ជា​អ្នក​អន្តរាគមន៍​ឲ្យ​ចូល​មក​វិញ​ តែ​មិនមែន​អត់​ប្រយោជន៍​ទេ​ គឺ​មក​ដើម្បី​ប្រើ​ដៃ​សម រង្ស៊ី​ ជួយ​រំដោះ​ខ្លួន​ពី​ រណឫទ្ធិ​ បាន​សេចក្តី​ថា​ មក​ជួយ​កែ​រដ្ឋ​ធម្មនុញ្ញ​ បាន​ខ្ញុំ​ឲ្យ​មក​។​ និយាយ​ឲ្យ​ច្បាស់​ត្រង់ៗ​ជាមួយ​គ្នា​។​ អ្នក​ដែល​លើក​អំណាច​ថ្វាយ​​គណបក្ស​ប្រជាជន​ ចុងក្រោយ​បំផុត​ គឺ​ សម​ រង្ស៊ី​ នេះ​ឯង​ បើ ​សម រង្ស៊ី​ ទុក​ពីរ​ភាគ​បី​ រណឫទ្ធិ​ នៅ​តែ​សង្កត់​ក្បាល​យើង​ងាប់​។​ អ៊ីចឹង​តម្រូវ​ការ​ពេលនោះ​ យក​ សម​ រង្ស៊ី​ ចូល​ស្រុក​សុំ​ការ​លើកលែង​ទោស​ឲ្យ​ ដើម្បី​ជួយ​កែ​រដ្ឋ​ធម្មនុញ្ញ​ទេ​។​ ដំណាក់កាល​មួយ​ ប្រើ​ដៃ ​រណឫទ្ធិ​ កំចាត់​សម​ រង្ស៊ី​ សិន​ ពី​ព្រោះ ​ប៉ាប៉ា​ យើង​ស្នើ​រូបមន្ត​បី​ភាគី​ ឯ​គណបក្ស​យើង​តែ​ពីរ​ភាគី​។​ ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា​ ចេញ​អា​បី​ភាគី​ ហើយ​ថ្ងៃ​ទី​៦​ វិច្ឆិកា​ ចេញ​លទ្ធផល​ពិត​ និង​លទ្ធផល​មិនពិត​ វា​ទាត់​ប្រឡែង​ដូច​បាល់​អ៊ីចឹង​។​ ប៉ុន្តែ​ចុង​បញ្ចប់​ គេ​យក​ រណឫទ្ធិ​ បង្កើត​រដ្ឋាភិបាល​ទ្វេ​ភាគី​ ហើយ​ដាក់​ សម​ រង្ស៊ី​ ឲ្យ​នៅ​ក្រៅ​។​ រួច​ហើយ​ទាញ​យក​ដៃ​ សម​ រង្ស៊ី​ មក​កែ​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​បន្ថយ​អំណាច​តថ្លៃ​របស់​ហ៊្វុនស៊ិនប៉ិច​។​ អាហ្នឹង​និយាយ​ឲ្យ​ក្បួន​អស់​ខ្នាត ​តិច​ទៅ​ចុះ​។​ ប៉ុន្តែ​បើ​សិន​អ្នក​ឯង​អត់​ចេះ​លេង​ល្បែង​សាមកុក​ កុំ​ទាន់​អាល​លេង​ជាមួយ​ ហ៊ុន សែន​។​ ពេលខ្លះ​ ខុង ម៉ីង​ មិន​ទាន់​ធ្វើ​ ស៊ឺម៉ាអ៊ី​ មិន​ទាន់​ធ្វើ​ត្រូវ​ ហ៊ុន សែន​ ធ្វើ​នៅ​សតវត្ស​ទី ២១​ ឯណេះ​វិញ​ទេ​ ពីព្រោះ​កាល​នោះ​ ចាប់ផ្តើម​ឡើង​គេ​វ៉ៃ​គ្នា​ទេ​ ល្បិច​វ៉ៃ​​គ្នា​ទេ​។​ តែ​នេះ​ជា​ល្បិច​ក្នុង​ល្បិច​នៃ​ការ​យក​ប្រៀប​នៅ​ក្នុង​ល្បែង​ប្រជាធិបតេយ្យ ​»​។
រូប​មន្ត​ពីរ​ភាគ​បី​ ជា​រូបមន្ត​ដែល​បង្កើត​រដ្ឋាភិបាល​ចម្រុះ​​ជាមួយ​គណបក្ស​ផ្សេង​ ដែល​មាន​អសនៈ​ក្នុង​រដ្ឋ​សភា​ ហើយ​រូបមន្ត ​៥០​ភាគរយ​បូក​មួយ​ ជា​រូបមន្ត​ ដែល​គណបក្ស​មាន​អសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា​អាច​បង្កើត​រដ្ឋាភិបាល​ ខ្លួន​ឯង​បាន​ដោយមិន​ចាំបាច់​មាន​ការ​ចូលរួម​ពី​បក្ស​ផ្សេង​។​
ដូច្នេះ​ល្បែង​នយោបាយ​តាម​ក្បួន​សាមកុក​ ហាក់​ត្រូវ​បាន​លោក​ ហ៊ុន​ សែន​ យក​មក​លេង​យ៉ាង​មាន​ប្រសិទ្ធភាព​ជា​បន្តបន្ទាប់​ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ប្រឆាំង​ចុះ​ទន់ខ្សោយ​។​ ក៏​ប៉ុន្តែ​ តើ​ក្បួន​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៣​ នេះ​ អាច​ធ្វើ​អោយ​លោក​មាន​ជ័យជំនះ​ទៀត​ ឬ​នេះ​ជា​ចំណេះ​ជិះ​ក​ឯង​ ដែល​នាំ​អោយ​លោក​ទទួល​បរាជ័យ​នៅ​ចុង​បញ្ចប់​ទៅ​វិញ​?
លោក​ ហ៊ុន​ សែន​ ធ្លាប់​ស្រែក​ប្រកាស​នៅ​ចំពោះ​មុខ​ក្រុម​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​ថា ​ គ្មាន​ផ្លូវ​ណា​ ដែល​បើក​ឲ្យ​មេ​បក្ស​ប្រឆាំង​ចូល​ប្រទេស​កម្ពុជា​វិញ​នោះ​ទេ​។​  ប៉ុន្តែ​ឥឡូវ​ លោក​ សម​ រង្ស៊ី​ កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​ ទំនង​ជា​ដោយសារ​សម្ពាធ​របស់​ប្រទេស​មហា​អំណាច​ ហើយ​សម្ពាធ​នេះ​បាន​បង្ខំ​ឲ្យ​លោក​ ហ៊ុន​ សែន​ ត្រូវ​តែ​បើក​ផ្លូវ​ឲ្យ​លោក​ សម​ រង្ស៊ី​ ចូល​ស្រុក​វិញ​។​

ក្បួន​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ ពេល​នេះ​ ប្រហែល​ជា​បែង​ខុស​ក្រឡា​បន្តិច​។​ ក្បួន​នេះ​អាច​លេង​ជោគជ័យ​ទៅ​បាន​ ប្រសិនបើ​ពិភពលោក​នេះ​ បិទជិត​ហើយ​គ្មាន​ការ​ឃ្លាំ​មើល​របស់​អន្តរជាតិ​។​ ប៉ុន្តែ​ក្នុង​សតវត្ស​ទី​២១​ ដូច្នេះ​អ្វីៗ​ កាន់​តែ​បើក​ចំហរ​ ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ ប្រព័ន្ធ​អ៊ីនធឺណែត​ សម្ពាធ​របស់​មហាជន​ និង​ស​ម្ពាធ​របស់​បណ្តា​ប្រទេស​មហា​អំណាច​ ដែល​សេដ្ឋកិច្ច​កម្ពុជា​ត្រូវការ​ពឹងពាក់​បណ្តា​ប្រទេស​ទាំងនោះ​ដែរ​។​

បរាជ័យ ​ក្បាច់​សាមកុក​ គឺ​ជា​បរាជ័យ​ដ៏​ធំ​បំផុត​របស់​លោក​ ហ៊ុន​ សែន​ ដោយសារ​សម្ពាធ​របស់​មហា​អំណាច​អាមេរិក​ ដែល​នឹង​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រោយ​ការ​បោះឆ្នោត​ ប្រសិនបើ​គ្មាន​មេ​បក្ស​ប្រឆាំង​ចូលរួម​ការ​បោះឆ្នោត​។  ទីពីរ​ លោក​ ហ៊ុន​ សែន​ ទំនង​អាច​ខ្លាច​ប្រឡាក់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក​ ដែល​តំណាង​រាស្រ្ត​សហរដ្ឋអាមេរិក​ គំរាម​ដាក់​រូប​លោក​​ក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុម​មេ​ដឹកនាំ​អាក្រក់​បំផុត​ លើ​ពិភពលោក​។​

លោក​ ហ៊ុន​ សែន​ ក៏​ទំនង​ជា​ខ្លាច​សហរដ្ឋអាមេរិក ​ប្រមូល​កៀរគរ​ប្រទេស​ជា​មិត្ត​របស់​អាមេរិក​ទាំងអស់ ​អោយ​កាត់ផ្តាច់​ជំនួយ​សេដ្ឋកិច្ច​ និង​កាត់​បន្ថយ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​។​ ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​មក​លើ​កម្ពុជា​ អាច​ជា​ការ​បញ្ឈប់​មិនអោយ​ប្រទេស​កម្ពុជា​ នាំ​ផលិតផល​សម្លៀកបំពាក់​កាត់ដេរ​ចូល​ក្នុង​ប្រទេស​របស់​ពួកគេ​។​ ពេលនោះ​ កម្មករ​ប្រមាណ ​៧០​ម៉ឺន​នាក់​នៅ​កម្ពុជា ​នឹង​អត់​ការងារ​ធ្វើ​។​ គួបផ្សំ​នឹង​យុវជន​កំពុង​អត់​ការងារ​ធ្វើ​ស្រាប់​រាប់ម៉ឺន​នាក់​ផង​នោះ​ កម្ពុជា​អាច​នឹង​កើត​មាន​ភាពចលាចល​សង្គម​។​ នោះ​ហើយ​ ទំនង​ជា​ក្តី​បារម្ភ​ធំ​មួយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​​ និង​ទីបី​ ការ​បង្រួបបង្រួម​នៃ​គណបក្ស​ប្រឆាំង​ទាំងពីរ​ អោយ​ទៅ​ជា​គណបក្ស​សង្គ្រោះជាតិ​នេះ​ បាន​ធ្វើ​អោយ​កំលាំង​ប្រឆាំង​កាន់​តែ​មាន​អនុភាព​ និង​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​។​
ម៉្យាងទៀត​ លោក​ កឹម​ សុខា​ បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា​ មន្រ្តី​គណបក្ស​ប្រឆាំង​​ដែល​នៅ​សេសសល់​ពេល​នេះ​ សុទ្ធ​តែ​ជា​មន្រ្តី​ដែល​លែង​ចុះ​ញ៉ម​តាម​ការ​អូសទាញ​ តាម​ល្បិច​បុរាណ​ចិន​របស់​លោក​ ហ៊ុន​ សែន​ ទៀត​ហើយ​៖ «​យើង​ខ្ញុំ​ស៊ូ​ ប៉ុណ្ណឹង​ហើយ​ រឿង​អី​ចុង​ក្រោយ​យើង​ខ្ញុំ​ទៅ​ធ្វើ​អំពើ​ថោកទាប​ ដូច​អ្នក​នយោបាយ​ខ្លះ​។​ យើងខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ​ យើង​ខ្ញុំ​បញ្ជាក់​ ហើយ​គឺ​ទិញ​មិន​លក់​ សម្លុត​មិន​ខ្លាច​ ពាក់ព័ន្ធ​នឹង​ថ្នាក់​មន្រ្តី​បន្ទាប់ៗ​។​ ខ្ញុំ​ឃើញ​ថា​អស់​លោក​ទាំង​ហ្នឹង​មាន​មេរៀន​ច្រើន​ហើយ​។​ អ្នក​ដែល​ទៅ​ហ្នឹង​ គេ​យក​ទៅ​ទុក​ឯណា​ គឺ​ទុក​នៅ​ធុង​សំរាម​។​ គេ​មិន​ដែល​ប្រើ​ឲ្យ​ធ្វើ​អី​ផង​ ហើយ​បើ​គេ​ប្រើ​ គឺ​ប្រើ​គ្រាន់​តែ​ឲ្យ​មក​ជេរ​ មក​បញ្ចោរ​ មក​បង្កាច់​ មក​បង្ខូច​អ្នក​ដែល​ដឹកនាំ​ពី​មុន​មក​តែ​ប៉ុណ្ណឹង​។​ ដូច្នេះ​ហើយ​ វា​អត់​មាន​តំលៃ​។​ គូ​ប្រកួត​របស់​យើង​ដែល​គេ​ដឹង​ខ្លួន​ គេ​ភ័យ​ខ្លួន​ថា​ ចាញ់​គេ​អត់​មាន​ធម៌​សូត្រ​ទៀត​ អ៊ីចឹង​ហើយ​គេ​ចេះ​តែ​ឆ្កឹះ​ឆ្កៀល​ គេ​ចេះ​តែ​បង្កើត​ពាក្យ​ចចាមអារ៉ាម​ ថា​យើង​អ៊ីចេះ​ យើង​អ៊ីចុះ​។​ ប៉ុន្តែ​មេរៀន​នេះ​ដដែល​ៗ​ទេ​ អត់​មក​បំបែក​ សម ​រង្ស៊ី​ កឹម​ សុខា​ បាន​ទេ​ ទិញ​មិន​លក់​ សម្លុត​មិន​ខ្លាច​ ដូច្នេះ​ហើយ​ឲ្យ​ច្បាស់​ត្រង់​ហ្នឹង​»។

ប្រសិន​បើ​ទ្រឹស្តី ​«​ទិញ​មិន​លក់​ សម្លុត​មិន​ខ្លាច​»​ ដែល​លោក​ កឹម​ សុខា​ អះអាង​នេះ​ ជា​អ្វី​ដែល​លោក​ និង​សមាជិក​គណបក្ស​របស់​លោក​ប្រកាន់​យក​ដោយ​ខ្ជាប់ខ្ជួន​នោះ​ ល្បិច​បុរាណ​ចិន​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ នឹង​ទទួល​បរាជ័យ​ ហើយ​ចំណេះ​នេះ​នឹង​ជិះ​ក​ឯង​វិញ​ជា​មិន​ខាន​៕
 ដោយ តាំង សារ៉ាដា
ពី ​វិទ្យុអាស៊ីសេរី
Read more...

បទ​វិភាគ៖ តើ​មូលហេតុ​អ្វី​បាន​ជា​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​ធ្លាក់​សំឡេង​ឆ្នោត?

0 Comments


គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​គណបក្ស​គ្រប់គ្រង​ប្រទេស​អស់​រយៈពេល​យូរ​ឆ្នាំ។ គណបក្ស​នេះ​ធ្លាប់​បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ស្ទើរ​តែ​គ្រប់​ អាណត្តិ​ទាំងអស់។ ប្រជាពលរដ្ឋ​ភាគ​ច្រើន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នេះ​កាល​ពី​មុន អាច​គិត​ថា មេ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​រំដោះ​ប្រជាពលរដ្ឋ​ចេញ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ។

យុវជន​​ឃោសនា​បោះឆ្នោត ៦១០
ក្រុម​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ថ្ងៃ​ឃោសនា​បោះឆ្នោត​ដំបូង នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៧ មិថុនា ឆ្នាំ​២០១៣។
ក៏ប៉ុន្តែ មក​ដល់​នីតិកាល​ទី៥ នេះ នៅ​សម័យ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន ពិសេស​ក្រុម​យុវជន ពួក​គាត់​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​ប្រទេស និង​ចង់​ឲ្យ​ប្រទេស​កម្ពុជា មាន​សេដ្ឋកិច្ច​រីក​ចម្រើន និង​ចង់​បញ្ឈប់​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស។
ថ្វី​ត្បិត​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​មិន​ទាន់​បាន​ ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ជា​ផ្លូវ​ការ​នៅ​ឡើយ​ក្ដី ក៏ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ថា គណបក្ស​ប្រជាជន ទទួល​បាន ៦៨​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៥​អាសនៈ។
ដោយ​ឡែក គណបក្ស​សង្គ្រោះ​ជាតិ វិញ អះអាង​ថា គណបក្ស​ខ្លួន​ទទួល​បាន ៦៣​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា បាន ៦០​អាសនៈ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​បោះ​ឆ្នោត​លើក​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់​បង់​អ្នក​គាំទ្រ​ជាង ២០​អាសនៈ។
មាន​ទឡ្ហីករណ៍​ជាច្រើន​ដែល​ធ្វើ​ឲ្យ​សន្ទុះ​អ្នក​គាំទ្រ​ងាក​ទៅ​គាំទ្រ​ គណបក្ស​ប្រឆាំង ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​បាត់​បង់​អ្នក​គាំទ្រ។ បញ្ហា​ទាំង​នេះ​រួម​មាន គោលការណ៍​ទាំង ១១​ចំណុច​របស់​គណបក្ស​នេះ​ហាក់​ដូច​ជា​មិន​មាន​អ្វី​ថ្មី​ខុស​ប្លែក​ពី​ អាណត្តិ​មុន​នោះ​ឡើយ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន និង​ការ​រំលោភ​ដីធ្លី​មាន​ច្រើន​ករណី​បាន​កើត​មាន ប្រព័ន្ធ​យុត្តិធម៌​មិន​ឯករាជ្យ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អត់​ទ្រាំ​នឹង​រឿង​អយុត្តិធម៌​សង្គម​ទាំង​នេះ​បាន។
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ធ្លាប់​បាន​ចេញ​របាយការណ៍​ថា គិត​ដល់​ឆ្នាំ​២០១១ មាន​ការ​ប៉ាន់​ប្រមាណ​ថា ប្រជាពលរដ្ឋ​ចំនួន ១​សែន ៥​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស បាន​រស់នៅ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នៅ​តាម​បណ្ដា​សហគមន៍​នានា​នៅ ​ទី​ជនបទ និង​ទីក្រុង។ ប្រជាពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ដើម​ភាគ​តិច​កំពុង​តែ​ត្រូវ​បាន​គេ​បដិសេធ​សិទ្ធិ​ទទួល​បាន​ លំនៅឋាន សិទ្ធិ​កាន់​កាប់​ដីធ្លី និង​សិទ្ធិ​ប្រកប​មុខ​របរ។ ជាង​នេះ​ទៅ​ទៀត ជម្លោះ​ដីធ្លី​ជាច្រើន​កើត​ឡើង​នៅ​តាម​តំបន់​ដែល​មាន​ភាព​រីក​ចម្រើន​ផ្នែក​ សេដ្ឋកិច្ច​ខ្លាំង រួម​មាន នៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ព្រះសីហនុ និង​រាជធានី​ភ្នំពេញ នៅ​តំបន់​ទាំង​នេះ​ជម្លោះ​ដីធ្លី​កើត​ឡើង​ដោយ​ក្រុម​អ្នក​មាន​អំណាច។
សមាគម​សិទ្ធិ​មនុស្ស​អាដហុក (adhoc) វិញ ក៏​បាន​ចេញ​របាយការណ៍​សរសេរ​លម្អិត​ថា រាជ​រដ្ឋាភិបាល​បាន​ផ្តល់ ឬ​បម្រុង​ដី​យ៉ាង​តិច​ជាង ២​លាន ៦​សែន​ហិកតារ (២.៦៥៧.៤៧០​ហិកតារ) ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្រោម​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច។ ចំនួន​នេះ​កើន ១៦,៧% ច្រើន​ជាង​កាល​ពី​ឆ្នាំ​២០១១ ដែល​មាន​ជាង ២​លាន ២​សែន​ហិកតារ (២.២៧៦.៣៤៩​ហិកតារ)។ គិត​មក​ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០១២ មាន​ពលរដ្ឋ​ចំនួន ៣៨​នាក់ កំពុង​ឃុំ​ក្នុង​ពន្ធនាគារ និង ៥០​នាក់​ផ្សេង​ទៀត​កំពុង​រត់​ភៀស​ខ្លួន​ដោយសារ​តែ​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច។
បញ្ហា​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​តំបន់​បឹងកក់ បុរីកីឡា ការ​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​សកម្មជន​សិទ្ធិ​មនុស្ស​ដាក់​គុក រួម​មាន លោក ម៉ម សូណង់ដូ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត។ ការ​បាញ់ លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃ​ឈើ ការ​បាញ់​កុមារី ហេង ចន្ថា នៅ​ខេត្ត​ក្រចេះ ស្លាប់​នៅ​លើ​ផ្ទះ​ក្នុង​យុទ្ធនាការ​បង្ក្រាប​តំបន់​អបគមន៍​ជាដើម។ ករណី​ទាំង​នេះ ទោះ​បី​ជា​ទូរទស្សន៍​ក្នុង​ស្រុក​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ផ្សាយ​ក្ដី ប៉ុន្តែ​នៅ​មាន​វីដេអូ​ដែល​ផ្សាយ​នៅ​តាម​ប្រព័ន្ធ យូធូប (Youtube) បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​វិទ្យុ​បរទេស​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​អំពី​ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នេះ។
ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​បាន​ព្យាយាម​ធ្វើ​ការ​ជាមួយ​យុវជន​តាម​រយៈ​ការ​បង្កើត​ក្រុម​ និស្សិត​ស្ម័គ្រចិត្ត​ចុះ​វាស់​វែង​ដី​ជូន​ប្រជាពលរដ្ឋ ដើម្បី​ផ្សះផ្សា​ផ្លូវ​ចិត្ត​ប្រជាពលរដ្ឋ ប៉ុន្តែ​លទ្ធផល​ជាក់ស្ដែង រដ្ឋាភិបាល​មិន​អាច​រក្សា​ការ​គាំទ្រ​បាន​ទាំង​ស្រុង​នោះ​ឡើយ។
ក្រៅ​ពី​នេះ​ទៀត រដ្ឋាភិបាល​ក៏​ចាប់​យក​យុវជន​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត ដើម្បី​រៀប​ក្រុម​យុវជន​ឲ្យ​ធ្វើ​ការ​ឃោសនា។ លើស​ពី​នេះ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​បេក្ខជន​តំណាង​រាស្ត្រ​នៅ​មណ្ឌល​មួយ​ចំនួន​ជា​យុវជន ដើម្បី​ឲ្យ​យុវជន​មាន​ឱកាស​បន្ត​វេន​ពី​មនុស្ស​ចាស់។ ក៏ប៉ុន្តែ យុទ្ធសាស្ត្រ​ទាំង​នេះ មិន​ធ្វើ​ឲ្យ​យុវជន​ភាគ​ច្រើន​ចាប់​អារម្មណ៍​នោះ​ទេ ពីព្រោះ​ថា យុវជន​ឈរ​ជា​បេក្ខជន​តំណាង​រាស្ត្រ​នោះ សុទ្ធ​តែ​ជា​កូន​របស់​មេ​ដឹក​នាំ​នៅ​ក្នុង​គណបក្ស​នេះ។
យុវជន​ទាំង​នោះ ដូចជា លោក ហ៊ុន ម៉ានី កូន​ប្រុស​បង្កើត​របស់ លោក ហ៊ុន សែន ឈរ​នៅ​មណ្ឌល​កំពង់ស្ពឺ។ នៅ​ខេត្ត​កំពង់ស្ពឺ គណបក្ស​ប្រជាជន​កម្ពុជា បាន​អាសនៈ ៣ និង​គណបក្ស​សង្គ្រោះ​ជាតិ ៣​អាសនៈ​ដែរ ពោល​គឺ លោក ហ៊ុន ម៉ានី មិន​បាន​ជាប់​ឆ្នោត​ទេ ព្រោះ​លោក​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី៤។ លោក ស សុខា កូន លោក ស ខេង ឈរ​នៅ​មណ្ឌល​ព្រៃវែង លោក ឌី វិជ្ជា ជា​កូន​ប្រុស​របស់ លោក ហុក ឡង់ឌី និង​ជា​កូន​ប្រសា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឈរ​នៅ​ខេត្ត​ស្វាយរៀង មណ្ឌល​ទាំង​នេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​នាំ​មុខ​គណបក្ស​សង្គ្រោះ​ជាតិ ទេ។
និយាយ​ជា​រួម​ទៅ នៅ​តាម​មណ្ឌល​ធំៗ គណបក្ស​ប្រជាជន​កម្ពុជា មិន​ទទួល​បាន​អាសនៈ​គាំទ្រ​ច្រើន​លើសលប់​ដូច​កាល​ពី​នីតិកាល​ទី៤ នោះ​ទេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​ជ័យ​ជម្នះ​ទាំងអស់ រួម​មាន​នៅ​រាជធានី​ភ្នំពេញ នៅ​ខេត្ត​កណ្ដាល កំពង់ចាម ព្រៃវែង និង​ខេត្ត​មួយ​ចំនួន​ទៀត។
ការ​ធ្លាក់​សំឡេង​គាំទ្រ​នេះ ក៏​អាច​មក​ពី​បក្ខពួក​និយម​នៅ​ជួរ​មន្ត្រី​ដឹក​នាំ​ធំៗ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មន្ត្រី​រាជការ​នៅ​តាម​ក្រសួង​ស្ថាប័ន​មួយ​ ចំនួន បាន​ងាក​មក​គាំទ្រ​គណបក្ស​ប្រឆាំង​វិញ​ក៏​មាន ដោយសារ​ពួក​គាត់​ឆ្អែត​នឹង​ការ​គ្រប់គ្រង​ប្រទេស​ដែល​បង្កើត​ឲ្យ​មាន​ បក្ខពួក​នោះ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គ្រប់គ្រង​រដ្ឋាភិបាល​អស់​រយៈពេល ២០​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​កម្ពុជា បាន​ធ្វើ​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​លើក​ដំបូង​ឆ្នាំ​១៩៩៣ មក។
ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​អាណត្តិ​ទី១ ដែល​រៀប​ចំ​ឡើង​ដោយ អ៊ុនតាក់ (UNTAC) ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បរាជ័យ ចាញ់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នោះ លោក ហ៊ុន សែន ជា​អនុប្រធាន​គណបក្ស​បាន​រៀបចំ​យុទ្ធសាស្ត្រ​ឲ្យ​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​ជា​ បន្តបន្ទាប់។
ក៏ប៉ុន្តែ ជ័យ​ជម្នះ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ទទួល​បាន​នោះ នៅ​ក្នុង​អាណត្តិ​នេះ គណបក្ស​នេះ​មិន​អាច​រក្សា​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បាន​ទៀត​នោះ​ឡើយ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ចង់​មាន​ការ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ ពិសេស​ពាក្យ​ថា​ប្ដូរ។ ពាក្យ​ប្ដូរ​នេះ ឮ​កង​រំពង​នៅ​ពេល​ប្រជាពលរដ្ឋ​ចូល​រួម​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ ជាតិ។
ការ​ចង់​ប្ដូរ​កង់​ប្រវត្តិសាស្ត្រ​នេះ អាច​មក​ពី​យន្តការ​ដឹក​នាំ​ប្រទេស​របស់ លោក ហ៊ុន សែន មិន​សូវ​មាន​ប្រសិទ្ធភាព ត្រូវ​បាន​ប្រជាពលរដ្ឋ​អស់​ជំនឿ​ក៏​ថា​បាន ដូច​ជា ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ ការពារ​ព្រៃ​ឈើ លោក​មិន​អាច​ការពារ​បាន ឬ​ក៏​លោក​ទុក​ចិត្ត​មន្ត្រី​ថ្នាក់​ក្រោម​ដែល​មិន​ស្មោះ​នឹង​លោក ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ជាច្រើន​ជាមួយ​ប្រជាពលរដ្ឋ ដូច​ជា បញ្ហា​ជម្លោះ​ដីធ្លី និង​ការ​កាប់​ព្រៃ​ឈើ អំពើ​ពុក​រលួយ បញ្ហា​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ ដូច​ជា ការ​បាញ់​សម្លាប់​អតីត​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា ការ​សម្លាប់​អ្នក​កាសែត លោក ឃឹម សំបូរ និង​អ្នក​ផ្សេងៗ​ទៀត មក​ទល់​ពេល​នេះ​មិន​ទាន់​ចាប់​ឃាតក​បាន​នៅ​ឡើយ។
លើស​ពី​នេះ​ទៀត ករណី​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​បាញ់​រះ​ទៅ​លើ​ហ្វូង​កម្មករ មក​ទល់​ពេល​នេះ ទោះ​បី​ជា​តុលាការ​បាន​កាត់​ទោស​ឲ្យ​លោក​ជាប់​ទោស​ក្ដី ប៉ុន្តែ លោក ឈូក បណ្ឌិត នៅ​ក្រៅ​ឃុំ​នៅ​ឡើយ។ បញ្ហា​ដែល​កើត​មាន​ជាច្រើន​ករណី​នេះ​ហើយ ដែល​ជា​ដើម​ចម​មួយ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា លំបាក​ក្នុង​ការ​រក្សា​អាសនៈ​នៅ​ក្នុង​សភា​ដែល​មាន ៩០​អាសនៈ កាល​ពី​នីតិកាល​ទី៤ ឆ្នាំ​២០០៨ នោះ។
ម្យ៉ាង​ទៀត ការ​ដឹក​នាំ​ប្រទេស​អស់​រយៈពេល​យូរ​របស់ លោក ហ៊ុន សែន ចង់​មិន​ចង់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​សាកមើល។ ដោយ​ហេតុ​ថា សន្ទុះ​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ​ខុស​ប្លែក​ពី​លើក​ណាៗ​ទាំងអស់។ ប្រជាពលរដ្ឋ​នៅ​គ្រប់​ខេត្ត​ក្រុង​ហ៊ាន​ចេញ​មុខ និង​ប្រកាស​អំពី​ជំហរ​គាំទ្រ​គណបក្ស​ប្រឆាំង ដោយ​ពួក​គាត់​ឈប់​ភ័យ​ខ្លាច​ដូច​លើក​មុនៗ។ ជាក់ស្ដែង ដូច​ជា​នៅ​ពេល​ឃោសនា និង​នៅ​ថ្ងៃ​បោះ​ឆ្នោត ប្រជាពលរដ្ឋ​មួយ​ចំនួន​ហ៊ាន​នាំ​គ្នា​ឈរ​នៅ​ក្បែរ​ការិយាល័យ​បោះ​ឆ្នោត និង​ចាំ​ចាប់​ជនជាតិ​វៀតណាម មិន​ឲ្យ​ចូល​ទៅ​បោះ​ឆ្នោត។ល។
ហើយ​អ្វី​ដែល​ជា​ក្ដី​រំពឹង​របស់​ប្រជាពលរដ្ឋ​លើក​នេះ ពួក​គាត់​មួយ​ចំនួន​សង្ឃឹម​ថា នឹង​អាច​ប្ដូរ​កង់​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា នៅ​នីតិកាល​ទី៥ នេះ​បាន។ ក៏ប៉ុន្តែ លទ្ធផល​បោះ​ឆ្នោត​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​នៅ​ឡើយ​រវាង​ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ខាង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត មិន​ទាន់​ប្រកាស​លទ្ធផល​នៅ​ឡើយ៕
ដោយ ទីន ហ្សាការីយ៉ា
ពីវិទ្យុអាស៊ីសេរី 
Read more...

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ពិធី​បួង​សួង​សុំ​សន្តិភាព​ជា​លើក​ទី​ពីរ

0 Comments

IMG_8395
ក្រុមអង្គការសង្គមស៊ីវិលធ្វើពិធីបួងសួងនៅមុខព្រះបរមរាជវាំង។ រូបថត​ ហេង ជីវ័ន
ភ្នំពេញៈ នេះ​ជាលើក​ទី​២ ដែលបណ្តុំ​អង្គការ​សង្គម​ស៊ីវិល រៀបចំ​នូវ​ពិធី​បួងសួង​សុំ​សន្តិភាព​ចំ​ថ្ងៃ​សីលនៅ​រាជ​ធានី​ភ្នំពេញ​ ហើយ​ក៏ជា​ការ​ចាប់​ផ្តើម​ធ្វើ​ជា​លើក​ដំបូង​នៅ​ទឹក​ដី​ខេត្ត​សៀម​រាប​ផងដែរ​ ​ នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​បង្ហាញ​ដល់​អ្នក​នយោបាយ​ក្នុង​ប្រទេស​ ឲ្យ​ធ្វើការ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ដោយ​សន្តិ ​វិធី​។
លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហៅកាត់ IDEA ដែល​សមាជិក​មាន​អ្នក​រត់​ម៉ូតូ​កង់​បី ម៉ូតូឌុប​ និងរថយន្ត​ឈ្នួល​ព្រះ​សង្ឃ ដូនជី​ យុវជន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រាប់រយ​នាក់​ ជុំគ្នា​នៅរមណីយដ្ឋា​ន​វត្តភ្នំ កាលពី​វេលាម៉ោង៤ម្សិលមិញ ដើម្បី​ធ្វើការ​បួងសួង​ សុំ​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​មករកសភាព​ដើម នៅពេល​ដែល​ពួកគេ​មើលឃើញ​ថា ក្រោយ​ការ​បោះឆ្នោត មានការ​រាយការណ៍​កម្លាំង​ទ័ព នៅ​តំបន់​សំខាន់ៗ ក្នុង​រាជ​ធានី​ និងខេត្ត​ជុំវិញនេះ ដែល​គេយល់​ថា ជា​ការ​ត្រៀម​កម្លាំង​បង្ក្រាប​បាតុករ ដែល​ចង់ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​មានការដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃការ​ បោះឆ្នោត​។
គម្រោង​របស់​អង្គការ IDEA នឹង​ចាប់​ផ្តើម​ធ្វើ​ជា​បន្ត​បន្ទាប់នាពេល​ខាង​មុខ​នៅ​ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្ត​ព្រះ​សីហនុ​ ដែល​មានអង្គការ​មាន​សាខា​នៅទីនោះ​ ដើម្បី​ជា​ការ​ពង្រីកនូវ​ការ​ចូលរួម​ឲ្យ​កាន់តែ​ច្រើនពី​ពលរដ្ឋ​ក៏​ដូចជា​ អ្នក​បោះឆ្នោត​ ដែល​ត្រូវ​ការ​សន្តិភាព​គ្រប់រូប​។
ឆាយ ច័ន្ទនីដា 
កាសែតភ្នំពេញប៉ុស្តិ៍
Read more...

ភាពតានតឹងរវា ងអង់គ្លេស និង​អេ​ស្ប៉ា​ញ នៅ​បន្ត​

0 Comments


ភាពតានតឹងរវា ងអង់គ្លេស និង​អេ​ស្ប៉ា​ញ នៅ​បន្ត​
​ក្នុង​រយៈពេល​ប្រមាណ​សប្តាហ៍​ចុងក្រោយ​នេះ អង់គ្លេស​និង​អេ​ស្ប៉ា​ញ​នៅ​បន្ត​មើលមុខ​គ្នា​មិន​ចំ​នៅឡើយ​ដោយសារតែ​ភាព​ តានតឹង​ខាង​ដែនទឹក Gibralta ។​​តាម​ការចុះ​ផ្សាយបាន​ឲ្យ​ដឹងថា​បញ្ហា​ក្ដៅគគុក​នេះ​កើតឡើង​ដោយ​ដោយសារតែ​ អង់គ្លេស​បាន​សាងសង់​ជួរ​ថ្ម​ប៉ប្រះ​ទឹក​នៅ​ដែនទឹក​Gibralta កាលពី​ចុងខែ​កក្កដា ធ្វើអោយ​កប៉ាល់​អេ​ស្ប៉ា​ញ​លែង​បាន​ចូលទៅ​នេសាទ​តំបន់​មួយចំនួន​ដូច​មុន​ទៀត ​។​
​ដោយសារតែ​ការ​កំហឹង​អេ​ស្ប៉ា​ញ​បាន​រឹតបន្តឹង​ការចេញចូល​ច្រកព្រំដែន​ ទឹក​ខាងលើនេះ​ទៀតហើយ​អង់គ្លេស​ប្រតិកម្ម​ឲ្យ​អេ​ស្ប៉ា​ញ​បញ្ឈប់​ទង្វើ​នេះ​ ជាបន្ទាន់​ផងដែរ​។​​ទោះយ៉ាងណា​ក៏ដោយ​ភាគី​ទាំងពីរ​ហាក់ដូចជា​មិន​ស្ដាប់​ គ្នា​ឡើយ​ហើយ​ព្រមទាំង​ប្ដឹង​គំរាម​ទង្វើ​នេះ​រៀងៗ​ខ្លួន​ផងដែរ​។​តើ​ ប្រិយមិត្ត​យល់ថា​កាយវិការ​របស់​ប្រទេស​នេះ​អាច​វិល​មករក​សភាព​ដើម​ឬក៏​អាច​ ការផ្ទុះអាវុធ​?​
T822-400x266 T921-400x266
ប្រភពពី website : www.techno2day.biz
Read more...

បទ​វិភាគ៖ ពលរដ្ឋ​ត្រូវ​ស្រែក​ជយោ​ឬ​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ?

0 Comments


ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះអាសន្ន ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន​ជាង​គណបក្ស​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​ប្រកួត​ ក្នុង​ការ​បោះ​ឆ្នោត។ ប៉ុន្តែ​លទ្ធផល​នោះ មិន​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​យក​ឡើយ និង​បាន​ចាត់​ទុក​ថា ជា​លទ្ធផល​បាន​មក​ពី​ការ​បន្លំ បោក និង​លួច សន្លឹកឆ្នោត​ទៀត​ផង។

បោះ​ឆ្នោត ប៉ូលិស ស្ទឹងមានជ័យ​៣០៥
កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​គេ​ដាក់​ពង្រាយ​ដើម្បី​ការពារ​ សន្តិសុខ​នៅ​ក្បែរ​ស្ពានស្ទឹងមាន បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​រវាង​ពលរដ្ឋ​និង​សមត្ថកិច្ច​នៅ​មណ្ឌល​បោះ​ ឆ្នោត​ស្ទឹងមានជ័យ នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។
គ.ជ.ប បាន​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ បើ​សិន​ជា​យល់​ថា លទ្ធផល​បណ្ដោះអាសន្ន​នោះ​មិន​ត្រឹមត្រូវ។
ប្រជាពលរដ្ឋ​ដែល​ចូល​រួម​បោះ​ឆ្នោត​រើស​សមាជិក​សភា​អាណត្តិ​ទី​៥ មាន​ការ​ភ័យ​ផង អរ​ផង និង​ចង់​ដឹង​លទ្ធផល​បោះ​ឆ្នោត​ត្រឹមត្រូវ​ឲ្យ​បាន​កាន់​តែ​ឆាប់​វា​ជា​ការ​ ល្អ។
ប្រជាពលរដ្ឋ​ភ័យ ពីព្រោះ​ក្រោយ​ពេល​បោះ​ឆ្នោត​ហើយ រដ្ឋាភិបាល​មាន​ការ​ចល័ត​កង​ទាហាន កងរាជអាវុធហត្ថ ប៉ូលិស មក​រាជធានី​ភ្នំពេញ រួម​មាន​រថក្រោះ មាន​អាវុធធុនធ្ងន់ និង​មាន​ការ​បិទ​ផ្លូវ​នៅ​តាម​ចំណុច​សំខាន់ៗ មួយ​ចំនួន​ទៀត​ផង។ នេះ​ជា​សញ្ញា​មិន​ល្អ​មួយ ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្លាប់​ហែល​ឆ្លង​កាត់​សង្គ្រាម​ជិត ៣០​ឆ្នាំ ។ សង្គ្រាម​នោះ​មាន​ទាំង​សង្គ្រាម​នៅ​តាម​ព្រំដែន និង​សង្គ្រាម​នៅ​ក្នុង​ទីក្រុង ។ ដូច្នេះ កាល​ណា​ឃើញ​វត្តមាន​កងទ័ព​នៅ​ទីក្រុង ប្រជាពលរដ្ឋ​ខ្មែរ​តែង​មាន​ការ​ភ័យ​ខ្លាច​កើត​មាន​សង្គ្រាម​បង្ហូរ​ឈាម។ ពីព្រោះ​សង្គ្រាម​បាន​នាំ​មក​ជាមួយ​ការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ពិការ ព្រាត់ប្រាស​គ្រួសារ មាតុភូមិ​នាំ​ឲ្យ​មាន​កុមារ​កំព្រា នារី​មេម៉ាយ និង​ស្ពាន​ថ្នល់ ផ្ទះ ត្រូវ​ឆេះ​ខូចខាត​ខ្ទេចខ្ទី។ ប្រជាពលរដ្ឋ​ខ្លះ​យល់​ថា ការ​បង្ហាញ​កម្លាំង​នេះ មាន​ន័យ​ថា គណបក្ស​កាន់​អំណាច​មិន​ព្រម​លះបង់​អំណាច​ឡើយ។
ចំពោះ​ការ​ត្រេកអរ​វិញ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចូល​រួម​បោះ​ឆ្នោត បាន​ប្រើ​សិទ្ធិ​របស់​ខ្លួន​ដើម្បី​ជ្រើសរើស​គណបក្ស ឬ​អ្នក​នយោបាយ​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត ហើយ​មាន​ឱកាស​ដើម្បី​អាច​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​ច្បាប់​បាន មាន​តែ​តាម​រយៈ​ការ​បោះ​ឆ្នោត​ជាតិ ៥​ឆ្នាំ​ម្ដង​ប៉ុណ្ណោះ។ អ្នក​ខ្លះ​អរ​ដោយសារ​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់​ចូល​ចិត្ត​នោះ នៅ​បន្ត​កាន់​អំណាច ដូច្នេះ​សិទ្ធិ​អំណាច​ផ្សេងៗ​ដែល​ខ្លួន​ទទួល​បាន​ពី​មុន​មក​គ្មាន​ការ​ ផ្លាស់ប្ដូរ​ឡើយ ពីព្រោះ​គ្នា​យើង​នៅ​តែ​ឈ្នះ​ដដែល។
ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​មាន​ការ​ត្រេកអរ ដោយសារ​មាន​ឱកាស​បោះ​ឆ្នោត​ប្ដូរ​គណបក្ស ឬ​មនុស្ស​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ឲ្យ​ចាក​ចេញ​ពី​អំណាច​គ្រប់គ្រង​ប្រទេស ហើយ​ប្រគល់​អំណាច​ឲ្យ​មនុស្ស​ថ្មី មុខ​ថ្មី គំនិត​ថ្មី មក​កាន់ការ​ប្រទេស​ម្ដង តើ​វា​ល្អ​ជាង​មុន និង​រីកចម្រើន​ជាង​មុន​ដល់​កម្រិត​ណា​ទៅ?
មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ​ខ្មែរ ទាំង​អ្នក​ចង់​ប្ដូរ​អ្នក​កាន់​អំណាច​បច្ចុប្បន្ន និង​អ្នក​មិន​ចង់​ប្ដូរ​មិន​ទាន់​បាន​ទទួល​ចម្លើយ​ផ្លូវ​ការ​នៅ​ឡើយ ដោយសារ គ.ជ.ប មិន​ទាន់​បាន​ប្រកាស​លទ្ធផល​ការ​បោះ​ឆ្នោត​នោះ​ជា​ផ្លូវ​ការ។
នៅ​ក្នុង​ចន្លោះ​ពេល​មិន​ទាន់​មាន​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នេះ មាន​ព័ត៌មាន​ម្ដង​ភ័យ ម្ដង​អរ បាន​ផ្សាយ​ចេញ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​វិលវល់​និង​រុញរា ថា​តើ​ត្រូវ​ស្រែក "ជយោ" ឬ​ត្រូវ​ស្រែក​ថា "បរាជ័យ"?
ប្រជាពលរដ្ឋ​ខ្មែរ​ចង់​ស្រែក​ថា ជយោ ពីព្រោះ​ការ​បោះ​ឆ្នោត​នោះ​បាន​លទ្ធផល​ដូច​បំណង​គេ​ចង់​បាន។ ការ​ចង់​បាន​របស់​ពួកគាត់ គឺ​ជីវភាព​ធូរធារ​ជាង​មុន មាន​ប្រាក់​ចំណូល​ច្រើន​ជាង​មុន ទំនិញ​ចុះ​ថោក សេវា​សាធារណៈ​របស់​សង្គម ដូច​ជា​សាលារៀន​មន្ទីរពេទ្យ​មាន​ភាព​ល្អ​ជាង​មុន ប្រទេស​មាន​សន្តិភាព ផ្លូវ​ថ្នល់ មាន​គុណភាព កើត​មាន​កាន់​តែ​ច្រើន​រហូត​ទៅ​ដល់​ទី​ជនបទ ចុងកាត់មាត់ញក​អំពើ​ពុករលួយ ត្រូវ​បំបាត់​មន្ត្រី​តុលាការ កាត់​ក្ដី​ដោយ​យុត្តិធម៌ ការ​រឹប​អូស​យក​ដីធ្លី​ដោយ​គ្មាន​សំណង​លែង​មាន​ជាដើម។
ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​បោះ​ឆ្នោត​នឹង​ត្រូវ​ស្រែក​ថ្ងូរ​ថា បរាជ័យ​នៅ​ពេល​ក្រោយ​ការ​បោះ​ឆ្នោត​ហើយ រឿង​ដែល​គេ​មិន​ចង់​បាន​នៅ​តែ​កើត​មាន​ដដែល និង​កាន់​តែ​ច្រើន​ជាង​មុន​ទៅ​ទៀត ដូចជា​ការ​កាត់​ក្តី​អយុត្តិធម៌​អំពើ​ពុករលួយ រីក​រាលដាល​ពី​លើ​ដល់​ក្រោម​ជា​ចំហ និង​ដោយ​គ្មាន​ទោសពៃរ៍​ការ​រឹប​អូស​យក​ដីធ្លី​កាន់​តែ​ច្រើន​ជាង​មុន ទំនិញ​ឡើង​ថ្លៃ ការ​រំលោភ​ច្បាប់​កើត​មាន​ជា​ចំហ ការ​ប្រកាន់​បក្ខពួក​កាន់​តែ​ច្រើន​ជាង​មុន គម្លាត​រវាង​អ្នក​មាន​និង​អ្នកក្រ​កាន់​តែ​ច្រើន​ជាង​មុន​ប្រាក់​ចំណូល​ ក្នុង​គ្រួសារ​នីមួយៗ​កាន់​តែ​តិច​ជាង​មុន អ្នក​ក្រ​កាន់​តែ​ក្រ​ទៅ។ ពេល​នោះ​ហើយ​ដែល​អ្នក​បោះ​ឆ្នោត​ត្រូវ​ស្រែក​ថា បរាជ័យ ហើយ​ការ​បោះ​ឆ្នោត​លើក​នេះ។
នៅ​ក្នុង​ចន្លោះ​ពេល​ប្រជាពលរដ្ឋ​រង់ចាំ​ស្រែក​ជយោ និង​បរាជ័យ​នេះ អ្នក​នយោបាយ​ត្រូវ​មាន​សកម្មភាព​ដោយ​ប្រុង​ប្រយ័ត្ន ពីព្រោះ​ការ​បង្ក​ហេតុ និង​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌​ផ្សេងៗ វា​អាច​ជា​រងើក​ភ្លើង​មួយ​ធ្វើ​ឲ្យ​ឆេះ​រាល​ដាល​ជា​ទំនាស់​កើត​មាន​ជា​ សង្គ្រាម ការ​កាប់​សម្លាប់​គ្នា។
ប្រជាពលរដ្ឋ​ខ្មែរ​ចង់​ដឹង​ថា តើ​លទ្ធផល​ការ​បោះ​ឆ្នោត​នោះ​វា​ពិត​ប្រាកដ​យ៉ាង​ដូច​ម្ដេច? នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​ដែល​អាច​ឈ្នះ​នៅ​ ក្នុង​ការ​បោះ​ឆ្នោត​នេះ គឺ​មាន​មួយ​ក្រុម​ប្រុង​ស្រែក​ជយោ ហើយ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​អ្នក​តវ៉ា។ ចំណែក​ប្រជាពលរដ្ឋ​អ្នក​បោះ​ឆ្នោត​មួយ​ក្រុម​ទៀត បាន​ប្រុង​ប្រៀប​ស្រែក​ថ្ងូរ​ថា បរាជ័យ ហើយ​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​តវ៉ា​ជា​បាតុកម្ម​ចំពោះ​ភាព​អយុត្តិធម៌​ដែល​ ពួកគេ​ត្រូវ​រង់​ទទួល​ពី​ការ​បោះ​ឆ្នោត​នេះ។
នៅ​ពេល​នេះ​ជា​ពេល​ដែល​អ្នក​នយោបាយ​ពី​គ្រប់​គណបក្ស​នយោបាយ ត្រូវ​ពិនិត្យ​មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ ថា​តើ​គេ​ត្រូវ​មាន​វិធី​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ចូល​ រួម​បោះ​ឆ្នោត​អាច​ស្រែក​ជយោ ទាំង​អស់​គ្នា​បាន?
ការ​ចរចា​និង​តវ៉ា​ទាំង​ឡាយ​របស់​អ្នក​នយោបាយ ត្រូវ​មាន​លទ្ធផល​បម្រើ​ប្រយោជន៍​អ្នក​បោះ​ឆ្នោត​ពី​គ្រប់​និន្នាការ​ នយោបាយ។ បើ​ពុំ​នោះ​ទេ ត្រូវ​មាន​មនុស្ស​មួយ​ក្រុម​ស្រែក​ជយោ និង​មនុស្ស​មួយ​ក្រុម​ស្រែក​បរាជ័យ​មិន​ខាន។
កាលណា​មាន​មនុស្ស​មួយ​ក្រុម ត្រូវ​គេ​បង្ខំ​ឲ្យ​ទទួល​យក​ការ​ចាញ់ និង​ស្រែក​ថា បរាជ័យ​ហើយ​នោះ។ ពេល​នោះ ការ​តវ៉ា​នឹង​កើត​ឡើង​ជា​មិន​ខាន។ ដូច្នេះ អ្នក​នយោបាយ​ក្នុង​គណបក្ស​ដែល​ត្រូវ​ឈ្នះ​នឹង​ត្រូវ​ចាញ់ ត្រូវ​មាន​វិធី​សម្របសម្រួល​យ៉ាង​ណា ដើម្បី​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ទទួល​យក​ការ​ឈ្នះ និង​ចាញ់​នោះ​ដោយ​មាន​សន្តិភាព​ផង៕
ដោយ កែវ និមល
RFA/Mom Sophon 
 
Read more...

អ្នក​ច្បាប់៖ តុលាការ​អន្តរជាតិ​ជា​រនាំង​មិន​ឲ្យ​កម្ពុជា​ប្រើ​កម្លាំង​បង្ក្រាប​បាតុករ

0 Comments


ប៉ូលិស បាតុករ ៣០៥
កំលាំង​នគរបាល​អន្តរាគមន៍​បង្ហាញ​ឈុត​មួយ ក្នុង​ថ្ងៃ​បិទ​វគ្គ​ហ្វឹកហ្វឺន​ស្ដីពី​យុទ្ធសាស្ត្រ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​កូដកម្ម បាតុកម្ម និង​កុបកម្ម​ហិង្សា នៅ​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០១២។
RFA
ប្រទេស​មួយ​ចំនួន​នៅ​លើ​សាកលលោក​បាន​ចុះ​សច្ចាប័ន​ចូល​ជា​សមាជិក​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ហៅ​កាត់​ថា អាយ.ស៊ី.ស៊ី (ICC )។ តុលាការ​នេះ​មាន​យុត្តាធិការ​តាម​ច្បាប់​ចាត់​ការ​ទៅ​លើ​បុគ្គល​ណា​ដែល​ ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដូច​ជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​និទ្ទណ្ឌភាព​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​ជាដើម។
នៅ​ក្នុង​បរិបទ​នយោបាយ​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន គណបក្ស​ជាប់​ឆ្នោត​ពីរ​កំពុង​ដំឡើង​សាច់ដុំ​ដាក់​គ្នា គឺ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​កាន់​អំណាច។ គណបក្ស​កាន់​អំណាច​កំពុង​ចល័ត​ទ័ព ដើម្បី​ត្រៀម​បង្ក្រាប​បាតុកម្ម ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ យក​ជម្រើស​ចុង​ក្រោយ​ធ្វើ​បាតុកម្ម​នោះ។ ក៏​ប៉ុន្តែ​ក្រុម​អ្នក​ច្បាប់​ពន្យល់​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជា​រនាំង​មួយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ទៅ ​លើ​ការ​ប្រើ​កម្លាំង​បង្ក្រាប​បាតុកម្ម​អហិង្សា​នេះ។
គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា អស់​រយៈ​ពេល​ជិត​មួយ​ខែ​មក​ហើយ ក្រោយ​ពី​ការ​បោះ​ឆ្នោត​មិន​ទាន់​រក​ច្រក​ត្រូវរ៉ូវ​គ្នា​នៅ​ឡើយ​អំពី​ ទំនាស់​នៃ​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន។
គណបក្ស​ទាំង​ពីរ​បាន​ដំឡើង​កម្ដៅ​សាច់​ដុំ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ រយៈ​ការ​គំរាម​បាតុកម្ម​អហិង្សា ប្រសិន​បើ​មិន​មាន​យុត្តិធម៌​ទៅ​លើ​លទ្ធផល​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ ជាតិ រីឯ​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់​គ្រង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​នោះ បាន​បង្ហាញ​កម្លាំង​ទ័ព​​នៅ​រាជធានី​ភ្នំពេញ កាន់​តែ​ច្រើន​ដើម្បី​ទប់​ទល់​ក្រុម​បាតុករ។
ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា ​លោក​បណ្ឌិត ហ៊ាង រិទ្ធី មាន​ប្រសាសន៍​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺ​ជា​រនាំង​ដ៏​រឹង​មាំ​មួយ ដើម្បី​ឲ្យ​រដ្ឋាភិបាល ឬ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ធ្វើ​ការ​ពិចារណា​ក្នុង​ការ​ទប់​ទល់​ក្រុម​បាតុករ​ដែល​មិន​ឲ្យ​មាន​អំពើ ហិង្សា ឬ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ​ដែល​ជា​ទង្វើ​ខុស​ច្បាប់​ជាតិ​និង​ច្បាប់ ​អន្តរជាតិ៖ «ប្រសិន​បើ​ដោះស្រាយ​នៅ​ក្នុង​ប្រទេស​មិន​មាន​យុត្តិធម៌​ទេ គឺ​បក្ស​ម្ខាង​ទៀត​មាន​សិទ្ធិ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ ក្នុង​ករណី​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​នៅ​ពេល​ធ្វើ​បាតុកម្ម​នោះ»
ក្រុម​អ្នក​ច្បាប់​ពន្យល់​ថា ចូល​ជា​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ ទាំង​អស់​គឺ​បាន​ជាប់​ចំណង​មួយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដឹក​នាំ​ប្រទេស​ នីមួយៗ មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ពីព្រោះ​ការ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​របស់​ ខ្លួន​នោះ នឹង​ត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់​អន្តរជាតិ​ដែល​បាន​កំណត់​ដោយ​តុលាការ​ នេះ។
លោក​បណ្ឌិត ហ៊ាង រិទ្ធី សង្កត់​ធ្ងន់​ថា នៅ​ពេល​ខាង​មុខ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ យក​ជម្រើស​ចុង​ក្រោយ​ធ្វើ​បាតុកម្ម ហើយ​រដ្ឋាភិបាល​ប្រើ​ប្រាស់​កម្លាំង​បង្ក្រាប​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា ​ធ្ងន់ធ្ងរ​នោះ ប្រជាពលរដ្ឋ​រង​គ្រោះ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ នេះ៖ «ច្បាប់​អន្តរជាតិ​ចាប់​ឃុំ​ខ្លួន​ចាប់​ពី ៥​នាក់​ឡើង​ទៅ ឬ​ស្លាប់​ចាប់​ពី ៥​នាក់​ឡើង​ទៅ ចូល​លក្ខណៈ​បទឧក្រិដ្ឋ​នៃ​ច្បាប់ អាយ.ស៊ី.ស៊ី បើ​សិន​ជា​ការ​ប្រើ​ប្រាស់​កម្លាំង​ដូច្នេះ»
សៀវភៅ​មាន​ចំណង​ជើង​ថា "គោលការណ៍​បឋម​ស្ដី​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ" ដែល​បោះ​ពុម្ព​ដោយ​វេទិកា​អាស៊ី​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍ សរសេរ​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី មាន​អំណាច​ស៊ើប​អង្កេត និង​នាំ​ខ្លួន​បុគ្គល​ជន​ផ្ដាច់​ការ​និង​ឧក្រិដ្ឋ​ជន​ដទៃ​ទៀត ទៅ​ជំនុំជម្រះ និង​កាត់​ឲ្យ​ជាប់​ជាប់​ទោស​នៅ​ពេល​ដែល​ជន​នោះ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ សង្គ្រាម បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ អំពើ​ប្រល័យ​ពូជ​សាសន៍ និង​អំពើ​ឈ្លាន​ពាន ហើយ​មាន​និទណ្ឌភាព ឬ​រួច​ខ្លួន​ផុត​ពី​យុត្តាធិការ​ជាតិ ទោះ​ការ​ប្រព្រឹត្ត​នេះ​ជា​ផ្នែក​មួយ​របស់​រដ្ឋាភិបាល ឬ​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​ដែល​កំពុង​កាន់​អំណាច ឬ​ក្រុម​ឧទ្ទាម ក្រុម​ប៉ង​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ក៏​ដោយ។
អ្នក​សម្រប​សម្រួល​កម្មវិធី​តុលាការ​ខ្មែរ​ក្រហម​សមាគម​សិទ្ធិមនុស្ស​ អាដហុក (Adhoc) លោក ឡាត់ គី មាន​ប្រសាសន៍​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជា​ស្ថាប័ន​អចិន្ត្រៃយ៍​មាន​អំណាច​អនុវត្ត​ យុត្តាធិការ​របស់​ខ្លួន​លើ​ជន​ទាំងឡាយ​ដែល​ប្រព្រឹត្ត​ធ្ងន់ធ្ងរ​បំផុត ធ្វើ​ឲ្យ​អន្តរជាតិ​មាន​ការ​ព្រួយ​បារម្ភ៖ «អ៊ីចឹង​ទៅ​លើ​បញ្ហា​ទាំង​អស់ ​ហ្នឹង​មាន​ន័យ​ថា មាន​បំណង​ជាក់លាក់​ណាស់​នៃ​ការ​ធានា​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ រដ្ឋ​ទាំង​អស់​ជា​សមាជិក​ត្រូវ​ទប់​ខ្លួន ឬ​ធានា​មិន​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ដោយ​អំពើ​ហិង្សា​ទៅ​អន្តរជាតិ​ទាំង​ មូល»
កម្ពុជា​ជា​រដ្ឋ​មួយ​ដែល​បាន​ផ្ដល់​សច្ចាប័ន​លើ​តុលាការ​ព្រហ្មទណ្ឌ​ អន្តរជាតិ ពោល​គឺ​រដ្ឋាភិបាល​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ត និង​មាន​កាតព្វកិច្ច​អនុវត្ត​និង​គោរព​គោល​ការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​ តុលាការ​នេះ មាន​ដូច​ជា ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បញ្ចប់​និទណ្ឌភាព និង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រហ្មទណ្ឌ និង​នាំ​យក​ជន​ទាំងឡាយ​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​យក ​ទៅ​ជម្រះ​ទោស​នៅ​តុលាការ​នេះ។
នៅ​ក្នុង​ស្ថានភាព​នយោបាយ​សព្វ​ថ្ងៃ​នេះ​វិញ ឃើញ​ថា គ.ជ.ប. បាន​បដិសេធ​សំណើ​គណបក្ស​ប្រឆាំង​ជា​ញឹកញាប់ ពិសេស​សំណើ​សុំ​បើក​ហិប​ឆ្នោត​ដែល​បក្ស​ប្រឆាំង​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​កើត​មាន​ច្រើន​នៅ​ពេល​បោះ​ឆ្នោត​នោះ ហើយ​គណបក្ស​ប្រឆាំង​ព្រមាន​ថា បាតុកម្ម​មហាជន​នឹង​កើត​ឡើង​ប្រសិន​បើ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​គ្មាន​ដំណោះ ​ស្រាយ​ទេ​នោះ។
ការ​ព្រមាន​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រុងប្រយ័ត្ន​និង​ត្រៀម​កង​កម្លាំង​ដើម្បី​ បង្ក្រាប​ក្រុម​បាតុករ។ ការ​បង្ហាញ​កម្លាំង​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាច។ ទន្ទឹម​នឹង​នេះ ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​មិន​តក់​ស្លុត​ចំពោះ​ការ​បង្ហាញ​កង​ កម្លាំង​នេះ​ដែរ។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា នៅ​ពេល​ខាង​មុខ ប្រសិន​បើ​ផ្ទុះ​មាន​បាតុកម្ម​កើត​ឡើង​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ ជាតិ ហើយ​មាន​អំពើ​ហិង្សា​ដោយ​ការ​បង្ក្រាប​ដែល​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ទេ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មិន​មាន​យុត្តាធិការ​ក្នុង​ការ​ចាប់​ខ្លួន​កង ​កម្លាំង​បង្ក្រាប​បាតុករ​យក​ទៅ​កាត់​ទោស​នោះ​ទេ អាស្រ័យ​លើ​សកម្មភាព​ជាក់​ស្ដែង៖ «បើ​សិន​ជា​ហិង្សា​ហ្នឹង​អាច​ឈាន​ដល់​ ការ​សម្លាប់​មនុស្ស​មែន តែ​វា​សម​ហេតុ​ផល អាយ.ស៊ី.ស៊ី មិន​លូក​ដៃ​កាត់​ទោស​អ្នក​ប្រព្រឹត្ត​ទេ តែ​បើ​សិន​ជា​មាន​ការ​សម្លាប់​មនុស្ស​ជា​ប្រព័ន្ធ​វិញ នឹង​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត​ផ្ដន្ទាទោស»
ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​ជា​របាំង​មួយ​ដែល​ ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិន​អាច​ប្រើ​ប្រាស់​កម្លាំង​ដើម្បី​បង្ក្រាប​ទៅ​លើ​ ហ្វូង​បាតុករ​បាន​ទេ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដឹក​នាំ​ធ្វើ​បាតុកម្ម​នោះ។
លោក​បណ្ឌិត សុខ ទូច បាន​លើក​ជា​ឧទាហរណ៍​មេដឹកនាំ​ប្រទេស​មួយ​ចំនួន ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាត់​ទោស​ដោយសារ​តែ​ការ​ប្រើប្រាស់ ​កម្លាំង​បង្ក្រាប​ទៅ​ប្រជាពលរដ្ឋ​ស៊ីវិល​របស់​ខ្លួន៖ «ប្រទេស​ថៃ ដោយសារ​តែ​តុលាការ​គេ​ឯករាជ្យ តុលាការ​ចាត់ការ​ខ្លួន​ឯង ដោយ​ឡែក​នៅ​យូហ្គោស្លាវី អាយ.ស៊ី.ស៊ី យក​មេដឹកនាំ​ប្រទេស​នេះ​ទៅ​កាត់​ទោស»
ប្រទេស​កម្ពុជា មាន​មេរៀន​ជា​ច្រើន​ទាក់ទង​នឹង​ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ បាន​ចុះ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ជា​ហូរហែ និង​ករណី​បង្ក្រាប​បាតុករ​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​ចាស់​ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​១៩៩៧ ដែល​កាល​នោះ​ធ្វើ​ឲ្យ​មាន​ផ្ទុះ​គ្រាប់​បែក​ស្លាប់​មនុស្ស និង​របួស​មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​មិន​ទាន់​ចាប់​ជន​ដៃដល់​យក​មក​ ផ្ដន្ទាទោស​បាន​នៅ​ឡើយ។
ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ហ្វូង​បាតុករ​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​ ចាស់​កាល​ពី​ឆ្នាំ​១៩៩៧ ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ១៦​នាក់ និង​របួស​ជាង ១០០​នាក់។ នៅ​កាល​នោះ ប្រទេស​កម្ពុជា មិន​ទាន់​ចុះ​សច្ចាប័ន​ចូល​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ឡើយ។
រហូត​មក​ដល់​ពេល​នេះ មាន​ប្រទេស​ចំនួន ១២២​ហើយ​បាន​ចូល​ជា​ភាគី​លក្ខន្តិកៈ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី នេះ ហើយ​កម្ពុជា ចុះ​ហត្ថលេខា​ចូល​ជា​ភាគី​លក្ខន្តិកៈ​ក្រុង​រ៉ូម នៅ​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០០០។ នៅ​ថ្ងៃ​ទី​១១ មេសា ឆ្នាំ​២០០២ កម្ពុជា​ផ្ដល់​សច្ចាប័ន​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ។
ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ អ្នក​ណា​ក៏​អាច​ដាក់​បាន​ដែរ ក្នុង​នោះ​ជន​រង​គ្រោះ​ខ្លួន​ឯង​ក៏​បាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ ឬ​អន្តរជាតិ​ក៏​អាច​ផ្ដល់​ដំណឹង​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ដែរ។
ទោះបី​ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​ក្នុង​សភាព​មិន​ទាន់​ត្រូវ​គ្នា ហើយ​គណបក្ស​ប្រឆាំង​ប្រកាស​ជា​ញឹកញាប់​ថា នឹង​ដឹក​នាំ​ធ្វើ​បាតុកម្ម​ជា​ជម្រើស​ចុង​ក្រោយ​នោះ​ក្ដី ប៉ុន្តែ​គណបក្ស​ប្រឆាំង​នៅ​តែ​មិន​ចង់​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​នៅ​ពេល​ធ្វើ​ បាតុកម្ម​នោះ​ទេ គឺ​គណបក្ស​នេះ​ចង់​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា និង​គ្មាន​អាវុធ​ទប់​ត​ទល់​នោះ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​ប្រើ​កងកម្លាំង​បង្ក្រាប​មែន​នោះ៕
ដោយ ទីន ហ្សាការីយ៉ា
from rfa
Read more...

Friday, August 16, 2013

កងកំលាំង​​​រាជ​អាវុធ​ហត្ថ​ហាត់​សម​ត្រៀម​រក្សា​សណ្តាប់​ធ្នាប់​​និងទប់ទល់​ការបះបោរ​ក្នុង​សង្គម​

0 Comments

​លោក សៅ សុខា អគ្គ​មេបញ្ជាការ​រង​​នៃ​​កង​​យោធ​ពល​​ខេម​រភូមិន្ទ​ និង​​ជា​​មេ​បញ្ជា​ការ​​កង​រាជ​​អាវុធ​ហត្ថ​​លើ​​ផ្ទៃ​​ប្រទេស។
​លោក សៅ សុខា អគ្គ​មេបញ្ជាការ​រង​​នៃ​​កង​​យោធ​ពល​​ខេម​រភូមិន្ទ​ និង​​ជា​​មេ​បញ្ជា​ការ​​កង​រាជ​​អាវុធ​ហត្ថ​​លើ​​ផ្ទៃ​​ប្រទេស។
កងកំលាំង​​រាជអាវុធហត្ថ​ប្រមាណ៥០០នាក់ ​បាន​ប្រមូល​ផ្តុំគ្នា​នៅ ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ហាត់​សមពី​របៀប​រក្សា​សណ្តាប់ធ្នាប់​សង្គម និង​ពី​របៀប​ទប់​ទល់នឹង​ចលនា​បាតុកម្ម​ ឬ​ក៏​ការបះបោរ​ណាមួយ ​ដែល​​​អាច​កើត ​ឡើង​ដោយ​ចៃដន្យ។

នៅក្នុង​រូបភាព​វីដេអូ​​​​មួយ​ រយៈពេល​ជាង២នាទី​កន្លះ ដែល​ត្រូវបាន​គេ​បង្ហោះ​ចែក​ផ្សាយ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ ថ្ងៃ​សុក្រ​នេះ កង​​កំលាំង​រាជអាវុធហត្ថ​ដែល​គេ​មើល​ឃើញ​ប្រដាប់​ទៅដោយ​ខែល​និង​ដំបង​  បាននាំគ្នា​ធ្វើ​សកម្មភាព​ហ្វឹកហ្វឺន​ពី​របៀប​បង្ក្រាប​​​ហ្វូង​បាតុករ នៅក្នុង​ករណី​ដែលមាន​ការបះបោរ ឬ​ក៏​ការបង្ក​ភាព​អ​សណ្ដាប់ធ្នាប់​ណាមួយ​នោះ​ នៅក្នុង​សង្គម។
​អ្នកទស្សនា​​​វីដេអូ​​​នេះ បាន​ហៅ​ការហាត់​សម​របស់​កងកម្លាំង​រាជ​អាវុធហត្ថ​នៅពេលនេះ ថា​ជាការ​ត្រៀម​ទប់​ទល់នឹង​បាតុកម្ម​ដែល​អាច​កើតមានឡើង​នៅពេល​ខាងមុខ ខណៈដែល​មានការ​ប្រកាស​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នាពេល​កន្លងទៅថ្មីៗនេះ​ថា លោក​អាច​នឹង​ដឹកនាំ​បាតុកម្ម​មួយ ​ប្រសិនបើ​ភាពមិនប្រក្រតី​នៃ​លទ្ធផល​ បោះឆ្នោត​មិនត្រូវ​បានផ្តល់​ភាពយុត្តិធម៌​នោះ។

លោក ខេង ទី​តូ មន្ត្រី​នាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​អះអាង​ប្រាប់​វិទ្យុ​ បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា សកម្មភាព​ហ្វឹកហាត់​របស់​កំលាំង​រាជ​អា​វុ​ធ​ហត្ថ​ខាងលើ វា​គ្រាន់តែ​ជាការ​ហាត់​សម​ដើម្បី​ពង្រឹងសមត្ថភាព និង​វិន័យ​របស់​កងកំលាំង​អាវុធហត្ថ​តែប៉ុណ្ណោះ ហើយ​ការហាត់​សមនេះ​ក្នុង​គោលបំណង​រក្សា​សណ្តាប់ធ្នាប់​សង្គម ដែលជា​ភារកិច្ច​ធម្មតា​របស់​ក​ង​កំលាំងប្រដាប់អាវុធ ដែល​នៅក្នុង​ប្រទេស​ណា​ក៏មានដែរ។

ជាការ​កត់សម្គាល់ ក្រោយ​ការបោះឆ្នោត គេ​សង្កេតឃើញ​កងកំលាំងប្រដាប់អាវុធ​រួមមាន កំលាំង​នគរបាល កំលាំង​អាវុធហត្ថ និង​ទាហាន រួមទាំង​​​រថពាសដែក​ផង​នោះ ត្រូវបាន​ដាក់ពង្រាយ​ទាំង​នៅក្នុង​រាជធានី​ និង​ជាយក្រុង​ភ្នំពេញ​ ដើម្បី​ ពង្រឹង​សន្តិសុខ។ ក៏ប៉ុន្តែ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ធ្លាប់បាន​ប្រកាស​កន្លងមក​នេះ​ថា ការពង្រាយ​កំលាំង​សន្តិសុខ​ជាច្រើន​កន្លែង គឺ​ក្នុង​គោលបំណង​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ៕
ដោយ គឹម យុទ្ធណា 
ពី​ (RFI)
Read more...
 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com